Features

ដើម្បីក្តីស្រមៃ​ Julie ចោកការសិក្សា លែងលះប្តី ចោលហាងភីហ្សា

ដើម្បី​បំពេញ​ក្តី​ស្រមៃ​ក្នុង​អាជីព​ប្រដាល់​គុន​ចម្រុះ​ កីឡាការិនី Julie Mezabarba បាន​តស៊ូ និង​លះ​បង់​ច្រើន​ណាស់។

កីឡាការិនី​ប្រេស៊ីល​អាយុ​២៨​ឆ្នាំ​​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​កម្មវិធី​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Atomweight World Grand Prix ដោយ​ត្រូវជួប​កីឡាការិនី​ថៃ Stamp Fairtex នៅ​ព្រឹត្តិការណ៍ ONE: NEXTGEN នា​ថ្ងៃ​សុក្រ ទី​២៩ ខែ​តុលា​នេះ។

នាង​បាន​រៀប​រាប់​ថា ៖«ការចុះ​កុង​ត្រា​ចូល​ស្ថាប័ន ONE ហើយ​កូន​ប្រុស​បាន​ផ្តល់​កម្លាំង​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់​ដើម្បី​ស្វែង​រក​បំពេញ​ក្តី​ស្រមៃ។ ឥឡូវ​នេះ ខ្ញុំ​ឃើញ​ផ្លូវ​​ដើរ​ត្រូវ​ហើយ»។

នាង Mezabarba ធំ​ដឹង​ក្តី​នៅ Jardim America ដែល​ជា​សហគមន៍​ក្រី​ក្រ​មួយ​នៅ​ក្នុង​ទី​ក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល។ ឪពុក​របស់​នាង​បាន​ស្លាប់​ចោល​តាំង​ពី​នាង​ទើប​អាយុ​២​​ឆ្នាំ ហើយ​ម្តាយ​មេ​ម៉ាយ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​​ដោយ​មាន​ហាង​នំភីហ្សា​មួយ​កន្លែង។

នាង​និយាយ​ថា ៖«​ពេល​ទំនេរ ខ្ញុំ​​មិន​ដឹង​ធ្វើ​អ្វី​ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្តើម​លើក​ទម្ងន់ តែ​ខ្ញុំ​អត់​ចូល​ចិត្ត។ បន្ទាប់​មក ខ្ញុំ​មើល​ឃើញ​កីឡា​ប្រដាល់ ហើយ​ចូល​ចិត្ត។ ពេល​នោះ​ខ្ញុំ​ចាប់​ផ្តើម​ហាត់​ជា​មួយ​លោក​គ្រូគុន​ចម្រុះ Renato Dominguez»។

នៅ​កន្លែង​ហាត់​ប្រដាល់​នោះ​ដែល​ធ្វើ​ឲ្យ​ Mezabarba បាន​ជួប​អតីត​ស្វាមី និងមាន​ផ្ទៃ​ពោះ​រហូត​សម្រាល​បាន​កូនប្រុស​ម្នាក់​ដាក់​ឈ្មោះ Lorenzo នៅ​ពេល​នាង​ទើប​អាយុ​បាន​២៣​ឆ្នាំ។ ដោយ​សារ​នាង​ផ្តោត​ទាំង​ស្រុង​លើ​កីឡា​បាន​ធ្វើ​ឲ្យ​នាង​មាន​បញ្ហា​ជា​មួយ​ស្វាមី​រហូត​លែង​លះ​គ្នា ប៉ុន្តែ​​នាង​​មិន​​ចោល​អាជីព​ប្រដាល់​ឡើយ។

