Kun Khmer

នៅ​ ស្រីពៅ​​ បាន​រៀន​សូត្រ​ពី​​វីរ​កីឡាការិនី​ឥណ្ឌូណេស៊ី​ Priscilla ​​

​​កីឡាការិនិ​ជម្រើស​ជាតិ​កម្ពុជា​ នៅ​ ស្រីពៅ​ ​​​​ដែល​ឈ្នះ​មេដាយ​សំរឹទ្ធ​​​ផ្នែក​ប្រដាល់​សកល​ពី​​ស៊ីហ្គេម​ឆ្នាំ​២០១៩​ ​បាន​លើក​​​សរសើរ​​អំពី​​កីឡាការិនី​ជើង​ចាស់​ឥណ្ឌូណេស៊ី​ Priscilla Hertati Lumban Gaol​ ​នា​ពេល​កន្លង​ទៅ​ថា ​Priscilla មាន​វ័យ​​ចំណាស់​ ប៉ុន្តែ​ការ​ប្រកួត​នៅ​​តែ​ល្អ​​ ​និង​ស្រួច​ស្រាល​​​​រហូត​ដល់​​បច្ចុប្បន្ន។​ ​ពាក្យ​ពេចន៍​សរសើរ​នេះ​បន្ទាប់​ពី​ ស្រីពៅ ​ចាញ់​ក្រោម​កណ្ដាប់​​ដៃ​កីឡាការិនី​​ជំនាញ​​វូស៊ូ​ ​កាល​​ដើម​ខែ​​ ​ឧសភា​ ឆ្នាំ ២០១៩។ ​វីរ​កីឡាការិនី​​​ឥណ្ឌូណេស៊ី​​រូប​នេះ​ក៏​ធ្លាប់​ឈ្នះ​​​​​កីឡាការិនី​ជើង​ឯក​​ក្បាច់​គុន​ប្រដាល់​មីយ៉ាន់ម៉ា​ Bozhena Antoniyar ​ ក្នុង​​កម្មវិធី ​ONE:DAWN OF VALOR​ កាល​ខែ​តុលា ឆ្នាំ​មុន​​ផង​ដែរ​ ក្រោយ​ឈ្នះ ​ស្រីពៅ ​បាន​​ជាង​ ៤ ​ខែ​ប៉ុណ្ណោះ។​

ចំណុច​ខ្លាំង​​របស់ Priscilla​
Priscilla Hertati Lumban Gaol​ ​បច្ចុប្បន្ន​មាន​វ័យ​ ៣២​ ​ឆ្នាំ​ទៅ​ហើយ​​ប៉ុន្តែ​នៅ​តែ​​បង្ហាញ​​ក្បាច់​គុន​ទាក់​ភ្នែក ​និង ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​​អ្នក​គាំទ្រ​ឥណ្ឌូណេស៊ី។​ Priscilla ​ជា​កីឡាការិនី​ម្នាក់​ជំនាញ​​ក្បាច់​គុន​គោល​​វូស៊ូ​ ​ក្រោយ​ចូល​​​ហ្វឹកហាត់​តាំង​​ពី​អាយុ​១៧ឆ្នាំ​មក​​ម៉្លេះ។​ ​កីឡាការិនី​មក​ពី​​ក្លិប​ Siam Training Camp ​រូប​​​នេះ​​​​​ចុះ​​ហត្ថលេខា​ប្រកួត​​ជា​ផ្លូវ​ការ​​​ឲ្យ​សង្វៀន​ ONE Championship តាំង​ពី​​ដើម​ឆ្នាំ ២០១៧ ​មក។​ ​​​Priscilla​ ជា​​ម្ចាស់​មេដាយ​ពិភព​លោក​​វូស៊ូ ឬ ​ Wushu World Championship ​ចំនួន​២​ដង។ ​គេ​​​ឡើង​សង្វៀន ONE បាន​​ចំនួន​ ១១ ​លើក​ ក្នុង​នោះ​​ឈ្នះ ​៧ ​លើក​និង​ចាញ់ ៤ ​លើក​។​ ​នេះ​ជា​បទ​ពិសោធន៍​ដ៏​​ច្រើន​លើស​លប់​លើ​ ស្រីពៅ។

​​យ៉ាង​ណា​ក្ដី​ ​​​​កីឡាការិនី​កម្ពុជា​សរសើរ​ថា​៖«​ពិត​ទៅ​! ខ្ញុំ​នៅ​សរសើរ​គាត់​មាន​ចំណុច​ល្អ​ច្រើន​ណាស់​។ គាត់​ [Priscilla] ​មាន​កូន​​​មាន​ប្ដី​ ប៉ុន្តែ​​កម្លាំង​របស់​គាត់​​រក្សា​បាន​ល្អ​ដដែល។ ​​និយាយ​​រួម​​កីឡាការិនី​ខ្លះ​ទៀត​មាន​កូន​មាន​ប្ដី​ គេ​បោះ​បង់​​ចោល​​តែ​ម្ដង​ និង ​កម្លាំង​ធ្លាក់​ចុះ​ខ្លាំង។ ​​ខ្ញុំ​មើល​ទៅ​គាត់​ ​…គាត់​ចាស់​មែន​ប៉ុន្តែ​​​ចាស់​ខ្ញី​​តែ​ម្ដង»។ ​ស្រី​​ពៅ ​បញ្ជាក់​​ថា​ ​កីឡាការិនី​ Priscilla ​​​ស្អិត​និង​ពូក​កែ​​ខាង​​ក្បាច់​ចាប់​ឃ្លេ​ជាង​កីឡាការិនី​ថៃ ​Rika Ishige ​ដែល​គេ​​ធ្លាប់​យក​ឈ្នះ​នៅ​សង្វៀន​ ONE ​កាល​​លើក​ទី១។

