Features

Zatout លាត​ត្រដាងវិថី​នាំ​ឲ្យ​សុបិន​ពី​កុមារភាព​ក្លាយ​ជា​ការពិត

កីឡាករ Mehdi “Diamond Heart” Zatout បានត្រៀម​ខ្លួន​រួច​​ហើយ​សម្រាប់​ការ​ប្រកួត​នៅ​ ONE Super Series និង​ធ្វើ​ឲ្យ​ឆ្នាំ​ ២០២០ ក្លាយ​ជា​ឆ្នាំ​ដ៏​ល្អ​បំផុតរបស់​ខ្លួន​​នៅ​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នុង​ពិភព​លោក។

អ្នក​ប្រដាល់​វ័យ​៣៦​ឆ្នាំ​​នឹង​ជួប​ជើង​ខ្លាំង Leo Pinto ក្នុង​ការ​ប្រកួត​ឃីកបុកសីង​នៅ​​​ព្រឹត្តិការណ៍​ ONE: NO SURRENDER II ទី​ក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​សុក្រ ទី​១៤ ខែ​សីហា។

Zatout ដែល​ជា​សហម្ចាស់់​ក្លឹប​ Venum Training Camp Thailand នៅ​ខេត្ត​ Pattaya រំពឹង​បង្ហាញ​​ជំនាញ​ដ៏​អស្ចារ្យ​របស់​ខ្លួន​ដែល​នឹង​ផ្តល់​ឲ្យ​រូប​គេ​មាន​ឱកាស​​​ឆ្ពោះ​ទៅ​រក​​​ជើង​ឯក​ឃីកបុកសីង និង​មួយ​ថៃ​នៅ​ស្ថាប័ន​ ONE ។

មុន​ពេល​ការ​បង្ហាញ​សមត្ថភាព​របស់​គេ​មក​ដល់ ថ្ងៃ​នេះ​សូម​បង្ហាញ​ពី​ក្តី​ស្រមៃ​របស់​ខ្លួន​តាំង​ពី​កុមារ​ភាព។

ស្រឡាញ់​មួយ​ថៃ​តាំង​ពី​កុមារភាព

Zatout បាន​ចាប់​ផ្តើម​ហាត់​​កីឡា​មួយ​ថៃ ជា​មួយ​មិត្ត​ភក្តិ​មួយ​ក្រុម​កាល​​នៅ​សាលា​រៀន​​ក្នុង​​ក្លឹប​មួយ​នៅ​ស្រុក​កំណើត​របស់​ខ្លួន សង្កាត់​ Noisy-le-Sec ជាយ​ក្រុង​​ភាគខាង​កើត​ទី​​ក្រុង​បារីស ប្រទេស​បារាំង។ ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​រូប​គេ​ជាប់​ចិត្ត​នឹង​ក្បាច់​មួយ​ថៃ។

កីឡាករ​រូប​នេះ​ប្រាប់​ថា ៖«ខ្ញុំ​បាន​ហាត់​មួយ​ថៃ​ពេល​ខ្ញុំ​ទើប​អាយុ​១០​ឆ្នាំ​ជា​មួយ​មិត្ត​​នៅ​រៀន​ជា​មួយ​គ្នា។ ពេល​នោះ​គឺ​មាន​គ្នា​ហាត់​ប្រហែល​១០​នាក់»។

ទោះ​​បី​​ជា​រូប​គេ​នៅ​​រៀន​​ ​ក៏​រូប​គេ​​មិន​ធ្លាប់​គិត​ស្វែង​រក​អ្វី​ផ្សេង​ធ្វើ​ ក្រៅ​ពី​ប្រដាល់​មួយ​ថៃ​ឡើយ និង​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​ថៃ​ដើម្បី​រៀន​សូត្រ​ និង​ហ្វឹក​ហាត់​កីឡា​នេះ​​ឲ្យ​កាន់​តែ​ច្បាស់​លាស់។

