Kickboxing

តើ Capitan ដែលធ្លាប់ឈ្នះ ម៉ឺន សុភា និង រឿង សោភ័ណ្ឌ នឹង​ឈ្នះ​ជើងឯកពិភពលោកទេថ្ងៃសុក្រនេះ?

20/01/2021

ជើងខ្លាំងប្រដាល់មួយថៃ Capitan Petchyindee អាចក្លាយជាម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោកថ្មី នៅពេលរូបគេត្រូវប្រកួតជាមួយកីឡាកររុស្ស៊ីដែលជាម្ចាស់ជើងឯក Alaverdi Ramazanov ក្នុងតំណែងគូឯកផ្សាយផ្ទាល់ ONE: UNBREAKABLE នៅប្រទេសសិង្ហបុរីថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។

កីឡាករ Capitan

តាមពិតទៅកីឡាករថៃ Capitan Petchyindee ទើបបានឡើងប្រកួតនៅសង្វៀនអន្តរជាតិ ONE ម្តងប៉ុណ្ណោះ ប៉ុន្តែរូបគេធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការរប្រកួតលើកដំបូងនោះ រូបគេបានចំណាយពេលតែ៦វិនាទីប៉ុណ្ណោះដើម្បីផ្តួលមិត្តរួមជាតិ Petchtanong ឲ្យសន្លប់នៅដើមទឹកទី១

ជ័យជម្នះនោះបានធ្វើឲ្យរូបគេជាប់កំណត់ត្រាជ័យជម្នះលឿនបំផុតក្នុងប្រវត្តិសាស្ត្រកម្មវិធីប្រដាល់ ONE Super Series។ ប៉ុន្តែរូបគេហាក់មិនសប្បាយចិត្តនឹងលទ្ធផលនោះប៉ុន្មានឡើយ ដោយសាររូបគេអះអាងថា មិនទាន់បានបញ្ចេញសមត្ថភាពអស់ដើម្បីឲ្យអ្នកគាំទ្រពេញចិត្តផង។

Capitan បាននិយាយថា ៖«Alaverdi មានរបៀបវ៉ៃជាកីឡាករបរទេសម្នាក់ ហើយក៏ពិបាកទប់ទល់ដែរ។ គាត់អាចវ៉ៃបានល្អគ្រប់ទឹក និងមានអាវុធសំបូរបែប។ ខ្ញុំនឹងត្រូវចេញអាវុធឲ្យត្រូវតាមពេលវេលា»។

«កម្លាំងរបស់គាត់ពិតជាខ្លាំង និងមានកម្ពស់ខ្ពស់ថែមទៀត តែខ្ញុំគ្មានឃើញអ្វីគួរឲ្យបារម្ភទេ។ ខ្ញុំមានបទពិសោធច្រើនរាប់មិនអស់ ហើយខ្ញុំមានចំណុចជាច្រើនដែលមានប្រៀប។ បើគាត់ភ្លាត់ចូលកណ្តាប់ដៃ ឬជើងរបស់ខ្ញុំ គាត់ប្រហែលជាពិបាកហើយ។ លើសពីនេះ គាត់អត់បានឡើងប្រកួតយូរដែរហើយ។ ខ្ញុំបានឡើងប្រកួតពីរដងកាលពីឆ្នាំមុន ដូច្នេះខ្ញុំអាចនិយាយបានថា ខ្ញុំត្រៀមខ្លួន និងហាត់បានដិតដល់ជាង»។

កីឡាករ Ramazanov

Ramazanov មានប្រវត្តិប្រកួតឈ្នះ៦១ដង និងចាញ់តែ៥ដងប៉ុណ្ណោះ ហើយបានក្លាយជាម្ចាស់​ខ្សែក្រវាត់ឃីកបុកសីងពិភពលោកជាមួយកីឡាករចិន Zhang Chenglong ហើយទទួលបានខ្សែក្រវាត់កាលពីឆ្នាំ២០១៩។ នេះជាការប្រកួតការពារខ្សែក្រវាត់លើកដំបូង បន្ទាប់ពីឈ្នះខ្សែក្រវាត់។

ជើងខ្លាំងគុនខ្មែរ សុខ ធី បានប្រាប់ថា រូបគេជឿជាក់លើកីឡាករប្រដាល់ថៃ Capitan ដែលនឹងទទួលបានខ្សែក្រវាត់មកគ្រប់គ្រងជាក់ជាមិនខាន។

សុខ ធី និយាយថា ៖«ខ្សែក្រវាត់ឃីកបុកសីងពិភពលោកនោះនឹងធ្លាក់មកដៃកីឡាករ Capitan។ ខ្ញុំនៅថៃ អីចឹងខ្ញុំស្គាល់គាត់ច្បាស់។ អាវុធរបស់គាត់ធ្ងន់ណាស់។ ខ្ញុំជឿជាក់លើអាវុធគាត់»។

បើតាមដានមែនទែនទៅ ជើងខ្លាំងថៃរូបនេះធ្លាប់បានប្រកួតជាមួយកីឡាករកម្ពុជា២រូបគឺ ម៉ឺន សុភា និងរឿង សោភ័ណ្ឌ។

កាលពីឆ្នាំ២០១៧ Capitan បានប្រកួតជាមួយ ម៉ឺន សុភា នៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមមេដាយមាសនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ទីបំផុតរូបគេទទួលបានមេដាយមាស បន្ទាប់ពីឈ្នះម៉ឺន សុភា ដែលទទួលបានត្រឹមមេដាយប្រាក់។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រកម្ពុជាទៀតនោះគឺរូបគេបានផ្តួល មឿន សុភា ឲ្យសន្លប់ក្នុងទឹកទី២ នៅសង្វៀន Mauy Thai Super Champ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅប្រទេសថៃ។

កីឡាករ សុខ ធី

កាលពីឆ្នាំ២០១៨ Capitan បានមកប្រកួតនៅប្រទេសកម្ពុជាដោយកាលណោះទទួលបានជ័យជម្នះដោយពិន្ទុលើជើងខ្លាំង រឿង សោភ័ណ្ឌ បន្ទាប់ពីតស៊ូគ្នា៥ទឹកពេញនៅសង្វៀនអាស៊ីអាគ្នេយ៍។

ថាតើ កណ្តាប់ដៃមហាទម្ងន់ និងរន្ទះជើងផ្តាច់ព្រលឹងនឹងជួយឲ្យរូបគេគ្រងខ្សែក្រវាត់ឃីកបុកសីងពិភពលោក ឬក៏ជើងខ្លាំងរុស្ស៊ីនៅតែបន្តក្លាយជាអធិរាជលើសង្វៀន? ចម្លើយមាននៅក្នុងព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE នាថ្ងៃសុក្រសប្តាហ៍នេះ៕

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។