News

Samy Sana ត្រៀមខ្លួន១០០%ហើយសម្រាប់ឱកាសកម្មវិធីខ្សែក្រវាត់ GP លើកទី២

ជើង​ខ្លាំង​ឃីក​បុក​សីង​លំដាប់​ពិភព​លោក Samy “AK47” Sana  ទទួល​បាន​ឱកាស​ប្រកួត​កម្មវិធី​ខ្សែ​ក្រវាត់​ជា​លើក​ទី​២ បន្ទាប់​ពី​លើក​ទី១​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សំគាល់​គឺ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​ទី​បំផុត​បាន​ត្រឹម​ជើង​ឯក​រង។

លើក​ទី​២​នេះ​ជើង​ខ្លាំង​បារាំង​-អាហ្សេរី​ត្រូវ​ជួប Chingiz “Chinga” Allazov  នៅ​វគ្គ​៨​នាក់​ដំបូង​​នៃ​កម្មវិធី​ខ្សែ​ក្រវាត់ ONE Featherweight Kickboxing World Grand Prix នៅ​សមរភូមិផ្សាយ​ផ្ទាល់​ ONE: FIRST STRIKE នាថ្ងៃ​សុក្រ ទី​១៥ ខែ​តុលា ខាង​មុខ​នេះ​នៅ​ប្រទេស​សិង្ហបុរី។

ជើង​ខ្លាំង Allazov នឹង​ក្លាយ​ជាដៃ​គូ​ម្នាក់​ទៀត​ក្នុង​ចំណោម​ឡើង​សង្វៀន​ឈ្នះ​៥៦​ដង ចាញ់​៥​ដង និង​ស្មើ​១​ដង​របស់ Sana និង​ធ្លាប់​បាន​បញ្ឈប់​ដៃ​គូ​បាន​៣៤​ដង​ក្នុង​អាជីព​ប្រដាល់​ឃីក​បុក​សីង​របស់​ខ្លួន។ ប៉ុន្តែ​​បទ​ពិសោធ​ដ៏​ជោកជាំ​ទាំង​នោះ​មិន​ទាន់​ផ្តល់​ឲ្យ​កីឡាករ​អាយុ​៣៣​ឆ្នាំ​នេះ​ស្ងប់​ចិត្ត​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​ទទួល​ស្គាល់​ថា ៖«ដៃគូ Chingiz ជា​អ្នក​ប្រដាល់​ឃីក​បុក​សីង​ច្បាស់​ម្នាក់​ដែល​មាន​កណ្តាប់​ដៃ​ល្អ និង​ទាត់​ដ៏​ប្រសិទ្ធភាព។ តែ​ខ្ញុំ​មិន​គិត​ថា គាត់​មិន​សូវ​ដាក់​សម្ពាធ​ដៃ​គូ​ទេ ហើយ​គាត់​ទាប ប្រៀប​ជា​មួយ​ខ្ញុំ​ខ្ពស់​ជាង»។

Sana មាន​កម្ពស់​ខ្ពស់​ជាង​ Allazov ៩​សង់ទីម៉ែត្រ ហើយ​គេ​ច្បាស់​ក្នុង​ចិត្ត​ថា ខ្លួន​មាន​ប្រៀប​ជាង។ ជើង​ខ្លាំង​ម្នាក់​នេះ​វ៉ៃ​ដាក់​សម្ពាធ​សាហាវ​ណាស់​លើ​ដៃ​ពីរ​នាក់​ក្នុង​កម្មវិធី​ខ្សែ​ក្រវាត់ ONE Featherweight Kickboxing World Grand Prix កាល​ពី​ឆ្នាំ​២០១៩។

កាល​​លើក​ទី​១​នោះ រូប​គេ​បាន​ផ្តួល​ជើង​ខ្លាំង​ពីរ​នាក់​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ទី​១ វគ្គ​១/៤ រូប​គេ​បាន​យក​ខ្លា​កំណាច​ថៃរហស្សនាម«អ្នក​ប្រដាល់​កុំព្យួទ័រ» Yodsanklai IWE Fairtex ដោយ​ពិន្ទុ ហើយ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្ររូប​គេ​បាន​យក​ឈ្នះ​ជើង​ខ្លាំង Dzhabar Askerov ​ដោយ​ពិន្ទុ​ទៀត​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

លើក​នេះ ជើង​ខ្លាំង​រហស្សនាម “AK47”ជឿ​ជាក់​ថា ខ្លួន​នឹង​​ទទួល​បាន​លទ្ធផលល្អ​សម្រាប់​ការ​ប្រកួត​ជា​មួយ Chinga។ Sana និយាយ​ថា ៖«ខ្ញុំ​មាន​ស្មារតី​រឹង​មាំ​ល្អ។ ចិត្ត​គំនិត​ខ្ញុំ​ចាស់​ទុំ។ អាច​និយាយ​បាន​ថា  កម្មវិធី​ខ្សែ​ក្រវាត់​លើក​នេះ មិន​អាច​បរាជ័យទៀត​ទេ»។

បន្ទាប់​ពីឆ្លង​ផុត​ជើង​ខ្លាំង​ពីរ​នៅ​ឆ្នាំ​២០១៩ Sana បាន​ជួប​នឹង​ Giorgio “The Doctor” Petrosyan វគ្គ​ផ្តាច់​ព្រ័ត្រ។ រូប​គេ​បាន​បរាជ័យ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​ពិន្ទុ​ដែល​ខ្សែ​ក្រវាត់​​ធ្លាក់​​​ទៅ​ជើង​ខ្លាំង​គ្រប់​សម័យ​កាល Giorgio Petrosyan ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​១​លាន​ដុល្លារ​អាមេរិក។

