Kun Khmer
អែម សុវណ្ណារី ផ្តួលនារីកូរ៉េ Choi Jeong Yun បង្កើតជ័យជម្នះលើកទី២
កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី បានផ្តួលកីឡាការិនីកម្ពស់ខ្ពស់របស់កូរ៉េខាងត្បូង Choi Jeong Yun ក្នុងទឹកទី២ នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរីនេះ។
បន្ទាប់ពីខកចិត្តក្នុងការប្រកួតលើកចុងក្រោយកាលពីឆ្នាំ២០១៩ដោយចាញ់កីឡាការិនីប្រេស៊ីល Rayane Marques Bastos ក្នុងទឹកទី១នៅ ONE: Mark of Greatness ឆ្នាំ២០១៩ អែម សុវណ្ណារី បានខិតខំប្រឹងប្រែងយ៉ាងដើម្បីអភិវឌ្ឍឲ្យក្លាយជាកីឡាការិនីប្រដាល់គុនចម្រុះពិតប្រាកដ។
ពេលនេះ កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី ដែលមានគ្រូបង្វឹកជាអ្នកខេត្តបាត់ដំបងបានបង្កើតកំណត់ត្រាជ័យជម្នះលើកទី២ ក្នុងការបង្ហាញខ្លួនប្រកួត៣លើកនៅសង្វៀនអន្តរជាតិ ONE Championship។
គ្រាន់តែចូលទឹកទី១ភ្លាម អែម សុវណ្ណារី ចូលអោប និងកាច់ផ្តួលដើម្បីដាក់គំនាបជំនាញក្រោមតែម្តង។ យ៉ាងណាសម្រាប់៥ទឹកដំបូង កីឡាការិនីកូរ៉េអាចទប់ស្កាត់ និងដោះខ្លួនចេញពីការគាប់សង្កត់របស់ សុវណ្ណារីបាន។
យ៉ាងណា នៅទឹកទី២ សុវណ្ណារី មិនបានបណ្តោយឱកាសកន្លងហួសទៅទេដោយចាប់ផ្តើមទឹកភ្លាមគឺចូលចាប់អោប និងកាច់ផ្តួលភ្លាម។ កីឡាការិនីខ្មែរអាមេរិកបានព្យាយាមដាក់គំនាបដោយលើកពីរលើ និងវ៉ៃកណ្តាប់សន្ធាប់បណ្តាលឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។
វាជាបរាជ័យលើកទី២របស់កីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun បន្ទាប់ពីបង្ហាញខ្លួនប្រកួតលើកទី១នៅ ONE បានចាញ់កីឡាការិនីប្រេស៊ីល Maira Mazar ក្នុងទឹកទី៣កាលពីខែវិច្ឆិកា ឆ្នាំ២០២០។
ជ័យជម្នះលើកទី១របស់ អែម សុវណ្ណារី នៅ ONE Championship រកបានកាលពីឆ្នាំ២០១៨ដែលពេលនោះនាងបានផ្តួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ក្នុងទឹកទី១នៅ ONE: Destiny of Champions នៅឆ្នាំ២០១៨៕
អានបន្ថែម៖ អែម សុវណ្ណារី រំពឹងថាផែនការថ្មីនឹងនាំឲ្យរូបគេទទួលជ័យជម្នះ