News

Superlek ប្តេជ្ញា​​ប្រើ​យុទ្ធសាស្ត្រ​វ៉ៃ​សន្ធាប់​ដើម្បី​ផ្តាច់​ Fahdi Khaled តែម្តង

ជើងខ្លាំងរហស្សនាម“រន្ទះ​ជើង​ម៉ាស៊ីន ” Superlek Kiatmoo9 កំពុង​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​អាជីព​ប្រដាល់​មួយ​ថៃ​របស់​ខ្លួន​ជា​មួយ​នឹង​កំណត់​ត្រា​ជ័យជម្នះ​​១២៥​ដង ចាញ់​២៨​ដង និង​ស្មើ​២​ដង ព្រម​ទាំង​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​នៅ​សង្វៀន Lumpinee Stadium បាន​២​ដង។

ឥឡូវ​នេះ រូប​គេ​​កំពុង​បោះ​ជំហ៊ាន​ចូល​វ៉ៃ​ប្រដាល់​​​ខុស​ពី​មួយ​ថៃ​គឺ​ ឃីកបុកសីង

កីឡាករ​អាយុ​២៤​ឆ្នាំ​មក​ពី​ខេត្ត​បុរីរាំ ប្រទេស​ថៃ ​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង​​អត្តពលិក​ស្ថាប័ន ONE Championship ពេល​នេះ​រូប​គេ​ត្រូវ​ត​ទល់​នឹង​កីឡាករ​ទុយនេស៊ី Fahdi Khaled សម្រាប់​ការ​ប្រកួត​ឃីកបុកសីង  ONE Super Series ។

កីឡាករ​ទាំង​ពីរ​ត្រូវ​ប្រកួត​គ្នា​ក្នុង​តំណែងគូ​ឯក​រង​នៃ​ព្រឹត្តិការណ៍​ប្រកួត ONE: A NEW BREED II នា​ថ្ងៃ​សុក្រ​ ទី​១១ ខែ​កញ្ញា ដែល​ជា​ការ​ប្រកួត​ថត​ទុក​ដើម្បី​ចាក់​ផ្សាយ​នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ។

Superlek និយាយ​ថា ៖«ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ ពី​ព្រោះ​ខ្ញុំ​ខ្លាច​ធ្វើ​ឲ្យ​មាន​កំហុស ពី​ព្រោះ​ ONE Championship បាន​កំណត់ឲ្យ​ប្រកួត​តាម​ច្បាប់​ឃីកបុកសីង ហើយ​​ខ្ញុំ​មាន​ជំនាញ​វ៉ៃ​មួយ​ថៃ»។

«ខ្ញុំ​បាន​សិក្សា​ស្វែង​យល់​ច្បាប់​ឃីកបុកសីង និង​បាន​ព្យាយាម​ហ្វឹកហាត់​តាម​ទម្រង់​ឃីកបុកសីង ដែល​ផ្តោត​លើ​​កណ្តាប់​ដៃ​ និង​ទាត់ជា​ចម្បង»។



សម្រាប់​អ្នក​ដែល​ធ្លាប់​បាន​ឃើញ Superlek ប្រកួត ប្រហែល​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​រូប​គេ​ព្រួយ​បារម្ភ​ពី​ច្បាប់​ប្រកួត​ខុស​គ្នា។ បន្ទាប់​ពី​សិក្សា​ស្វែង​យល់ និង​ហ្វឹកហាត់​​មក កីឡាករ​រន្ទះ​ជើង​ម៉ាស៊ីន​រូប​នេះ​នឹង​កាន់​តែ​មាន​មូលដ្ឋាន​គ្រឹះ​ឃីកបុកសីង​កាន់​តែ​ប្រសើរ​ឡើង។

មូលដ្ឋាន​គ្រឹះដ៏​ប្រសើរ​នេះ​ហើយ​​ដែល​ផ្តល់​​ឲ្យ​រូប​គេ​រៀប​ចំផែន​ការ​យ៉ាង​ល្អ​ដើម្បី​ត​ទល់​នឹង​កីឡាករ​ Khaled ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ស្ថិត​ក្នុង​ចំណោម​ថ្នាក់​ទី​៥​នៃ​ទម្ងន់​នេះ។

កីឡាករ​ទុយនេស៊ី​ម្នាក់​នេះ​ទើប​តែ​ទទួល​បាន​ជ័យជម្នះ​​លើ​កីឡាករ​ចិន Huang Ding ក្នុង​ព្រឹត្តិការណ៍​ប្រកួត ONE: NO SURRENDER II កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ដែល​ពេល​នោះ​រូប​គេ​មាន​ជំហរវ៉ៃ​ប្រយោល​ល្អ។

Superlek  និយាយ​ពី​ Khaled ថា ៖«​ខ្ញុំ​បាន​ឃើញ​ប្រកួត​ចុង​ក្រោយ​​របស់​គាត់​ ឃើញ​ថា អាវុធ​របស់​គាត់​ធ្ងន់​ល្អ ជា​ពិសេស​ទាត់​ទៅលើក្បាល​ និង​ទាត់​ជើង​ក្រោម។ ជូន​កាល​គាត់​​ធាក់​លើ​ផ្ទៃ​មុខ​របស់​​ដៃ​គូ។ ជូន​​កាល​ទាត់​ក្រោម។ និយាយ​ទៅ​អាវុធ​គាត់​ល្អ»។

