Muay Thai

Rodtang ​ចង់​ប្រកួត​ឲ្យ​កក្រើក​​ជា​មួយ​ Petchdam​ តាម​តែ​អាច​ធ្វើ​បាន

Rodtang Jitmuangnon ឬ​ រហស្សនាម​​ “The Iron Man” ​​​​គ្រោង​បន្ត​ការ​ប្រកួត​របស់​ខ្លួន​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ និង​ ​​ឡើង​​មក​ការពារ​ខ្សែ​ក្រវាត់​​​ពិភព​លោក​ ONE Flyweight Muay Thai World Title​ ជា​លើក​ទី៣។ ​

​តារា​កំពូល​របស់​ថៃ​​ត្រូវ​​តតាំង​​នឹង​គូ​សត្រូវ​ចាស់​​​និង​ជា​មិត្ត​រួម​ជាតិ​ Petchdam Petchyindee Academy ​ឬ​ ​រហស្សនាម​ “The Baby Shark”​ ​​នៅ​ក្នុង​​លំដាប់​គូ​ឯក​​នៃ​កម្មវិធី​ ONE: NO SURRENDER ​​ដែល​​គ្រោង​រៀប​ចំ​នៅ​ថ្ងៃ​សុក្រ​ទី​ ៣១ ​ខែ​ កក្កដា​ ​​​ឯ​ក្រុង​បាងកក​ ប្រទេស​ថៃ។

Rodtang ​ជា​កីឡាករ​ជើង​ខ្លាំង​​ម្នាក់​​ក្នុង​ចំណោម​​កីឡាករ​ទាំង​ឡាយ​ដែល​មាន​វត្តមាន​នៅ​ ONE Championship ​ក្រោយ​ខក​ខាន​រៀប​ចំ​កម្មវិធី​​រយៈ​ពេល​ ៥ ​ខែ​​មក​នេះ។ ​«​អ្នក​គាំទ្រ​កំពុង​រង់​ចាំ​យ៉ាង​អន្ទះសា​​​សម្រាប់​ការ​ប្រកួត​​ក្បាច់​មួយ​ថៃ​​​កម្រិត​ខ្ពស់​ហើយ​ឥឡូវ​​នេះ​ ONE Championship ​​បាន​​ប្រកាស​​អំពី​ការ​ប្រកួត​ដ៏​ធំ​របស់​ខ្ញុំ ​និង​ ​ជា​ការ​ប្រកួត​​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ​ទស្សនា។​ ​​ក្នុង​នាម​​ជា​​កីឡាករ​យើង​ត្រូវ​ប្រកួត​ឲ្យ​​អស់​សមត្ថភាព​​ និង​ល្អ​មើល​បំផុត។ ​យើង​ក៏​ទទួល​បាន​ប្រាក់​​ឈ្នួល​ថ្លៃ​ឡើង​រេញ​​ដែរ​ ដូច្នេះ​ ​យើង​ត្រូវ​តែ​ផ្ដល់​អ្វី​ឲ្យ​អស្ចារ្យ។ ​វា​ការងារ​របស់​យើង​ ហើយ​អ្វី​ដែល​សំខាន់​បំផុត​​នោះ​គឺ​​ ​ត្រូវ​​​​ឆក់​យក​បេះ​ដូង​​ពី​អ្នក​គាំទ្រ»។ ​ កីឡាករ​វ័យ​២២​​ឆ្នាំ​​បាន​រៀបរាប់​បែប​នេះ។

