News

Yodsanklai ជឿ​ថា កណ្តាប់​ដៃ​ខ្លួន​នឹង​ផ្តួល​​ Petchmorakot ឲ្យ​សន្លប់យក​ខ្សែ​ក្រវាត់

ជើង​ខ្លាំង Yodsanklai IWE Fairtex គឺ​ជា​វិរបុរស​​ប្រដាល់​មួយ​ថៃ​ដ៏​​​ជោគជ័យ និង​រឹង​មាំ​បំផុត។ 

បុរស​ដែល​ត្រូវ​បាន​គេ​ហៅ​ថា អ្នក​ប្រដាល់​កុំព្យូទ័រ  “The Boxing Computer” បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​ច្រើន​មក​ហើយ​ក្នុង​អាជីព​ប្រដាល់មួយ​ថៃ​របស់​គេ ប៉ុន្តែ​ជើង​ខ្លាំង​រូប​​នេះ​នៅ​មាន​មហិច្ឆតា​ធំ​ទៀត​​ក្នុង​ការ​ប្រកួត​នា​ថ្ងៃ​សុក្រ ទី​​៣១ ខែ​​កក្កដា ខាង​មុខ​នេះ​ដែល​មាន​ប្រាក់​រង្វាន់​​ដ៏​ច្រើន។

រាត្រី​នោះ​ក្នុង​ទី​ក្រុង​បាងកក ​ប្រទេស​ថៃ អ្នក​លេង​មួយ​ថៃ​ Yodsanklai ត្រូវ​ធ្វើ​ការ​​ធ្ងន់​​ទល់​នឹង​​ម្ចាស់​ជើង​ឯក​ខ្សែ​ក្រវាត់​​មួយ​ថៃ​ពិភព​លោក​ ONE Featherweight គឺ​ Petchmorakot Petchyindee Academy សម្រាប់​តំណែង​គូ​​ឯក​រង​នៃ​ព្រឹត្តិការណ៍ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​២​គូ​​ ONE: NO SURRENDER

«​គោល​បំណង​របស់​ខ្ញុំ​នៅ​ស្ថាប័ន ONE Championship គឺ​ឈ្នះ​​ជើង​ឯក​ពិភព​លោក​​ ONE ឲ្យបាន​ម្តង​ក្នុង​​ជីវិត​របស់​ខ្ញុំ»។ នេះ​ជា​សំដី​របស់​កីឡាករ​អាយុ​៣៤​ឆ្នាំ​ដែល​រស់​នៅ​ផាត់តាយ៉ា។

«មាន​រយៈ​ពេល​២​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​ចូល​ប្រកួត​នៅ ONE Championship ដូច្នេះ​​ខ្ញូំ​ចង់​​ឈ្នះ​ជើង​ឯក​ពិភព​លោក​ ONE World Champion។ នោះ​ហើយ​គឺ​ជា​គោល​បំណង​របស់​ខ្ញុំ»។



ខែ​ឧសភា ឆ្នាំ​២០១៨ Yodsanklai បាន​លេច​មុខ​ប្រកួត​លើក​ដំបូង​នៅ ONE Super Series ដែល​ពេល​នោះ​រូប​គេ​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​​លើ​កីឡាករ Chris “The African Warrior” Ngimbi

បន្ទាប់​មក​ រូប​គេ​បានឈ្នះ​២​​ប្រកួត​ជាប់​គ្នា​ទៀត​នៅ​សង្វៀនកំពូល​អាស៊ី​នេះ។

អ្នក​ប្រដាល់​កុំព្យួទ័រ​រូប​នេះ​​បាន​ផ្តួល​កីឡាករ​អូស្ត្រាលី​ Luis “Soot Raaeng Geert” Regis ក្នុង​ទឹក​ទី​១ នៅ​ខែ​​ធ្នូ ឆ្នាំ​២០១៨​ ដែល​រូប​គេ​ប្រើ​ពេល​ត្រឹម​តែ​១២៨​វិនាទី​ប៉ុណ្ណោះ

