News

អែម សុវណ្ណារី ​​ ​ដាក់​ផែន​ការ​​ត្រលប់​មក​វិញ​​បន្ទាប់​ពី​ចាញ់​​លើក​ដំបូង ​និង​សម្លឹង​ទៅ​ជួប​ Northcutt

ឆ្នាំ​​២០២០​​​នេះ​មិន​សម​ប្រកប​សម្រាប់​​មនុស្ស​ទូទៅ ​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​​​​​កីឡាការិនី​​កូន​ខ្មែរ​នៅ​​អាមេរិក ​អែម ​សុវណ្ណារី ​ឬ ​​មាន​​រហស្សនាម​ “The Sweet Savage” ​ផង​ដែរ

កីឡាការិនី​​​កូន​ខ្មែរ​​នៅ​អាមេរិក​រូប​នេះ​​​​​អន្ទះសា​​​ចង់​ត្រលប់​​មក​សង្វៀន​​​វិញ​ណាស់​​នៅ​ឆ្នាំ​នេះ ​ប៉ុន្តែ​ ​មេរោគ​រាតត្បាត​​ COVID-19​​ ​​បាន​​ធ្វើ​ឲ្យ​រូប​គេ​ខកខាន​ទៅ​វិញ។ ​​ខណៈ​នេះ​​ ការ​រឹតត្បិត​​នៅ​​ក្រុង​​ឡុងប៊ិច​ ​​នៃ​ រដ្ឋ​កាលីហ្វ័រញ៉ា​ ​សហរដ្ឋ​អាមេរិក​ ​​កន្លែង​ដែល​​រូប​គេ​​រស់នៅ​បាន​​​​នាំ​ឲ្យ​ផ្ដល់​ភាព​លំបាក​ក្នុង​ការ​ហ្វឹកហាត់​​ផងដែរ។

«​​ខ្ញុំ​​មិន​​នឹក​ស្រមៃ​ថា​​បែប​នេះ​ទេ​។ ​វា​ជា​ការ​​ឃុំ​ឃាំង​ខ្លួន​​​មិន​ធ្លាប់​មាន​ក្នុង​ជីវិត​របស់​ខ្ញុំ។ ​​តែ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ ​ខ្ញុំ​​នៅ​ផ្ទះ​ជា​ប្រចាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ»។ ​កីឡាការិនី​វ័យ ​២៨ ​ឆ្នាំ​រូប​នេះ​បាន​​​​បង្ហើប​ប្រាប់​ឲ្យ​ដឹង។

សុវណ្ណារី ​បន្ត​ថា​ ៖«​យ៉ាង​ណា​ក្ដី ​ការ​ហ្វឹកហាត់​របស់​ខ្ញុំ​​​បាន​ធ្លាក់​ចុះ​មិន​ដូច​មុន​ទេ ​ប៉ុន្តែ​ខ្ញុំ​​ធ្វើ​អ្វី​តាម​តែ​អាច​ហ្វឹកហាត់​បាន។ ​ខ្ញុំ​នៅ​តែ​ធ្វើ​ការងារ​ជា​មួយ​​គ្រូ​បង្វឹក​របស់​ខ្ញុំ។ ​យើង​បាន​ជួប​គ្នា​​តិច​តួច​ចន្លោះ​ពី​ពីរ​ដង​ទៅ​ ៣​ដង​ក្នុង​មួយ​សប្ដាហ៍។ ​​​ដោយ​សារ​ COVID-19 ​ធ្វើ​ឲ្យ​យើង​មិន​​អាច​​​ត្រលប់​មក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ»។

កីឡាការិនី​​សម្បុរ​ស្រអែម​​​​បន្ថែម​ថា​​​ ៖«​​​ខ្ញុំ​នៅ​​តែ​ទាក់ទង​ជា​មួយ​គ្រូ​បង្វឹក ហើយ​គាត់​​​ដាក់​ការងារ​ហ្វឹកហាត់​ដល់​ខ្ញុំ។​ ​ខ្ញុំ​​​រៀន​អំពី​​​របៀប​​​វ៉ៃ​នៅ​ផ្ទះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​​សិក្សា​តាម​វីដេអូ​ចាស់។ ​ជា​រឿង​ល្អ​មួយ​​​ អរគុណ​ដែល​ខ្ញុំ​មាន​​សង្សារ​​នៅ​ជា​មួយ​គ្នា​ និង​ហាត់​ជា​មួយ​គ្នា​នៅ​ផ្ទះ។ ​​យើង​អាច​ហ្វឹកហាត់​​រក្សា​កម្លាំង​ជា​ប្រចាំ»។

ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាង​ណា​ក្ដី ​សុវណ្ណារី​ ​​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ត្រលប់​មក​សង្វៀន​វិញ​ និង​ ​ដាក់​ផែនការ​ឡើង​ប្រកួត​​​ដ៏​អស្ចារ្យ​ពេល​​វិល​មក​សង្វៀន​​ ONE ​វិញ។ ​អ្នក​គាំទ្រ​បាន​ឃើញ​​ ​ការ​ប្រកួត​ចុង​ក្រោយ​របស់​​​ ​“The Sweet Savage”​​ ​នៅ​​​​កម្មវិធី ​ ONE: MARK OF GREATNESS នា​ក្រុង​​គូឡាឡាំពួរ​​ប្រទេស​ម៉ាឡេស៊ី​ កាល​ខែ​ ​ធ្នូ ឆ្នាំ​២០១៩។

គ្រានោះ​ ​សុវណ្ណារី ​​រង​បរាជ័យ​​ក្រោម​ថ្វី​ដៃ​កីឡាការិនី​ប្រេស៊ីល​មិន​​ដែល​ចាញ់​ Rayane Bastos ​ដែល​មិន​​​​បាន​ដើរ​តាម​ផែន​​​ការ​ដូច​​ការ​​​​​រៀប​ចំ​​ទុក​នោះ​ទេ។ ​កីឡាការិនី​រូប​នេះ​​​អង់អាច​ណាស់​​​​ក្នុង​ការ​ប្រើ​​​ក្បាច់​ចាប់​របស់​ខ្លួន​​នៅ​​ទឹក​ដំបូង​​លើ​ ​Bastos ​​ដែល​ជា​ម្ចាស់​​ជើង​​ឯក​​ជឺជិតស៊ូ​ច្រើន​សម័យ​​។ ​ប៉ុន្តែ​ កីឡាការិនី​ប្រេស៊ីល​បាន​​ចូល​ចាប់​ក​របស់​គេ​ជាប់​​ដើម្បី​ស៊ក​ក្បាច់​​ឃ្លេ​ និង​បង្ខំ​ឲ្យ​រូប​គេ​​ទះ​ដៃ​ចុះចាញ់​តែ​ម្ដង​ទាំង​ដង​ខ្លួន​នៅ​​ក្រោម​​គូ​ប្រជែង។



គ្មាន​អ្នក​ណា​​​​ម្នាក់​ចង់​រង​បរាជ័យ​បែប​នេះ​ទេ​ក្នុង​អាជីព​របស់​ខ្លួន​ ​ប៉ុន្តែ សុវណ្ណារី​ ​​ជឿជាក់​ថា​​នោះ​ជា​បទ​ពិសោធន៍​សម្រាប់​ជីវិត​​ក្នុង​នាម​ជា​កីឡាការិនី​​អាជីព។ ​​​​កីឡាការិនី​​ដែល​​មាន​ជំនាញ​ប្រដាល់​សកល​បាន​សង្កត់​ធ្ងន់​ទៀត​ថា​ ៖«​​​ខ្ញុំ​​ឈឺចាប់​​ពី​​ការ​ចាញ់​​លើក​ដំបូង ​ហើយ​វា​ជា​រឿង​ពិបាក​​ណាស់។ ​​តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​​​វា​ជា​មេរៀន​មួយ​​សំខាន់​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ​​​ហើយ​វា​ក៏​ជា​​ជ័យជម្នះ​ដ៏​ធំ​សម្រាប់​គូ​ប្រជែង​របស់​ខ្ញុំ​ដែរ»។

«​​​​នេះ​ជា​ការ​រៀន​សូត្រ​​មួយ​ក្រោយ​​​រង​បរាជ័យ។ ដូច្នេះ​ ខ្ញុំ​​អាច​បំពេញ​ចន្លោះ​ខ្វះខាត​ក្នុង​ការ​ប្រកួត​របស់​ខ្ញុំ​ និង​ ​ផ្ដោត​អារម្មណ៍​ឲ្យ​ខ្លាំង​ជាង​មុន។ ​យ៉ាង​​ណា​ក្ដី ​​​ការ​​ឃុំ​​​ខ្លួន​នៅ​ផ្ទះ​​បាន​អនុញ្ញាត​ឲ្យ​​ខ្ញុំ​​ចំណាយ​ពេល​​ហ្វឹកហាត់​​​​ច្រើន​ដែរ។ ​​ខ្ញុំ​អត់​មាន​​​ពេល​ចេញ​ទៅ​ណា​ទេ។ ​ខ្ញុំ​នៅ​តែ​ក្នុង​ផ្ទះ​ ​និង​រៀន​សូត្រ​ ​​រួម​ទាំង​​​កត់​ត្រា​អ្វី​ដែល​​គ្រូ​បង្វឹក​ប្រាប់​»។ ​​កីឡាការិនី​ប្រចាំ​សង្វៀន​ ONE ​បាន​រំលឹក​ដូច្នេះ។