Sana មិន​លើក​ហេតុ​ផល ឬ​លេស​អ្វី​ទេ ប៉ុន្តែ​ឥឡូវ​នេះ រូប​គេ​ទទួល​ស្គាល់​ថា ការ​ត្រៀម​ខ្លួន​ប្រកួត​ជា​មួយ Petrosyan នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​មិន​បាន​ដំណើរ​ការ​តាម​ផែន​ការ​ទេ។ ប៉ុន្តែ​លើក​នេះ រូប​គេ​បាន​ប្តេជ្ញា​មិន​ឲ្យ​ឱកាស​ល្អ​កន្លង​ផុត​ឡើយ។

Sana ​​​បាន​និយាយ​ថា ៖«កាល​ពី​ឆ្នាំ​២០១៩​នោះ ខ្ញុំ​ធ្វើ​បាន​ល្អ​រហូត​ដល់​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប Petrosyan ដែល​ពេល​នោះ​ខ្ញុំ​មាន​បញ្ហា​ជា​ច្រើន​ក្នុង​ការ​ប្រកួត។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ពី​ចមណុច​ខ្សោយ​របស់​ខ្លួន​ឯង​ច្រើន​ណាស់ ហើយ​ក៏​ដឹង​ពី​ចំណុច​ខ្លាំង​ខ្លួន​ឯង​ដែរ។ ខ្ញុំ​ដឹង​ពី​របៀប​ដែល​ត្រូវ​ប្រកួត​ជា​មួយ​ពួក​គេ​ហើយ»។

Samy Sana fights Chingiz Allazov at ONE: FIRST STRIKE on 15 October

Sana បាន​ប្តេជ្ញា​យក​ឈ្នះ Allazov ដើម្បី​បាន​កៅអី​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​​លោក​មិន​ហ៊ាន​​ព្យាករ​ពីលទ្ធផល​​​ក្នុង​ការ​ប្រកួត​នៅ ONE: FIRST STRIKE ទេ។ ផ្ទុយ​ទៅ​វិញ​លោក​បាន​​ត្រៀម​ខ្លួន​ល្អទាំង​កាយ​ និង​ចិត្ត​ ដូច្នេះ​ការ​ប្រកួត​នេះ​នឹង​កក្រើក​ខ្លាំង។

Sana និយាយ​ថា ៖«ខ្ញុំ​ផ្តោត​លើ​រឿង​តែ​មួយ​គត់​គឺ​ឈ្នះ។ មិន​ខ្វះ​ថាឈ្នះ​សន្លប់ ឬ​ពិន្ទុ​ ឬក៏​ទឹក​ទី​​ប៉ុន្មាន​ទេ ខ្ញុំ​អត់​ខ្វល់។ ខ្ញុំ​ខ្វះ​តែ​ឈ្នះ​ម្យ៉ាង»។

«គ្មាន​នរណា​ម្នាក់​​លើក​លែង​តែខ្ញុំ​ម្នាក់​គត់​ដែល​បាន​ប្រកួត​ចាញ់​​ក្នុង​កម្មវិធី​ខ្សែ​ក្រវាត់​ប្រាក់​រង្វាន់​១​លាន​ដុល្លារ​អាមេរិក​កាល​ពី​មុន»។ កីឡាករ​បាន​បញ្ជាក់​ថា និង​បន្ថែម​ថា «សាក​ស្រមៃ​មើល​ទៅ ថា​តើ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ​យ៉ាង​ណា​សម្រាប់​លើក​នេះ»។



កីឡាករ​ជា​ច្រើន​នៅ​ ONE Super Series ដែល​បាន​ក្អេង​ក្អាង​មុន​ការ​ប្រកួត។ អ្នក​ខ្លះ​ក៏​បង្ហាញ​លើ​សង្វៀន​ដូច​សំដី តែ​អ្នក​ខ្លះ​និយាយ​អត់​ប្រយោជន៍។ ទោះ​បី​ជា​យ៉ាង​ណា Sana មិន​មែន​បាន​តែ​សំដី ហើយ​ឡើង​សង្វៀន​អត់​បាន​ការ​នោះ​ទេ។ រូប​គេ​ជា​កីឡាករ​ម្នាក់​ដែល​វ៉ៃ​មិន​ចេះ​ទុក​កម្លាំង​ដែល​និយាយ​បាន​ថា វ៉ៃ​ងាប់​ចោល។

រំលឹក​ទៅដល់​ការ​ចាញ់​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​លើក​មុន Sana ថា ៖«គ្មាន​នរណាផ្សេង​ក្រៅ​ពី​ខ្ញុំ​ទេ​ដែល​បាន​ចូល​រួម​ប្រកួត​លើក​មុន​បាន​ឱកាស​ចូល​រួម​ប្រកួត​លើក​ទី​២​នេះ។ និយាយ​ទៅ តើ​នរណា​យល់​អារម្មណ៍​ខ្ញុំ​ដែល​បាត់​បង់​ឱកាស​ឈ្នះ​ជើង​ឯក​លើក​មុន​ដែល​មាន​ប្រាក់​រង្វាន់​១​លាន​ដុល្លារ ហើយ​យក​ការ​បាត់​បង់​នោះ​មក​ប្តេជ្ញា​សម្រាប់​ការ​ប្រកួត​លើក​នេះ»៕

Read more: Allazov Excited To Compete In ‘Really Cool’ Kickboxing Grand Prix

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។