កីឡាករ​មក​ពី​ក្លិប​​ Jitmuangnon ​​ដាក់​គោល​ដៅ​ធ្វើ​ឲ្យ​ល្អ​មើល​បំផុត​ពេល​ជួប​គូ​សត្រូវ​ចាស់​នៅ​ទឹក​ដី​កំណើត​របស់​ខ្លួន។ ​​គេ​ធ្លាប់​ជួប​​ Petchdam ​​នៅ​សង្វៀន​ល្បី​​របស់​ថៃ​ Rajadamnern Stadium ​កាល​ខែ​ ឧសភា ​ឆ្នាំ​ ២០១៧។ ​ គ្រា​នោះ​ក្រោយ​ចប់​ការ​ប្រកួត​ ៥​ ទឹក​​ កីឡាករ​រហស្សនាម​ “The Baby Shark” ​​ទទួល​ជ័យជម្នះ​​​​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ។ ​
Rodtang​ បាន​ថ្លែង​ថា ​៖ «​​​នៅ​ពេល​ខ្ញុំ​ចាញ់​ការ​ប្រកួត​​កាល​​ជំនួប​ដំបូង​ទល់​ Petchdam ​​ខ្ញុំ​ទើប​តែ​មក​បាងកក​ក្រោយ​សម្រាក​​រយៈ​ពេល​ខ្លី។ ​ខ្ញុំ​​បាន​ប្រកួត​ជា​មួយ​​ Kaimukkao [Por.Thairongruangkamai] ​ទម្ងន់​​៥៩​គីឡូក្រាម ហើយ​ការ​ប្រកួត​បន្ទាប់​​ជួប​ Petchdam ​ទម្ងន់​ ៥៧​ ​គីឡូក្រាម។ ​​​​ការ​សម្រក​ទម្ងន់​ គឺ​ពិបាក​បន្តិច ​ហើយ​រាងកាយ​របស់​ខ្ញុំ​​ប្រែប្រួល។ ​ខ្ញុំ​អត់​មាន​កម្លាំង​សោះ​នៅ​ទឹក​ចុង​ក្រោយ។ ​​ហេតុ​ដូច្នេះ​​ហើយ​​បាន​ជា​​ខ្ញុំ​ចាញ់»។



 

បែប​ណា​​ក្ដី​​ ​“The Iron Man” ឬ​ ​មនុស្ស​ដែក​ ​​ក៏​បាន​ស្ដារ​កិត្តិយស​​ឡើង​វិញ​ទល់​នឹង​ Petchdam ​ក្នុង​ជំនួប​សងសឹក​​នៅ​សង្វៀន​ដដែល​​​កាល​ខែ​កុម្ភៈ​ ​ឆ្នាំ ២០១៨។ ​អ្នក​ចម្បាំង​​ក្បាច់​មួយ​ថៃ​ទាំង​ពីរ​​​បាន​ប្រយុទ្ធ​គ្នា​​រយៈ​ពេល​៥​ទឹក​ទៀត​ ប៉ុន្តែ​​កម្លាំង​ដៃ​ Rodtang ​​បាន​ធ្វើ​ឲ្យ​ “The Baby Shark” ​ខាត​​ពិន្ទុ​មិន​ស្ទើរ​ឡើយ។

​មនុស្ស​ដែក​​រំលឹក​​ទៀត​ថា​៖«​ក្នុង​ការ​ប្រកួត​លើក​ទី២​​ ខ្ញុំ​មាន​កម្លាំង​ពេញ​។​ ​​​ខ្ញុំ​​ចូល​វ៉ៃ​​មិន​ឈប់​ឈរ​ និង ​រក្សា​ចលនា​ល្អ​។ Petchdam ​ចាញ់​ខ្ញុំ​យ៉ាង​ច្បាស់​ក្រឡែត​ និង​ បង្ហាញ​​ឲ្យ​ឃើញ​ចំណុច​ខ្សោយ​របស់​គេ»។

