Kun Khmer

​ចាន់ រតនា​ ​​រួម​ចំណែក​​​ជំរុញ​វិស័យ​ក្បាច់​គុន​ចម្រុះ​​ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​នៃ​ក្រុម​ហ៊ុន​សែលកាត​ ​​​

ចាន់ រតនា​ ​​​​ត្រូវ​បាន​គេ​ប្រកាស​​​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​ ​នៃ​ក្រុម​​ហ៊ុន​សែលកាត​​ក្នុង​កិច្ច​សន្យា​ពីរ​ឆ្នាំ​ ​​​នា​ព្រឹក​ម្សិលមិញ​ ​ក្នុង​អំឡុង​ពេល​ដែល​ ONE Championship ​ចាប់​ដៃ​គូ​​សហការ​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​ទូលំទូលាយ​​ថែម​ទៀត។​ ​កីឡាករ​​កំពូល​​គុន​ចម្រុះ​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ដដែល​នេះ​​បាន​បង្ហើប​ថា​ ​​ក្រុម​ហ៊ុនសែលកាត​ ​​បាន​ជ្រើស​រូប​​គេ​​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​​ក្នុង​បំណង​ផ្សព្វផ្សាយ​​ក្បាច់​គុន​ខ្មែរ ​និង គុន​ចម្រុះ​ឲ្យ​កាន់​តែ​ផុស​ផុល​ថែម​ទៀត​ទាំង​ក្នុង​ស្រុក​ និង​ ​​លើ​ឆាក​អន្តរជាតិ។​ ​​​

​កីឡាករ​វ័យ​​៣៤​ឆ្នាំ​​ប្រចាំ​​សង្វៀន​ ONE Championship ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​បែប​នេះ​ ​៖ «ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ខ្លាំង​ណាស់​​ដែល​​ទទួល​បាន​ឱកាស​​ចូលរួម ​នៅ​ក្នុង​យុទ្ធនា​ការ​នាំ​យក​ក្បាច់​គុន​ចម្រុះ​ ​ឲ្យ​ដល់​ទូទាំង​ប្រទេស​កម្ពុជា។​ ក្នុង​នាម​ជា​កីឡាករ​​ជោគជ័យ​ម្នាក់​របស់​កម្ពុជា​​នៅ​សង្វៀន​ ONE Championship ខ្ញុំ​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្សព្វផ្សាយ​ក្បាច់​គុន​ចម្រុះ​ដល់​អ្នក​គាំទ្រ​​កម្ពុជា​ដែល​​​ជា​ទឹក​ដី​កំណើត​របស់ខ្ញុំ។​​ខ្ញុំ​ពិត​ជា​មោទនភាព​ណាស់​​​​ពេល​ក្ដោប​បាន​ឱកាស​នេះ»។

ម្ចាស់​ក្លិប​សិល្បៈ​បាន​​គូស​បញ្ជាក់​ទៀត​ថា​៖«​ក្បាច់​គុន​អាច​កែ​ប្រែ​ជីវិត​របស់​​ខ្ញុំ​ឲ្យ​ប្រសើរ​ឡើង​​ និង ​មាន​មុខ​មាត់​រហូត​ដល់​សព្វថ្ងៃ​។ ​ដូច្នេះ​យុវជន​​​​​ផ្សេងទៀត​ដែល​មាន​​ឆន្ទៈ​ពិត​ប្រាកដ​ ​​ច្បាស់​​ជា​សម្រេច​បំណង​របស់​​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​បើ​សិន​ខំ​ប្រឹងប្រែង​ឲ្យ​ខ្លាំងក្លា។ ​វា​ជា​ឱកាស​​ល្អ​សម្រាប់​ខ្ញុំ​ដើម្បី​ចែក​​រំលែក​​អំពី​​ការហាត់​រៀន​ក្បាច់​គុន ​និង​ វិធី​ការពារ​ខ្លួន​ជូន​ដល់​អ្នកគាំទ្រ​​ទូទាំង​ប្រទេស។​ ​ហើយ​ ​ខ្ញុំ​សប្បាយ​​ចិត្ត​ដែល​រួម​ចំណែក​ធ្វើ​ជា​គំរូ​ល្អ​ដល់​​អ្នក​ហាត់​ក្បាច់​គុន​ជំនាន់​ក្រោយ»។