បន្ទាប់​មក វិរបុរស​ថៃ​រូប​នេះ​​បាន​ប្រើ​កណ្តាប់​ដៃ​យក្ស​រ​បស់​ខ្លួន​​ផ្តួល​ជើង​ខ្លាំង​ឃីកបុកសីង​ហុល្លង់ Andy “Souwer Power” Souwer នៅ​ក្នុង​ទឹក​ទី​១សម្រាប់​ការ​​ជួប​គ្នា​សា​ថ្មី​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៩។

អ្នក​ទាំង​ពីរ​បាន​បង្កើត​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​គ្នា​​ដោយ​បើក​ទ្វារ​ស្វែង​រក​ខ្សែ​ក្រវាត់​ពិភព​លោក ONE World ។

Thai legend Yodsanklai IWE Fairtex knocks out his rival, Andy Souwer

ជា​មួយ​គ្នា​នេះ​នៅ​សង្វៀន​កំពូល​អាស៊ី​ កំពូល​​អ្នក​ប្រដាល់​ Petchmorakot បាន​ប្រើ​កែង​ឆ្វេង​​ផ្តួល​កីឡាករ​ Liam “Hitman” Harrison កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧  និង​ប្រើ​​ជង្គង់​​​បុក​ដង​ខ្លួន​ Charlie “Boy” Peters  ឲ្យ​បោះ​បង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

ប៉ុន្តែ​រឹត​តែ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​​ Petchyindee Academy ​គឺ​នៅ​ពេល​ដែល​រូប​គេ​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​កាល​ពី​ខែ​​កុម្ភៈ​ ឆ្នាំ​២០២០ ដែល​​បាន​ឈ្នះ​ជើង​ខ្លាំង​មិត្ត​រួម​ជាតិ​ Pongsiri PK.Saenchaimuaythaigym ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ជើង​ឯកមួយ​ថៃ​​ពិភព​លោក​ ONE Featherweight។

“អ្នក​ប្រដាល់​កុំព្យួទ័រ” ​ត្រូវ​ធ្វើ​ការ​ធ្ងន់​ណាស់​​លើក​នេះ។ រូប​គេ​ដឹង​ខ្លួន​ថា រូប​គេ​នឹង​​ប្រុង​ប្រយ័ត្ន​​គ្រប់​វិនាទី​ក្នុងការ​ប្រកួត​៥​ទឹក​នេះ ហើយ​ជា​ពិសេស​ត្រូវសម្លឹង​តាម​ដាន​ឲ្យ​​ជាប់​​ចំពោះ​កែង និង​​ជើង​របស់​ដៃ​គូ​។

«អាវុធរបស់ Petchmorakot ដែល​ខ្ញុំ​ត្រូវ​ការ​ប្រយ័ត្ន​​បំផុត​គឺ​កែង​របស់​គេ។ ជង្គង់​របស់​គេ​ក៏​គ្រោះ​ថ្នាក់​​ដែរ ប៉ុន្តែ​គ្រោះ​ថ្នាក់​បំផុត​នោះ​គឺ​កែង»។  Yodsanklai បាន​និយាយ​ថា និង​បន្ថែម​ថា «ខ្ញុំ​​ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ចំពោះ​កែង និង​ការ​ទាត់​របស់​ Petchmorakot»។

