News

Chunyu ផ្តាំ​ទៅ​ Sagetdao ថា : ‘យើង​ត្រូវ​តែ​វ៉ៃ​ឲ្យ​អស្ចារ្យ​បំផុត​’ថ្ងៃសុក្រនេះ

ជើង​ឯកពិភព​លោក WPMF World Champion របស់​ចិន​ “Bamboo Sword” Zhang Chunyu បានអម​ដំណើរ​​ជា​មួយ​ប្អូន​ប្រុស​របស់់​ខ្លួន “Muay Thai Boy” Zhang Chenglong ក្នុង​ការ​ឡើង​សង្វៀន​ក្នុង​សប្តាហ៍​នេះ​។

កីឡាករ​អាយុ​២៧​ឆ្នាំ​​​ត្រូវ​ឡើង​សង្វៀន​ជា​មួយ​នឹង​ជើង​​ឯក​មួយ​ថៃ​​​ពិភព​លោក​ជា​ច្រើន​លើក Sagetdao “Deadly Star” Petpayathai ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ ONE: REIGN OF DYNASTIES II ជាការ​ថត​ទុក​ចាក់​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ ទី​១៦ ខែ​តុលា​នេះ។

Zhang បាន​សិក្សា​ស្វែង​យល់​យ៉ាង​ច្បាស់​​ពី​បញ្ហា​ប្រឈម​ដែល​កំពុង​​កើត​មាន​ចំពោះ​រូប​គេ​ ប៉ុន្តែ​គាត់​​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​មុន​ពេល​​ឡើង​សមរភូមិ​មួយ​ថៃ ONE Super Series។

កីឡាករ​ចិន​និយាយ​ពី​ Sagetdao ថា ៖«​ខ្ញុំ​​បាន​មើល​ការ​ប្រកួត​របស់​គាត់​តាំង​ពី​ខ្ញុំ​អាយុ​ទើប​១២​ឆ្នាំ។ គាត់​បាន​ឈ្នះ​ជើង​ឯក​ពិភព​លោក​​ច្រើន​​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ខ្លាច​រអា​គាត់​ទេ»។

«ខ្ញុំ​​បាន​ចូល​ប្រឡូក​អាជីព​ប្រដាល់​តាំង​ពី​កុមារភាព​ ហើយ​ខ្ញុំ​​បាន​​អប់រំ​​ផ្លូវ​ចិត្ត​មិន​ឲ្យ​ខ្លាច​ដៃ​គូ។ នៅ​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​អភិវឌ្ឍ​ចិត្ត​សាស្ត្រ និង​ស្មារតី​បាន​ល្អ​ណាស់»។

Chinese Muay Thai World Champion "Bamboo Sword" Zhang Chunya

គុណ​ភាព​ផ្លូវ​ចិត្ត​ និង​ជំនាញ​នោះ​ហើយ​ដែល​ផ្តល់​ឲ្យ Zhang មាន​ទំនុក​ចិត្ត​ប្រឈម​នឹង Sagetdao ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ដ៏​គ្រោះ​ថ្នាក់​​ក្នុង​ចំណោម​កីឡាករ​ប្រដាល់​មួយ​ថៃ​នៅ ONE។

បុរសមក​ពី​តំបន់ Maha Sarakham ក្នុង​ប្រទេស​ថៃ បាន​កសាង​ប្រវត្តិ​ប្រកួត​ដ៏​អស្ចារ្យ​គឺ​ឈ្នះ​រហូត​ដល់​១៦២​ដង​ ហើយ​​ធ្លាប់​​ខ្សែ​ក្រវាត់​​​មួយ​ថៃ​ពិភព​លោក​​៧ដង។

ឆ្លង​កាត់​អាជីព​ជោកជាំ​នេះ​ តារា​ប្រដាល់​ថៃ​រូប​នេះ​​បាន​យក​ឈ្នះ​ជើង​ខ្លាំង​មិត្ត​រួម​ជាតិ​ជា​ច្រើន​ដូច​ជា​ជើង​ខ្លាំង Saenchai PK.Saenchai Muaythaigym, កីឡាករ Liam “Hitman” Harrison ហើយ​សូម្បី​តែ​ម្ចាស់​ជើងឯក​មួយ​ថៃ​ពិភព​លោកបច្ចុប្បន្ន​ ONE Bantamweight Muay Thai World Champion គឺ​ Nong-O Gaiyanghadao ក៏​ធ្លាប់​ចាញ់​រូប​គេ​ដែរ។

នៅ​ឆ្នាំ​២០១៤ កីឡាករ​ថៃ​រូប​នេះ​​បាន​សម្រេច​ឈប់​ពី​ប្រដាល់​មួយ​ថៃ និង​បាន​ទៅ​រស់​នៅ​ប្រទេស​សិង្ហបុរី ដែល​រូប​គេ​​ក្លាយ​ជា​គ្រូ​បង្វឹក​ដើម្បី​ផ្ទេរ​ជំនាញ​ដល់​ក្មេង​ជំនាន់​ក្រោយ​នៅ​ក្លឹ Evolve