Rodtang Jitmuangnon at ONE A NEW TOMORROW

ក្រោយ​​ចាញ់​ឈ្នះ​ម្នាក់​ម្ដង​ ពួក​គេ​ទាំង​​ពីរ​បាន​ចុះ​កុង​ត្រា​ប្រកួត​​ឲ្យ​​ ONE Championship​ ​និង​បន្ត​ដំណើរ​​រៀង​ៗ​ខ្លួន​មិន​ដែល​ជួប​គ្នា​ទេ។ ​ Rodtang ​ធ្វើ​បាន​ល្អ​បំផុត​តាំង​ពី​ចូល​រួម​សង្វៀន​ធំ​មួយ​​នេះ​នា​ខែ​ ​កញ្ញា​ ឆ្នាំ​ ២០១៨។ ​​គេ​ឈ្នះ ៥​លើក​ជាប់​គ្នា​ និង​ ​ឈ្នះ​ខ្សែ​ក្រវាត់​​ពិភព​លោក​ ONE Flyweight Muay Thai World Championship ​តាំង​ពី​ខែ​ សីហា ឆ្នាំ ២០១៩ មក​ម៉្លេះ។

“The Iron Man” ​មាន​ប្រជាប្រិយភាព​ខ្លាំង​​នៅ​កម្មវិធី​ប្រកួត​ ONE Super Series។ ​ចំណែក​Petchdam ​​បាន​ចូល​រួម​នៅ​សង្វៀន​ The Home Of Martial Arts(ONE) ​នា​ខែ​ កក្កដា ឆ្នាំ ២០១៨​និង​ឈ្នះ​​ការ​ប្រកួត​​៣​លើក​ជាប់​គ្នា​ មុន​ពេល​គ្រង​ខ្សែ​ក្រវាត់​ ONE Flyweight Kickboxing World Championship ​នា​ខែ​ ឧសភា​ឆ្នាំ ២០១៩។

​ទោះ​បី​របូត​ខ្សែ​ក្រវាត់​ទល់​នឹង​ Ilias Ennahachi ​ក្នុង​រយៈ​ពេល​ ៣​ខែ​បន្ទាប់​ ​សិស្ស​គុន​មក​ពី​ ក្លិប​Petchyindee Academy ​បាន​យក​ឈ្នះ​ Kohei “Momotaro” Kodera ​​នា​ខែ​ មករា​ ឆ្នាំ ២០២០​ក្នុង​ការ​ប្រកួត​មួយ​ថៃ​ ដែល​អាច​មាន​កៅអី​​មក​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​មួយRodtang។

ONE Flyweight Muay Thai World Champion Rodtang Jitmuangnon cracks Jonathan Haggerty in the tummy

Rodtang​ ដែល​ហ្វឹកហាត់​នៅ​ក្លិប​ Jitmuangnon Gym ​នា​ក្រុង​បាងកក​​បាន​ចំណាយ​ពេល​ច្រើន​ក្នុង​​ការ​​ត្រៀម​ខ្លួន។ ​នៅ​ពេល​​ថៃ​បិទ​ប្រទេស​ដោយ​សារ​​​ការ​ផ្ទុះ​ COVID-19 ​ម្ចាស់​ខ្សែ​​ក្រវាត់ Flyweight ទៅ​ហ្វឹកហាត់​ជា​មួយ​សង្សារ​និង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Atomweight Muay Thai World Champion ​កីឡាការិនី​ Stamp Fairtex និង​​ ស្នាក់​​នៅ​ជា​មួយ​គ្រួសារ​ខាង​ស្រី​​ឯ​​ខេត្ត​ Rayong។

អំឡុង​ពេល​ដែល​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ ​​Rodtang ​ ​បាន​​​​ហ្វឹកហាត់​​ត្រៀម​​ជា​មួយ​មិត្ត​ស្រី​ ​នៅ​ក្លិប​ Fairtex Training Center ​​ឯ​ក្រុង​ ផាត់តាយ៉ា។

