News

Sitthichai​ ត្រៀម​​រួច​​រាល់​​ដើម្បី​​សម្លាប់​​​គូបដិបក្ខ​ពេល​បង្ហាញ​ខ្លួន​​ដំបូង​

តាំង​ពី​​ចុះ​កិច្ច​សន្យា​ប្រកួត​នៅ​សង្វៀន​ ONE Championship ​កាល​ខែ​​ ឧសភា​ ​កន្លង​ទៅ​ “The Killer Kid” Sitthichai Sitsongpeenong​ ​តែង​តែ​ចិញ្ចឹម​ចិត្ត​ស្រេក​​​ឃ្លាន​នឹង​​​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​សង្វៀន​លំដាប់​ពិភព​លោក​មួយ​នេះ។ ​ទី​បំផុត​ “The Killer Kid”​ ​​ទទួល​បាន​​ឱកាស​ដ៏​ល្អ​​បំផុត​​​នេះ​​​ដើម្បី​ជួប​គូ​សត្រូវ​​ចាស់​ជា​លើក​ទី​៣​​នៅ​ថ្ងៃ​ទី​ ៣១​ ​​ខែ ​​កក្កដា​ សប្ដាហ៍​ក្រោយ​នេះ។​ ​

​Sitthichai ​​​នឹង​ជួប​​គូ​សត្រូវ​​មិត្ត​រួម​ជាតិ​យូរ​អង្វែង​ Superbon ​ក្នុង​ការ​ប្រកួត​​ឃីកបុក​សីង​ទម្ងន់​​featherweight ​នៅ​កម្មវិធី​ ONE: NO SURRENDER ​នា​ក្រុង​បាងកក​ប្រទេស​ថៃ។

កីឡាករ​មក​ពី​ក្លិប​ Sitsongpeenong Muay Thai Camp​​ ​បាន​​ថ្លែង​ថា​៖«Superbon ​​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ល្អ​​ទាំង​ឡាយ​ និង​​ជា​តារា​​ក្បាច់​គុន​​កំពុង​រះ​ឡើង​​ម្នាក់​ផង​ដែរ។ ​ជាង​នេះ​ទៅ​ទៀត​ ​គេ​​ក៏​ជា​​កីឡាករ​​ឃីកបុក​សីង​លំដាប់​ពិភព​លោក​​ល្អ​ម្នាក់​ទៀត​ផង។ ​ខ្ញុំ​​នឹង​ហ្វឹកហាត់​​ឲ្យ​ខ្លាំង​​ដើម្បី​​​ប្រកួត​ជា​មួយ​គេ។ ​ខ្ញុំ​​​គិត​ថា​ការ​​ហ្វឹកហាត់​​ខ្លាំង​ និង​ ​ការ​រៀប​ចំ​ផែន​ការ​ឲ្យ​ល្អ​នឹង​​នាំ​ឲ្យ​ខ្ញុំ​ទទួល​ជ័យជម្នះ​មិនខាន»។

View this post on Instagram

Super Saiyan????????

A post shared by Sitt (@sitthichai_sitsongpeenong) on

Sitthichai ​មាន​​​ស្នៀត​​​ប្រយុទ្ធ​ស្រដៀង​ទៅ​​នឹង​​មិត្ត​រួម​ជាតិ​ដែរ។​ ​តារា​​ថៃ​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​នៅ​​សង្វៀន​​ក្រុង​ Sanya​ ប្រទេស​ចិន​​កាល​ខែ ​មករា​ ​​ឆ្នាំ​ ២០១៦​ កន្លង​ទៅ។​ កាល​នោះ​​កីឡាករ​រហស្សនាម​​ “The Killer Kid” ​ជា​អ្នក​បញ្ចប់​ Superbon​ ឲ្យ​ចុះ​ចាញ់។

«​ខ្ញុំ​បាន​​ផ្ដួល​រូប​គេ​តាម​រយៈ​ក្បាច់​​​ខាវ​​ស្ដាំ​នៅ​ទឹក​​ទី​២។ ​ខ្ញុំ​គិត​ថា​គេ​នៅ​មាន​បទ​ពិសោធន៍​ខ្ចី​នៅ​​ឡើយ​​កាល​គ្រា​នោះ​ក្នុង​ការ​ប្រកួត​ឃីកបុកសីង»។ ​ កីឡាករ​វ័យ​ ២៨ ឆ្នាំ​​​​បាន​បញ្ជាក់​បែប​នេះ។


ក្រោយ​មក​ ​Superbon​ ​​បាន​ដាក់​គោល​ដៅ​ជា​ថ្មី។ ​ ​កីឡាករ​ទាំង​ពីរ​​​បាន​ជួប​គ្នា​​​ក្នុង​រយៈ​ពេល ៨​ខែ​​​ក្រោយ​មក​នៅ​​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​ដដែល​​ជា​ទី​ដែល​កីឡាករ​មក​ពី​ក្លិប​ Sor. Tawanrung Gym ​​​អាច​យក​ឈ្នះ​ “The Killer Kid” ​វិញ​ម្ដង​​ដោយ​ពិន្ទុ​ជា​​ឯកច្ឆន្ទ។