 

Sovannahry Em

ខណៈ​ដែល​ សុវណ្ណារី​ ​​​​ដាក់​គោល​ដៅ​​ពង្រឹង​ខ្លួន​​ឲ្យ​​កាន់​តែ​ប្រសើរ​ឡើង ​​​​គេ​ក៏​មិន​ទាន់​ច្បាស់​ថា​​កីឡាការិនី​រូប​ណា​​ត្រូវ​ជួប​​​​បន្ទាប់​នោះ​ទេ។ ​ថ្មីៗ​នេះ​​ ​​ ​ONE Championship​ ​បាន​​បន្ថែម​​កីឡាការិនី​ទម្ងន់ ​​flyweight ​ម្នាក់​ទៀត​ គឺ ​Courtney Martin។ Courtney ​គឺ​ជា​កីឡាការិនី​ម្នាក់​ដែល​លេច​ធ្លោ​និង​ឈ្នះ​ជើង​ឯក​ GAMMA World Championships ​កាល​ខែ ​វិច្ឆិកា​ ​ឆ្នាំ​២០១៩​ នៅ​សិង្ហបុរី​​ ​កន្លង​ទៅ។ ​

ក្នុង​ចំណោម​​ប្រភេទ​ទម្ងន់​ដូច​គ្នា​នេះ​​ “The Sweet Savage”​ ​​ដាក់​ការ​ចាប់​អារម្មណ៍​​​ជួប​កីឡាការិនី​ Colbey Northcutt​ ដែល​​ម្ចាស់​ជើង​ឯក​​ការ៉ាតេ​កម្រិត​ពិភព​លោក​​៣៦​ដង។ ​Northcutt​ ​បាន​បង្ហាញ​​ខ្លួន​ដំបូង​​នៅ​កម្មវិធី ​​ONE: EDGE OF GREATNESS កាល​ខែ ​វិច្ឆិកា ​​ឆ្នាំ​មុន​​ពេល​​រូប​គេ​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ​​​ដោយ​ទទួល​ជ័យជម្នះ​លើ​​កីឡាការិនី​ឥណ្ឌូណេស៊ី​ Putri “Ami” Padmi ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​​នៅ​សង្វៀន​ ​Singapore Indoor Stadium។

 

Cambodian-American mixed martial artist Sovannahry Em in her orthodox fight stance

បែប​ណា​ក៏​ដោយ​ សុវណ្ណារី ​ជា​កីឡាការិនិ​ដែល​ចូល​ចិត្ត​ក្បាច់​គុន​​ការ៉ាតេ​ ​និង​​ ជឿជាក់​ថា​​​បើ​សិន​​ជំនួប​នេះ​កើត​ឡើង​មែន​ច្បាស់​ជា​​កក្រើក​មិន​ខាន​ ហើយ​ក៏​ទទួល​បាន​​បទ​ពិសោធន៍​ថ្មី​កាន់​តែ​ច្រើន​​​​​ថែម​ទៀត។

សុវណ្ណារី ​​សង្កត់​ធ្ងន់​អំពី​​ ​Northcutt ​ទៀត​ថា​​​ ៖«​​វា​ពិត​ជា​មិន​អាច​​ចៀស​ផុត​នោះ​ទេ​ក្នុង​ការ​ជួប​គ្នា​ទៅ​ថ្ងៃ​​មុខ។​ ​ខ្ញុំ​ក៏​ចូល​ចិត្ត​មើល​​ Colbey ​​ប្រកួត​ដែរ​ ​ហើយ​​គេ​​ទទួល​​ជ័យជម្នះ​​ដ៏​អស្ចារ្យ​​​មួយ។​ ​គេ​ជា​កីឡាការិនី​ម្នាក់​ដែល​ខ្ញុំ​ចង់​ជួប។ ​បើ​សិន​ជា​ខ្ញុំ​បាន​ប្រកួត​មួយ​លើក​ទៀត ​​នោះ​ខ្ញុំ​​ប្រហែល​ជា​អាច​ទៅ​​​តតាំង​នឹង​ Colbey ​បាន​ហើយ។ ​វា​ជា​រឿង​មួយ​ដ៏​ត្រឹម​ត្រូវ»។

ចុចអាន: អែម ​សុវណ្ណារី ​មិន​បំភ្លេច​ដូន​តា​ដោយ​ចាប់​ផ្ដើម​រៀន​​​ភាសា​ខ្មែរ​​​​និងនិយាយ​បាន​