«សំខាន់​មួយ​ទៀត​នោះ​គឺ កណ្តាប់​ដៃ​របស់​គាត់​​ក៏​អាច​ចេញ​បាន​លឿន​គ្រប់​ពេល​វេលា​ដែរ»។

វា​ច្បាស់​ណាស់​ថា  Superlek នឹង​ធ្វើ​ការ​ធ្ងន់​ដោយ​ត្រូវ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ជួប​​កីឡាករ​កំពុង​ឡើង​កូដ​នា​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ប៉ុន្តែ​រូប​គេ​បាន​រៀប​ផែន​ការ​ប្រើ​យុទ្ធសាស្ត្រ​វ៉ៃ​សន្ធាប់​ដើម្បី​កុំ​ឲ្យ​ដៃ​គូ​មាន​ឱកាស​ចេញ​អាវុធ​ស្រួល​ៗ។

តារា​ប្រដាល់​ថៃ​រូប​​នេះ​ប្រាប់​ថា ៖«​ខ្ញុំ​នឹង​ព្យាយាម​វ៉ៃ​សន្ធាប់ឲ្យ​ខ្លាំង។ ជា​ពិសេស​ ខ្ញុំ​នឹង​ទាត់​ជើង​របស់​គាត់ និង​ចេញ​កណ្តាប់​ដៃ​ឲ្យ​បាន​ច្រើន​​លឿន​ៗ។ ម្យ៉ាង​ទៀត បទ​ពិសោធ​របស់​ខ្ញុំ​នឹង​ជួយ​ខ្ញុំ​កាន់​តែ​ច្រើន ហើយ​​ខ្ញុំ​គិត​ថា ខ្ញុំ​ល្អ​ជាង​គេ​ក្នុង​ការ​វ៉ៃ​​សម្រុក»។

Superlek បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​លក្ខណៈ​​មួយ​ថៃ ONE Super Series ៣​ដង​ហើយ​ដោយ​ទទួល​បាន​ជ័យជម្នះ​ទាំង​អស់​ក្នុង​នោះ​យក​ឈ្នះ​កីឡាករ​ ឡៅ ចិត្រា ឈ្នះ​ Rui Botelho និងចុង​ក្រោយ​ឈ្នះ Panpayak Jitmuangnon នៅ​ព្រឹត្តិការណ៍ ONE: NO SURRENDER កាល​ពី​ខែ​កក្កដា។

ប្រសិន​បើ​រូប​គេ​បន្ត​ឈ្នះ​ការ​ប្រកួត​លើក​ទី​៤​នេះ រូប​គេ​បោះ​ជំហាន​ទៅ​កាន់​តែ​កៀក​នឹង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ដែល​ជា​ក្តី​ស្រមៃ​របស់​ខ្លួន​ហើយ។

Muay Thai superstar Superlek Kiatmoo9 with the winner's medal

ដើម្បី​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ខ្សែ​ក្រវាត់ អ្នក​លេង​រន្ទះ​ជើង​ម៉ាស៊ីន​ត្រូវ​ការ​ឆ្លង​កាត់ Khaled ឲ្យ​ជោគជ័យ​ជា​មុន​សិន ប៉ុន្តែ​តាម​ផែន​ការ​វ៉ៃ​សន្ធាប់​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​រូប​គេ​សម្រេច​បំណង​នេះ​បាន។

Superlek បញ្ជាក់​ថា ៖«ផែន​កា​រ​នៃ​ការ​ប្រកួត​លើក​នេះ​​គឺ​វ៉ៃ​កៀក សន្ធាប់​យក​តែ​ម្តង ពី​ព្រោះ​វ៉ៃ​តែ​៣​ទឹក​ប៉ុណ្ណោះ។ ខ្ញុំ​​ត្រូវ​តែ​ដើរ​ចូល​ឲ្យ​កៀក និង​ចេញ​អាវុធ​ឲ្យ​បាន​លឿន វ៉ៃ​ៗ​យក​តែ​ម្តង»។

«រឿង​ដែល​សំខាន់ ខ្ញុំ​អត់​ចង់​វ៉ៃ​លក្ខណៈ​មាន​គោល​ជំហរ​ថយ​ក្រោយ​ទេ។ ​ខ្ញុំ​ចង់​វ៉ៃ​សន្ធាប់​យក​តែ​ម្តង ហើយ​ចេញ​អាវុធ​ឲ្យ​បាន​លឿន​ៗ​ទាំង​​៣​ទឹក។ ប្រកួត​នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​បាន​សម្រេច»។

អាន​បន្ថែម: សមាសភាព​គូ​ប្រកួត ONE: A NEW BREED II ត្រូវបានប្រកាសជាផ្លូវការ

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។