News

Superbon ផ្ដួល Petrosyan ឲ្យ​សន្លប់​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​​ឃីកបុកសីង​ពិភព​លោក​ ONE Featherweight

រឿង​ដែល​​​គេ​គ្រប់​គ្នា​សឹង​តែ​មិន​ជឿ​នឹង​ភ្នែក​បាន​កើត​​ឡើង​ហើយ។​ ​អ្នក​ជំនាញ​​​ស្នៀត​ជើង​​សញ្ជាតិ​ថៃ​ Superbon ដែល​ជា​កីឡាករ​លំដាប់​លេខ​២​ក្នុង​ប្រភេទ​​ទម្ងន់ Featherweight បាន​ផ្ដួល​​ជើង​​ជើង​ឯក 2019 ONE World Kickboxing Grand Prix  កីឡាករ​លំដាប់​លេខ​១ Giorgio “The Doctor” Petrosyan ឲ្យ​សន្លប់​​ឈឹង​ដោយ​ក្បាច់​ទាត់​​មួយ​ជើង​​ស្ដាំ​ចំ​ក​ញ្ចឹង​ក​​នៅ​ទឹក​ទី២​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​​ឃីកបុកសីង​ពិភព​លោក​ ONE Featherweight ​នា​យប់​ថ្ងៃ​ទី​ ១៥ ខែ​តុលា​នេះ​ ​នៅ​ព្រឹត្តិការណ៍ ONE: FIRST STRIKE នេះ​ ឯ​​កីឡដ្ឋាន  Singapore Indoor Stadium ​​ប្រទេស​សិង្ហបុរី។

Superbon whips at kick at Giorgio Petrosyan

គ្រាន់​តែ​ស្នូរ​ជួង​ចាប់​ផ្ដើម​​អ្នក​ទាំង​ពីរ​ចូល​ប្ដូរ​ក្បាច់​គ្នា​​​ទៅ​មក​បាត់​ទៅ​ហើយ។ Petrosyan ព្យាយាម​​ដើរ​ចូល​គាប​សង្កត់​ដើម្បី​ចេញ​កណ្ដាប់​ដៃ​ ស្រប​ពេល​ដែល​ Superbon ព្យាយាម​​​អុក​ជង្គង់ និង​ទាត់​ជើង​ខ្ពស់​រក​ចំណុច​​ខ្សោយ​របស់​គូ​ប្រជែង។ Superbon ​​ក៏​បាន​ប្រើ​ក្បាច់​ពិសេស​របស់​គេ​ធាក់​ទប់ ផង​ដែរ ប៉ុន្តែ ​ត្រូវ​បាន កីឡាករ​រហស្សនាម “The Doctor” ​​ម៉ាត់​កណ្ដាប់​ដៃ​កាត់​ចំ​មួយ​ដៃ​នៅ​ក្នុង​ទឹក​ដំបូង​នេះ។

Superbon whips at kick at Giorgio Petrosyan

ពេល​ចូល​ទឹក​ទី២​​មិន​បាន​ប៉ុន្មាន​ផង ​ជើង​ខ្លាំង​ទាំង​ពីរ​ចូល​សម្រុក​គ្នា​មួយ​ប្រាវ​ដោយ​ប្រើ​កណ្ដាប់​ដៃ​ទៅ​មក​ម្ដង​ទៀត​ ប៉ុន្តែ​ Petrosyan ​ដក​ថយ​ក្នុង​ការ​​យក​ចន្លោះ​បន្តិច​ដើម្បី​ប្រើ​ស្នៀត​ ប៉ុន្តែ បែរ​ជា​​ត្រូវ​​មួ​យ​ជើង​ស្ដាំ​ចំ​កញ្ចឹង​ក​របស់ Superbon ​​ធ្វើ​ឲ្យ​ដួល​ទៅ​ក្តារ​រេញ​​ងើប​មិន​រួច។​ ​​​កីឡាករ​ថៃ​រក​ហក់​ទៅ​ថែម​ទៀត ប៉ុន្តែ អាជ្ញា​កណ្ដាល​លោក Olivier Coste បាន​រា​ដៃ​ថា​មិន​អាច​​បន្ត​ឲ្យ​​ប្រកួត​ទេ ខណៈ សិស្ស​គុន​មក​ពី​ក្លិប Team Petrosyan ក៏​មិន​ទាន់​ដឹង​ខ្លួន​ដែរ។ ទី​បំផុត Superbon ផ្ដួល​ Petrosyan ​ឲ្យ​សន្លប់​​ត្រឹម ២០ វិនាទី​​នៅ​ទឹក​ទី​២។

Superbon ​​បាន​ថ្លែង​ក្រោយ​គ្រង​ខ្សែ​ក្រវាត់ថា៖«​​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​​បាន​យក​ឈ្នះ​ការ​ប្រកួត​នេះ។​ ​ខ្ញុំ​បាន​រៀប​ចំ​ដើម្បី​ផ្ដួល​គេ [Petrosyan] ឲ្យ​សន្លប់​។ ទី​បំផុត​ ខ្ញុំ​ធ្វើ​បាន​មែន។ ​នៅ​ថ្ងៃ​មុខ ខ្ញុំ​ចង់​ជួប​កីឡាករ​​គ្រប់​រូប​ឲ្យ​តែ​ចង់​ឡើង​មក​ដណ្ដើម​ខ្សែ​ក្រវាត់​ពី​ខ្ញុំ។ ​ខ្ញុំ​សូម​ឲ្យ​ពួក​គេ​រៀប​ចំ​ខ្លួន​ឲ្យ​បាន​ល្អ​មុន​ពេល​ជួប​ខ្ញុំ។ ខ្ញុំ​រង់​ចាំ​ស្វា​គមន៍​ជា​និច្ច»។

នេះ​ជា​លើក​ដំបូង​របស់​ Superbon ដែល​ឈ្នះ​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក។ ​ ក្រោយ​ទទួល​ជ័យជម្នះ​នេះ Superbon  មាន​កំណត់​ត្រា​ឈ្នះ ១១២ ដង និង​ចាញ់ ៣៤ ដង​ប៉ុណ្ណោះ។ ​លើស​ពី​នេះ គេ​កំពុង​កាន់​កំណត់​ត្រា​ឈ្នះ ១១ លើក​ជាប់​គ្នា៕

Superbon with the ONE Championship belt

ចុចអាន : ONE: FIRST STRIKE – Live Results And Highlights For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។