Features

ហេតុ​ផល​សំខាន់​៥​ ​លោក​អ្នក​មិន​អាច​រំលង​ ONE: NO SURRENDER

បន្ទាប់​ពី​សម្រាក​អស់​រយៈ​ពេល​៥​ខែ​ ស្ថា​ប័ន​ក្បាច់​គុន​កំពូល​ ONE Championship បាន​វិល​ត្រឡប់​មក​បម្រើ​ទស្សនិកជន​វិញ​ហើយ​នា​ថ្ងៃ​សុក្រ ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០​។

រាត្រី​នោះ​គឺ​ជា​ព្រឹត្តិការណ៍​​ប្រកួត​ ONE: NO SURRENDER នៅ​​ទី​ក្រុង​បាងកក ប្រទេស​ថៃ​ ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ចំនួន​១០​នា​ពេល​ខាង​មុខ​នេះ។

ព្រឹត្តិការណ៍​ប្រកួត​ខាង​មុខ​នេះសុទ្ធ​តែ​ប្រជុំ​ដោយ​ជើង​ខ្លាំង​​លំដាប់​ពិភព​លោក​​នៅ​ក្នុង​ឆ្នាំ​២០២០​។ និយាយ​ពី ONE: NO SURRENDER នឹង​មិន​ត្រឹម​តែ​​មាន​គូ​ឯក​​ពីរ​គូ​នៃ​ការ​ប្រកួត​​ខ្សែ​ក្រវាត់​​​​ពិភព​លោក​ ONE Super Series ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មានគូ​ឃីកបុកសីង​ដែល​ជា​ជំនួប​ជម្រះ​បញ្ជី​ចាស់​លើក​ទី​៣​ ព្រម​ទាំង​​គូ​ពិសេស​ៗ​ជា​ច្រើន​គូ​ទៀត។

នា​រាត្រី​ដ៏​រំជើប​រំជួល​នេះ មាន​មូល​ហេតុ​អស្ចារ្យ​៥​​យ៉ាង​ដែល​​​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​មិន​អាច​ខក​ខាន​បាន​ក្នុង​ព្រឹត្តិការណ៍ ONE: NO SURRENDER។

#១ ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​ជំនួប​គូសត្រូវ​ចាស់​

កំពូល​កីឡាករ​ប្រដាល់​ទាំង​ពី​រ​គឺ​ជា​អ្នក​ជំនាញ​ក្បាច់​គុនមួយ​ថៃ​នឹង​​​ជួប​គ្នា​ក្នុង​តំណែង​គូ​ឯក​​ដើម្បី​​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ នរណា​ជា​អធិរាជ​លើ​សង្វៀន​ពិត​ប្រាកដ​ក្នុង​ប្រភេទ​ទម្ងន់​នេះ។

ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ ONE Flyweight គឺ​លេង​អ្នក​កណ្តាប់​ដៃ​ដែក Rodtang “The Iron Man” Jitmuangnon នឹង​ត្រូវ​ការ​ពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​ទល់​នឹង​«កូន​ត្រី​ឆ្លាម​» Petchdam “The Baby Shark” Petchyindee Academy ​ជា​ជំនួប​លើក​ទី​៣ដែល​អ្នក​រាល់​គ្នា​ទន្ទឹងចាំ​មើល។

អ្នក​គាំទ្រ​មួយ​ចំនួន​ដឹង​ហើយ​ថា ជើង​ខ្លាំង​ទាំង​ពីរ​​ធ្លាប់​ប៉ះ​គ្នា​​២​លើក​ហើយ​ក្នុង​​រាជ​ធានី​បាងកក ប្រទេស​ថៃ​កន្លង​មក​ដែល​ជំនួប​លើក​ទី​១ Petchdam បាន​ឈ្នះ​មនុស្ស​ដែក​ដោយ​ពិន្ទុ​​​នា​​ខែ​ឧសភា ឆ្នាំ​២០១៧ ខណៈ​ការ​ប៉ះ​គ្នា​លើក​ទី​២​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨  Rodtang ឈ្នះ​ដោយ​ពិន្ទុ​វិញ។