វា​ប្រហែល​ជា​មិន​មែន​ដំណើរ​ជីវិត​ធធម្មតា​​ទេសម្រាប់​ក្មេង​ជំទង់​ម្នាក់​ដែល​ធំ​ធាត់​នៅ​ក្នុង​រាជ​ធានី​ប្រទេស​បារាំង ប៉ុន្តែ​គឺ​ជា​សុបិន​​ដ៏​ធំ​មួយ។ សំណាង​ល្អ ម្តាយ​របស់​គេ​បាន​គាំទ្រ​ចំពោះ​ក្តី​សុបិន​នេះ។​

កីឡាករ​និយាយ​ថា ៖«ម្តាយ​របស់​ខ្ញុំ​បាន​គាំទ្រ​ចំពោះ​​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់»។

«ខ្ញុំ​មិនដែល​នឹក​គិត​ទៅ​រៀន​មហាវិទ្យាល័យ​ទេ។ ខ្ញុំ​តែង​តែ​ស្រមៃ​ដល់​កីឡា​​មួយ​ថៃ។ នៅ​បារាំង ​ពេល​ខ្ញុំ​កំពុង​ធ្វើ​ការ ខ្ញុំ​តែង​តែ​ហ្វឹកហាត់​មុន​ពេល​ទៅ​ធ្វើ​ការ ហើយ​ហ្វឹកហាត់​ទៀត​ពេល​សម្រាក​ពី​ការងារ។ ខ្ញុំ​ចូល​ចិត្ត​​ហាត់​មួយ​ថៃ ហើយ​ពេល​ខ្លះ​ហាត់​រត់»។

ដំណើរទៅ​ប្រទេស​ថៃ

Zatout បាន​ហ្វឹក​ហាត់​ជា​មួយ​គ្រូ​បង្ហាត់​មួយ​ថៃ​ល្អ​​ៗ​បំផុត​ដែល​រូប​គេ​​បាន​ជួប​​​នៅ​ប្រទេស​បារាំង និង​បាន​ឡើង​ប្រកួត​តាម​លទ្ធភាព។ រូប​គេ​ពិត​ជា​ខំ​ប្រឹង​ណាស់ បើ​ទោះ​ជា​រូប​គេ​ធ្វើ​ការ​ពេញ​ម៉ោង​​​ក្នុង​​អាជីវកម្ម​គ្រួសារ​របស់​ខ្លួន​​ដែល​​លក់​​ឧបករណ៍​បន្ទប់​ទឹក​ក៏​ដោយ។

ទោះ​បី​ជា​រូប​គេ​បាន​ខិត​ខំ​ល្អ​​បំផុត​ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​ ក៏​រូប​គេ​នៅ​តែ​មិន​អាច​បោះ​បង់​ចោល​​អ្វី​ដែល​ជា​​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ឡើយ។ ទី​បំផុត​រូប​គេ​បាន​បើក​ហាងសម្ភារៈ​កីឡា​មួយ​តាម​ក្តី​ស្រឡាញ់​របស់​ខ្លួន។

រូប​គេ​ឲ្យ​ដឹង​ថា ៖«ខ្ញុំ​បាន​លក់​អ្វី​ៗ​អស់​ហើយ សូម្បី​តែ​ឡាន​ក៏​ខ្ញុំ​លក់​ដែរ ដើម្បី​ប្រមូល​លុយ​បើក​​ហាងលក់​សម្ភារៈ​កីឡា​ប្រដាល់​មួយ»។

ទោះ​បី​ជា​យ៉ាង​ណា ហាង​សម្ភារៈ​កីឡា​ផ្ទាល់​ខ្លួន​ក៏​មិន​អាច​រក្សា​រូប​គេ​ឲ្យ​ស្ថិត​នៅ​ជាប់​ក្នុង​ប្រទេស​កំណើត​ឡើយ​ នៅ​ពេល​រូប​គេ​​ទទួល​បាន​ការ​ទាក់​ទង​ពី​អ្នក​​ឧបត្ថម្ភ​មួយ​គឺ​ Venum។  ពួក​គេ​ស្វែង​រក​មនុស្ស​​​ដែល​អាច​ជួយ​បង្ហាត់​នៅ​ក្លឹប​ក្នុង​ប្រទេស​ថៃ ហើយ​បាន​ទាក់​ទង​រូប​គេ​ឲ្យ​ទៅ​បង្ហាត់​នៅ​​ទី​នោះ។

