Kickboxing

លោក ​Alan Mccune ​​​​​ប្រាប់​​​ស្នៀត​​​គុន​ចម្រុះ​ល្អ​​​របស់​ នៅ ​ស្រីពៅ ​មុន​ចេញ​ទៅ​សិង្ហបុរី

នៅ ​ស្រីពៅ ​ជា​កីឡាការិនី​ដំបូង​របស់​​ព្រះរាជាណា​ចក្រ​កម្ពុជា​ដែល​ចេញ​ទៅ​ប្រកួត​​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship ​ក្នុង​អំឡុង​វិបត្តិ​កូវីដ-១៩។ ​មុន​​​ចេញ​ទៅ​ជួប​​​​ម្ចាស់​មេដាយ​​មាស​​​មក​​ពី​ឥណ្ឌា​ Ritu Phogat​ ​កីឡាការិនី​តំណាង​ឲ្យ​កម្ពុជា​​​បាន​ត្រៀម​លក្ខណៈ​​​ហាត់​​គុន​ខ្មែរ​ និង​ ​គុន​ចម្រុះ​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ ​ ​​​តើ​ការ​​ត្រៀម​ខ្លួន​របស់​កីឡាការិនី​កម្ពុជា​បាន​ល្អ​​​​បែប​ណា​ទៅ? ​

​គ្រូ​បង្វឹក​ ​Alan Mccune ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖«​វា​ពិត​ជា​ភ្ញាក់​ផ្អើល​ដែល​ ស្រី​ពៅ ​បាន​យល់​ដឹង​ច្រើន​អំពី​គុន​ចម្រុះ​ (MMA) ​ហើយ​​​ស្នៀត​ប្រដាល់​សកល ​ឬ ​វ៉ៃ​ដោយ​ជំហរ​ក៏​ល្អ​ផង​ដែរ​។ ​​​គេ​ឈ្នះ​មេដាយ​មាស​ពីរ​គ្រឿង​ពី​ប្រដាល់​សកល​ថ្នាក់​ជាតិ​ ​និង​មេដាយ​សំរឹទ្ធ​​នៅ​ស៊ីហ្គេម។ ​​មើល​​​ទៅ​ស្នៀត​របស់​គឺ​ ​ពិត​ជា​អស្ចារ្យ»។ ​

ស្រីពៅ ​​ទៅ​​​ប្រកួត​នៅ​សង្វៀន​ ONE ​លើក​នេះ​ក្រោម​ការ​បង្ហាត់​ស្នៀត​​ឃ្លេ​ដោយ​លោក ​Alan ​និង​ ​​គ្រូ​បង្វឹក​​ជំនាញ​គុន​ចម្រុះ​​ច្រើន​ទៀត​នៅ​​ក្លិប​ KIRI Jiu Jitsu​ ដែល​ទើប​ត្រូវ​បាន​បង្កើត​ថ្មី ខណៈ​​ ​ស្នៀត​​​​គុន​ខ្មែរ​ ​បង្វឹក​ដោយ​លោក​ ជា​ រិទ្ធ ​​ដែល​ជា​គ្រូ​បង្វឹក​​​ប្រដាល់​ជម្រើស​ជាតិ។ ​​​

