Kickboxing

មនុស្ស​ដែក Rodtang ប្តេជ្ញាឈ្នះ​​ខ្សែ​ក្រវាត់​ឃីកបុកសីងពិភព​លោក រួច​​ចាប់​​អាជីព MMA

ជើង​​ឯក​មួយ​ថៃ​ពិភព​​លោក រហស្សនាម​មនុស្ស​ដែក Rodtang “The Iron Man Jitmuangnon ជោគជ័យ​យ៉ាង​សម្បើម​​សម្រាប់​៦​ខែ​ដំបូង​ដើម​ឆ្នាំ​២០២១។

រូប​គេ​បាន​ឡើង​សង្វៀន​ពីរ​ដង​ដោយ​លើក​ទី១ឈ្នះ​Tagir Khalilov សម្រាប់​ការ​ចូល​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​ឃីក​បុក​សីង​ជា​ផ្លូវ​ការ​ និង​នៅ​ព្រឹត្តិការណ៍ “ONE on TNT I” ដែល​ផ្សាយ​ផ្ទាល់​ទៅ​ម៉ោង​ពិសេស​នៅ​​អាមេរិកទទួល​បាន​ជ័យជម្នះ​លើ “Mini T” Danial Williams សម្រាប់​ការ​ប្រកួត​ទី​២។

រហូត​ដល់​ពេល​នេះ  Rodtang ជា​កីឡាករ​ដែល​មាន​អ្នក​គាំទ្រ​អន្តរជាតិ​ច្រើន​​តាម​ការ​ទស្សនាវីដេអូSportsCenter,” ហើយ​​ថ្មី​ៗ​​រូប​គេ​បានបញ្ចេញ​មតិ​ស្វាគមន៍​ជើង​ខ្លាំង​គុន​ចម្រុះ​គ្រប់​សម័យ​កាល Demetrious “Mighty Mouse” Johnson ដែល​ចង់​ចូល​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​ឃីក​បុក​សីង។

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ មនុស្ស​ដែក​បាន​ឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធក្នុង​ការ​ប្រកួត​នៅ​ព្រឹត្តិការណ៍ “ONE on TNT” និង​បាន​បង្ហាញ​ពី​ផែន​ការ​សម្រាប់​​ពេល​វេលា​ដែល​នៅ​សល់​ក្នុង​ឆ្នាំ​២០២១​នេះ។

ONE Championship: កាល​ពី​ពីរ​សប្តាហ៍​មុន លោក​បាន​ប្រកួត​លើក​ដំបូង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ទៅ​កាន់​ម៉ោង​មាស​អាមេរិក​ជា​មួយដៃគូ “Mini T” Danial Williams ​តើ​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ?

Rodtang Jitmuangnon: ខ្ញុំ​រីក​រាយ​​ចំពោះ​ឱកាស​ថ្មី​សម្រាប់​ខ្លួន​ឯង​នេះ។ ក្នុង​នាម​តំណាង​ឲ្យ​ប្រទេស​ថៃ ខ្ញុំ​បាន​បង្ហាញ​សិល្បៈ​ក្បាច់​គុន​មួយ​ថៃ​ដល់​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក ជា​ពិសេស​ពល​រដ្ឋ​អាមេរិក។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត និង​មាន​កិត្តិយស​ណាស់។

កីឡាករ​ជា​ច្រើន​ដែល​ចង់​បាន​ឱកាស​បែប​នេះ ប៉ុន្តែ​ ONE ទុក​ចិត្ត​ខ្ញុំ ហើយ​ជ្រើស​រើស​ខ្ញុំ ដូច្នេះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ប្រឹង​បង្ហាញជំនាញ​របស់​ខ្ញុំ​ដល់​ពល​រដ្ឋអាមេរិក។ ពួក​គាត់​ប្រហែល​​យល់​ច្បាស់​ពី​កីឡាគុន​ចម្រុះ តែ​ខ្ញុំ​នាំ​យក​មួយ​ថៃ​ដល់​ពួក​គាត់ ហើយ​ខ្ញុំ​​ចង់​បង្ហាញ​ថា មួយ​ថៃ​អាច​ប្រៀប​ធៀប​ជា​មួយ​កីឡា​ផ្សេង​ៗ​ទៀត។ ខ្ញុំ​ចង់​ឲ្យ​ពួក​គាត់​ស្រឡាញ់​ចូល​ចិត្ត​មួយ​ថៃ។

ONE: តើ​លោក​យល់​យ៉ាង​ណា​សម្រាប់​ការ​ប្រកួត​ឈ្នះ “Mini T”?

