News

នារី​ជើង​ខ្លាំង​ Stamp គ្រោង​ប្រើ​ក្បាច់​ឃ្លេ​​ថ្មី​​នៅ ONE: NO SURRENDER

កីឡាការិនី​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ ONE Atomweight គឺ​ Stamp Fairtex នឹង​បន្តធ្វើ​ឲ្យ​ជោគជ័យ​ក្នុង​អាជីព​កីឡា​៣​ប្រភេទ​របស់​នាង​នា​ថ្ងៃ​សុក្រ​ ទី​៣១ ខែ​កក្កដា​នេះ ប៉ុន្តែនាង​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​មិត្ត​រួម​ជាតិ​មិន​​ធ្លាប់​​ចាញ់​​គឺ​​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។

កីឡាការិនី​អាយុ​២២​ឆ្នាំ​នឹង​ត្រូវ​ឡើង​តទល់នឹង​យុវតីល្បី​មិន​ដែល​ចាញ់ Sunisa “Thunderstorm” Srisen ក្នុង​ការ​ប្រកួតគុន​ចម្រុះ នៅ​ព្រឹត្តិការណ៍ ONE: NO SURRENDER ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ។

Stamp បាន​យល់​ខ្លះ​ពី​ដៃ​គូ​វ័យ​ក្មេង​របស់​នាង។ តាម​ពិត​កីឡាការិនី​ទាំង​ពីរ​​​ធ្លាប់​ហាត់​​នៅ​ក្លឹប Fairtex Training Center នៅ Pattaya ជា​មួយ​គ្នា។

 កីឡាការិនី​ខេត្ត Rayong បាន​និយាយ​ថា ៖«​ខ្ញុំ​ស្គាល់​នាង​ច្បាស់។ នាង​​ហាត់​គុន​ចម្រុះ ខណៈ​ខ្ញុំ​បាន​ហាត់​ឃីកបុកសីង។ បន្ទាប់​មក​នាងបាន​ទៅ​ហាត់​នៅ​Fairtex ដែរ»។

«ខ្ញុំ​បាន​ជួយ​បង្ហាត់​នាង​ពី​បច្ចេកទេស​គុន​ចម្រុះខ្លះ​ដែរ។ ប៉ុន្តែ​បន្ទាប់​មក យើងមាន​ការ​ប្រកួត​មួយ។ នាង​បាន​សុំ​ទៅ​ហាត់​នៅក្លឹប​ផ្សេង ដូច្នេះ​យើង​ទាំង​ពីរ​នាក់អាច​មាន​អារម្មណ៍​ធូរស្បើយ​ខ្លះ»។

ចាប់​តាំង​ពី​ពេល​នោះ​មក តារា​ក្បាច់​គុន​ថៃ​ម្នាក់​នេះ​បាន​ទស្សនា​​វីដេអូ​ប្រកួត​របស់​ Srisen និង​បាន​សិក្សា​ស្វែង​យល់​ពី​ជំនាញ​របស់​នាង​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ការ​ប្រឹង​ប្រែង​នឹង​​មាន​កម្រិត​ខ្ពស់​នា​រាត្រី​ថ្ងៃ​សុក្រ​​នេះ ខណៈ​កីឡាការិនី​អាយុ​១៩​ឆ្នាំ​នៅ​ខេត្ត​ឈុនបុរី​​មាន​​ដំណើរ​ការ​អាជីព​គុន​ចម្រុះ​យ៉ាង​ល្អ​ឥត​ខ្ចោះ​របស់​នាង។

នៅ​ខែ​មិថុនា ឆ្នាំ​២០១៦ Srisen បាន​ប្រកួត​គុន​ចម្រុះ​លើកដំបូង​​នៅ​សង្វៀន Full Metal Dojo ក្នុង​ប្រទេស​ថៃ​ដែល​ពេល​នោះ​បាន​ផ្តួល​អតីតកីឡាការិនីរបស់់​ ONE Championship គឺAudreylaura “Ice Comet” Boniface ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។ បន្ទាប់​មក នាង​ទទួល​បាន​ជ័យជម្នះ​២​ប្រកួត​ជាប់​គ្នា​ទៀត​ដោយ​បញ្ឈប់​កីឡាការិនី​ Wilasinee “Infinity” Komhom ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​ផ្តួល​កីឡាការិនី​Phunsasorn “Koy” Thanuthong នៅ​ខែ​វិច្ឆិកា។

Stamp បាន​និយាយ​ពី Srisen ថា ៖«ដៃ​គូ​ម្នាក់​នេះ​មាន​ការតាំង​ចិត្ត​ខ្ពស់​ណាស់។ កម្លាំង​របស់​នាង​ពេញ​ល្អ ហើយ​អត់​ធន់​ និង​ស៊ុហ្វ​ថេរ​ល្អ»។



តាម​ពិត​ទៅ កីឡាការិនី​ហាត់​នៅ​ក្លឹប​ Fairtex  ក៏​បាន​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ផង​ដែរនៅ​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​នៅ​លើ​ពិភព​លោក ONE។

