News

Khabib ជឿ​ជាក់​ថា Izagakhmaev នឹង​បញ្ឈប់ Nakashima ពាក់​កណ្តាល​ផ្លូវ

តារា​ប្រដាល់​គុន​ចម្រុះ​ដ៏​ល្បី​ទូទាំង​ពិភព​លោក Khabib “The Eagle” Nurmagomedov ជឿ​ជាក់​ថា សិស្ស​ប្អូន​ Saygid Izagakhmaev នឹង​ធ្វើ​បាន​ល្អ​ខ្លាំង​សម្រាប់​ការ​ប្រកួត​លើក​ដំបូង​នៅ​ ONE: HEAVY HITTERS

តារា​ប្រដាល់​រុស្ស៊ី​បាន​ចាត់​ទុក Izagakhmaev ជា​អ្នក​លេង​គុន​ចម្រុះ​ជួរ​មុខ​ម្នាក់​ក្នុង​ពិភព​លោក​ដែល​នឹង​ប្រកួត​ជា​មួយ​ James Nakashima នា​ថ្ងៃ​សុក្រ ទី​១៤ ខែ​មករា ឆ្នាំ​២០២២​នេះ។

លោក​បាន​ទទួល​ស្គាល់ជំនាញ​សិស្សប្អូនល្អ​មួយ​ចប់ និងឃើញ​​ Izagakhmaev មានកម្លាំង​ចិត្ត​ក្នុង​ការ​ប្រុង​ប្រែង​ខ្លាំង​មុន​ពេល​ឡើង​សង្វៀន​នៅ​ប្រទេស​សិង្ហបុរី​ខាង​មុខ​នេះ។

Nurmagomedov បាន​និយាយ​ថា ៖«យើង​ទាំង​អស់​គ្នា​កំពុង​រង់​ចាំការ​បង្ហាញខ្លួន​ប្រកួត​លើក​ដំបូង​របស់​គាត់។ ខ្ញុំ​​ដឹង​ថា Saygid ស្ថិត​នៅ​កន្លែង​ហ្វឹក​ហាត់​រាល់​ថ្ងៃ​ទាំង​យប់​ផង ហើយ​គាត់​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​មាន​ឱកាស​ប្រកួត​លើក​ដំបូង​នៅ ONE Championship»។

«​គាត់​ស្រេក​ឃ្លាន​ណាស់។ នេះ​ជា​ចំណុច​សំខាន់​នៅ​ក្នុង​កីឡា​នេះ។ គាត់​មាន​សេចក្តី​ស្រេក​ឃ្លាន។ មាន​ហេតុ​ផល​ជា​ច្រើន​ដែល Saygid គ្រោះ​ថ្នាក់​ដល់​ដៃ​គូ»។

អ្នក​លេង​គុន​ចម្រុះ​រុស្ស៊ី​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​១៩​ដង និង​ចាញ់​២​ដង​ប៉ុណ្ណោះ ដែល​បាន​ក្លាយ​ជាផ្កាយ​គ្រោះ​កាច​មួយ​នៅ​ស្ថាប័ន​ ONE Championship។

Izagakhmaev បាន​ហ្វឹក​ហាត់​ជា​មួយ​លោក Abdulmanap Nurmagomedov ដែល​ទើប​ទទួល​មរណភាព​ជា​ឪពុក​របស់ Khabib ប្រហែល​ជា​១៥​ឆ្នាំ​កន្លង​ទៅ​ហើយ ដូច្នេះ​មាន​ជំនាញ​មិន​ខុស​គ្នា​ទេ​នៅ​ពេល​បន្ត​ហាត់​ជា​មួយ​កូន​ដែល​ជា​ជើង​ឯក​ពិភព​លោក។

កំពូល​អ្នក​ប្រដាល់​បាន​រៀប​រាប់​ថា ៖«គាត់​បាន​ចាប់​ផ្តើម​ហាត់​ជា​មួយ​ឪពុក​របស់​ខ្ញុំ​តាំង​ពី​គាត់​នៅ​ក្មេង​តូច ហើយ​ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ណាស់។ គាត់​​តែង​តែ​យក​ចិត្ត​ទុក​ដាក់ និង​ខំ​ប្រឹង​ហាត់​ណាស់។ យើង​មាន​របៀប​ប្រហែល​គ្នា ដូច​ជាជំនាញឃ្លេ ចំបាប់ ចាប់ និង​ចលនា​ផ្លាស់​ទី។ របៀប​ដែល​យើង​ប្រែ​ប្រួល​ដង​ខ្លួន និង​ចង្កេះ​របស់​យើង។ មើល​ទៅ​ស្រដៀង​គ្នា ប៉ុន្តែ​ខុស​ត្រង់​ថា គាត់​ខ្ពស់​ជាង​ខ្ញុំ»។

«របស់​វ៉ៃ​របស់ Saygid គ្រោះ​ថ្នាក់​ខ្លាំង ពី​ព្រោះ​គាត់​ខ្ពស់។ គាត់​ចេញ​អាវុធ​បាន​ឆ្ងាយគឺ​ទាត់ និង​កណ្តាប់​ដៃ។ គាត់​ល្អ​វ៉ៃ​កែង ល្អអុក​ពី​កូថ និយាយ​ទៅ​អាច​វ៉ៃ​ជំនាញ​ក្រោម​បាន​ល្អគ្រប់​ស្នៀត»។