វិភាគ ៤នាក់​នេះ នរណា​​ជា​ជើង​ខ្លាំង​​​ឡើង​​វគ្គ​ផ្តាច់​ព្រ័ត្រ ONE Bantamweight?
ជើង​ខ្លាំង Rodlek បង្ហាញ​គន្លឹះ​សំខាន់​ត្រៀម​ផ្តួល​ Saemapetch
៥​ហេតុ​ផល​ដែល​អ្នក​មិន​​ត្រូវ​​ខក​ខាន​​ទស្សនា​​កម្មវិធី​ ONE: NO SURRENDER II ​

ក្នុង​ឱកាស​ជា​មួយ​គ្នា​នោះ​​ ONE Championship™ (ONE) ​​​ជា​ស្ថាប័ន​​រៀប​ចំ​ព្រឹត្តិការណ៍​​ធំ​បំផុត​នៅ​ក្នុង​ទ្វីប​អាស៊ី ​បាន​ប្រកាស​​ការ​ចុះ​កិច្ច​ព្រមព្រៀងជាមួយ ​​សែលកាត ​ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈាន​មុខ​គេ​នៅ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា។ ​កិច្ច​ព្រម​ព្រៀង​នេះ គឺ​ជា​កិច្ច​សហការ​ដំបូង​គេ​បង្អស់​របស់ ONE ​នៅ​​កម្ពុជា​ ដោយ​ភាគី​ទាំងពីរនឹងធ្វើការ​រួមគ្នា ​ដើម្បី​ចែក​រំលែក​​សិល្បៈ​ក្បាច់​គុន​ចម្រុះ​ និង​ព័ត៌មាន​កីឡា​ដ៏​សម្បូរ​បែប​ជាច្រើន​ទៀត​របស់​ ONE Championship ជូន​ដល់​អ្នក​គាំទ្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

 

អតិថិជន​សែលកាត​និង ​អ្នកគាំទ្រ​ក្បាច់​គុន​​​ទូទាំង​ពិភព​លោក​របស់​ ONE ​អាច​តាម​ដាន​ព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​ ​ព័ត៌មាន​អន្តរជាតិ​ជា​ខេមរភាសា​ ​ព័ត៌មាន​វីដេអូខ្លី​ៗ ​ព័ត៌មាន​ទូទៅ​ និង​ព្រឹត្តិ​ការណ៍កីឡាសំខាន់ៗ​របស់​សង្វៀន​​លំដាប់​អន្តរជាតិ​មួយ​នេះ​តាម​រយៈ​ការ​ប្រើប្រាស់​បណ្តាញ​ទូរសព្ទ​មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​​ប្រចាំ​នៅ​កម្ពុជា។

ជា​មួយ​គ្នា​នោះ​ដែរ​​ លោក​ Hua Fung Teh ​ ​​​អ្នក​គ្រប់គ្រង​ក្រុម​ហ៊ុន​​ ONE Championship ​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា៖«ខ្ញុំ​មាន​សោមនស្ស និង​ ​សូម​ជម្រាប​ជូន​ថា​ យើង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សហការ​ជា​ដៃ​គូ​យូរ​អង្វែង​ជា​មួយ​ សែលកាត។​ ​ ONE Championship និង​សែលកាត នឹង​​ចែក​រំលែក​នូវ​ប្រវត្តិ ក៏​ដូច​ជា​រឿង​រ៉ាវ​ជុំវិញ​សិល្បៈ​ក្បាច់គុន របស់​វីរបុរស​ខ្មែរ ជូន​ដល់​បង​ប្អូន​នៅ​ទូទាំង​ប្រទេស​ឱ្យ​បាន​ស្គាល់កាន់តែស៊ីជម្រៅ ក៏​ដូច​ជា​ចូល​រួម​ជួយ​ជំរុញ​ទឹក​ចិត្ត​បង​ប្អូនខ្មែរឱ្យ​បន្តក្តីស្រមៃ សម្រេច​បាន​នូវគោលដៅ និង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ជីវិត។ ​ជាង​នេះ​ទៀត​ អ្នកគាំ​ទ្រខ្មែរ គឺ​ជា​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​​និង​មាន​ទឹក​ចិត្ត​មោះមុត​បំផុត ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​រំភើប​ក្រៃលែង​​ផង​ដែរ​ ដែល​មាន​ឱកាស​នាំ​​អ្នក​គាំទ្រ​ឱ្យ​បាន​ជួប​ស្គាល់​ជើង​ឯក​ល្បីៗ​របស់​ ONE Championship»​។