កីឡាករ​រូប​នេះ​បញ្ជាក់​ថា ៖«ប្រធាន​របស់​ខ្ញុំ​និយាយ​ថា ពួក​គាត់​មាន​​ខ្វះ​ខាតមនុស្ស​​នៅ​កន្លែង​ហាត់ ដូច្នេះ​ ខ្ញុំ​អាច​ផ្លាស់​ទៅ​ទី​ក្រុង​បាងកកបាន។

បុរស​សញ្ជាតិ​បារាំង​បាន​ឈប់​ឡើង​ប្រកួត និង​បាន​ដាក់​ចិត្ត​បង្ហាត់​បង្រៀន​ទាំង​ស្រុង។ ប៉ុន្តែ​ក្តី​ស្រឡាញ់​ពេញ​ចិត្ត​របស់​ខ្លួន​​ក្នុង​នាម​ជា​គ្រូ​បង្ហាត់ និង​ជា​អ្នក​ដឹក​នាំ​ក្រុម​ម្នាក់​ រូប​គេ​ដឹង​ខ្លួន​ថា កន្លែង​ពិត​ប្រាកដ​របស់​​ខ្លួន​គឺ​នៅ​លើ​សង្វៀន។

រូប​គេ​ទទួល​ស្គាល់​ថា ៖«ខ្ញុំ​ត្រូវ​តែ​ដក​ចិត្ត​ចេញញ​ពី​ក្តីស្រឡាញ់​នៃ​ការ​បង្ហាត់ ហើយ​វិល​ឡើង​សង្វៀន​វិញ»។



សោកនាដកម្ម​

ការ​ចាក់​ឫសគល់​ក្នុង​មួយ​ថៃ​របស់​ Zatout តាំង​ពី​២៦​ឆ្នាំ​មុន ប៉ុន្តែ​សេចក្តី​ប្រាថ្នា​ចំពោះ​ក្បាច់​គុនស្ទើរ​ឈាន​ដល់​ទី​បញ្ចប់​តាំង​ពី​រូប​គេ​នៅ​ក្មេង​ជំទង់។

នៅ​ពេល​អាយុ​១៤​ឆ្នាំ​ គ្រូ​ធំ​របស់​ខ្លួន​បាន​ទទួល​មរណភាព ហើយ​រូប​គេ​សោក​សង្វែគ​យ៉ាង​ខ្លាំង​ចំពោះ​បុរស​ម្នាក់​ដែល​​ចាត់​ទុក​ដូច​​ជា​ឪពុក​របស់​ខ្លួន។

បុរស​បារាំង​បាន​បាត់​បង់​​ឪពុក​ទាំង​នៅ​ក្មេង​ជំទង់ និងការ​ស្លាប់​របស់​គ្រូ​ថែម​ទៀត​គឺ​ជា​ការ​បាត់​បង់​សមាជិក​គ្រួសារ​របស់​ខ្លួន​បន្ថែម​ទៀត។

រូប​គេ​រំលឹក​ថា ៖«គ្រូ​ទី​១​​របស់​ខ្ញុំ​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៩៨។ គ្រូ​ទី​១​នោះ​ហើយ​ដែល​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ខ្ញុំ​ប្រៀប​ដូច​ជា​ឪពុក​របស់​ខ្ញុំ»។

«នៅ​ពេល​គាត់​លា​ចាក​លោក​ទៅ ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ពិត​ជា​រន្ធត់​ចិត្ត​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ដែល​ភ្លេច​គាត់​ទេ។ គាត់​បង្រៀន​ខ្ញុំ​ពី​ជីវិត និង​មួយ​ថៃ»។

ក្រោយ​មក  Zatout មាន​គ្រូ​បង្ហាត់​ម្នាក់​ទៀត​នៅក្លឹប​ដដែល​ដែល​បាន​ជួយ​មើល​ថែ​គាត់។ ប្រសិន​បើ​គ្មាន​គ្រូ​ក្រោយ​នេះ​ទេ ក្មេង​ជំទង់​​ម្នាក់​នេះ​ប្រហែល​ជា​បោះ​បង់​ចោល​ក្តី​ស្រមៃ​របស់​ខ្លួន​បាត់​ទៅហើយ។

