Kickboxing

Superbon ទម្លាយ​គន្លឹះ​មរណៈ​ ត្រៀម​​​​ផ្តួល​ Sitthichai ក្នុង​ជំនួប​លើកទី៣

អ្នក​ប្រដាល់​ជើង​ខ្លាំង Superbon យល់​ឃើញ​​ថា​ ខ្លួន​ឯង​ជា​កីឡាករ​​​​ដ៏​ល្អ​​ម្នាក់​​ក្នុង​ពិភព​លោក​​ ហើយ​ឥឡូវ​នេះ​រូប​គេ​ត្រៀម​ខ្លួន​រួច​រាល់​​ដើម្បី​បង្ហាញ​​ក្បាច់​គុនដ៏​ពិសេស​​​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ ONE Championship ជាសកល។

តារា​ប្រដាល់​ថៃម្នាក់​​​ទើប​តែ​​​​ចូល​រួម​ជា​មួយ​ស្ថាប័ន​ប្រដាល់​​ធំ​បំផុត​នៅ​លើ​ពិភព​លោក​​ក្នុង​ឆ្នាំ​នេះ​ដើម្បី​សំលៀង​ជំនាញ​របស់​ខ្លួន​ត្រៀម​ជួប​នឹង​​កំពូល​អ្នក​ប្រដាល់​​ខ្លាំង​ៗ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ផ្នែក​ប្រដាល់​ឃីកបុកសីង និង​មួយ​ថៃ​ដូច​ជា​ជើង​ឯក​ពិភព​លោក​ Giorgio “The Doctor” Petrosyan, អ្នក​ប្រដាល់កុំព្យួទ័រ  Yodsanklai IWE Fairtex, និង​ជើង​ឯក​ពិភព​លោក​ Petchmorakot Petchyindee Academy ជា​ដើម។

កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​និយាយ​ថា ៖«ខ្ញុំ​គិត​ថា គ្រប់​កីឡាករ​ខ្លាំងៗ​ទាំង​អស់​នៅក្នុង​ប្រភេទ​ទម្ងន់​ដូច​​គ្នា​នៅ​ ONE Championship​ ខ្ញុំ​អាច​វ៉ៃ​ជាមួយ​ពួក​គេ​បាន»។

«ក្នុង​នាម​ជា​​អ្នក​ប្រដាល់​ ខ្ញុំ​ចង់​វ៉ៃ​ជា​មួយ​កីឡាករ​ខ្លាំង​បំផុត។ ខ្ញុំ​ចង់​ជម្នះ​ខ្លួន​ឯង​ជា​មួយ​កីឡាករ​ល្អ​ៗ។ នៅ​ស្ថាប័ន ONE Championship មាន​កីឡាករ​ប្រដាល់​ល្អ​ៗលំដាប់​ពិភព​លោក​​ជា​ច្រើន​ អីចឹង​ហើយ​បាន​ជា​ខ្ញុំ​ចូល​រួម​ជា​មួយ»។

 

ការ​បង្ហាញ​ខ្លួន​នៅ​សង្វៀន​ ONE ជា​លើក​ដំបូង អ្នក​លេង​មួយ​ថៃ​ Superbon នឹង​​ធ្វើ​ការ​​ធ្ងន់​មួយ។ 

នា​ថ្ងៃ​សុក្រ ទី​៣១ ខែ​កក្កដា ខាង​មុខ​នេះ រូប​គេ​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​“The Killer Kid” Sitthichai Sitsongpeenong ដែលជា​ការ​ជួប​គ្នា​លើក​ទី​៣ ហើយ​​រូប​គេ​មាន​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ព្រឹត្តិការណ៍ ONE: NO SURRENDER ក្នុង​រាជ​ធានីបាងកក ប្រទេស​ថៃ។

ហើយ​និយាយ​ពី​ប្រវត្តិ​​របស់​​ពួក​គេ អ្នក​គាំទ្រ​​ប្រាកដ​ជា​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​សម្រាប់​ពួក​គេ​ត្រូវ​​បង្ហាញ​ខ្លួន​​​វ៉ៃ​ឃីកបុកសីង​នៅ ONE Super Series។



នៅ​ពេល​តារា​គុន​ថៃ​ទាំង​ពីរ​ជួប​គ្នា​លើក​ទី​១​ក្នង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​នៃ​ព្រឹត្តិការណ៍​ប្រកួត​ឃីកបុកសីង​មួយ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ Superbon ដែល​មាន​បទ​ពិសោធ​វ៉ៃ​ស្ទើរ​ពី​របៀប​កីឡា​​នេះ​ត្រូវ​បាន​ “The Killer Kid” ផ្តួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។

