News

ទី​បំផុត​ Stamp វិល​ចូល​សង្វៀន​វ៉ៃ​គុន​ចម្រុះ​​​នៅ​ ONE: NO SURRENDER

គូ​ប្រកួត​​ទាំង​អស់​ត្រូវ​បាន​ប្រកាស​ជា​​ផ្លូវ​ការ​ហើយ​សម្រាប់​​​ព្រឹត្តិការណ៍​ប្រកួត​ឡើង​វិញ​របស់​ ONE Championship ដែល​នឹង​ធ្វើ​ឡើង​ ​នា​ថ្ងៃ​សុក្រ ទី​៣១ ខែ​ កក្កដា ខាង​មុខ​នេះ។

ស្រប​​ពេល​ស្ថាប័ន​កីឡា​​ធំ​​ក្នុង​ពិភព​លោក​​បាន​បើក​ទំព័រ​ព្រឹត្តិការណ៍​​ប្រកួត​​ឡើង​វិញ​​តាម​ការ​គ្រោង​ទុក​ ONE: NO SURRENDER នោះ គូ​ប្រកួត​សំខាន់​បំផុត​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មាន​​​៣​គូ​ដែល​សុទ្ធ​តែ​ជើង​ខ្លាំង​មួយ​ថៃ​​​ល្បី​​​ទូទាំង​ពិភព​លោក និង​ជា​ការ​ជួប​គ្នា​ដែល​អ្នក​ទស្សនា​ទូទាំង​ពិភព​លោក​ចង់​ឃើញ។

ជា​មួយ​គ្នា​នេះ​ក៏​មាន​​គូ​ប្រកួត​គុន​ចម្រុះ​ពីរ​គូ និង​មួយ​គូ​ទៀត​ជា​ជើង​ខ្លាំង​មួយ​ថៃ​​បះ​​គ្នា​ដែល​នឹង​ធ្វើ​ឲ្យ​កក្រើក​នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ។​

នារី​​ក្បាច់​គុន​​ដែល​ជា​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ ONE Atomweight គឺ​កីឡា​ការិនី​ស្រស់​សោភា​ និង​គួរ​ឲ្យ​ស្រឡាញ់​កញ្ញា Stamp Fairtex ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គូ​សំខាន់​ពិសេស​សម្រាប់​​ការ​ប្រកួត​កីឡា​គុន​ចម្រុះ​ដែល​​​​ជា​បំណង​ប្រាថ្នា​របស់​នាង​ក្នុង​​អាជីព​រហូត​ដល់​៣​ប្រភេទ​កីឡា។

កីឡាការិនី​វ័យ​២២​ឆ្នាំ​​​ល្បី​ល្បាញ​របស់​​ថៃ​រូ​នេះ​​ត្រូវ​បាន​គេ​មើល​ឃើញ​ហើយ​​ក្នុង​ការ​ប្រឡូក​ចូល​អាជីព​ប្រដាល់​គុន​ចម្រុះ​នេះ​ ខណៈ​រូប​នាង​​ធ្លាប់​បាន​​ប្រកួត​គុនចម្រុះលើក​ដំបូង​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៨​ដែល​ពេល​នោះ​ឈ្នះ​កីឡាការិនី​ ​ឥណ្ឌា​ Rashi Shinde ក្នុង​កម្មវិធី​ Rich Franklin’s ONE Warrior Series

នារី​ស្រស់​សោភា​ Stamp ​មាន​ប្រវត្តិ​ប្រកួត​គុន​ចម្រុះបាន​៤​ដង​គឺ​ឈ្នះ​ទាំង​៤​​ដង​​ក្នុង​​នោះ​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​២​ ឈ្នះ​ដោយ​អាជ្ញា​កណ្តាប់​បញ្ឈប់​ម្តង​ និង​ឈ្នះ​ពិន្ទុ​ម្តង។​

សម្រាប់​ការ​វិល​ត្រឡប់​មក​កាន់​ក្បាច់​គុន​ចម្រុះ​លើក​នេះ នាង​ត្រូវ​ប្រឈម​នឹង​មិត្ត​រួម​ជាតិ​ Sunisa “Thunderstorm” Srisen។