Yodsanklai IWE Fairtex knocks out Luis Regis

ដើម្បី​ទប់​ទល់ ជើង​ខ្លាំង​ Yodsanklai មាន​អាវុធ​គ្រោះ​ថ្នាក់​ប្រចាំ​ខ្លួន​ហើយ​ដើម្បី​វាយ​បក​នឹង​កីឡាករ​មក​ពី​ក្លឹប Petchyindee Academy។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា ៖«នៅ​ពេល​ខ្ញុំ​ជួប​ Petchmorakot ខ្ញុំ​នឹង​ប្រើ​​លក្ខណៈ​ពិសេស​របស់​ខ្ញុំ​ គឺ​​ការ​ទាត់ និង​កណ្តាប់​ដៃ។ ខ្ញុំ​ជឿ​ថា ការ​ទាត់ និង​កណ្តាប់​ដៃ​​របស់​ខ្ញុំ​មាន​ទម្ងន់ និង​ខ្លាំង​ជាង Petchamorakot។ អាវុធ​ខ្ញុំ​ពិត​ជា​គ្រោះ​ថ្នាក់»។ ហើយ​មិន​មែន​តែ​រឿង​ម្យ៉ាង​នេះ​ទេ​ដែល​​អ្នក​ប្រដាល់​កុំព្យួទ័រ​មាន​ជំនឿ​ចិត្ត។

មែន​ហើយ Yodsanklai បាន​ផ្តួល​ដៃ​​គូ​ប្រកួត​រាប់​ភ្លេច​ទៅ​ហើយ​ក្នុង​រយៈ​ពេល​អាជីព​ប្រដាល់​មួយ​ថៃ​ជិត​៣០​ឆ្នាំ​​កន្លង​ទៅ​នេះ​គឺ​តាម​រយ:កណ្តាប់​ដៃ ហើយ​សូម្បី​តែ​នៅ​សង្វៀន ONE Championship អ្នក​ទស្សនា​ទូទាំង​ពិភព​លោក​បាន​ឃើញ​កណ្តាប់​ដៃ​កុំព្យួទ័រ​​របស់​គេ​បាន​ផ្តួល​ Regis និង Souwer ស្រាប់​ហើយ។

រវាង​អាវុធ​ពិសេស​ផ្ទាល់​ខ្លួន និង​ការ​វិភាគ​ទៅ​​លើ​សមត្ថភាព​របស់​ម្ចាស់​ខ្សែ​ក្រវាត់់ ONE Featherweight  រូប​គេ​ជឿ​ថា រូប​គេ​អាច​បញ្ឈប់​ដៃ​គូ​មិត្ត​រួម​ជាតិ​ក្នុង​ទឹក​ណា​មួយ​បាន។

«ខ្ញុំ​នឹង​ផ្តួល​ Petchmorakot ដោយ​កណ្តាប់​ដៃ។ កណ្តាប់​ដៃ​របស់​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គេលែង​ទៅ​មុខ​បាន ហើយ​ខ្ញុំ​ប្រហែល​ជា​អាច​ផ្តួល​រូប​គេ​ឲ្យ​សន្លប់​​ក៏​ថា​​បាន ពី​ព្រោះ​យើង​ប្រកួត​ដោយ​ប្រើ​ស្រោម​ដៃ​​គុន​ចម្រុះ​ដូច​ គ្នា »។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​ប្រដាល់​កុំព្យួទ័រ។

នៅ​មិន​ដល់​២​សប្តាហ៍​ទៀត​​ទេ​ អ្នក​លេង​មួយ​ថៃ​ទាំង​ពីរ​​​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​ឃើញ​ច្បាស់​នឹង​ភ្នែក​ ហើយ​វា​ច្បាស់​ណាស់​ថា ជំនឿ​ចិត្ត​របស់​ Yodsanklai នឹង​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ឡើយ។

«Petchmorakot, ឯង​ត្រៀម​ខ្លួន​ឲ្យ​​ល្អ​ទៅ។ ពី​ព្រោះ​នៅ​ថ្ងៃ​ទី​៣១ ខាង​មុខ​​នេះ ខ្ញុំ​នឹង​យក​​ខ្សែ​ក្រវាត់​​ពី​ឯង​មក​​ពាក់​នៅ​ចង្កេះ​​ខ្ញុំ​ឲ្យ​បាន»។ នេះ​ជា​សំដី​របស់ Yodsanklai ដែល​បាន​ព្រមាន​​ទៅ​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​អាយុ​២៦​​ឆ្នាំ៕

ចុចអាន : Petchmorakot Hopes To Become A Legend By Beating Yodsanklai