ទោះបី​ជា​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ ក៏​សិស្ស​គុន​ក្លឹប​ Sor. Tawanrung Gym មិន​រួញរាក្នុង​ការ​បន្ត​អាជីព​ឡើយ។ រូប​គេ​បាន​ប្រឹង​ប្រែង​រហូត​ទទួល​បាន​ជ័យជម្នះ​៤​លើក​ជាប់​គ្នា ដើម្បី​សន្សំ​ពិន្ទុ​ទៅ​វ៉ៃ​សងសឹក​ Sitthichai នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៦ រហូត​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ។

«ខ្ញុំ​បាន​ចាញ់​គាត់​ពេល​ប្រកួត​លើក​ទី​១ ពី​ព្រោះ​ខ្ញុំ​វ៉ៃ​​ឃីកបុកសីង​​បាន​តែ​២​ដង​ប៉ុណ្ណោះ​មុន​ពេល​វ៉ៃ​ជា​មួយ​គាត់។ ពេល​នោះ​ ខ្ញុំ​អត់​​ទាន់​យល់​​​ច្បាស់​ពី​ច្បាប់​ទម្លាប់​ឃីកបុកសីង​​​ផង។ ៨​ខែ​ក្រោយ​មក​ ខ្ញុំ​បាន​ជួប​គាត់​ម្តង​ទៀត ខ្ញុំ​ជឿ​ជាក់​ខ្លួន​ឯង​១០០​%​ ហើយ​​អាវុធ​ខ្ញុំ​​លឿន​ជាង​មុន ហើយ​កាន់​តែ​គ្រោះ​ថ្នាក់​ជាង​គាត់»។ នេះ​ជា​សំដី​របស់ Superbon។

View this post on Instagram

we prepare for the big event at @onechampionship

A post shared by Superbon ???????? (@superbon_banchamek) on

អាជីព​ប្រដាល់​កីឡាករ​ទាំង​ពីរ​មាន​បែប​ផែន​ខុស​គ្នា​ ប៉ុន្តែ​ឥឡូវ​នេះ​​​ដំណើរ​ជីវិត​ទាំង​នោះ​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ហើយ​នៅ​ពេល​អ្នក​ទាំង​ពីរ​ចូល​ ONE Championship ជា​កន្លែង​ដែល​ពួក​គេ​ត្រូវ​ជួប​គ្នា​សា​ជាថ្មី​ក្នុង​ការ​ជម្រះ​​បញ្ជី​ចាស់​​ដែល​រង់​ចាំ​យូរ​ហើយ។

សម្រាប់អន្តរកាល​នៃ​ការ​រឹត​បណ្តឹង​ជំងឺ​ខូវិត-19 ប្រទេស​ថៃ​បាន​រារាំង​សកម្មភាព​កីឡា​ពី​ការ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ទាំង​លើ​សង្វៀន និង​ទី​លាន។  អំឡុង​ពេលនោះ​ Superbon នៅ​តែ​បន្តហ្វឹកហាត់​ម្នាក់ឯង​ដើម្បី​រក្សា​គុណភាព​ និង​កាយ​សម្បទា​ ដូច​ដែល​រូប​គេ​ហ្វឹកហាត់​ធម្មតា បើ​ទោះ​ជា​មិន​មាន​ការ​ប្រកួត​ក៏​ដោយ។

ឥឡូវ​នេះ​ជា​មួយ​នឹង​ការ​រឹត​បន្តឹង​ត្រូវ​បាន​បន្ធូរបន្ថយ ហើយ ONE បាន​​រៀប​ចំ​ការ​ប្រកួត​​ឡើង​វិញ​តាម​ការ​គ្រោង​ទុក ដូច្នេះ​រូប​គេទទួល​បាន​ឱកាស​​ប្រកួត​ជា​មួយ​ “The Killer Kid” និង​កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ Sor. Tawanrung Gym។  

Superbon និយាយ​ថា ៖«Sitthichai​ គឺ​ជា​កីឡាករ​វ៉ៃ​ជំហរ​ស្តាំ ដូច្នេះ​ខ្ញុំ​បាន​ហាត់​ជាមួយ​គ្រូ​២​នាក់​របស់​ខ្ញុំ​ដែល​មាន​ជំនាញ ជំហរ​ស្តាំ និង​ហាត់​ជាមួយ​គ្រូ​៤​នាក់​ទៀត​សម្រាប់​អាវុធចម្រុះ​ ដែល​​អ្វី​ៗ​ផ្តោត​លើ​ផ្នែក​ផ្សេង​ៗ​គ្នា»

View this post on Instagram

????????