នៅ​ ​ស្រីពៅ ​​ដែល​​ឈ្នះ​​ពាន​​ក្នុង​នាម​កីឡាការិនី​ឆ្នើម​​ប្រចាំ​សង្វៀន​នៅ​មីយ៉ាន់ម៉ា​ ​២០១៨​ បាន​រំលឹក​ថា​ ពេល​​ប្រកួត​ប៉ះ​ Priscilla ​គឺ​ចាញ់​ប្រៀប​លើ​​បច្ចេកទេស​ចូល​ចាប់​, ​ចូល​​​បោក​ផ្ដួល​ខ្លួន​​ និង​ ក្បាច់​ឃ្លេ​​​ព្រោះ​ហ្វឹកហាត់​បាន​តិច​​តួច​មុន​ចេញ​ទៅ​ប្រកួត​ ហើយ​​ម្យ៉ាង​វិញ​ទៀត​ក្បាច់​បាត​របស់ ​ស្រីពៅ ​គឺ ​​ជា​ក្បាច់​គុន​ខ្មែរ​មិន​មែន​ក្បាច់​​​​​​ក្បាច់​គុន​ចម្រុះ​​ ដូច​​​វីរនារី​​ឥណ្ឌូណេស៊ី​​នោះ​ឡើយ។
​មុន​ប្រកួត​ជា​មួយ​ Priscilla នៅ ​ស្រីពៅ​ ហ្វឹកហាត់​​​​ត្រៀម​​បាន​ប្រហែល​​មួយ​សប្ដាហ៍​​​ដោយ​សារ​មាន​ឈ្មោះ​ទៅ​ប្រកួត​ប្រដាល់​​សកល​នៅ​ថៃ​នា​គ្រា​នោះ​ ​​ពោល​ ​មិន​ដូច​​រយៈ​ពេល​កាល​​រូប​គេ​ត្រៀម​​ខ្លួន​ប៉ះ​​ ​Riga ​នោះ​ឡើយ។

ចុចអាន ខ្សែ​ជីវិត​របស់​កូន​ខ្មែរ​នៅ​អាមេរិក​​ អែម សុវណ្ណារី​ ឆ្លង​កាត់​រឿងរ៉ាវ​ជូរចត់​ក្នុង​ពិភព​ក្បាច់គុន

ស្រី​ពៅ​ ​ចង់​ដើរ​តាម​គន្លង Priscilla

កីឡាកា​រិនី​ ​វ័យ​ ២៥​​ ឆ្នាំ​តំណាង​កម្ពុជា​​​ដាក់​គោល​ដៅ​​ដើរ​តាម​គន្លង​ Priscilla ​​បែប​នេះ​ ៖«បើ​ខ្ញុំ​មាន​គ្រួសារ​​នៅ​ថ្ងៃ​មុខ​ បើ​គេ​បន្ត​ឲ្យ​ប្រកួត​​ទៀត​ ខ្ញុំ​នឹង​ដើរ​តាម​គន្លង​របស់​ Priscilla ​ខ្ញុំ​បាន​ដាក់​ចិត្ត​ស្រលាញ់​ក្បាច់​គុន​ទៅ​ហើយ។ ​ខ្ញុំ​មិន​ខ្លាច​​រឿង​ឈឺ​សាច់​ ខ្ញុំ​​នៅ​តែ​​ចង់​វ៉ៃ​ទៅ​ថ្ងៃ​​អនាគត​ បើ​គ្រួសារ​ខ្ញុំ​ផ្ដល់​ឱកាស​ឲ្យ»។

​ស្រី​ពៅ​ ​ជា​គ្រាប់​ពូជ​​កីឡាការិនី​លេច​ធ្លោ​ប្រចាំ​​ប្រទេស​នា​​ពេល​បច្ចុប្បន្ន។ ​ប្អូន​ប្រុស​របស់​អតីត​កីឡាករ​ នៅ​ ស៊ីថា​ ​​ចាប់​​​ផ្ដើម​​ហ្វឹកហាត់​​គុន​ខ្មែរ​​ ​និង​​ បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​​​នៅ​វ័យ​ត្រឹម​១៣​ឆ្នាំ​ ​បន្ទាប់​​ពី​ហ្វឹកហាត់​​​បាន​ត្រឹម​១​ឆ្នាំ​​ប៉ុណ្ណោះ។ ​​គេ​​ជា​កីឡាការិនី​មាន​ទេព​កោសល្យ​ម្នាក់​​ និង ​​បន្ត​ដំណើរ​ប្រកួត​ក្នុង​ស្រុក​​​ឈ្នះ​​៩១​ដង ​ចាញ់ ៨ ដង​ និង​ស្មើ​២ដង។ ​ពីរ​បី​ឆ្នាំ​បន្ទាប់​​ពោល​ឆ្នាំ ២០១៩​​ ​កូន​​សិស្ស​របស់​ក្លិប​គុន​តា​ឡី​ដំរី​មាន​ឫទ្ធិ​​ ក៏​ចូល​ហ្វឹកហាត់​​ប្រដាល់​សកល​ថែម​ទៀត​ និង​ ​មាន​ឈ្មោះ​ទៅ​​​ប្រកួត​តំណាង​ឲ្យ​ជាតិ​​ផ្នែក​ប្រដាល់​សកល​នេះ​នៅ​​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០១៩​ តែ​ម្ដង។

​ចុចអាន កីឡាការិនី​ពហុ​ជំនាញ​ នៅ​ ស្រីពៅ​ ជម្នះ​សំដី​​អ្នក​ដទៃ​ រហូត​ទទួល​បានការ​កោត​សរសើរ