Kun Khmer

ជើង​ឯក​គុន​ខ្មែរ​ពិភព​លោក​ សុខ​ ធី​ សង្ឃឹម​ នៅ​ ស្រីពៅ​ ឈ្នះ​ Ritu

23/10/2020

កីឡា​ការិនី​ប្រដាល់​សកល​ និង​ជា​អ្នក​លេង​គុន​ចម្រុះ​កម្ពុជា​ នៅ ស្រីពៅ​ បាន​កំពុង​ត្រៀម​ខ្លួន​ឡើង​សង្វៀន​នា​ចុង​ខែ​នេះ។

នៅ​ថ្ងៃ​សុក្រ​ ទី​៣០​ ខែ​តុលា​ខាង​មុខ​នេះ​ នៅ ស្រីពៅ ត្រូវ​ឡើង​សង្វៀន​​ត​ទល់​ជា​មួយ​កីឡា​ការិនី​គុន​ចម្រុះ​លេខ​១​របស់​ប្រទេស​ឥណ្ឌា​ Ritu Phogat ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ផ្សាយ​ផ្ទាល់​ ONE: INSIDE THE MATRIX នៅ​ប្រទេស​សិង្ហបុរី។

Sok Thy wins at ONE: A NEW BREED

សុខ ធី ពេល​ឈ្នះ​កីឡាករ​ចិន

កាល​ពី​​ថ្ងៃ​ទី​២២​ ខែ​តុលា​កន្លង​នេះ​ ជើង​ខ្លាំង​គុន​ចម្រុះ​ចំណាត់​ថ្នាក់​លេខ​១​កម្ពុជា​ ចាន់ រតនា មាន​ទស្សនៈ​រួច​ហើយ​អំពី នៅ ស្រីពៅ ប៉ះ​កីឡា​ការិនី​ឥណ្ឌា។ ​ថ្ងៃ​នេះ​យើង​នាំ​គ្នា​មក​ចាប់​អារម្មណ៍​នឹង​ការ​យល់​ឃើញ​របស់​ អ្នក​លេង​គុន​ខ្មែរ​ សុខ ធី​ វិញ​ម្តង។

អ្នក​លេង​គុន​ខ្មែរ​ សុខ ធី ដែល​បាន​ក្លាយ​ជា​កីឡាករ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​នៅ ONE Super Series សង្ឃឹម​លើ​កីឡា​ការិនី​ នៅ ស្រីពៅ​ច្រើន។

សុខ ធី​ ប្រាប់​ថា​ ៖«​ខ្ញុំ​បាន​ស្គាល់​សមត្ថភាព​ នៅ ស្រីពៅ​យ៉ាង​ច្បាស់។ នាង​មាន​កណ្តាប់​ដៃ​វ៉ៃ​ល្អ​ណាស់។ ដូច្នេះ​ការ​ប្រកួត​នេះ​ ខ្ញុំ​សង្ឃឹម​លើ​គាត់​នឹង​ទទួល​បាន​ជ័យជម្នះ»។ ប៉ុន្តែ​កីឡាករ​គុន​ខ្មែរ​កំពុង​ហាត់​នៅ​ថៃ​មិន​​បញ្ជាក់​ថា​តើ​ឈ្នះ​នៅ​ទឹក​ទី​ប៉ុន្មាន​ ឬ​ក៏​ឈ្នះ​ពិន្ទុ​ឡើយ។

អ្នក​លេង​គុន​ខ្មែរ​ដែល​ឈ្នះ​ជើង​ឯក​គុន​ខ្មែរ​ពិភព​លោក​នៅ​សង្វៀន​បាយ័ន​បាន​ប្រៀប​ធៀប​ថា នៅ ស្រីពៅ​ និង Ritu Phogat មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​ម្នាក់​ទេ។ ស្រីពៅ​ មាន​បទ​ពិសោធ​គុន​ខ្មែរ​ច្រើន ហើយ​ពូកែ​វ៉ៃចេញ​កណ្តាប់​ដៃ​បាន​ល្អ​ និង​ចេះ​ប្រដាល់​សកល​ថែម​ទៀត​។ ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គាត់​អាច​មាន​ប្រៀប​បាន។

ថ្វី​បើ​ នៅ ស្រីពៅ មិន​ពូកែ​ចំបាប់​ ឬ​ជំនាញ​ក្រោម​ ប៉ុន្តែ​តាម​បទ​ពិសោធ​ឡើង​សង្វៀន​គុន​ចម្រុះ​បាន​២​ដង​ និង​​ហ្វឹកហាត់​យូរ​ដែរ​ហើយ​នោះ​គឺ​គាត់​មាន​បច្ចេកទេស​ទប់​ទល់​នឹង​​ Rituបាន។