A post shared by Superbon ???????? (@superbon_banchamek) on

ការ​ជួប​ជាមួយ​​មិត្ត​រួម​ជាតិ​ដែល​ជា​ដៃ​គូ​ធ្លាប់​​ប៉ះ​គ្នា​២​លើក​កន្លង​មក  Superbon ហាក់​មាន​បច្ចេកទេស​​ស្រដៀង​​នឹង​​ Sitthichai ។

កីឡាករដែល​មាន​មូលដ្ឋាន​នៅ​បាងកក ដឹង​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន ហើយ​រូប​គេ​ជឿ​ជាក់​ថា រូប​គេ​ស័ក្តិសមជាមួយ​ “The Killer Kid” ហើយ​​ប្រហែល​ជា​អាច​លេង​គ្នា​បាន​គ្រប់​ក្បាច់។

«ភាព​ខ្លាំង​របស់​ Sitthichai គឺ​​កណ្តាប់​ដៃ​ឆ្វេង និង​ការ​ទាត់​ជើង​ឆ្វេង»។ នេះ​ជា​ការ​យល់​ឃើញ​របស់​ Superbon ។

«គេជា​ប្រភេទ​ដៃ​គូ​ដែល​វ៉ៃ​ចេញ​អាវុធ​ចម្រុះ​​​គ្មាន​ទី​បញ្ចប់​ទេ ប៉ុន្តែ​​អាវុធ​របស់​គេ​មិន​សូវ​មាន​ទម្ងន់​ឡើយ។ និយាយ​ទៅ កន្លែង​ណា​ក៏​គេ​វ៉ៃ​ដែរ គឺ​វ៉ៃ​អត់​រើស​តែ​ម្តង។ មិន​ងាយ​ស្រួល​រក​កីឡាករ​​ណា​​ដែល​វ៉ៃ​ពេញ​៣​ទឹក​​មិន​សន្សំ​សំចៃ​កម្លាំង​ទេ»។

កីឡាករ​រូប​នេះ​បញ្ជាក់​ថា ៖«សម្រាប់​ខ្ញុំ ២ប្រកួត​​ដែល​យយើង​ជួប​គ្នា ជាពិសេស​ប្រកួត​ចុង​ក្រោយ​ដែល​ខ្ញូំ​ឈ្នះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ល្អ​ជាង​គាត់ ពី​ព្រោះ​ខ្ញុំ​លឿន​ជាង។ អាវុធ​ខ្ញុំ​ក៏​មាន​កម្លាំង​ខ្លាំង​ជាង Sitthichai ហើយ​និយាយ​ទៅ ខ្ញុំ​មាន​ល្បឿន​លឿន។ ខ្ញុំ​ត្រូវ​ការ​តែ​កម្លាំង​ស៊ុហ្វ​ប៉ុណ្ណោះដែល​អាច​វ៉ៃ​បាន​៣​ទឹក​ពេញ»។

ព្រឹត្តិការណណ៍​ប្រកួត​ ONE: NO SURRENDER ពោរពេញ​ដោយ​គូ​សំខាន់​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង។

ជើង​ខ្លាំង Superbon ដែល​បច្ចុប្បន្ន​មាន​ចំណាត់​ថ្នាក់លេខ​១​ក្នុង​ប្រភេទ​ទម្ងន់មួយ​ថៃ  featherweight និង​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ប្រភេទ​កីឡា​ឃីកបុកសីងទម្ងន់​ដូច​គ្នា នឹង​មាន​ឱកាស​​​រក​ចំណាត់​​ថ្នាក់​នៅ​តារាង​អត្តពលិក ONE’s Athlete Rankings ហើយ​អាច​នាំ​មុខ​ Sitthichai ទៀង​ផង។ 

បន្ថែម​លើ​នេះ​ទៀត ប្រសិន​បើ​រូប​គេ​ទទួល​បាន​ជ័យជម្នះ​ អាច​​នឹង​​នាំ​រូប​គេ​ឈាន​ទៅ​កៀក​នឹងម្ចាស់​ជើង​ឯក​មួយ​ថៃ​ពិភព​លោក Petchmorakot ហើយ​​​ក្តីសុបិន​របស់គេ​អាច​ជួប​នឹង​ជើង​ខ្លាំង​ Petrosyan ឬ Yodsanklai ក៏​ថា​បាន​នា​ពេល​មុខ។

ប៉ុន្តែ​សុបិន​ទាំង​នោះ​កុំ​ទាន់គិត​ រឿង​ចម្បង​​គឺ​រូប​គេ​​ត្រូវ​​ធ្វើ​​យ៉ាង​ណា​ឲ្យ​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​នា​ថ្ងៃ​ទី​៣១ ខែ​កក្កដា ខាង​មុខ​នេះ​សិន ហើយ​បើក​ទ្វារ​រូប​គេ​ទៅ​មុខ​ទៀត។

រូប​គេ​និយាយ​ថា ៖«Sitthichai ដល់​ពេល​យើង​ជួប​គ្នា​ហើយ។ ចាំ​មើល​ នរណា​​ខ្លាំង​​ក្នុង​ប្រភេទទម្ងន់​នេះ។ ឯង​ត្រូវ​ចេញ​ឲ្យ​អស់​ពី​សមត្ថភាព ហើយ​​ថា​តើ​នរណា​ជា​អធិរាជ​លើ​សង្វៀន»។

Read more: Sitthichai Ready To Make ‘Killer’ ONE Debut