Sitthichai​ បាន​រៀបរាប់​ថា​​ ៖«​យើង​បាន​​​ជួប​គ្នា​ជា​ថ្មី​ ហើយ​​​គេ​ឈ្នះ​ដោយ​ពិន្ទុ​​កាល​គ្រា​នោះ។ ​ខ្ញុំ​ទទួល​ស្គាល់​​ថា​គេ​រីកចម្រើន​យ៉ាង​ខ្លាំង​ ​​ប៉ុន្តែ​កាល​​​​​នោះ​​ខ្ញុំ​រង​របួស​ជើង​​មុន​ពេល​ប្រកួត​។ ​អីចឹង​​ហើយ​ទើប​បាន​ជា​​​ការ​ប្រកួត​របស់​ខ្ញុំ​មិន​​​​ល្អ​១០០%»។

12-time kickboxing and Muay Thai World Champion Sittichai Sitsongpeenong flexes

​តាំង​ពី​ជួប​គ្នា​លើក​ចុង​ក្រោយ​នោះ​មក​​មាន​រយៈ​ពេល​​ជិត​​ ៤ ​ឆ្នាំ​មក​ហើយ​​ ហើយ​​ជើង​ខ្លាំង​​ទាំង​ពីរ​រូប​​ទទួល​​​បាន​​ជោគជ័យ​ជា​បន្តបន្ទាប់​​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​នាម​ជា​កីឡាករ​​​កំពូល​ក្នុង​លោក។ ​ពួក​គេ​បាន​រង់​ចាំ​យ៉ាង​យូរ​​​ដើម្បី​​ជួប​គ្នា​ជា​លើក​ទី៣​ ហើយ​ “The Killer Kid”​ ​បាន​​ត្រួត​ពិនិត្យ​គូ​ប្រជែង​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត។ ​​

Sitthichai ​ គូស​បញ្ជាក់​ថា​​ ៖«​ស្ទិល​ប្រកួត​របស់​ ​Superbon​ គឺ​ ​លឿន​ ​និង​ចម្រុះ​​ក្បាច់​ច្រើន។​ ​​គេ​​​មាន​​ស្នៀត​ក្បាច់​ជង្គង់​ដ៏​គ្រោះ​ថ្នាក់​ និង​ ​​ការ​ទាត់​ខាង​លើ​ដ៏​លឿន​​ ដែល​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន។ ​អ្នក​អាច​ឃើញ​​​ការ​ប្រកួត​នេះ​​មិន​ខាន​​ព្រោះ​ ​ការ​ទាត់​ខ្ពស់​របស់​គេ​គឺ​លឿន​ខ្លាំង​មែន​ទែន។ ​​ក្នុង​នោះ​ស្នៀត​ជង្គង់​ និង​ ​ក្បាច់​ម៉ាត់​នា​​ពេល​បច្ចុប្បន្ន​​ក៏​ល្អ​ដែរ។ ​គេ​ជា​កីឡាករ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ណាស់»។

Sitthichai ​តែ​ង​តែ​​​សម្ដែង​ការ​គោរព​​​ខ្លាំង​ដល់​​ Superbon​។​ ​បែប​ណា​ក៏​ដោយ​ ​​កូន​សិស្ស​មក​ពី​ក្លិប​ Sitsongpeenong Muay Thai Camp ​ជឿជាក់​ថា​ ​រូប​គេ​អាច​យក​ឈ្នះ​ជើង​​ខ្លាំង​វ័យ ២៩ ឆ្នាំ​មក​ពី​បាងកក​ បាន។

​កីឡាករ​ដដែល​​បញ្ចេញ​ទស្សនៈ​​ទៀត​ថា​ ៖«​ខ្ញុំ​មាន​ជំនឿ​ជាក់​ថា​​ក្បាច់​គោល​ឃីកបុកសីង​​របស់​ខ្ញុំ​ គឺ​ប្រសើរ​ជាង​រូប​គេ។ ​ខ្ញុំ​​ក៏​​វ៉ៃ​ចេញ​លឿន​ និង​ ​​​កណ្ដាប់​ដៃ​ធ្ងន់​ដែរ។ ​​​ខ្ញុំ​មិន​គិត​អំពី​​ចំណុច​ខ្សោយ​របស់​គេ​ខ្លាំង​​ទេ​ ​ប៉ុន្តែ​ខ្ញុំ​ត្រូវ​​​ផ្ដោត​លើ​ចំណុច​ខ្លាំង​នៃ​​ស្នៀត​របស់​គេ​ ដែល​មាន​ដូច​ជា​​​​ជង្គង់​ និង​ ​ការ​ទាត់​​ក្បាល»។

