Press Releases

ផ្លូវ​ការ ONE វិល​មក​រៀប​ចំ​ការ​ប្រកួត ONE: REIGN OF DYNASTIES នៅសិង្ហបុរី

ស្ថាប័ន​ផ្សព្វផ្សាយ​កីឡា​​ធំ​បំផុតជា​សកល​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ទ្វីប​អាស៊ី ONE Championship™ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០២០​នេះ​​បាន​​​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវ​ការ​សម្រាប់​​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​​គឺ​ ONE:​ REIGN​ OF DYNASTIES ដែល​ជា​​ការ​ប្រកួតផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​តុលា នេះ។

ONE: REIGN OF DYNASTIES នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​​ប្រកួត​លក្ខណៈ​អន្តរជាតិ​​​លើក​ដំបូង​ដែល​​រៀប​​ចំ​នៅ​ប្រទេស​សិង្ហបុរី​ចាប់​តាំង​ពី​ជំងឺ​​ខូវិត-១៩ បាន​ផ្ទុះ​ឡើង​កាល​ពី​ដើម​ឆ្នាំ​នេះ និង​មាន​គូ​ប្រកួត​លក្ខណៈ​ជាតិ និង​អន្តរជាតិ​រហូត​ដល់​៦​គូ។

កម្មវិធី​ប្រកួត​នេះ​នឹង​​បិទ​ទ្វារ​​​ដោយ​គ្មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ឡើយ​នៅ​កីឡដ្ឋាន Singapore Indoor Stadium ដែល​​មាន​តែ​កីឡាករ​ មន្ត្រី​រៀប​ចំ​ការ​ប្រកួត និង​ក្រុម​ការងារ​ប៉ុណ្ណោះ។

អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​អាច​រីក​រាយ​ទស្សនា​គូ​ប្រកួត​ទាំង​អស់​​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​ការ​របស់ ONE Championship គឺ​ ONE Super App, ប្រព័ន្ធ​​ផ្សព្វផ្សាយ​​សង្គម​​ផ្លូវ​ការ​របស់​ ONE, នៅ​ប្រទេស​សិង្ហបុរី​ផ្សាយ​ផ្ទាl តាម​ទូរទស្សន៍ Channel 5 របស់ MediaCorp និង​តាម​ meWATCH app ព្រម​ទាំង​ដៃ​គូ​ផ្សព្វផ្សាយ​​ទាំង​ផ្នែក​ឌីជីថល និងទូរទស្សន៍​ របស់​​ ONE Championship ទូទាំង​ពិភព​លោក។ សម្រាប់​ព័ត៌មាន​បន្ថែម​ លោក​អ្នក​​អាច​ចូល​ https://www.onefc.com/news/how-to-watch-one-reign-of-dynasties/

អនុលោម​តាម​វិធី​សាស្ត្រ​របស់​រដ្ឋាភិបាល​ប្រទេស​សិង្ហបុរី​ក្នុង​ការ​ទប់​ស្កាត់ និងការពារ​សុវត្ថិភាព​ជា​ចម្បង​ ព្រឹត្តិការណ៍​ប្រកួត ONE: REIGN OF DYNASTIES នឹង​អនុវត្ត​តាម​យ៉ាង​ខ្ជាប់​ខ្ជួន​ និង​ម៉ត់​ចត់​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​អត្តពលិក មន្ត្រី​រៀប​ចំ​ការ​ប្រកួត និង​ក្រុម​ការងារ​ទាំង​អស់។

លោក Hua Fung Teh ប្រធាន​ក្រុម​ការងារ​ ONE Championship បាន​ថ្លែង​ថា ៖«យើង​មាន​កិត្តិយស​ដែល​ ONE Championship ត្រូវ​​បាន​អនុញ្ញាត​​ដោយ​រដ្ឋាភិបាល​ប្រទេស​សិង្ហបុរី​ដើម្បី​វិល​ត្រឡប់​មក​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​លក្ខណៈ​អន្តរជាតិ​វិញនៅ​ប្រទេស​សិង្ហបុរី។ យើង​ពិត​ជា​រីករាយ​​ដែល​មាន​លទ្ធភាព​នាំ​កីឡាករ​កំពូល​ៗ​ទាំង​ជាតិ និង​អន្តរជាតិ​មក​កាន់​កីឡដ្ឋាន​ Singapore Indoor Stadium វិញ​ដើម្បី​​បំពេញ​ចិត្ត​​អ្នក​គាំទ្រ​ទាំង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី និង​ទូទាំង​ពិភព​លោក​ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត ការ​ខិត​ខំ​ប្រឹង​ប្រែង និង​ទេពកោសល្យ​របស់​កីឡាករ​គ្រប់​រូប»។

