Kun Khmer

អ្នក​លេង​គុន​ខ្មែរ​រូបណា​ស័ក្តិសម​វ៉ៃ​នៅ​ ONE​ បន្ទាប់?

12/07/2020

រហូតមកដល់ពេលនេះ កីឡាករកម្ពុជានៅមិនទាន់មានកំណត់ត្រាជ័យជម្នះក្នុងការប្រកួតគុនខ្មែរ (ប្រដាល់សេរី)ឡើយនៅស្ថាប័នប្រដាល់កំពូលលំដាប់ពិភពលោក ONE Championship បន្ទាប់ពីកីឡាករមួយចំនួនបានឱកាសទៅប្រកួតហើយ ប៉ុន្តែមិនទទួលបានលទ្ធផលល្អប្រសើរ។ កីឡាករ​ប្រដាល់គុនខ្មែរជួរមុខ​មាន​ដូចជា ឡៅ ចិត្រា, សុខ ធី និង គង់ សំបូរ ទទួលបានឱកាសទៅវ៉ៃសង្វៀនអន្តរជាតិធំនៅអាស៊ី ONE ប៉ុន្តែពួកគេបានបរាជ័យទាំងអស់គ្នា។

សុខ ធី (ឆ្វេង) ពេល​វ៉ៃ​ជាមួយ Lerdsila (ស្តាំ)

សុខ ធី វ៉ៃបាន៣ដង ប៉ុន្តែចាញ់ទាំង៣ដងគឺចាញ់ពិន្ទុខ្លាចាស់ថៃ Lerdsila ២ដងគឺលើកទី១នៅ ONE : Pinnacle of Power ឆ្នាំ២០១៨ នៅទីក្រុងម៉ាកាវ ប្រទេសចិន និងចាញ់លើកទី២នៅ ONE : Warrior’s Dream ឆ្នាំ២០៨ ហើយលើកទី៣ចាញ់សន្លប់ក្រោមរន្ទះជើងមនុស្សយន្ត Rodtang នៅ ONE: Warriors of Light ឆ្នាំ២០១៩ នៅប្រទេសថៃ។

ចំណែក អ្នកលេងគុនខ្មែរ គង់ សំបូរ បានចាញ់ពិន្ទុមិនឯកច្ឆន្ទកីឡាករចិន Zhang Chenglong នៅព្រឹត្តិការណ៍ ONE : Call to Greatness ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី ខណៈជើងខ្លាំងវ័យក្មេងកម្ពុជា ឡៅ ចិត្រា បានចាញ់ពិន្ទុ Superlek នៅព្រឹត្តិការណ៍ ONE : Clash of Legends ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ឡៅ ចិត្រា (ស្តាំ) ប្រកួត​ជាមួយ Superlek (ឆ្វេង)

តើនរណាស័ក្តិសមលេចមុខបន្ទាប់ក្នុងការប្រកួតនៅសង្វៀនធំលំដាប់ពិភពលោកនេះ? កីឡាករគុនខ្មែរវ័យចំនួនអាចលេចមុខវ៉ៃនៅសង្វៀន ONE មានដូចជា អេលីត ចំរើន, ប៊ុន សុធា, អេ ណារ័ត្ន, វ៉ាន់ វឿន និង ឃីម បូរ៉ា។

ចុច​អាន៖ ខ្លោចចិត្តជីវិតអ្នកប្រដាល់ សរ សី កម្សត់រកអ្វីប្រៀបពុំបាន

ឃីម បូរ៉ា៖ កីឡាកររូបនេះកំពុងមានសន្ទុះកើនឡើងទាំងបច្ចេកទេស សមត្ថភាព កម្លាំងស៊ុហ្វ និងស្មារតី។ រូបគេមានបទពិសោធច្រើនឆ្នាំហើយក្នុងការវ៉ៃអន្តរជាតិទាំងក្នុង និងក្រៅប្រទេស ជាពិសេសនៅលើទឹកដីថៃ។ យ៉ាងណា បូរ៉ា ពូកែវ៉ៃចេញកណ្តាប់ដៃ ខណៈជង្គង់ និងទាត់នៅកម្រិត ដូច្នេះរូបគេត្រូវបង្កើនគុណភាពទាន់ និងចលនាវ៉ៃឲ្យរហ័សលឿន។ អ្វីដែលពិសេសទៀតនោះ រូបគេត្រូវហាត់ឲ្យច្បាស់អំពីរបៀបវ៉ៃឃីកបុកសីង។