អ្នក​លេង​មួយ​ថៃ​ទាំង​ពីរ​បាន​ចូល​រួម​ក្នុង​ដំបូល​​​​ផ្ទះ​នៃ​ក្បាច់​គុន​នៅ​អាស៊ី​​ជា​មួយ​គ្នា​ដែល​ជា​កន្លែង​ពួក​គេ​​មាន​គោល​ដៅ​រាង​​ៗ​ខ្លួន​​នោះ​គឺ​​ជោគជ័យ​ដ៏​អស្ចារ្យ។

ជើង ខ្លាំង Petchdam បាន​គ្រង​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​លោក ONE Flyweight ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៩​​កន្លង​ ប៉ុន្តែគ្រប់​គ្រង​ខ្សែ​ក្រវាត់​មិន​បាន​ប៉ុន្មាន​ខែ​ផង​ក៏​ត្រូវ​​កីឡាករ​ហូឡង់ Elias Mahmmoudi ដណ្តើម​យក​ទៅ​​បាត់។  យ៉ាង​ណា ​រូប​គេ​បាន​ស្តារ​ជ័យជម្នះ​ឡើង​វិញ​នៅ​ពេល​ប្រកួត​ឈ្នះ​កីឡាករ  Momotaro ដើម្បី​សន្សំ​ពិន្ទុ​ដែល​ធ្វើ​ឲ្យ​រូប​គេ​មាន​ចំណាត់​ថ្នាក់​លេខ​៥​នៅ​តារាង​អត្តពលិក ONE’s Athlete Rankings

ទន្ទឹម​នេះ​ ជើង​ខ្លាំង​ Rodtang ទទួល​បាន​ជ័យជម្នះ​ទាំង​៥​លើក​ក្នុង​ការ​បង្ហាញ​ខ្លួន​ទាំង​៥​លើក​នៅ​ស្ថាប័ន​ ONE និង​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ ONE Flyweight ក្នុង​ខែ​សីហា ឆ្នាំ​២០១៩ ហើយ​រូប​គេ​​ឡើង​វ៉ៃ​ការពារ​ខ្សែ​វាតត់​បាន​ជោគជ័យ​២​ដង​រួច​មក​ហើយ។ នេះ​ជា​លើក​ទី​៣​ដែល​រូប​គេ​ត្រូវ​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន។

ឥឡូវ​នេះ តារា​ឆ្នើម​ទាំង​ពីរ​នឹង​ត្រូវ​ជម្រះ​បញ្ជី​ចាស់​នៅ ONE: NO SURRENDER ថា​ តើ​នរណា​ជា​ជើង​ខ្លាំង​ពិត​ប្រាកដ និង​គ្រង​សង្វៀន​ពិភព​លោក​ក្នុង​ប្រភេទ​ទម្ងន់​នេះ។

#២ វិរបុស​ប៉ះ​​តោ​កំណាច​វ័យ​ក្មេង​ដើម្បី​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក

«អ្នក​ប្រដាល់​កុំព្យួទ័រ»  Yodsanklai IWE Fairtex គឺ​ជា​អ្នក​លេង​មួយ​ថៃ​ដ៏​ជោគជ័យ​បំផុត​មួយ ប៉ុន្តែ​សំណាង​មិន​ល្អ​ រូប​គេ​មិន​ទាន់​​សម្រេច​សុបិន​របស់​ខ្លួន​ក្នុង​ការ​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE World Title ឡើយ។

នៅ​ព្រឹត្តិការណ៍​ប្រកួត  ONE: NO SURRENDER ជើង​ខ្លាំង​ជា​វីរបុស​ថៃ​រូប​នេះ​ទទួល​បាន​ឱកាស​​ដើម្បី​​វ៉ៃ​យក​ខ្សែ​ក្រវាត់​ពិភព​លោក​ដែល​មាន​ប្រាក់​រង្វាន់​យ៉ាង​ច្រើន​​ ប៉ុន្តែ​អ្វី​ដែលសំខាន់​គឺ​រូប​គេប៉ង​ផ្តួល​​ម្ចាស់​ខ្សែ​ក្រវាត់​​មួយ​ថៃ​ពិភព​លោក​ ONE Featherweight គឺ​ជើង​ខ្លាំង​វ័យ​ក្មេង Petchmorakot Petchyindee Academy