លោក​ Ian Watson​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុនសែលកាត​ ​ពិពណ៌នា​​អំពី​កិច្ចសហការ​ថា ​៖​«សែល​កាត តែង​តែ​រិះ​រក​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ ដើម្បី​ចងភ្ជាប់និងបង្កើនទំ​នាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​អតិថិជន​ និង​បង្កើត​អតិថិជន​ប្រមូល​ផ្តុំ​នៅ​តាម​បណ្តា​គ្រប់​ខេត្ត​ក្រុង​ទាំងអស់។ ​កម្ពុជា គឺ​ជា​ប្រទេស​មួយ​ដែល​និយម​វិស័យ​កីឡា​បំផុត។​ ​យើង​ក៏ឃើញ​មាន​កីឡាករ​ក្នុង​ស្រុក​​មាន​ថ្វី​ដៃ​ល្អៗ​ជា​ច្រើន​រូប ដែល​មាន​សមត្ថភាព​ទាក់ទាញ​អ្នក​គាំទ្រ​បាន​យ៉ាង​ច្រើន​លើស​លប់​ផង​ដែរ​។ ​ក្នុង​នាម​ជា​ប្រតិបត្តិ​ករ​ដែល​ជា​មោទន​ភាព​របស់​ជាតិ​ខ្មែរ​ យើង​ប្តេជ្ញា​នឹង​នាំ​នូវ​ព័ត៌​មាន​ដែល​មាន​ខ្លឹមសារ​ល្អៗជូន​ដល់​បងប្អូនពលរដ្ឋខ្មែរ និង​ បង្កើត​ថ្នាល​ឌីជីថល​ដើម្បីចែករំលែក​ព័ត៌មានល្អៗ​ទាំង​នេះ ​នៅ​ទូ​ទាំង​ប្រទេស​ ក្នុង​តំបន់ និង​ នៅ​ជុំវិញ​ពិភពលោក។ យើង​ពិត​ជា​រីករាយ​ឥតឧបមា​ដែល​បាន​ចូលរួម​សហការ​ជា​មួយ ONE Championship ដើម្បី​សម្រេច​កិច្ចការ​នេះ​ និង​​នាំ​​យក​កម្មវិធី​ធំៗ​បន្ថែម​ទៀត​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​»។

តាម​រយៈ​កិច្ច​សហការ​ជា​ដៃ​គូ​​រវាង​ ONE Championship និង​ សែលកាត​ ​រួម​ទាំង​ប្រកាស​ ចាន់​ រតនា ជា​ទូត​សុច្ឆន្ទៈ​​ផង​នោះ​ ពួក​នឹង​រួម​គ្នា​​លើក​ស្ទួយ​ក្បាច់​គុន​ និង​ ​​ក្រុម​កីឡាករ​ខ្មែរ​​ ក៏​ដូច​ជា​ចែក​រំលែក​នូវ​រឿងរ៉ាវ​របស់​ពួក​​គេ​ក្នុង​ន័យ​ជំរុញ​​ទឹក​ចិត្ត​ដល់​អ្នក​ចង់​ហាត់​រៀន​ក្បាច់​គុន​ដទៃ​ទៀត​ឲ្យ​​កាន់​តែ​ពុះ​កញ្ជ្រោល​ឡើង៕

​ចុចអាន ចាន់ ​រតនា ​​ប៉ង​ជួប​​​​ Yuya Wakamatsu​ ​​ដើម្បី​​​បង្កើន​សមត្ថភាព​ដល់​​កម្រិត​ខ្ពស់