ជ័យជម្នះ​នៅ​ថ្ងៃ​ទី​ ៣១ ​ខែ​កក្កដា​ ខាង​មុខ​​នឹង​ធ្វើ​ឲ្យ​រូប​គេ​​​ឈាន​ដល់​កម្រិត​ខ្ពស់​ក្នុង​ចំណាត់​ថ្នាក់​​​ផ្លូវ​​ការ​របស់​​ ONE ​ឬ​ ​ONE’s Athlete Rankings។​ ​មួយ​ទៀត​​វា​ជា​ឱកាស​​ឈាន​ដល់​កម្រិត​​​កំពូល​មួយ​​ស្ថិត​ក្នុង​​​​ក្រសែ​ភ្នែក​​ទស្សនិកជន​ និង​ ​កីឡាករ​ផ្សេង​ទៀត។

​បច្ចុប្បន្ន​នេះ​ Superbon ​កំពុង​កាន់កាប់​​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ការ​ប្រកួត​ប្រជែង​​​មួយ​​ថៃ​ទម្ងន់ Featherweight ​​និង​​ស្ថិត​​​នៅ​លេខ​២​ក្នុង​​​ចំណាត់​ថ្នាក់​ប្រកួត​ប្រជែង​​​ឃីកបុកសីង។ ​​​ក្ដី​​ស្រមៃ​របស់​ Sitthichai​ គឺ​ជួប​​​ជើង​ខ្លាំង​​ម្ចាស់​ខ្សែ​ក្រវាត់​​ឃីកបុកសីង​ Giorgio “The Doctor” Petrosyan។ ​​ក្នុង​​ការ​​ប៉ុនប៉ង​ជួប​​នេះ​ “The Killer Kid” ​​មិន​សំដៅ​ថា​ ឈ្នះ​ ​ឬ​ រង​បរាជ័យ​​​នៅ​កម្មវិធី​ ONE: NO SURRENDER​ នោះ​ទេ។

“The Killer Kid” ​​បាន​សង្កត់​ធ្ងន់​ថា​ ៖«​នេះ​ជា​ការ​​​ប្រកួត​ប្រកប​ដោយ​សេច​ក្ដី​វិនិច្ឆ័យ​មួយ​ ​ថា​តើ​អ្នក​ណា​ជា​កីឡាករ​ចំណាត់​ថ្នាក់​លេខ​១​នៅ​ក្នុង​លោក។ ​ខ្ញុំ​មាន​ទំនុក​ចិត្ត​​ថា​ខ្ញុំ​នឹង​ឈ្នះ​ការប្រកួត​នេះ​ព្រោះ​ខ្ញុំ​មាន​បទ​​ពិសោធន៍​​ច្រើន​ និង​ ​ហ្វឹកហាត់​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រកួត​នេះ។ ​​បើ​មាន​​ឱកាស​​​ផ្ដួល​ឲ្យ​សន្លប់​​ ខ្ញុំ​នឹង​[ធ្វើ​ភ្លាម]»។

បើ​សិន​ទទួល​ជ័យជម្នះ​​នៅ​ចុង​ខែ​​ ​កក្កដា​ នេះ​ Sitthichai​ នឹង​​កាន់​តែ​ខិត​ជិត​​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ជាក់​ជា​មិន​ខាន។ ​នេះ​ជា​ហេតុ​ផល​ដែល​ជើង​ឯក​​​ឃីកបុកសីង​​​ និង​ ​មួយ​ថៃ​​កម្រិត​ពិភព​លោក​ ១១ ​សម័យកាល​​​ចុះ​កុង​ត្រា​​ប្រកួត​​នៅ​សង្វៀន​​ ONE។

Sitthichai​ ​ បង្ហាញ​ហេតុ​ផល​ច្បាស់​បែប​នេះ ៖«​​​នេះ​ជា​ហេតុ​ផល​ត្រូវ​​ចូល​រួម​នៅ​ ONE Championship ​ព្រោះ​​មាន​កីឡាករ​ល្អ​បំផុត​ច្រើន​ណាស់។ ​ហើយ​​សង្វៀន​​ផ្សេង​​ទៀត​​អត់​មាន​បែប​នេះ​ទេ។ ​ខ្ញុំ​ចង់​​អភិវឌ្ឍ​ខ្លួន​ឯង​មក​កាន់​សង្វៀន​លំដាប់​ពិភព​លោក​មួយ​នេះ។ ​ខ្ញុំ​ចង់​ឈ្នះ​​​ជើង​ឯក​ពិភព​លោក​នៅ​ទី​នេះ»។

ចុចអាន : The Best Knockouts From The Stars Of ONE: NO SURRENDER