នៅ ស្រីពៅ ពេល​ឈ្នះ​កីឡាការិនី​ថៃ

ជា​មួយ​គ្នា​នេះ​ សុខ​ ធី​ ប្រាប់​ថា​ Ritu ពិត​ជា​ពូកែ​ចំបាប់​ និង​ជំនាញ​ក្រោម។ គាត់​មាន​ប្រៀប​ខាង​ក្បាច់​នេះ​លើ​ នៅ ស្រីពៅ។ ម្យ៉ាង​ទៀត​កីឡាការិនី​ឥណ្ឌា​នេះ​មាន​កាយ​សម្បទា​ល្អ​ និង​កម្លាំង​ក៏​ខ្លាំង។

យ៉ាង​ណា​ ល្អ​តែ​ក្បាច់​ក្រោម​ម្យ៉ាង​មិន​គ្រប់​គ្រាន់​ទេ​ពោល​គឺ​ត្រូវ​ចេះ​ជំនាញ​វ៉ៃ​ឈរ​ទើប​កាន់​តែ​ល្អ។

សុខ ធី​បញ្ជាក់​ថា​ ៖«Ritu អាច​នឹង​ពិបាក​ទប់​ទល់​នឹង​ការ​វ៉ៃ​កណ្តាប់​ដៃ​របស់​ នៅ​ ស្រីពៅ​ ប៉ុន្តែ​គូ​នេះ​នឹង​ល្អ​មើល»។

ឆ្លង​កាត់​បទ​ពិសោធ​២​លើក​នៅ ONE Championship នៅ ស្រីពៅ​​បាន​យក​ឈ្នះ​​ពិន្ទុ​កីឡា​ការិនី​ថៃ​ Rika​ “Tiny ​Doll”​ Ishige​ ប៉ុន្តែ​ការ​ប្រកួត​លើក​ទី​២​នាង​បាន​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​បទ​ពិសោធ​ច្រើន​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ ​ Priscilla​ Hertati​ Lumban​ Gaol​

Ritu Phogat ប្រកួត​នៅ​ ONE ​បាន​២​ដង​ដែរ​គឺ​ឈ្នះ​ទាំង​ពីរ​លើក​។ លើក​ទី​១​នាង​ផ្តួល​កីឡា​ការិនី​កូរ៉េ​ខាង​ត្បូង​ Kim Nam Hee ឲ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​១​តាម​រយៈ​កណ្តាប់​ដៃ​នៅ​ប្រទេស​ចិន​ និង​លើក​ទី​២​ឈ្នះ​ពិន្ទុ​កីឡា​ការិនី​តៃវ៉ាន់​ Chiao​ Chen​ Wu​

Ritu ពេល​ឈ្នះ Nam Hee Kim

សូម​បញ្ជាក់​ថា ONE: INSIDE THE MATRIX ជា​ព្រឹត្តិការណ៍​ប្រកួត​ធំ​បំផុត​ប្រចាំ​ឆ្នាំ​​២០២០​ដោយ​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ដល់​ទៅ​៤​គូ។ ជើង​ខ្លាំង​ Aung La N Sang ត្រូវ​ឡើង​សង្វៀន​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន ONE Middleweight World Title ទល់​នឹង​ជើង​ខ្លាំង​មិន​ដែល​ចាញ់​គឺ​ Reinier De Ridder

ម្ចាស់​ជើង​ឯក​ពិភព​លោក​​ ONE Lightweight World Champion របស់​ប្រទេស​សិង្ហបុរី​គឺ​ប្រុស​ស្អាត​ Christian Lee ទទួល​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​១ Iuri Lapicus ដែល​​អ្នក​ទាំង​ពីរ​ពូកែ​ខាង​បញ្ចប់​ដៃ​គូ​ដូច​គ្នា។

ជើង​ខ្លាំង​ល្បី​ខាង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ស្តូក​ៗ Martin Nguyen ត្រូវ​ការ​ពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន ONE Featherweight World Title ទល់​នឹងអ្នក​លេង​គុន​ចម្រុះ​លំដាប់​កំពូល​ Thanh Le

ជាមួយ​គ្នា​នេះ នារី​ជើង​ឯក​ពិភព​លោក​ ONE Women’s Strawweight World Champion របស់​ប្រទេស​ចិន​គឺ​  Xiong Jing Nan ត្រូវ​ជួប​នឹង​ម្ចាស់​ផ្ទះ​សាជា​ថ្មី​ Tiffany Teo ក៏​ដើម្បី​ខ្សែ​ក្រវាត់​ពិភព​លោក​ដែរ៕