Features
អាជីពគុនចម្រុះនាំឲ្យ Maira Mazar គេចចេញពីភាពមិនច្បាស់លាស់ទៅកាន់ក្ដីសង្ឃឹមបែបណា
ក្រោយទទួលជ័យជម្នះថ្មីៗនេះលើ Choi Jeong Yun នៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX IV កាលខែ វិច្ឆិកា កន្លងទៅ Maira Mazar បានក្លាយជាប្រធានបទនៃបទសម្ភាសន៍ជាច្រើន។ ហើយវាដល់ពេលដែល Mazar ត្រូវបកស្រាយចម្ងល់នេះទៅលើសំណួរមួយចំនួន។
កីឡាការិនីវ័យ ៣៤ ឆ្នាំរូបនេះធ្លាប់ជាអ្នករាយការណ៍របស់ស្ថានីយវិទ្យុ Jovem Pan ដែលជាបណ្ដាញសារព័ត៌មានធំបំផុតមួយនៅ São Paulo ប្រទេសប្រេស៊ីល និងបណ្ដាញព័ត៌មានធំបំផុតនៅភាគខាងលិចនៃប្រទេសនេះ។ បែបណាក្ដី នៅពេលនោះ កីឡាការិនីរូបនេះរស់នៅជាម្ដាយនាក្រុង São José dos Campos ដែលមានចម្ងាយ ៩០ គីឡូម៉ែត្រពីកន្លែងធ្វើការ។
អំឡុងពេលនេះ Mazar ទទួលបន្ទុករាយការណ៍បទឧក្រិដ្ឋប្រចាំតំបន់, នយោបាយ, កីឡា, និង ពាណិជ្ជកម្ម។ នៅឆ្នាំ ២០១២ មានរឿងសោកសៅច្រើនកើតនៅក្នុងសហគមន៍របស់ខ្លួន។
កីឡាការិនីដដែលថ្លែងថា ៖«វាជារឿងដ៏សោកស្ដាយមួយដែលឃើញមនុស្សបាត់បង់ផ្ទះសម្បែង និង បាត់បង់ទ្រព្យសម្បត្តិនានា។ ពេលខ្ញុំមកដល់ផ្ទះនាថ្ងៃនោះ ខ្ញុំមានអារម្មណ៍ថាក្រៀមក្រំសម្រាប់មនុស្សទាំងឡាយ ហើយរត់ទៅឱបម្ដាយរបស់ខ្ញុំ»។
ទោះជា ៨ ឆ្នាំបានកន្លងផុតទៅ តាំងពីរឿងនោះបានកើតឡើងមក Mazar នៅតែមិនអាចភ្លេចស្ថានភាពដែលបង្រៀនរូបគេឲ្យដិតដាមក្នុងអារម្មណ៍នៅឡើយ។
តារាប្រេស៊ីលរំលឹកបន្ត ៖«ពេលខ្លះ យើងមិនអាចត្អូញត្អែរបានទេ ព្រោះយើងមិនអាចទិញទូរសព្ទទាំងនេះ យើងមិនអាចទិញស្បែកជើង, ឬ យើងមិនអាចញុំានៅអាហារដ្ឋានទេ ប៉ុន្តែ មិនអាចត្អូញបាន ដោយសារមនុស្សជាច្រើន អត់មានអ្វីៗដូចយើងដែរ។ ដូច្នេះថ្ងៃនេះ ពេលខ្ញុំចង់ត្អូញចំពោះរឿងអ្វីមួយ ខ្ញុំតែងតែគិតថា Maira កុំត្អូញអី»។
នៅឆ្នាំ ២០១៥ ពោលរយៈពេល១ឆ្នាំក្រោយរូបគេចូលហ្វឹកហាត់គុនចម្រុះ រូបគេត្រូវបានដាក់ឲ្យធ្វើតេស្តសមត្ថភាព។ តារាប្រេស៊ីលបានចាកចេញពីការងារវិទ្យុ និងទៅរស់ជាមួយឳពុកនៅក្រុង São Paulo ជាទីដែលរូបគេរំពឹងរកបានកន្លែងហ្វឹកហាត់ដ៏ល្អប្រសើរ និងមានឱកាសធ្វើការនៅតំបន់ឧស្សាហកម្មភាគខាងត្បូងទ្វីបអាមេរិកមួយនេះ។
Mazar បានទទួលការងារគ្រូបង្វឹកក្បាច់គុន, ប្រដាល់សកល, និងសាន់ដា ដែលបំពេញតម្រូវកា និង បំពេញឲ្យអាជីពប្រកួតរបស់ខ្លួន។ ជីវិតរបស់ Mazar បានដើររួមគ្នា ប៉ុន្តែឳពុករបស់គេធ្លាក់ខ្លួនឈឺធ្ងន់ និងបង្កើតភាពស្មុគស្មាញខុសពីធម្មតា។
Mazar ពិពណ៌នាបែបនេះ ៖«គាត់ក្លាយជាមនុស្សអស់សង្ឃឹម។ ហើយ គាត់ត្រូវពិនិត្យជាច្រើនដង ទៅពេទ្យញឹកញាប់ និង លេបថ្នាំជាច្រើនផងដែរ»។
ហេតុការណ៍ធ្វើឲ្យ Mazar កាន់តែទទួលស្គាល់សារសំខាន់ទំនាក់ទំនងរវាងឳពុករបស់ខ្លួន។ ដូច្នេះ រូបគេចង់សម្រាលបន្ទុកហិរញ្ញវត្ថុលុយកាក់គ្រួសារ គេបានចាប់ផ្ដើមប្រើប្រាស់ប្រាក់ចំណូលដែលបានមកពីបង្ហាត់ក្បាច់គុនទៅជួយចេញថ្លៃព្យាបាលឳពុករបស់ខ្លួន។