Yodsanklai បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុង​ការ​វ៉ៃ​ ONE Super Series ដែល​រូប​គេ​​ពាក់​ស្រោម​ដៃ​គុន​ចម្រុះ​វ៉ៃ​នៅ​ពេល​បាន​យក​ឈ្នះ​​​កីឡាករ​ Chris Ngimbi ខែ​ឧសភា ឆ្នាំ​២០១៨ និង​ផ្តួល​កីឡាករ Luis Regis ឲ្យ​សន្លប់​ក្នុង​ខែធ្នូ និង​បញ្ឈប់​គូ​សត្រូវ​ចាស់​ Andy Souwer ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៩

«អ្នក​ប្រដាល់​កុំព្យួទ័រ»​បាន​ក្លាយ​ជា​វីរបុរស​របស់​ថៃ​ដោយ​សារ​កណ្តាប់​ដៃ​លឿន​ដូច​រន្ទះ និង​ការ​ទាត់​ជើង​ឆ្វេង​របស់​គេដ៏​មាន​ទម្ងន់​​ ប៉ុន្តែ​​ដៃគូ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គឺ​ពូកែ​​ជង្គង់ និង​កែង។

Petchmorakot បាន​ប្រើ​អាវុធ​ពិឃាត​របស់​ខ្លួនផ្តួល​ Liam “Hitman” Harrison ក្នុងខែធ្នូ ឆ្នាំ ២០១៧ បញ្ឈប់ Charlie “Boy” Peters ខែ​វិច្ឆិកា ឆ្នាំ​២០១៩  និង​បន្ត​ផ្តួល​មិត្ត​រួម​ជាតិ Pongsiri PK.Saenchai Muaythaigym ដើ​ម្បី​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Featherweight

​ព្រឹត្តិការណ៍​ ONE: NO SURRENDER រូប​គេ​នឹង​ឡើង​វ៉ៃ​ការពារ​ខ្សែ​ក្រវាត់​លើក​ដំបូង​លើ​ឆាក​អន្តរជាតិ​​ទល់​នឹង​ជើង​ខ្លាំង​ល្បី​ល្បាញ​ក្នុង​ពិភព​ប្រដាល់​មួយ​ថៃ។ បើ​រូប​គេ​អាច​ការពារ​ខ្សែ​ក្រវាត់​​ជោគជ័យ ច្បាស់​ណាស់​ថា រូប​គេ​នឹង​ក្លាយ​ជា វីរបុរស​មួយ​ថៃ​ម្នាក់



#៣ ជំនួប​កំពូល​រវាង​អ្នក​លេង​ឃីកបុកសីងពិភព​លោក​​​ជា​ដៃ​គូ​សត្រូវ​ចាស់​

អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​នឹងទទួល​បាន​ការ​ពេញ​ចិត្ត​នៅ​ពេល​កីឡាករ​ឃីកបុកសីង​លំដាប់​ពិភព​លោក​ទាំង​ពីរ​ជួប​គ្នា​​ក្នុង​ការប្រកួត​​ប្រូម៉ូត​ពួក​គេ​ឆ្ពោះ​ទៅ​ប៉ះ​ដៃ​គូ​​ល្បី​ៗ ខណៈ​នេះ​​ជា​ជំនួប​ដៃ​គូ​ចាស់​ជា​លើក​ទី​៣​ដើម្បី​ស្វែង​លំដាប់​ថ្នាក់​កំពូល​នៅ​ស្រុក​ថៃ។

ពន្លឺ​កាំជ្រូច​នឹង​អបអសារ​ដល់​«កុមារ​ពិឃាត» Sitthichai Sitsongpeenong នៅ​ពេល​ចេញ​មុខ​ប្រឈម​នឹង​ជើង​ខ្លាំង​ល្បី​ឈ្មោះ​Superbon