បន្ទាប់​មក នៅ​ខែ​មីនា ឆ្នាំ​២០១៧ រូប​គេ​បាន​សាក​ល្បង​ចូល​វ៉ៃ​គុន​ចម្រុះ​វិញ​ម្តង។ រូប​គេ​​ទទួល​បាន​ជោគជ័យ​តាម​រយៈ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​៣​​លើក ប៉ុន្តែ​ឥឡូវ​នេះ​គាត់​បាន​សម្រេច​ចិត្ត​វិល​ទៅ​ប្រកួត​មួយ​ថៃ​វិញ​ជា​មួយ​កីឡាករ​ចិន​ Zhang។



ខណៈ​​ពេល​ខ្លា​ចាស់​ Sagetdao នឹង​សម្លឹង​ស្វែង​ភាព​ខ្លាំង​របស់​ខ្លួន​វិល​ត្រឡប់​មក​វិញ ក៏​ជើង​ខ្លាំង​ចិន Zhang ជឿ​ថា គាត់​អាច​យក​ឈ្នះ​​ខ្លា​ចាស់​ថៃរីក​គ្រប់​រដូវ​នេះ​បាន។

ជើង​ខ្លាំង​ចិន​​ប្រាប់​ថា ៖«​ខ្ញុំ​បាន​សិក្សា​ស្វែង​យល់​ពី​ការ​ប្រកួត​រប​ស់​គាត់​ជា​មួយ​គ្រូ​របស់​ខ្ញុំ ហើយ​យើង​បាន​រក​ឃើញ​ពីល្បិច​កល់​មួយ​ចំនួន​ដែល​យើង​អាច​ទប់​ទល់ និង​វ៉ៃ​ជា​មួយ​គាត់»។

«យើង​​ត្រូវ​តែ​កាត់​ផ្តាច់​ចង្វាក់​ចេញ​អាវុធ​ញាប់​របស់​គាត់។ ប្រសិន​បើ​យើង​ទប់​ស្កាត់​បាន ដូច្នេះ​ឱកាស​ដែល​អាច​យក​ឈ្នះ​គាត់ច្រើន​ណាស់»។

យុទ្ធ​សាស្ត្រ​វ៉ៃ​សម្រុក​​ទាំង​នោះ​​​ប្រហែល​ជា​​បញ្ហា​ចម្បង​​សម្រាប់​កីឡាករ​ចិន ប៉ុន្តែ​​រូប​គេ​ក៏​មាន​​អ្វី​ផ្សេង​ដែល​អាច​គ្រប់​គ្រង​កីឡាករ​ថៃ​​បាន។

«ចំណុច​ខ្សោយ​របស់​គាត់​គឺ​ដូច​ជា​គាត់​ចូល​ចិត្ត​ចេញ​កណ្តាប់​ដៃ​ច្រើន​ក្នុង​ពេល​តែ​មួយ។ វ៉ៃ​ជា​មួយ Sagetdao ខ្ញុំ​នឹង​ប្រើ​ជំនាញ​ប្រដាល់​ចម្រុះ​របស់​ខ្ញុំ»។

Chinese Muay Thai World Champion "Bamboo Sword" Zhang Chunya

ការ​ប្រកួត​នៅ​ថ្ងៃ​សុក្រ​នេះ ជើង​ឯក​ពិភព​លោក WPMF World Champion មិន​ត្រឹម​តែ​ស្រេក​ឃ្លាន​បង្ហាញ​ជំនាញ​របស់​​ខ្លួន​ប៉ុណ្ណោះ​ទេ​ ប៉ុ​ន្តែ​គាត់​​ក៏​ស្រេក​ឃ្លាន​បង្ហាញ​​ក្នុង​នាម​ជា​កីឡាករ​ចិន​ដែល​ជា​ប្រទេស​ល្បី​ល្បាញ​ខាង​ក្បាច់​គុន​យូរ​ណាស់​មក​ហើយ។

Zhang និយាយ​ថា ៖«អ្វី​ទាំង​អស់​ដែល​ខ្ញុំ​វ៉ៃ​ជា​មួយ Sagetdao គឺ​ខ្ញុំ​​ចង់បង្ហាញ​ថា ខ្ញុំ​ខ្លាំង។ ខ្ញុំ​បង្ហាញ​ពីភាព​ខ្លាំង​ក្នុង​នាម​ជា​កីឡាករ​ចិន»។

«ចំពោះ Sagetdao ខ្ញុំ​សង្ឃឹម​ថា គាត់​ត្រៀម​ខ្លួន​បាន​ល្អ និងចេញ​ក្បាច់​ជា​មួយ​ខ្ញុំ​ឲ្យ​បាន​ល្អ​បំផុត។ ត្រូវ​តែ​លេង​ឲ្យ​អស់​ដៃ​ដើម្បី​ដឹង​ថា នរណា​ជា​អ្នក​ខ្លាំង​ពិត​ប្រាកដ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​ផ្តួល​​គាត់​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ដោយ​ជំនាញ់​ប្រដាល់សំបូរ​បែប​របស់​ខ្ញុំ»៕

Read more: Zhang Chenglong Hopes To Show ‘Spirit’ Of Chinese Fighters Vs. Akimoto