Mezabarba និយាយ​ពី​អតីត​ប្តី​ថា ៖«ពេល​ខ្ញុំ​ចាប់​ផ្តើម​ប្រកួត​ឈ្នះ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​បញ្ហា​ជា​មួយ​​ប្តី។ ញឹក​ញាប់​ណាស់​ គាត់​ព្យាយាម​បញ្ឈប់​ការ​ផ្តោត​លើ​កីឡា​របស់​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​សាង​វិថី​កីឡា​គុន​ចម្រុះ​បាន តែ​គាត់​មិន​ព្រម។ ដូច្នេះ គាត់​មាន​ផ្លូវ​របស់​គាត់ ​យើង​បែក​គ្នា។ ក្នុង​នាម​ជា​ម្តាយ​មេម៉ាយ​កូន​មួយ​វា​មិន​ស្រួល​ទេ តែ​អរគុណ​ព្រះ​ជា​ម្ចាស់ និង​គ្រួសារ ពិសេស​កូន​ប្រុស​ខ្ញុំ​មិន​រំខានខ្ញុំ​ឡើយ»។



នាង​បាន​បញ្ជាក់​ថា ៖«ខ្ញុំ​បាន​លះ​បង់​ច្រើន​ណាស់​ដើម្បី​បំពេញ​ក្តី​ស្រមៃ​ដែលខ្ញុំ​ជឿ​ថា អាច​ធ្វើ​បាន​។ ខ្ញុំ​បាន​បោះ​បង់​ចោល​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ។ ខ្ញុំ​លះ​បង់​ហាង​ភីហ្សា​របស់​ម្តាយ​​ដែល​មាន​ប្រាក់​ចំណូល​ល្អ ពី​ព្រោះ​​ម៉ាក់​និយាយ​ថា ឲ្យ​ខ្ញុំ​គ្រប់​គ្រង​ហាងនំ​ភីហ្សា»។

ការ​លះ​បង់​របស់​ Mezabarba មាន​កត្តា​តែ​មួយ​គត់​ជះ​ឥទ្ធិពល​លើ​ចិត្ត​របស់​នាង​គឺ​កីឡា​ប្រដាល់។ បន្ទាប់​ពី​ចេញ​ប្រកួត​ទទួល​បាន​លទ្ធផល​ល្អ​ជា​បន្ត​បន្ទាប់ នាង​បាន​សម្រេច​ចុះ​កុងត្រា​ចូល ONE Championship នៅ​ដើម​ឆ្នាំ​២០២១​នេះ។

ការ​ឡើង​ប្រកួត​លើក​ដំបូង​របស់​នាង​គឺ​បាន​ឈ្នះ​កីឡាការិនី​ជប៉ុន Mei Yamaguchi សម្រាប់​ការ​ប្រកួត​បំរ៉ុង​កម្មវិធី​ខ្សែ​ក្រវាត់ Grand Prix។ នៅ​ពេល​កីឡាការិនី​កូរ៉េខាង​ត្បូង Ham Seo Hee បាន​ដក​ខ្លួន នាង​ត្រូវ​បាន​ដាក់​​​ជំនួស​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​ជួប​ក្រមុំ​ថៃ Stamp។

Pictures from the match between Julie Mezabarba and Mei Yamaguchi from ONE: EMPOWER

នាង​និយាយ​ថា ៖«ប្រសិន​បើ​ឈ្នះ Stamp នឹង​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​​នឹង​ផ្តោត​លើ​ការ​ហ្វឹក​ហាត់​កាន់​តែ​ខ្លាំង ហើយ​ជួយ​ផ្គត់​ផ្គង់​ដល់​គ្រួសារ​ពី​ការ​ឡើង​សង្វៀន»។

«ខ្ញុំ​សង្ឃឹម​​ថា ​​ប្រវត្តិ​​​​​ប្រដាល់​របស់​ខ្ញុំ​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ស្រីជំនាន់​ក្រោយ ហើយបង្ហាញ​ថា នារី​ក៏​អាច​ចាប់​អារម្មណ៍​កីឡាគុន​ចម្រុះ ឬ​កីឡា​ផ្សេង​ៗ​ឡើង​ឈាន​ដល់​កម្រិត​កំពូល​បាន​ដែរ»៕

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។