អេ ណារ័ត្ន៖ កូនសិស្សរបស់លោកគ្រូ អេ ភូថង មានបទពិសោធវ៉ៃនៅសង្វៀនថៃជោកជាំហើយមុនពេលមកអង្រួនសង្វៀនស្រុកខ្មែរ។ កីឡាកររូបនេះមានសន្ទុះចិត្តវ៉ៃមុតមាំ ក្លាហាន និងកម្លាំងស៊ុហ្វល្អ ប៉ុន្តែនិយាយពីអាវុធប្រយុទ្ធគឺនៅមានកម្រិត។

អេលីត ចំរើន, ប៊ុន សុធា និង វ៉ាន់ វឿន៖ កីឡាករ៣នាក់នេះមិនលើសខ្វះគ្នាប៉ុន្មានឡើយជុំវិញសមត្ថភាពរបស់គេ ប៉ុន្តែបទពិសោធប្រកួតល្អក្នុងស្រុក ប៉ុន្តែនៅមិនទាន់មានបទពិសោធលើឆាកអន្តរជាតិឡើយ។ បើនិយាយពីអាវុធវិញ ច្បាស់ណាស់ថា ពួកគេពូកែវ៉ៃគុនខ្មែរប៉ុណ្ណោះ ហើយរបៀបវ៉ៃតែគុនខ្មែរថែមទៀត។ ពួកគេត្រូវការរៀនសូត្រ និងហ្វឹកហាត់ឲ្យបានច្រើនថែមទៀត។

ជាមួយគ្នានេះ ផល សោភ័ណ្ឌ, មឿន សុខហ៊ុច និង យ៉េន ឌីណា ក៏អាចលេចមុខវ៉ៃនៅសង្វៀន ONE ដែរ ប៉ុន្តែច្បាស់ណាស់ថា ពួកគេត្រូវធ្វើរឿងពីរគឺទី១ ត្រូវផ្លាស់ប្តូរវ៉ៃគុនខ្មែរ ទៅជារបៀបវ៉ៃឃីកបុកសីងស្តង់ដារអន្តរជាតិ និងទី២ ត្រូវបង្កើនគុណភាពវ៉ៃកណ្តាប់ដៃ និងទាត់។កីឡាករល្បីៗជួរមុខមួយចំនួនទៀតហាក់ដូចជាធ្លាក់ចុះគុណភាពទៅវិញហើយ។

និយាយរួម ដើម្បីឈានទៅវ៉ៃនៅសង្វៀនធំលំដាប់ពិភពលោកនេះ កីឡាករគុនខ្មែរត្រូវចេញវ៉ៃសង្វៀនតូចៗនៅក្រៅប្រទេស។ ពួកគេត្រូវរៀនរបៀបវ៉ៃឃីកបុកសីង និងមួយថៃ។ បង្កើនគុណភាពអាវុធនៃការវ៉ៃឃីកបុកសីង និងជាពិសេសត្រូវផ្លាស់ប្តូររបៀបវ៉ៃគុនខ្មែរ៕

ចុចអាន៖ ចាន់ សំអាត មាន ឬក្រ ក៏មិនបន្ទោសគុនខ្មែរ

គង់ សំបូរ (ស្តាំ)​ទាត់​លើ​កីឡាករ​ចិន

​ព័ត៌មាន​ផ្សេងៗ​​​អំពី​ ONE Championship​ សូម​ចូល​ទៅ​កាន់​ www.onefc.com/about-us, ​follow ​លើ​ Twitter​ និង​ Instagram @ONEChampionship ​និង​ ​​ហ្វេសប៊ុក​ONEChampionship