RJ: នៅ​ពេល​ដៃ​ត្រូវ​បាន​ផ្លាស់​ប្តូរ​​ភ្លាម​ៗ នោះ​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​ការ​​កែ​សម្រួល​ផែន​ការ​ប្រកួត​របស់​ខ្ញុំ​ និង​សិក្សា​ស្វែង​យល់​ពី​ដៃ​គូ​ថ្មី​ក្នុង​រយៈ​ពេល​ខ្លី។

ដំបូង​ឡើយ ខ្ញុំ​បាន​ត្រៀម​គ្រប់​ស្នៀត​ទាំង​អស់ ប៉ុន្តែ​កីឡាករ “Mini T”ជា​កីឡាករ​មាន​បទ​ពិសោធ​មួយ​ថៃ និង​គុន​ចម្រុះ ហើយ​គាត់​ពិត​ជា​មាន​បេះ​ដូង​ថ្មី​មែន។ គាត់​មាន​តិកនិក​ល្អ ដូច្នេះ​​ហើយ​បាន​ជា​ខ្ញុំ​មិន​អាច​សម្រុក​លើ​គាត់​ដោយ​គ្មាន​ការ​គិត​ពិចារណាទេ។ ខ្ញុំ​បាន​រក​ចន្លោះ​ឃើញ​ដើម្បី​វ៉ៃ​លុក​គាត់។ គាត់​ពិត​ជា​ធ្វើ​​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​មែន​ទែន ពី​ព្រោះ​គាត់​មាន​ស្មារតី​ជា​អ្នក​ប្រយុទ្ធ​ពិត​ៗ។

ONE: លោក​ទទួល​បាន​ការ​​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​អ្ន​ក​គាំទ្រ​អាមេរិក។ តើ​ការ​ប្រកួត​របស់​លោក​មាន​ឥទ្ធិពល​បែប​ណា​លើ​អ្នក​គាំទ្រ​បរទេស?

RJ: នៅ​លើ Instagram របស់​ខ្ញុំ​បាន​កើន​​ឡើង​អ្នក​គាំទ្រ​យ៉ាង​លឿន ហើយ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​កាន់​តែ​សាយ​ភាយ។ បន្ទាប់​​ពី​ព្រឹត្តិការណ៍ “ONE on TNT” អ្នក​គាំទ្រ​របស់​ខ្ញុំ​បាន​កើន​ស្ទើរ​តែ​១០​ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​ជន​ជាតិ​អាមេរិក អាល្លឺម៉ង់ ជប៉ុន និង​ប្រទេស​ផ្សេង​ទៀត។

មាន​ម្នាក់​បាន​ផ្ញើ​សារ​មក​ខ្ញុំនិយាយ​ថា «បើ​ខ្ញុំបាន​ទៅ​ប្រទេស​ថៃ ខ្ញុំ​នឹង​ទៅ​ហាត់​មួយ​ថៃ​ជា​មួយ​អ្នក»។ សារ​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ ហើយ​ខ្ញុំ​ចង់​និយាយ​ថា អរគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​គាំទ្រ និង​ស្រឡាញ់​មួយ​ថៃ។

ONE: លោក​ប្រកួត​ឈ្នះ​១០​លើក​ជាប់​គ្នា​នៅ ONE Super Series ​ដែល​មិន​មាន​កីឡាករ​មួយ​ថៃ ឬ​ឃីក​បុកសីង​ណា​ធ្វើ​ដូច។ វា​ជា​កំណត់​ត្រា​មួយ។ តើ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​សម្រេច​បាន​សមិទ្ធផល​ដ៏​ល្អ​នេះ?

RJ: អ្នក​ប្រដាល់​ថៃ​ច្រើន​ណាស់​ចង់​មាន​ឱកាស​ដូច​ខ្ញុំ តែ​ខ្ញុំ​ទទួល​បាន​ឱកាស​នេះ​ពី ONE Championship ដូច្នេះ​ខ្ញុំ​ពិត​ជា​រីក​រាយ និង​មោទនភាព​ណាស់។

ពី​មុន ខ្ញុំ​ជា​កីឡាករ​ល្បី​នៅ​ស្រុក​កំណើត។ នៅ​ពេល​ខ្ញុំ​ទៅ​ក្រុង​បាំងកក ខ្ញុំ​មិន​រំពឹង​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​ទេ។ វា​ពិតពិបាក​រៀប​រាប់​ណាស់។ វា​ជា​អារម្មណ៍​ដ៏​កក់​ក្តៅ។ ខ្ញុំ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​អ្នក​រាល់​គ្នា​ស្វាគមន៍​ខ្ញុំ​រាល់​ពេល​ខ្ញុំ​ទៅ​ណា​មក​ណា។

ជីវិត​បាន​ផ្លាស់​ប្តូរ​ច្រើន​ណាស់ ចាប់​តាំង​ពី​ខ្ញុំ​ចូល​ប្រឡូក​មួយ​ថៃ និងឃីក​បុក​សីង។ ខ្ញុំ​អាចឃើញ​ឱកាស​ជា​ច្រើន​នៅ​ក្នុង​អាជីព។ ខ្ញុំ​បាន​ហៅ​វា​ជា​ផល​ប្រយោជន៍​នៅ​ក្នុង​ជីវិតខ្ញូំ។ រឹត​តែ​សំខាន់​ទៀត​នោះ​ដោយសារ​អាជីព​ប្រដាល់ ខ្ញុំ​អាច​មើលឪពុក​ម្តាយ និង​ចិញ្ចឹម​មនុស្ស​ជិត​២០​នាក់​នៅ​ក្នុង​គ្រួសារ​ដែល​នោះ​ជា​មោទនភាព​បំផុត​របស់​ខ្ញុំ។

