Features

តោះ​មើលក្បាច់​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ដូចព្យុះ​៥​របស់​​កីឡាករ​ត្រូវ​វ៉ៃ​ថ្ងៃ​ទី​១៥ តុលា​នេះ

អ្នកនិយម​ចូល​ចិត្ត​ប្រដាល់​នៅ​កម្ពុជា​នឹង​ទទួល​បាន​ចំណី​ចក្ខុ​ថ្មី​នៃ​​ព្រឹត្តិការណ៍​ប្រកួត​ឃីក​បុក​សីង​កម្រិត​ពិភព​លោក​នៅ​ពេល​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក និង​ការ​ប្រកួត​កម្មវិធី​ខ្សែ​ក្រវាត់ ONE Featherweight Kickboxing World Grand Prix ដែល​ប្រជុំ​ដោយ​កំពូល​អ្នក​ប្រដាល់​ឃីក​បុក​សីង​នៅសមរភូមិ​ ONE: FIRST STRIKE នាថ្ងៃ​សុក្រ ទី​១៥ ខែ​តុលា​នេះ។

មុនទទួល​បាន​ឈុត​ឆាក​ប្រយុទ្ធ​ថ្មី សូម​លើក​យក​ការ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​៥​ដ៏​អស្ចារ្យ​របស់​តារា​ប្រដាល់​ដែល​ត្រូវ​មាន​វត្តមានឡើង​សង្វៀន​ខាង​មុខ​នេះ។

ទី​១៖ កណ្តាប់​ដៃ​ឆ្វេង​លឿន​ព្យុះ​របស់ Petrosyan ផ្តួល​ថៃ Smokin

បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ Petchmorakot Petchyindee Academy នៅ​វគ្គ​១/៤ខ្សែ​ក្រវាត់ ONE Featherweight Kickboxing World Grand Prix កាល​ពី​ឆ្នាំ​២០១៩ កំពូល​អ្នក​ប្រដាល់​ឃីក​បុក​សីង​លេខ​១​លើ​លោកកីឡាករ Giorgio “The Doctor” Petrosyan បាន​ផ្តួល​ជើង​ខ្លាំង​ថៃ Smokin’ Jo Nattawut នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

បុរស​ទាំងពីរ​ជួប​គ្នា​នៅ​សមរភូមិ​ប្រយុទ្ធ ONE: DREAMS OF GOLD ក្នុង​ខែ​សីហា ឆ្នាំ​២០១៩​ ហើយ Petrosyan ​បាន​បង្ហាញ​សមត្ថភាព​ស័ក្តិសម​ជា​កំពូល​អ្នក​ប្រដាល់​ពិត​ៗ។ រហស្សនាម“ឌុកទ័រ” បានផ្តួល​ដៃ​គូ​ក្នុង​ទឹក​ទី​១ដោយ​កណ្តាប់​ដៃ​ឆ្វេងមហា​ទម្ងន់​ឥត​មេត្តា​ឲ្យ​ដេក​ដួល​សន្លប់​​នៅ​នាទី​២:៤៤​។

ដៃ​គូ​ខាង​មុខ Petrosyan ប៉ះ​កីឡាករ​ថៃ​ទៀត​គឺ​ Superbon ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Featherweight Kickboxing World Championship ក្នុង​តំណែង​គូ​ឯក​នៅ ONE: FIRST STRIKE។

ទី​២៖ Opacic ទាត់​ក្បាច់​​​នាគវាត់​​កន្ទុយ​ផ្តួល Zimmerman

វា​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​រវាង​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​ទាំង​ពីរ​ដែល​បាន​បង្ហាញ​ត្រឹម​តែពីរ​ទឹក​នៅ​ពេល Rade Opacic ជួប​ Errol “The Bonecrusher” Zimmerman ក្នុង​ការ​ប្រកួត​លក្ខណៈ​ឃីក​បុក​សីង។

ជើង​ខ្លាំង​ទម្ងន់​យក្ស​ទាំង​ពីរ​បះ​គ្នា​នៅ​ព្រឹត្តិការណ៍ ONE: BIG BANG II សម្រាប់​ការ​ប្រកួត​កលើក​ដំបូង​ដូច​គ្នា​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២០។ ការ​ពិត​នៅ​លើ​សង្វៀន​​បង្ហាញ​ថា អ្នក​ទាំង​ពីរ​ដូច​ចែក​ទឹក​គ្នា​ប្រើ​​ចេញ​អាវុធ។ ទឹក​ទី​១ Zimmerman ជា​អ្នក​បើក​ការ​វ៉ៃ​សម្រុក​ផ្ទួន​ៗ​ដោយ​រន្ទះ​ជើង​​​ទាំង​ផ្នែក​ក្រោម និង​ដង​ខ្លួន​ដែល​មើល​ទៅ​ពិត​ជាធ្ងន់​ៗ​ណាស់ ខណៈ Opacic បាន​ប្រើ​កណ្តាប់​ដៃឥត​មេត្តាផ្ទួន​ៗ​លើ​ដង​ខ្លួន​ និង​មុខ។