តាម​ពិត​ទៅ​ កីឡា​ការិនី Srisen ជា​​​លើក​ទី​១​ហើយ​​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​បែប​នេះ ប៉ុន្តែ​កីឡា​ការិនី​វ័យ​ក្មេង​ទើប​អាយុ​១៩​ឆ្នាំ​នេះ​មិន​មែន​ដំឡូង​មូល​នោះ​ទេ​ពោល​គឺ​នាង​ធ្លាប់​វ៉ៃ​នៅ​កម្មវិធី​ថៃ Metall Dojo Metal ៣​ដង​ហើយ​គឺ​ឈ្នះ​ទាំង​៣​ដង។

ជ័យជម្នះ​ទាំង​៣​លើក​របស់​នាង​គឺ​បញ្ឈប់​ដៃ​គូ​ពាក់​កណ្តាល​ទី​ទាំង​អស់រាប់​បញ្ចូល​ទាំង​កីឡា​ការិនី​ជើង​ចាស់​របស់​ ONE គឺ​នាង Audreylaura “Ice Comet” Boniface

Thai mixed martial artist Stamp Fairtex unleashes her ground and pound

ជា​មួយ​គ្នា​ កីឡាករ Mark “Tyson” Fairtex Abelardo ក៏​មាន​វត្តមាន​វ៉ៃ​ក្នុង​ព្រឹត្តិការណ៍​ ONE: NO SURRENDER នេះ​ដែរ។

បន្ទាប់​ពី​ជោគជ័យ​នៅ​ ONE Warrior Series កីឡាករ​ Kiwi ដែល​រស់​នៅ​ទី​ក្រុង​បាងកក​បាន​ផ្តួល​កីឡាករ​ម៉ុងហ្គោលី Shinechagtga Zoltsetseg កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨ ដើម្បី​បន្ត​កុង​​ត្រា​ជាមួយ ONE

កីឡាករ​អាយុ​២៨​ឆ្នាំ​​ទទួល​បាន​ជោគជ័យ​នៅ​លើ​ឆាក​អន្តរជាតិ​តាម​រយៈការ​ឈ្នះ​កីឡាករ​ Ayideng “The Kazakh Eagle” Jumayi និង​ឈ្នះ​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​៥​ Daichi Takenaka

ទើប​តែ​ចាញ់​​​ជើង​ខ្លាំង​ Troy “Pretty Boy” Worthen កាល​ពី​ខែ​កុម្ភៈ​​កន្លង​ទៅ​នេះ​ ដូច្នេះ​កីឡាករ Abelardo ​ត្រូវ​ស្វែង​រក​ជ័យជម្នះ​ដើម្បី​ស្តារ​ដើម​វិញ​នៅ​ពេល​រូប​គេ​ត្រូវ​ជួប​នឹង​ជើង​ខ្លាំង​ Fabrício “Wonderboy” Andrade សម្រាប់​ការ​ប្រកួត​សំខាន់​លើក​ដំបូង​នៅ​ស្ថាប័ន ONE Championship។

ជើង​ខ្លាំង​ប្រេស៊ីល​​អាយុ​២២​ឆ្នាំ​ និង​ជា​ជើង​ឯក​មួយ​ថៃ​​អាមេរិក​ភាគ​ខាង​ត្បូង​រស់​នៅ​ខេត្ត​ភូកេត ប្រទេស​ថៃ។ រូប​គេ​​ធ្លាប់​មាន​ប្រវត្តិ​វ៉ៃ​គុន​ចម្រុះ​ឈ្នះ​២​ដង​​ក្នុង​នោះ​ឈ្នះ​​អតីត​​កីឡាករ​ ONE គឺ​ Li Ge Teng និង​​ឈ្នះ​​ Xiatihe Zhumatai នៅ​ ONE Hero Series។