នៅ​ពេល​ជើង​ខ្លាំង​ទាំង​ពីរ​ប៉ះ​គ្នា​លើក​ទី​១​ខែ​មករា ឆ្នាំ​២០១៦ Sitthichai បាន​ផ្តួល​ Superbon ដែល​ខ្សោយ​បទ​ពិសោធ​ន៍ឃីកបុកសីង​ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​២។

ទោះ​ជា​យ៉ាង​ណា បន្ទាប់​ពី​សន្សំ​បទ​ពិសោធន៍​បាន​ច្រើន​ Superbon បាន​សង​​សឹក​«កុមារ​ពិឃាត»​បាន​សម្រេច​វិញ​ក្នុង​រយៈ​ពេល​​៨​ខែ​ក្រោយ។

គិត​ដល់​ពេល​នេះ វា​មាន​រយៈ​ពេល​៤​ឆ្នាំ​ហើយ​គិត​ចាប់​តាំង​ពី​ការ​ប្រកួត​លើក​ទី២​ ហើយ​អ្នក​ទាំង​ពីរ​រឹត​តែ​មាន​សមត្ថភាព គុណភាព និង​អាវុធ​សាហាវ​ជាង​មុន។ ពួក​គេ​ប្រកួត​កម្រ​ចាញ់​ចាញ់​ណាស់​ដែល​រាប់​បញ្ជូល​កំណត់​ត្រា​​ឈ្នះ​៣០​ដង ចាញ់​៣​ដង​ដូច​គ្នា គិត​ចាប់​ពី​ការ​ប្រកួត​លើក​ទី​២​មក។

ជើង​ខ្លាំង Superbon បច្ចុប្បន្ន​នេះ​មាន​លំដាប់​ថ្នាក់​លេខ​២​ក្នុង​ឃីកបុកសីងទម្ងន់ featherweight របស់ ONE Championship និង​មាន​ចំណាត់​ថ្នាក់​លេខ​១​​នៅ មួយ​ថៃ ទម្ងន់​ featherweight។ តាម​ការ​គ្រោង​ទុក​អ្នក​ដែល​ទទួ​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​នឹងសន្សំ​ពិន្ទុ​ឆ្ពោះ​​ទៅ​ជួប​ម្ចាស់​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​លោក​៥​ស្ថាប័ន​គឺ Giorgio “The Doctor” Petrosyan ឬ​នរណា​ក៏​ដោយ​ឲ្យ​តែ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក ONE Featherweight។  

ពិត​ជា​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ដែល Superbon និង Sitthichai ដែល​រំពឹង​ដូច​គ្នា​​ថា នឹង​ធ្វើ​ឲ្យ​កក្រើក​សង្វៀន The Home Of Martial Arts (ONE) ដើម្បី​ស្វែង​រក​ឱកាស​ឆ្ពោះ​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់។

#៤ ស្រី​ស្រស់​ Stamp បន្តកាន់កាប់​​កីឡា​​បី​ប្រភេទ​ឲ្យ​រុង​រឿង​

មហិច្ឆតា​របស់​នារី​ស្រស់​សោភា Stamp Fairtex ចំពោះការ​គ្រប់​គ្រង​​កីឡា​៣​ប្រភេទ​នឹង​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ ONE: NO SURRENDER។

នារី​ដើម​កំណើត​ខេត្ត​ Rayong បច្ចុប្បន្ន​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​​ថៃ​ពិភព​លោក ​ONE Atomweight និង​ជាអតីត​ម្ចាស់​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​​លោក​ ONE Atomweight។

ឥឡូវ​នេះ នាង​កំពុង​​​ឆ្ពោះ​ទៅ​បន្ត​កំណត់​ត្រា​​​ប្រដាល់​គុន​ចម្រុះ​ដ៏​ល្អ​របស់​នាង​​ដើម្បី​សាង​ក្រេតឌិត​ឆ្ពោះ​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភពលោក ONE Women’s Atomweight ​ពី​កីឡា​ការិនី​សិង្ហបុរី​ Angela Lee