លោក​ស្រី Ong Ling Lee អគ្គនាយកនៃ​ក្រុម​ប្រឹក្សា​ផ្នែក​កីឡា និង​ទេសចរណ៍​ប្រទេស​សិង្ហបុរី មាន​ប្រសាសន៍​ថា ៖«យើង​សប្បាយ​រីក​រាយ​​ដែល​បាន​ធ្វើ​ការ​ជា​មួយ ONE Championship ដើម្បី​នាំ​យក​ព្រឹត្តិការណ៍​ ONE: REIGN OF DYNASTIES មក​កាន់​ប្រទេស​សិង្ហបុរី។ យើង​ទាំង​អស់​គ្នា​នឹងត្រួតពិនិត្យ​​សុខភា​សុខភាព​ទាំង​អស់​ឲ្យ​បាន​ច្បាស់​លាស់ និងស្រប​តាម​វិធាន​ការ​សុវត្ថិភាព​គ្រប់​ដំណាក់​កាល​​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​នេះ ហើយ​ជា​ក៏​អាច​ការ​ត្រួយ​ត្រាយ​ផ្លូវ​សម្រាប់​​ព្រឹត្តិការណ៍​កីឡា​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​​ប្រទេ​សសិង្ហបរី​នា​ពេល​អនាគត»។

គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​ លោក​អ្នក​នឹង​បាន​ឃើញ​ម្ចាស់​ខ្សែ​ក្រវាត់មួយ​ថៃ​ និង​ឃីកបុកសីង​ពិភព​លោក ONE​ Strawweight Muay​ Thai​ &​ Kickboxing World Champion គឺ​កីឡាករ​​ Sam-A Gaiyanghadao របស់​ប្រទេស​​ថៃ​ឡើង​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​របស់​ខ្លួន​​ទល់​នឹង​ជើង​ខ្លាំង​អូស្ត្រាលី Josh “Timebomb” Tonna

កីឡាករ Sam-A Gaiyanghadao ម្ចាស់​ខ្សែ​ក្រវាត់ ONE Strawweight Muay Thai World Champion បាន​លើក​ឡើង​ថា ៖«ខ្ញុំ​បាន​កំពុង​ខិត​ខំ​ហ្វឹកហាត់​​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដើម្បី​ពង្រឹង​សមត្ថភាព និង​សម្រួច​អាវុធ​របស់​ខ្ញុំ។ អ្នក​គ្រប់​គ្នា​​ចង់​ឃើញ​ជើង​ឯក​ប្រកួត​ ហើយ​ក៏​មាន​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​ជា​ច្រើន​​មាន​វត្តមាន។ ការ​សម្រាក​​​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ផ្តោត​យក​ចិត្ត​ទុក​ដាក់ និង​បង្កើន​ថាម​ពល​ជា​ថ្មី។ ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​វិល​ទៅ​កាន់​សង្វៀន​វិញ និង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​​ខ្ញុំ។ កីឡាករ​ Josh Tonna ជា​អ្នក​ប្រយុទ្ធ​ស្រេក​ឃ្លាន​ម្នាក់ ហើយ​ខ្ញុំ​ដឹង​ថា គាត់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកួត​នេះ។  ខ្ញុំ​​នឹង​ប្រឹង​ឲ្យ​​បាន​ល្អ​បំផុត។ សម្រាប់​អ្នក​គាំទ្រ​របស់​ខ្ញុំ សម្រាប់​មោទកភាព​ជាតិ​ថៃ និង​សម្រាប់​​ក្រុម​ការងារ​នៅ​ក្លឹប Evolve MMA ខ្ញុំ​នឹង​ផ្តួល Tonna និង​រក្សា​ខ្សែ​ក្រវាត់នៅ​លើ​ចង្កេះ​ខ្ញុំ​ដដែល»។

កីឡាករ Josh Tonna អ្នក​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ONE World Title មាន​ចំណាប់​អារម្មណ៍​ថា ៖«​​ជាបឋម​ ខ្ញុំ​សូម​អរគុណ​ដល់ ONE Championship ចំពោះ​ការ​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក។ វា​​មាន​​កិត្តិយស​ណាស់​​សម្រាប់​ខ្ញុំត្រូវ​ប្រកួត​ជា​មួយកីឡាករ​ថៃ​ដែល​កេរ្តិ៍​ឈ្មោះ​​ល្បី និង​​ជា​ជើង​ចាស់​ Sam-A Gaiyanghadao។ ការ​ប្រកួត​នេះ​គ្មាន​អ្វី​ផ្សេង​​ក្រៅ​​​​ពី​​ជា​ការ​ប្រកួត​ដ៏​ធំ​បំផុត​ក្នុង​អាជីព​របស់​​ខ្ញុំ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​កំពុង​ឆ្ពោះ​ទៅ​ការ​ប្រកួត​ក្នុង​នាម​ជា​កីឡាករ​ម្នាក់​ដែល​ត្រូវ​បាន​​គេ​មើល​មិន​ឃើញ ប៉ុន្តែ​​ខ្ញុំ​ធ្លាប់​ស្ថិត​នៅ​គោល​ដៅ​នេះ​ពី​មុន។ មាន​មនុស្ស​​តិច​ណាស់​​​ដែល​​ជឿ​ថា ខ្ញុំ​អាច​មាន​ឱកាស​ឈ្នះ។ ប៉ុន្តែ​ខ្ញុំ​​នឹង​​ធ្វើ​ឲ្យ​ប្រាកដ​ច្បាស់​ចំពោះ​អ្នក​ដែល​មិន​ជឿ​ជាក់​លើ​ខ្ញុំ​។ ខ្ញុំ​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ដើរ​ចូល​ទៅ​សមរភូមិ​ប្រយុទ្ធ និង​ចេញ​មក​វិញ​ជា​មួយ​នឹង​ខ្សែ​ក្រវាត់​ពិភព​លោក​នៅ​លើ​ចង្កេះ​ខ្ញុំ»។

