Kickboxing

កត្តា៤សំខាន់បំផុតសម្រាប់អ្នកលេងគុនខ្មែរទៅវ៉ៃនៅ ONE Super Series

13/07/2020

ONE Super Series គឺជាកម្មវិធីប្រដាល់ថ្មីមួយរបស់ស្ថាប័នកីឡា ONE Championship ដែលបានបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះបើយោងតាមការប្រកាសរបស់លោក Chatri Sityodtong ជាប្រធាន និងនាយកប្រតិបត្តិរបស់ ONE Championship។

ONE Super Series នេះត្រូវបានបង្កើតឡើងដោយដាក់ក្បាច់គុនកីឡាឃីកបុកសីង (kickboxing) និងក្បាច់គុនមួយថៃ (Muay Thai) វ៉ៃក្នុងកម្មវិធីនថ្មីនេះដែលប្រជុំដោយជើងខ្លាំង កីឡាករ កីឡាការិនីជុំវិញពិភពលោកដែលមានជំនាញ់ប្រដាល់សេរី ឃីកបុកសីង មួយថៃ គុនខ្មែរ ការ៉ាតេ តេក្វាន់ដូ ឡេតវី និងក្បាច់គុនផ្សេងៗទៀតក៏អាចវ៉ៃបានទាំងអស់ លើកលែងតែក្បាច់គុនចម្រុះ (MMA)។

ONE Super Series នឹងប្រើពេល៣ទឹកក្នុង១ទឹកមាន៣នាទី និងសម្រាក១នាទីសម្រាប់ការប្រកួតលក្ខណៈមិត្តភាព ខណៈការប្រកួតជើងឯក ឬខ្សែក្រវាត់ត្រូវធ្វើឡើងចំនួន៥ទឹក ក្នុង១ទឹក៣នាទី និងសម្រាក១នាទី។ ONE បានកំណត់ឲ្យពាក់ស្រោមដៃគុនចម្រុះសម្រាប់ការប្រកួតនេះ ពោលគឺមិនមែនប្រភេទហ្គង់ដៃឡើយ។

ដើម្បីក្លាយជាជើងខ្លាំង ONE Super Series កម្រិតពិភពលោកបាន អ្នកលេងគុនខ្មែរត្រូវគិតលើកត្តាសំខាន់៤នេះជាចម្បង៖

១-កណ្តាប់ដៃ

កណ្តាប់ដៃគឺជាស្នៀតប្រយុទ្ធដ៏សំខាន់បំផុតសម្រាប់ការស្វែងរកពិន្ទុ ឬផ្តួលដៃគូ។ អត្តពលិកម្នាក់ៗត្រូវចេះប្រើកណ្តាប់ដៃច្បាស់លាស់ មានទម្ងន់ និងលឿនរហ័សបំផុតទើបអាចក្លាយជាអ្នកលេងប្រដាល់នេះកម្រិតពិភពលោកបាន។

Giorgio Petrosyan

Giorgio Petroyan ប្រើ​កណ្តាប់​ដៃ​ឆ្វេងវ៉ៃ​លើ​ដៃ​គូ

២-ការទាត់

ការទាត់គឺជាស្នៀតប្រយុទ្ធដ៏សំខាន់មួយទៀតសម្រាប់ការប្រកួតប្រដាល់សេរីប្រភេទនេះ។ ត្រូវមានជំនាញ់ទាត់ទាំងជើងស្តាំង និងជើងឆ្វេង ហើយអាចទាត់បានលើ ក្រោម និងដងខ្លួន។ ច្បាស់ណាស់ថា បើទម្ងន់ជើងធ្ងន់ល្អនោះងាយធ្វើឲ្យដៃគូញញើតណាស់។

គង់ សំបូរ (ស្តាំ)​ទាត់​លើ​កីឡាករ​ចិន

៣-ល្បឿន (ពេលវេលា ចលនា និងកម្លាំង)

អាវុធទាំងពីរខាងលើជាយន្តការសម្រាប់ការស្វែងរកពិន្ទុ និងផ្តួលដៃគូក្នុងទឹកណាមួយ ប៉ុន្តែត្រូវមានធាតុផ្សំជាសំខាន់ថែមទៀតទើបធ្វើឲ្យអាចវុធនោះមានប្រសិទ្ធភាព។ កីឡាករ កីឡាការិនីត្រូវចេះប្រើពេលវេលា៣នាទីៗ ក្នុង១ទឹកៗឲ្យមានប្រសិទ្ធភាពពោលគឺស្ទើរគ្រប់វិនាទីត្រូវចេញអាវុធ។ ការចេញក្បាច់វ៉ៃស្ទើរគ្រប់វិនាទីបានគឺត្រូវតែមានកម្លាំងស៊ុហ្វអត់ធន់ល្អ និងចលនាបំលាស់ទីលឿនរហ័ស។

ចលនា​កីឡាករ​ចិន Liang វ៉ៃ​ជាមួយ​ Lang-Zha

៤-គំនិតជាជើងឯក

ដើម្បីក្លាយជាជើងខ្លាំងលំដាប់ពិភពលោក កីឡាករ កីឡាការិនីម្នាក់ៗត្រូវបានគំនិតជាជើងឯក។ គ្រប់ពេលវេលានៃការហ្វឹកហាត់ ការប្រកួត និងទៅណាមកណា ត្រូវតែមានគំនិតថា ត្រូវខំប្រឹងដើម្បីឈានទៅសម្រេចគោលដៅគឺឈ្នះខ្សែក្រវាត់ពិភពលោក ឬជើងឯកពិភពលោក៕

Angela Lee Family

កីឡាការិនី​សិង្ហបុរី Angela Lee ពេល​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​

ចុច​អាន៖ គូ​ប្រកួត​ដ៏​អស្ចារ្យ​ទាំង​១០​របស់ ONE Super Series