ចូល​ទឹក​ទី​២ បែរ​ជា​ផ្លាស់​ប្តូរ​ក្បាច់​វ៉ៃ រៀង​ៗ​ខ្លួនដោយ Opacic បាន​ចាប់​ផ្តើម​ទាត់​វិញ​ម្តង​ទាំង​ផ្នែក​ក្រោម និង​លើ​ដង​ខ្លួន។ ចំណែក Zimmerman ហាក់​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រើ​កណ្តាប់​ដៃ​ឆ្វេង​-ស្តាំ​សន្ធាប់​យក​តែ​ម្តង ហើយ​ដើរ​ចូល​ដាក់​សម្ពាធ​ថែម​ទៀត។ ប៉ុន្តែ​រឿង​នឹកស្មាន​មិន​ដល់​នៅ​ពេល Opacic ប្រើ​ក្បាច់​នាគវាត់​កន្ទុយ​ចំ​ករបស់ Zimmerman ឲ្យ​ដួល ហើយ​អាជ្ញាកណ្តាល​បញ្ឈប់​នៅ​នាទី​១:៣៥​ក្នុង​ទឹក​ទី​១។

Opacic ត្រូវ​ឡើង​សង្វៀន​ជា​ថ្មី​ប៉ះ​ Patrick “Big Swiss” Schmid នា​ថ្ងៃ​ទី​១៥ ខែ​តុលា​នេះ។



ទី​៣៖ ព្យុះ​កណ្តាប់​ដៃ Enriko លើ​ដង​ខ្លួនបញ្ឈប់ Lian

ជើង​ខ្លាំង Enriko “The Hurricane” Kehl មានទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួតលើក​ដំបូង​នៅ​សង្វៀន ONE ជា​មួយ​កីឡាករ​អង់គ្លេស Liam Nolan ឆ្នាំ​២០១៩​ និង​ទទួល​បានកៅអី​មួយ​ចូល​រួម​ប្រកួត​កម្មវិធី​ខ្សែ​ក្រវាត់ ONE Featherweight Kickboxing World Grand Prix។

អ្នកលេង​ឃីក​បុក​សីង​ទាំង​ពីរ​ជួប​គ្នា​នៅ​ព្រឹត្តិការណ៍ ONE: REIGN OF VALOR ខែ​មីនា ឆ្នាំ​២០១៩ និង​បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​មួយ។ នៅ​​ទឹក​ទី​១ Kehl ហាក់​មាន​ប្រៀប​លើ Nolan តាម​រយៈ​ចូល​កៀក ហើយ​ប្រើ​កណ្តាប់​ដៃ​ឆ្វេង​ស្តាំ​ផ្ទួន បូក​រួម​ទាំង​ជង្គង់​ផង។ ចំណែក Nolan ដែល​មាន​ខកម្ពស់​ខ្ពស់​ជាង​បាន​ចេញ​អាវុធ​មួយ​ៗ​ប៉ុណ្ណោះ​នៅ​ពេល​ឃ្លាត​ឆ្ងាយតាម​រយៈ​ការ​ទាត់។

នៅ​ទឹក​ទី​២ Kehl នៅ​តែ​បន្ត​ដើរ​ចូល​កៀក រួច​ចេញ​កណ្តាប់​ដៃ​ឆ្វេង​ស្តាំ​ និង​បុក​ពី​ក្រោម ព្រម​ទាំង​ឡើង​ជង្គង់​ថែម​ទៀត។ ដោយ​សារ​ត្រូវ​ដង​ខ្លួន និង​ពោះ​ច្រើន​ដៃ​ពេក ទី​បំផុត Nolan មិន​អាច​ទ្រាំ​ទ្រ​បាន​ទេ។ រូប​គេ​បាន​ដួល​ត្រូវ​បាន​​អាជ្ញាកណ្តាល​រាប់​៨​លើក​ទី​១ ហើយត្រូវ​បាន Kehl វ៉ៃ​សន្ធាប់​ដួល​ជា​លើក​ទី​២ និង​មិន​អាច​​បន្ត​ការ​ប្រកួត​បាន​ទេ ទោះ​អាជ្ញា​កណ្តាល​រាប់​ដល់​១០។

ភារកិច្ច​ខាង​មុខ Kehl ត្រូវ​ប៉ះ​ជើង​ខ្លាំង​ម្នាក់​ទៀត​គឺ Davit Kiria ក្នុង​កម្មវិធី​ខែ​ក្រវាត់ ONE Featherweight Kickboxing World Grand Prix​ វគ្គ៨​នាក់​ដំបូង។

ទី​៤៖ Marat តាម​ពី​ក្រោយ​ពី​ការ​រាប់​​លើក​ទី​១​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់