Filipino-Kiwi Mark Fairtex Abelardo gunning for the knockout blow

គូ​ប្រកួត​មួយ​ថៃ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​មួយ​ទៀត​​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​ “The Angel Warrior” Panpayak Jitmuangnon ទល់​នឹង​​ Superlek “The Kicking Machine” Kiatmoo9។ គូ​នេះ​ជា​ដៃ​គូ​ប្រយុទ្ធ​យូរ​អង្វែង​របស់​អ្នក​ទាំង​ពីរ​។

ម្ចាស់​​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ទាំង​ពីរ​​ប៉ះ​គ្នា​លើក​ទី​១​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៥​ ហើយ​រហូត​ដល់​ពេល​នេះ​ជួប​គ្នា​៦​ដង​ហើយ។ តាម​ស្ថិតិ​គឺ​ជើង​ខ្លាំង​រហស្សនាម​ “The Angel Warrior” ឈ្នះ​៤ ស្មើ​១​ និង​ចាញ់​១។

នៅ​ទី​ក្រុង​បាងកក​ ពួក​គេ​នឹង​ជួប​គ្នា​លើក​ទី​​៧​ និង​ជា​ការ​ជួប​គ្នា​លើក​ដំបូង​លើ​ឆាក​អន្តរជាតិ​ ONE Championship ដែល​ជើង​ខ្លាំង​ម្នាក់​​មាន​ឱកាស​សន្សំ​ពិន្ទុ​​ដើម្បី​ស្វែង​រក​ចំណាត់​ថ្នាក់​នៅ​ស្ថាប័ន​ ONE

ជើង​ខ្លាំង Panpayak ដែល​មាន​ចំណាត់​ថ្នាក់​លេខ​១​ និង​ជា​មិត្ត​រួម​ក្លឹប​ Rodtang ក៏​ធ្លាប់​មាន​មុខ​នៅ​ស្ថាប័ន​​​​ដែល​ជា​ផ្ទះ​នៃ​ក្បាច់​គុន​នេះ​ដែរ​នៅ​ពេល​​រូប​គេ​ឈ្នះ​កីឡាករ​ព័រទុយហ្គាល់​ Rui Botelho និង​កីឡាករ​ជប៉ុន Masahide “Crazy Rabbit” Kudo។

ចំណែក​​ Superlek ក៏​មិន​ធម្មតា​នៅ​សង្វៀន​កំពូល​នេះ​ដែរ​។  កីឡាករ​ដែល​មាន​ចំណាត់​ថ្នាក់​លេខ​២​ធ្លាប់​បាន​យក​ឈ្នះ​កីឡាករ​កម្ពុជា ឡៅ ចិត្រា

ខាង​ក្រោម​នេះ​ជា​គូ​ប្រកួត​នៅ​ ONE: NO SURRENDER.

Muay Thai World Champion Panpayak Jitmuangnon blasts his rival with a roundhouse kick

  • Rodtang Jitmuangnon (c) vs Petchdam Petchyindee Academy (ខ្សែ​ក្រវាត់​​មួយ​​ពិភព​លោក​ ONE Flyweight​)
  • Petchmorakot Petchyindee Academy (c) vs Yodsanklai IWE Fairtex (ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ ONE Featherweight)
  • Sitthichai Sitsongpeenong vs. Superbon (វ៉ៃ​ឃីកបុកសីង​​ ONE Super Series ទម្ងន់​ featherweight)
  • Stamp Fairtex vs. Sunisa Srisen (​គូ​នារី​ វ៉ៃ​គុន​ចម្រុះ​ ទម្ងន់ atomweight)
  • Mark Fairtex Abelardo vs. Fabrício Andrade (​វ៉ៃ​គុន​ចម្រុះ​ទម្ងន់​ catchweight)
  • Panpayak Jitmuangnon vs. Superlek Kiatmoo9 (វ៉ៃ​មួយ​ថៃ​ ONE Super Series ទម្ងន់​ flyweight)

អាន​បន្ត៖ Rodtang ​ចង់​ប្រកួត​ឲ្យ​កក្រើក​​ជា​មួយ​ Petchdam​ តាម​តែ​អាច​ធ្វើ​បាន