ជា​មួយ​គ្នា​នេះ លោក​អ្នក​​ក៏​នឹង​បាន​ឃើញ​គូ​ប្រកួត​សំខាន់​ៗ​ដែល​ជា​ក្រុម​តារា​ប្រដាល់​គុន​ចម្រុះ​លំដាប់​ពិភព​លោក:

  • កីឡាករ​ហ្វាំង​ឡង់​​ Aleksi “The Giant” Toivonen ស្ថិត​នៅ​ប្រទេស​សិង្ហបុរី នឹង​មាន​ឱកាស​ចូល​ទៅ​កាន់​ចំណាត់​ថ្នាក់​លេខ​៥ ប្រសិន​បើរូប​គេ​អាច​យក​ឈ្នះ​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​៥ និង​ជា​អតីត​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក Reece “Lightning” McLaren  របស់​ប្រទេស​​អូស្ត្រាលី។
  • អតីត​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក Amir Khan របស់​ប្រទេស​សិង្ហបុរីត្រូវ​ប៉ះ​ជើង​ខ្លាំង Rahul “The Kerala Krusher” Raju របស់​ប្រទេស​ឥណ្ឌា។
  • ជើង​ឯកចំបាប់​ឥណ្ឌូណេស៊ី​ច្រើន​ដង Eko Roni Saputra ត្រូវ​​តទល់​ជា​មួយ​ជើង​ឯក​ប្រដាល់​​​ម៉ាឡេស៊ី Murugan “Wolverine” Silvarajoo
  • អតីត​ជើងឯក​ពិភព​លោក ONE Strawweight World Champion និង​ជា​វីរបុរស​មួយ​ថៃ Dejdamrong Sor Amnuaysirichoke ត្រូវ​ប្រយុទ្ធ​​ជា​មួយ​កីឡាករ​ចិន “Wolf of the Grasslands” Hexigetu។
  • កីឡាករ​ចិន Liu Peng Shuai  ត្រូវ​បើក​ឆាក​ជា​មួយ​កីឡាករ​ឥណ្ឌា “The Indian Notorious” Roshan Mainam

ព្រឹត្តិការណ៍​ប្រកួត ONE: REIGN OF DYNASTIES
ប្រទេស​សិង្ហបុរី
ផ្សាយ​ផ្ទាល់​ថ្ងៃសុក្រ ទី​៩ ខែ​តុលា

ការ​ប្រកួត​ខ្សែ​ក្រវាត់​​មួយ​ថៃ​ពិភព​លោក ONE Strawweight
Sam-A Gaiyanghadao (C) vs Josh Tonna
ទម្ងន់ Strawweight: ៥៦.៥ គ.ក

ការ​ប្រកួត​ចម្រុះ
Aleksi Toivonen vs Reece McLaren
ទម្ងន់ Flyweight: ៦១.២ គ.ក

ការ​ប្រកួត​គុន​​ចម្រុះ
Amir Khan vs Rahul Raju
ទម្ងន់ Lightweight: ៧៧.១ គ.ក

ការ​ប្រកួត​គុន​ចម្រុ
Eko Roni Saputra vs Murugan Silvarajoo
ទម្ងន់ Catchweight: ៦៣.៥ គ.ក

ការ​ប្រកួត​គុន​ចម្រុះ
Dejdamrong Sor Amnuaysirichoke vs Hexigetu
ទម្ងន់ Strawweight: ៥៦.៧ គ.ក

ការ​ប្រកួត​គុន​ចម្រុះ
Roshan Mainam vs Liu Peng Shuai
ទម្ងន់ Flyweight: ៦១.២ គ.

សម្រាប់​ព័ត៌មាន​បន្ថែមពី​ ONE Championship, សូម​ចូល​ទៅ​កាន់​ https://www.onefc.com/about-us/, តាម​រយៈ Twitter និង​ Instagram @ONEChampionship ព្រម​ទាំង​តាម​ Facebook at https://www.facebook.com/ONEChampionship