នៅពេលជាមួយគ្នានោះ កីឡាការិនីបន្តប្រកួតកម្រិតក្នុងតំបន់។ ប៉ុន្តែ វាប្រសើរជាងអត់ ហើយ គេបានខំប្រឹងចំណាយលុយទាំងអស់សម្រាប់គ្រួសារ។
កីឡាការិនីសារភាពថា ៖«ខ្ញុំចូលចិត្តការប្រកួត ប៉ុន្តែវាលំបាកណាស់ ព្រោះពេលខ្លះខ្ញុំប្រកួតអត់ទទួលបានប្រាក់កម្រៃក៏មាន។ ពួកគេមិនផ្ដល់លុយឲ្យខ្ញុំ។ ខ្ញុំនៅតែប្រកួត ព្រោះតែស្រលាញ់ មិនមែនសំដៅលើលុយនោះទេ»។
នៅឆ្នាំ ២០១៩ ជាសំណាងល្អ និងបានផ្លាស់ប្ដូរភ្លាមៗ។ Evolve បានរៀបចំការធ្វើតេស្តទូទាំងពិភពលោកដើម្បីរកអត្តពលិកល្អៗ ហើយ Mazar បានធ្វើដំណើរទៅសិង្ហបុរីដើម្បីធ្វើតេស្តសមត្ថភាព។
ក្រោយទទួលការចាប់អារម្មណ៍ពីគ្រូបង្វឹក គេត្រូវស្នើឲ្យចូលរួមក្រុម ដែលតម្រូវឲ្យគេផ្លាស់ទៅសិង្ហបុរី និង ចាកចេញពីគ្រួសារ និងឳកំពុងមានជំងឺនៅប្រេស៊ីលឬយ៉ាងណា?
Mazar និងឳពុកម្ដាយរបស់គេបានជជែកគ្នា និង សម្រេចអំពីឱកាសដ៏កម្រនេះ។ ទោះឳពុកម្ដាយជូនពរ ប៉ុន្តែ តារាប្រេស៊ីលមិនមានអារម្មណ៍ស្ងប់ចិត្តនោះឡើយពេលនៅឆ្ងាយពីគ្រួសារ ជាពិសេសប៉ារបស់គេ។
Mazar ចង្អុលបង្ហាញបន្ត ៖«ខ្ញុំមានអារម្មណ៍ថាភ័យខ្លាចបន្តិច ពេលមកដល់សិង្ហបុរី និងមានអារម្មណ៍មិនសូវស្រួលខ្លួននាពេលនោះ។ ប៉ុន្តែ លុយដែលរកបាននៅសិង្ហបុរី អាចជួយពួកគាត់បាននៅពេលត្រូវការទៅពេទ្យ ឬ អញ្ជើញពេទ្យទៅមើល។ ខ្ញុំអាចជួយសម្រួលពួកគាត់បាន។ ខ្ញុំដឹងថា បើគាត់ត្រូវការជំនួយ ម៉ាក់របស់ខ្ញុំនឹងនៅទីនោះ»។
តាំងពីផ្លាស់ទៅទីក្រុងតោ ជីវិតរបស់គេបានផ្លាស់ប្ដូរលឿន។ គេអាចផ្ដល់ការថែទាំសុខភាពដល់ឳពុករបស់ខ្លួនបើសិនត្រូវការចាំបាច់ ហើយឥឡូវឳពុករបស់គេមានសុខភាពល្អឡើងវិញ។
ការចាប់ផ្ដើមដំណើរថ្មីមិនងាយស្រួលទេ ប៉ុន្តែ វាជារង្វាន់សម្រាប់ខ្លួនគេផ្ទាល់ និង គ្រួសារផងដែរ។ គោលដៅរបស់ Mazar នាពេលបន្ទាប់គឺដើម្បីជួបជុំគ្រួសារឡើងវិញ ទោះមិនត្រលប់ទៅស្រុកកំណើត ប៉ុន្តែ គ្រោងនាំពួកគាត់មករស់នៅសិង្ហបុរី។
«ថ្ងៃណាមួយ ខ្ញុំនឹងនាំគ្រួសាររបស់ខ្ញុំមករស់នៅសិង្ហបុរី។ ខ្ញុំចង់ផ្ដល់ឱកាសឲ្យពួកគេមករស់នៅកន្លែងសុវត្ថិភាព និង មានអារម្មណ៍ល្អនៅទីនេះ»។ កីឡាការិនីប្រេស៊ីលបរិយាយដូច្នេះ។
Mazar សង្កត់ធ្ងន់ថា ៖«ទីនេះសិង្ហបុរី ខ្ញុំអត់មានអ្វីដើម្បីត្អូញត្អែរទេ។ ជីវិតរបស់ខ្ញុំល្អណាស់នៅទីនេះ ហើយ ខ្ញុំពិតជាអរគុណខ្លាំងណាស់។ ខ្ញុំអាចដើរហើរដោយកាន់ទូរសព្ទ និងមានសុវត្ថិភាព។ ខ្ញុំអាចដើរយប់ជ្រៅតាមផ្លូវដោយសុវត្ថិភាព។ ពីរឆ្នាំកន្លងទៅ ខ្ញុំមិនអាចស្រមៃបានទេថាខ្ញុំអាចនៅទីនេះបាន សិង្ហបុរី។ ខ្ញុំពិតជាជឿលើព្រះ ដែលមានផែនការជីវិតសម្រាប់ខ្ញុំ»។
ចុចអាន: Christian Lee Excited To Continue Meteoric Rise In 2021