លេច​ធ្លោ​ជើង​ឯក​ពិភព​លោក

អាជីព​ប្រដាល់របស់ Zatout បាន​ចាប់​ផ្តើមនៅ​​ប្រទេស​កំណើត​ដែល​រូប​គេ​ឈ្នះ​ជើង​ឯក​មួយ​ថៃ​បារាំង​៣​ដង និង​ឈ្នះ​​ជើងឯក​មួយ​ថៃ​អឺរ៉ុប​១​ដង។ 

ចាប់​ពី​​ពេល​នោះមក​​ កីឡាករ​រហស្សនាម​ “Diamond Heart” បាន​ចេញ​​វ៉ៃ​តាម​បណ្តា​សង្វៀន​លំដាប់​ពិភព​លោក និង​ជា​ពេល​ដែល​រូប​គេ​បាន​បោះ​ជំហាន​ទៅ​រក​ការ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក។

រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ ISKA ១​​គ្រឿង និង​ខ្សែ​ក្រវាត់​ឃីកបុកសីង​ Victory Kickboxing Championship ១​គ្រឿង​ ប៉ុន្តែ​​សមិទ្ធផល​ដ៏​អស្ចារ្យ​បំផុត​ចុង​ក្រោយ​គឺ​​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក WBC នៅ​ឆ្នាំ​២០១៣។

ជោគជ័យ​នោះ​ហើយ​ដែល​​ធ្វើ​​ឲ្យ​រូប​គេ​​កាន់​តែ​ល្បី​ល្បាញ​ក្នុង​ការ​ក្តោប​យក​ជើង​ឯកពិភព​លោ​នៅ​ពេល​រូប​គេ​បាន​សង​សឹក​កីឡាករ​ថៃ Singmanee Kaewsamrit ដែល​​​បាន​ចាញ់​កា​ល​​ពី​ឆ្នាំ​មុន។

Zatout ​ប្រាប់​ថា ៖«​ខ្ញុំ​បាន​ឈ្នះ​ជើង​ឯក​ក្នុង​ការ​ប្រកួតសង​សឹក។ គេ​គ្រប់​គ្នា​មើល​ការ​ប្រកួត ពេល​នោះ​ប្រជុំ​ដោយ​ជើង​ខ្លាំង​មួយ​ថៃ និង​ជើង​ខ្លាំង​បារាំង»។

ឥឡូវ​នេះ រូប​គេ​ចង់​បន្ថែម​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE World Title ថែម​ទៀត។

ទោះ​ជា​រូប​គេ​បាន​យក​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ ONE Bantamweight មិន​បាន​នៅ​ពេល​ចាញ់​ជើង​ខ្លាំង Nong-O Gaiyanghadao កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨​ក៏​ដោយ ក៏​រូប​គេ​វិល​ត្រឡប់​មក​វិញ​ជា​មួយ​នឹង​ជោគជ័យដ៏​ធំ​​ដែរ។

បុរស​បារាំង​​បាន​ឈ្នះ​អតីត​ជើង​ឯក​ពិភព​លោក​ ONE World Title គឺកីឡាករ​ចិន​ Han Zi Hao កាល​ពី​ខែ​មករា ដើម​ឆ្នាំ​នេះ ហើយ​ឥឡូវ​នេះ ​រូប​គេ​គ្រោង​បង្កើត​កំណត់​ត្រា​ឈ្នះ​បន្ត​ទៀត​នៅ​ពេល​ជួប​​ Pinto ​ក្នុង​ព្រឹត្តិការណ៍ ONE: NO SURRENDER II ថ្ងៃ​ទី​១៤ ខែ​សីហា​នេះ។

ប្រសិន​បើ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​នេះ រូប​គេ​កាន់​តែ​ខិត​ជិត​ទៅ​ដល់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ហើយ៕

អាន​បន្ថែម៖ ការ​ប្រកួត​ល្អ​​បំផុត​របស់​តារា​ប្រដាល់​ ONE: NO SURRENDER II