ប៉ុន្តែ​​មាន​ឧបសគ្គ​ជា​ច្រើន​សម្រាប់​ដំណើរ​គុន​ចម្រុះ​របស់​ Stamp នៅ​ពេល​តារា​ប្រដាល់​ស្រី​រូប​នេះ​ប្រឈម​នឹង​មិត្ត​រួម​ជាតិ​មិន​ដែល​ចាញ់​ Sunisa “Thunderstorm” Srisen ដែល​កំពុង​មាន​មហិច្ឆតា​ក្លាយ​ខ្លួន​ជា​កំពូល​ជើង​ខ្លាំង​ម្នាក់​ដែរ។

កីឡា​ការិនី​អាយុ​១៩​ឆ្នាំ​ Srisen ធ្លាប់​វ៉ៃ​គុន​ចម្រុះ​៣​ដង​ហើយ​នៅ​សង្វៀន​ Full Metal Dojo ​ក្នុង​ប្រទេស​ថៃ។ ទាំង​បី​ប្រកួត​នោះ​កីឡាការិនីរូបនេះ​​មិន​ដែល​ចាញ់​ឡើយ​ពោល​គឺ​ផ្តួលកីឡា​ការិនី​ជើង​ចាស់​​របស់​ ONE គឺ Audreylaura “Ice Comet” Boniface ក្នុង​ទឹក​ទី​២​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា សមត្ថភាព​​របស់​នាង​ឈាន​ដល់​កម្រិត​លើ​ឆាក​​អន្តរជាតិ​ហើយ។

កីឡា​ការិនី​​កំណើត​នៅ​ខេត្ត​ឈុនបុរី​នឹង​សាក​ល្បង​សមត្ថភាព​ទល់​​នឹង​​អ្នក​លេង​គុន​ចម្រុះ Stamp ដែល​​នឹង​ក្លាយ​ជា​គូ​នារី​​ដ៏​​ទាក់ទាញ​។ តើ​ Srisen​ នឹង​ក្លាយ​ជា​ជើង​ខ្លាំង​ពិត​ប្រាកដ ឬ Fairtex បន្ត​ជោគជ័យ​របស់​នាង​ដើម្បី​គ្រប់​គ្រង​​​ប្រដាល់​៣​ប្រភេទ?

#៥ ការ​វិល​ត្រឡប់​​នៃ​ព្រឹត្តិការណ៍​ប្រកួត​សំខាន់​របស់​ ONE

ONE Championship live event at the Singapore Indoor Stadium

ជំងឺឆ្លង​ COVID-19 ជា​សកល​បាន​​បង្ខំ​ឲ្យ​​​ផ្ទះ​នៃ​ក្បាច់​គុន​​ផ្អាក​​​ព្រឹត្តិការណ៍​ប្រកួត​មួយ​ចំនួន​នៅ​ឆ្នាំ​២០២០ ប៉ុន្តែ​ស្ថាប័ន​កីឡា​ដ៏​ធំ​នៅ​លើ​ពិភព​លោក​​នេះ​​នឹង​វិល​ត្រឡប់​មក​វិញ​នា​រាត្រី​ថ្ងៃ​សុក្រ​ ចុង​ខែ​នេះ​ហើយ។​

ONE: NO SURRENDER គឺ​ជាព្រឹត្តិការណ៍​ប្រកួត​ទី​១​​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ទាំង​១០​ដែល​គ្រោង​រៀប​ចំ​គិត​ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៣០​ ខែ​តុលា ដែល​កម្មវិធី​ប្រកួត​ប្រូម៉ូហ្សិន​​មាន​គូ​​​ដណ្តើម​ខ្សែ​ក្រវាត់ពិភព​លោក​ គូ​ប្រកួត​កំពូល​ៗ និង​គូ​ប្រកួត​សំខាន់​ៗ​ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​ទូទាំង​ពិភព​លោក។​

វា​ជា​ជម្រើស​​​ដ៏​ខ្លាំង​ក្លាយ​មួយ​ដើម្បី​​ចាប់​ផ្តើម​ព្រឹត្តិការណ៍​ប្រកួត​​មក​វិញ​ និង​​គ្មាន​ចម្ងល់​ទេ​ថា រាត្រីនោះ​នឹង​ធ្វើ​ឲ្យ​ទស្សនិកជន​រំជើប​រំជួល​បំផុត៕

Read more: How Petchdam’s Father Helped Him Achieve His Wildest Dreams