លោក Alan , ជា​ រិទ្ធ និង នៅ ស្រីពៅ

លោក​ Alan ​បាន​​គូស​បញ្ជាក់​ទៀត​ថា​ ៖«​​​ស្រីពៅ ​រីក​ចម្រើន​ខាង​ការពារ​ពេល​ពេល​គេ​ប៉ង​ផ្ដួល​ និង ​​បាន​បង្វឹក​ច្រើន​ជុំ​វិញ​​ការ​ប្រកួត​​នៅ​លើ​​ក្ដារ​រេញ​ពី​សំណាក់​គ្រូ​បង្វឹក​​នៅ​ក្លិប​ KIRI។ ​ទោះ​ត្រៀម​លក្ខណៈ​មិន​យូរ​ប៉ុន្មាន​ ប៉ុន្តែ​​ ​មើល​ទៅ​រីក​ចម្រើន។ ​ក្រៅ​ពី​នោះ​​ ស្រីពៅ ​ក៏​បាន​ហាត់​ចំបាប់​​​ខ្លះ​ៗ​​ជា​មួយ​​ក្រុម​ជម្រើស​ជាតិ​​។​ គេ​ក៏​បាន​ហ្វឹកហាត់​ជំនាញ​ចាប់​​ផ្ដួល​​ជា​មួយ​គ្រូ​ Fernando Salvador ​ផង​ដែរ»។

​គ្រូ​បង្វឹក​សញ្ជាតិ​​ស្កុតឡែន​​បង្ហាញ​គំនិត​សុទិដ្ឋិនិយម​​​បែប​​​​នេះ​ ៖«​ស្រីពៅ​ ​មាន​កណ្ដាប់​ដៃ​​រហ័ស​ និង ចលនា​លឿន​ ដែល​ពិបាក​ធ្វើ​ឲ្យ​​អ្នក​ជំនាញ​ចំបាប់​ Ritu ​ចាប់​បាន។ ​ស្រីពៅ ​​អាច​វ៉ៃ​ពី​ក្រោម​ និង​ វ៉ៃ​ពី​លើ​ក៏​បាន។ ​គេ​ជា​កីឡាការិនី​ល្អ​ និង​​​មាន​ភាព​វៃ​ឆ្លាត»។

បែប​​ណា​ក្ដី​ ​​អ្នក​ជំនាញ​​គុន​ចម្រុះ​​​ពិពណ៌នា​ថា ​​​កីឡាការិនី​កម្ពុជា​​​មិន​បាន​ឡើង​ប្រកួត​ជាង​​មួយ​​ឆ្នាំ​មក​ហើយ ​ដូច្នេះ​ពេល​នេះ​ជា​ឱកាស​ដែល​ត្រូវ​​ប្រជែង​ខ្លាំង។ ​ប៉ុន្តែ ​លោក​ជឿ​ថា​ ​ក្រោម​ការ​បង្ហាត់​របស់​លោក​ ជា រិទ្ធ ​និង​ ​គ្រូ​បង្វឹក​ជា​ច្រើន​​​ជា​ច្រើន​ទៀត ​​ស្រីពៅ ​​​នឹង​​ប្រកួត​អស់​ពី​ចិត្ត​ដើម្បី​អ្នក​គាំទ្រ​​ និង​ប្រទេស​របស់​ខ្លួន ​​ហើយ​​បង្ហាញ​គុន​ខ្មែរ​ទៅ​កាន់​ពិភព​លោក។ ​​​

​នេះ​ជា​​ការ​ឡើង​សង្វៀន​​ធំ​បំផុត​នៅ​​អាស៊ី​​ជា​លើក​ទី៣​​​របស់​​ ស្រីពៅ​​ បន្ទាប់​ពី​ឈ្នះ​ Rika Ishige ​​​​​នៅ​កម្មវិធី​ ONE: CLASH OF LEGENDS ​នា​​ពាក់​កណ្ដាល​​ឆ្នាំ​ ២០១៩ ​និង​​ ចាញ់​ពិន្ទុ​​វីរ​កីឡាការិនី​ឥណ្ឌូណេស៊ី​ ​​Priscilla Hertati Lumban Gaol ​នៅ​កម្មវិធី ONE: FOR HONOR កាល​​​​ខែ​​ ​វិច្ឆិកា​ ​ឆ្នាំ​ ២០១៩៕​

ចុច​អាន ៖ មក​ស្គាល់​ឲ្យ​ច្បាស់​កីឡាការិនី​លេខ​១​ឥណ្ឌា​ Ritu ​ដៃ​គូ​របស់​ នៅ ស្រីពៅ​ ចុងខែនេះ​

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។