Rodtang ​បរិយាយ​​​បែប​នេះ​ ៖«​ខ្ញុំបាន​ហ្វឹកហាត់​នៅ​ក្លិប​​ Fairtex ​រយៈ​ពេល​ពីរ​បី​ខែ​ចុង​ក្រោយ​នេះ ទាំង​​​មួយ​ថៃ និង​គុន​ចម្រុះ។ ​រាងកាយ​របស់​ខ្ញុំ​​គឺ​រឹង​​មាំ​ ១០០%​ នា​ពេល​នេះ។​ ​លោក​ Sia Banjong ស្ថាបនិក​ និង​ ​ប្រធាន​​ក្លិប​ Fairtex ​បាន​មក​​ពិនិត្យ​មើល​ការ​ហ្វឹកហាត់​របស់​ខ្ញុំ។​ ​​គាត់​គិត​ថា​ ខ្ញុំ​ជា​គំរូ​ល្អ​សម្រាប់​ដទៃ»។

 

ONE Flyweight Muay Thai World Champion Rodtang Jitmuangnon is thankful following his big title win

នៅ​កម្មវិធី​ ONE: NO SURRENDER ​​នា​ចុង​ខែ​​កក្កដា​ នេះ “The Iron Man” ​កំពុង​ផ្ដោត​ខ្លាំង​លើ​ការ​ការពារ​ខ្សែ​ក្រវាត់​​ទល់​ Petchdam ​និង​ ​បញ្ចប់​មន្ទិល​សង្ស័យ​ទាំង​ឡាយ​រវាង​អ្នក​ទាំង​ពីរ។ ​​​​​​​កីឡាករ​​រហស្សនាម​​ «មនុស្ស​ដែក»​ ជា​ខេមរភាសា​ ​រង់​ចាំ​​​​ចង់​ឲ្យ​​តែ​​ដល់​ថ្ងៃ​ប្រកួត​មក​ដល់​ ខណៈ​ដែល​ “The Baby Shark” ​ក៏​ដាក់​​ផែន​ការ​យក​ខ្សែ​ក្រវាត់​ផង​ដែរ។

«Petchdam ​​ចាញ់​ដោយ​សន្លប់​ពេល​រូប​គេ​ការពារ​ខ្សែ​ក្រវាត់​​ឃីកបុកសីង​ពិភព​លោក​ ហើយ​​គេ​បាន​ព្យាយាម​​ក​សាង​ទំនុក​ចិត្ត​​ឡើង​វិញ​ពេល​ឈ្នះ​ការ​ប្រកួត​លើក​ចុង​ក្រោយ​នៅ​សង្វៀន​ ONE។ ​ខ្ញុំ​អត់​មាន​អ្វី​ត្រូវ​បារម្ភ​ទេ។ ​​​ខ្ញុំ​គិត​ថា​កា​រប្រកួត​នេះ​​ច្បាស់​​ជា​​​​រំភើប​ខ្លាំង​ណាស់»។​ Rodtang ​លម្អិត​បែប​នេះ។

ម្ចាស់​ខ្សែ​​ក្រវាត់​បាន​សង្កត់​ធ្ងន់​​ដូច្នេះ​ ៖«​អ្វី​ដែល​ខ្ញុំ​បារម្ភ​នោះ​​​គឺ​ Petchdam​ ​​មិន​វ៉ៃ​សម្រុក​​ ​និង​រង់​ចាំ​តែ​​ទាត់​លើ​ខ្ញុំ។ ​​យ៉ាង​ណា​ ​ខ្ញុំ​ចង់​​វ៉ៃ​​ឲ្យ​ដូច​មនុស្ស​ឆ្កួត​អីចឹង ​ឬ​ ​ខ្ញុំ​ចង់​ប្រកួត​ឲ្យ​ក្លាយ​ជា​គូ​ល្អ​ប្រចាំ​យប់​​នោះ។ ​បើ​គេ​ចង់​ឈ្នះ​ត្រឹម​ពិន្ទុ​ ​នោះ​ខ្ញុំ​​នឹង​ប្រើ​វិធី​សម្រុក​ និង​ ​ដេញ​តាម​រូប​គេ​ឲ្យ​ដល់​ទី​បញ្ចប់»។

ចុចអាន: Petchdam Confident He Will Beat ‘Superstar’ Rodtang