ត្រឹម​តែ​រយៈ​​ពេល​តែ​១៩​វិនាទី​ប៉ុណ្ណោះ​​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​លើក​ដំបូង​របស់​នាង​នៅ​ ONE Warrior Series 2 ខែ​កក្កដា ឆ្នាំ​២០១៨ នាង​ប្រើ​រន្ទះ​ជើង​ផ្តួល​ដៃ​គូ និង​បាន​ក្លាយ​ជា​កីឡាការិនី​​ប្រូម៉ូត​ឡើង​វ៉ៃ​បន្ត​ទៀត។

បន្ទាប់​មក នាងបាន​ឱកាស​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​រហូត​បាន​ឈ្នះ​ ជើងឯកឃីកបុកសីង​ពិភព​លោក ONE Atomweightក្នុង​ខែ​តុលា ឆ្នាំ​២០១៨ និង​បាន​បន្ត​ឈ្នះ​ជើង​ឯកមួយ​ថៃ​ពិភព​លោក ONE Atomweight មួយ​គ្រឿង​ទៀត​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩។

នៅ​ខែ​សីហា ឆ្នាំ​២០១៩ សិស្ស​ក្លឹប​ Fairtex បាន​វិល​ត្រឡប់​មក​វ៉ៃ​​​គុន​ម្រុះ​វិញ​​ដែល​​បង្ហាញ​ពី​ជំនាញ និង​ទេពកោសល្យ​យ៉ាង​អស្ចារ្យ​រហូត​ទទួល​បាន​ជ័យជម្នះ​៣​ប្រកួត​ជាប់​គ្នាក្នុង​នោះ​បាន​​ផ្តួល​កីឡាការិនីឥណ្ឌា​ Puja “The Cyclone” Tomar ក្នុង​ទឹក​ទី​១ កាល​ពី​ខែ​មករា។

ទោះ​ជា​ Stamp ជឿ​ថា នាង​មាន​ប្រៀប​លើ Srisen ក្នុង​ការវ៉ៃ​​​ឈរ​បែប​ឃីកបុកសីង​ ប៉ុន្តែ​នាងនឹង​ប្រើ​​​ក្បាច់​ក្រោម និង​ស្នៀត​ឃ្លេ​​ថ្មី​នារាត្រី​ថ្ងៃ​សុក្រ​នេះ។

រាជនី​មួយ​ថៃ​បាន​និយាយថា ៖«​ខ្ញុំបាន​​គិត​ពី​ការ​ប្រកួត​នេះ​ហើយ។ ខ្ញុំ​នឹង​​ប្រើ​​បច្ចេកទេស​គុន​ចម្រុះ​ឲ្យ​បាន​ច្រើន​បំផុត​តាម​លទ្ធភាព​ពី​របៀប​អោប​រឹត និង​ឃ្លេ​ក»។

«ខ្ញុំ​បាន​កំពុង​អនុវត្ត​ក្បាច់​​ឃ្លេ​​​ និងក្បាច់​ធ្វើ​ឲ្យ​​​ដៃ​គូ​សុំ​ចុះ​ចាញ់។ ឥឡូវ​នេះ ខ្ញុំកំពុង​ហាត់​​ពង្រឹង​ស្មាទាំង​សង​ខាង​ ហាត់រឹត​ ឃ្លេ និង​​កៀប​ក​​ឲ្យ​ថប​ដង្ហើម»។

ជា​មួយ​នឹង​បច្ចេកទេស​ថ្មី​ជា​អាវុធ​សំខាន់​របស់នាង គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា សិស្ស​ក្លឹប Fairtex បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​​ដែល​មិន​មែន​​តែ​សម្រាប់​ការ​ប្រកួត​ថ្ងៃ​សុក្រ​នេះ​ទេ ប៉ុន្តែ​គោល​បំណង​ធំ​របស់​នាង​គឺ​​​ឆ្ពោះ​ទៅ​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាគុន​ចម្រុះ​ពិភព​លោក ONE Women’s Atomweight ពី​កីឡាការិនី​សិង្ហបុរី​ “Unstoppable” Angela Lee។

ប៉ុន្តែ​មុន​ពេល​បោះ​ជំហាន​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពី​កីឡា​ការីនី​សិង្ហបុរី​ កីឡាការិនី​ថៃ​ស្រស់​ស្អាត​រូប​នេះ​ត្រូវ​តែ​ធ្វើ​យ៉ាង​​ណា​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍ ONE: NO SURRENDER ជា​មុន​សិន។

នាង​បាន​​ផ្តាំ​ទៅ​ដៃ​គូ​ថា ៖««ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ និងខំ​ប្រឹង​​​ឲ្យ​អស់​ពី​សមត្ថភាព។ ខ្ញុំ​​នឹង​ប្រឹង​អស់​ពី​សមត្ថភាព​ដែរ។ ជួប​គ្នា​ថ្ងៃ​សុក្រ នឹង​ដឹង​ថា នរណា​ជា​ជើង​ខ្លាំង»៕

Read more: ONE Championship Stars Finish NO SURRENDER Training Camps