វា​នឹង​ក្លាយ​ជា​ជំនួប​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ខ្លា​ចាស់​​ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​២៩​ដង​​ទល់​នឹង​ Izagakhmaev ដែល​មាន​កម្រិត​រីក​ចម្រើន​ច្រើន​ក្នុង​រយៈ​ពេល​១២​ខែ​កន្លង​ទៅ​នេះ។ មានហេតុ​ផល​ខ្លះ​ដែល​គាត់​ជឿ​ជាក់​ក្នុង​ការ​ប្រកួត​នៅ ONE។

កីឡាករ​បាន​និយាយ​ថា ៖«នៅ​ពេល​ខ្ញុំ​មើល​គាត់​កាល​ពី​មួយ​ឆ្នាំ​មុន ពេល​នេះ​ខុស​គ្នា​ទាំង​ស្រុង។ គាត់​មាន​អាយុ​ត្រឹម​តែ​២៧​ឆ្នាំ ហើយ​បន្ត​រៀន​សូត្រ​រហូត។ 

«ខ្ញុំ​ជឿ​ជាក់​លើ ONE Championship ពិត​ប្រាកដ។ គាត់​នឹង​រីក​ចម្រើន​ច្រើន ហើយ​ពីរ​ឆ្នាំ​ខាង​មុខ​ អ្នក​គាំទ្រ​នឹង​ឃើញ​ថា​ គាត់​មាន​លទ្ធផល​យ៉ាង​ណា»។

អតីត​អ្នក​ប្រជែង​ជើង​ឯក​ពិភព​លោក ONE Welterweight ជា​កីឡាករ​ចំបាប់​ដ៏​ខ្លាំង​ម្នាក់​ដែល​​បាន​អភិវឌ្ឍ​ជំនាញ​វ៉ៃ​ឈរ​យ៉ាង​ល្អ ហើយ​បទ​ពិសោធក្រាស់​នឹង​ជួយធ្វើ​ឲ្យ​គាត់​កាន់​តែ​មាន​ទំនុក​ចិត្ត។

Nurmagomedov ដឹង​ថា វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​​ដ៏​តឹង​តែង​សម្រាប់​​ Izagakhmaev ប៉ុន្តែ​បាន​រូប​គេ​​នៅ​ក្បែរ​នឹង​ធ្វើ​ឲ្យ​សិស្សប្អូន​ម្នាក់​នេះ​មាន​ទំនុក​ចិត្ត។

«ខ្ញុំ​​នឹង​ទៅ​ប្រទេស​សិង្ហបុរី។ ខ្ញុំ​គិត​ថា នេះ​ជា​រឿង​ល្អ​សម្រាប់​គាត់ ពី​ព្រោះ​ខ្ញុំ​មាន​ចំណេះ​ដឹង​ច្រើន​អំពី​ការ​ប្រកួត​ដូច្នេះ​ខ្ញុំ​អាច​ជួយ​ផ្តល់​គំនិត​យោបល់​បាន។ ខ្ញុំ​អាច​ផ្តល់​កម្លាំង​ចិត្ត ថាមពល និង​ធ្វើ​ឲ្យ​គាត់ប្រឹង​ប្រ្រែង»។

«Nakashima ជា​កីឡាករ​ដ៏​ល្អ​ម្នាក់។ ខ្ញុំ​បាន​ការ​ប្រកួត​២​របស់​គាត់។​ មើល​ទៅ​គាត់​មាន​ជំនាញ​ចំបាប់​ល្អ តែ​ខ្ញុំ​គិត​ថា Nakashima មិន​អាច​គ្រប់​គ្រង​ជំនាញ​ចំបាប់​របស់​ Saygid បាន​ទេ»។

«យើង​មាន​ផែន​ការ​ល្អ​ល្អ។ យើង​នឹង​ការពារ​ជំនាញ​ចំបាប់​របស់​គាត់ ហើយ​យើង​នឹង​​ធ្វើ​ឲ្យ​គាត់​ជួប​បញ្ហា។ មែន​ទែន​ទៅ ខ្ញូំ​ជឿ​ជាក់​ថា Saygid ​អាច​បញ្ឈប់​គាត់​បាន»។

ប្រសិន​បើ Izagakhmaev ​ទប់​ទល់​បាន និង​យក​ឈ្នះ​កីឡាករ​ដែល​មាន​បទ​ពិសោធ​ដូច Nakashima អីចឹង​មាន​ន័យ​ថា គាត់​នឹង​ក្លាយ​ជា​ផ្កាយ​គ្រោះ​ថ្នាក់​មួយ​ដែល​ព្រមាន​ទៅ​កីឡាករ្​ខ្លាំង​ៗ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រភេទ​ទម្ងន់ lightweight​ នេះ។ ទោះ​ជា​យ៉ាង​ណា គាត់​មិន​ចង់​មើល​ឃើញ​ផ្លូវ​វែង​ឆ្ងាយ​មុន​ទេ។ រឿង​សំខាន់​គឺ​ផ្តោត​លើ​ការ​ប្រកួត​ខាង​មុខ​នេះ។

Nurmagomedov បាន​និយាយ​​ថា ៖«ខ្ញុំ​មិនមើល​ស្រាល Nakashima ទេ ហើយ​ក៏​មិន​ចង់​និយាយ​អ្វី​​ច្រើន​អំពី​ការ​ប្រកួត​បន្ទាប់​របស់ Zagakhmaev ទេ។ ចាំ​មើល​គាត់​បញ្ឈប់​​ពាក់​កណ្តាល​ផ្លូវ​ទៅ ហើយ​បន្ទាប់​មក​យើង​អាច​និយាយ​អ្វី​ច្រើន​ទៀត។ Saygid ប្រកួត​២១​ដង ហើយ​គាត់​អាច​ជួប​នរណា​ក៏​បាន»៕

Read more: 5 Fast Facts About Russian MMA Star Saygid Izagakhmaev

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។