Marat Grigorian ត្រូវ​កណ្តាប់​ដៃ​ឆ្វេង​ស្តាំ​របស់​ជើង​ខ្លាំង​រុស្ស៊ី Ivan Kondratev ចុង​ទឹក​ទី​១​បណ្តាល​ឲ្យ​អាជ្ញា​កណ្តាល​រាប់​៨​ម្តង បន្ទាប់​ពី​អ្នក​ទាំង​ពីរ​តស៊ូ​គ្នា​​ក្នុង​ទឹក​ទី​១​តាម​រយៈ​កណ្តាប់​ដៃ និង​ទាត់​ដូច​ព្យុះ។

យ៉ាងណា​ចូល​ទឹក​ទី​២ Marat ដែល​ដឹង​ខ្លួន​ថា ចាញ់​ប្រៀប​កាល​ពី​ទឹក​ទី​១​បាន​ព្យាយាម​ដើរ​ចូល និង​បាន​ចេញ​កណ្តាប់ ព្រម​ទាំង​ទាត់​ក្រោម​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​ក៏​ទទួល​រង​កណ្តាប់​ដៃ​ និង​ទាត់​ខ្លាំងៗ​ពី Kondrate ដែរ។ សម្រាប់​ជំនួប​នៅ​សមរភូមិ ONE: BIG BANG កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ ឈាន​ដល់​ពាក់​កណ្តាល​ទឹក​ទី​២ Grigorian វាយ​កណ្តាប់​ដៃ​ឆ្វេង​លើ​ពោះ​របស់ Kondratev បណ្តាល​ឲ្យ​ដួល​ស្រុប​ងើប​តស៊ូ​លែង​រួច បើ​ទោះ​ជា​អាជ្ញា​កណ្តាល​រាប់​ដល់​១០​ក៏​ដោយ។

ជើង​ខ្លាំង​អាមេនី​នេះ​នឹង​ជួប​ខ្លា​ចាស់​ហុល្លង់ Andy “Souwer Power” Souwer វគ្គ១/៤​ផ្តាច់​ព្រ័ត្រ​កម្មវិធី​ខ្សែ​ក្រវាត់ Grand Prix។

ទី៥៖ កណ្តាប់​ដៃ​ដូច​ព្យុះ​របស់​ Kehl ធ្វើ​ឲ្យ Armen ចុះ​ចាញ់

រយៈ​ពេល​៨​ខែ​បន្ទាប់​ពីផ្តួល Nolan ជើង​ខ្លាំង Kehl បាន​បន្ត​ជួប​កីឡាករ Armen Petrosyan ដែល​ជា​បង​ប្រុស​របស់ Giorgio នៅ​ព្រឹត្តិការណ៍ ONE: AGE OF DRAGONS ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ចាំ​បាន​ថា Kehl បាន​ចាញ់​ពិន្ទុកីឡាករ​រហស្សនាម “ឌុក​ទ័រ”ប្អូន​ប្រុស​របស់ Armen កាល​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​លើក​នេះ​គេ​ផ្តួល​បងប្រុស​វិញ​បាន​សម្រេច។

បន្ទាប់​ពី​តស៊ូ​គ្នា​នៅ​ទឹក​ទី​១​ដែល​មាន​មើល​ទៅ​ប្រដុំ​ប្រសង​គ្នា​តាម​រយៈ​ការទាត់ និង កណ្តាប់ ព្រម​ទាំង​មាន​ជង្គង់​ថែម​ទៀត។ ប៉ុន្តែ​ចូល​ទឹក​ទី​២​អ្វី​ៗ​បាន​ប្រែ​ប្រួល​ទាំង​ស្រុង នៅ​ពេល​ Kehl ប្រើ​កណ្តាប់​ដៃ​ឆ្វេង​ឲ្យ Armen ដួល​ដាច់​ផ្ងារ ហើយ​អាជ្ញា​កណ្តាល​រាប់​៧ម្តង។

បន្ទាប់​មក ជើង​ខ្លាំង​រហ្សនាម “The Hurricane” បានវាយ​សន្ធាប់​តាម​រយៈ​កណ្តាប់​ដៃ និង​កាច់​ក្បាល​ឡើង​ជង្គង់។ ទី​បំផុត Armen ត្រូវ​បាន​អាជ្ញា​កណ្តាល​បញ្ឈប់​ដើម្បី​រាប់ និង​សួរ​ថា​តើ​អាច​បន្ត​ការ​ប្រកួត​ទៀត​ទេ រូប​កេ​បាន​បង្ហាញ​សញ្ញា​ពី​ការ​បោះ​បង់​ចោល​ការ​ប្រកួត​តែ​ម្តង។ ជ័យជម្នះ​នោះ​ហើយ​ដែល​ផ្តល់ឲ្យ​រូប​គេ​ទទួល​បាន​កៅអី​មួយ​ក្នុង​ចំណោម​បេក្ខភាព​៨​នាក់​ក្នុង​កម្មវិធី​ខ្សែ​ក្រវាត់ ONE Featherweight Kickboxing World Grand Prix ដែល​រាត្រី​ជា​មួយ​គ្នា​នេះ​ជើង​ខ្លាំង“The Doctor” ជួប Superbon៕

Read more: Superbon Confident For Petrosyan Clash: ‘I Have No Weaknesses’

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។