ONE: ប៉ុន្មាន​ខែ​មុន​ជើង​ខ្លាំង​លំដាប់​លេខ​១​ក្នុង​តារាង​ចំណាត់​ថ្នាក់​គឺ​មិត្ត​រួម​ជាតិ Superlek Kiatmoo9 បាន​ប្រកួត​ជា​មួយ Ilias Ennahachi ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Flyweight ហើយ​ចាញ់​ដោយ​ពិន្ទុ។ តើ​លោក​យល់​ឃើញ​យ៉ាង​ណា​ដែរ​ការ​ប្រកួត​នោះ?

RJ: ខ្ញុំ​គិត Superlek ឈ្នះ ប៉ុន្តែកីឡាឃីក​បុកសីង វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់ Ennahachi មាន​ចលនា​ផ្លាស់​ប្តូរ​រត់​ពេញ​សង្វៀន ពី​ព្រោះ​ឃីក​បុកសីង​គឺ​​ជើង ដែល​ត្រូវ​ទាត់​ចូល និង​ចេញ ផ្លាស់​ទី​កន្លែង និង​ព្យាយាម​កុំ​ឲ្យ​បាត់​ពិន្ទុ។

បើ​យើង​ទាត់ ហើយ​គាត់​រត់ អីចឹងការ​ទាត់​របស់​យើង​អត់​មាន​ទម្ងន់​ទេ ខណៈ​គាត់​អាច​ចេញ​កណ្តាប់​ដៃ​លើ​ដង​ខ្លួនដើម្បី​ទទួល​បាន​ពិន្ទុ។ មនុស្ស​ដែល​ចង់​វ៉ៃ​ក្រោម​ច្បាប់​ឃីក​បុក​សីង​​ត្រូវ​តែ​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​របៀប​ទទួលបាន​ពិន្ទុ។ ខ្ញុំ​នៅ​មិន​ទាន់​សិក្សា​​ច្បាស់​លាស់​នៅ​ឡើយ​ទេ ពី​ព្រោះ​ខ្ញុំ​ទើប​តែ​ប្រកួត​បាន​ពីរ​បី​ដង​ប៉ុណ្ណោះ តែ​បើ​ខ្ញុំ​ត្រូវ​ប្រកួត​សំខាន់ ឬ​ខ្សែ​ក្រវាត់ ខ្ញុំ​នឹង​ស្វែង​យល់​ឲ្យ​ច្បាស់ ហើយ​បន្ទាប់​មក​ផ្តោត​យក​ចិត្ត​ទុក​ដាក់។

ONE: នៅ​ពេល​ខាង​មុខ​តើ​លោក​ត្រូវ​ធ្វើ​អ្វី ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក ONE Flyweight ជា​មួយ Superlek ឬ​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពី Ennahachi ?

RJ: ខ្ញុំ​ចង់​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​មុន។ ខ្ញុំ​ជា​ជើង​ឯក​មួយ​ថៃពិភព​លោក ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ធូរស្រាល​ឥឡូវ​នេះ ហើយ​ខ្ញុំ​ចង់​​បង្កើន​ការ​ងារ​ធ្ងន់​គឺ​ឆ្ពោះ​ទៅ​មុខ និង​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក។ បន្ទាប់​មក ខ្ញុំ​នឹង​ផ្តោត​លើ​អាជីព​គុន​ចម្រុះ​ថែម​ទៀត ពី​ព្រោះ​ខ្ញុំ​ចង់ព្យាយាម​ធ្វើ​អ្វី​ថ្មី​។

បើ​យើង​ផ្តោត​លើ​អ្វី​ច្រើន​រឿង​ក្នុង​ពេល​ជា​មួយ​គ្នា វា​នឹង​ធ្វើ​ឲ្យ​យើង​ច្របូក​ច្របល់ ហើយ​យើង​នឹង​បាត់​បង់​ការ​​ផ្ទង់​ស្មារតី ពី​ព្រោះ​យើង​ត្រូវ​ការពេល​វេលា​​អនុវត្ត​ឲ្យ​បាន​ម៉ត់​ចត់។

សម្រាប់​កីឡា​គុន​ចម្រុះ ខ្ញុំ​គ្មាន​បទ​ពិសោធ​សោះ។ វា​ត្រូវ​ការ​ពេល​វេលា​យូរ​ដើ​ម្បី​ហ្វឹក​ហាត់ និង​លះ​បង់​ខ្លួន​ធ្វើ​វា។ ដូច្នេះ​ខ្ញុំ​ចង់​បាន​ខ្សែ​ក្រវាត់​ឃីកបុកសីង​មុន រួច​ព្យាយាម​ចូល​ប្រឡូក​គុន​ចម្រុះ។

Rodtang Jitmuangnon fights Tagir Khalilov at ONE: FISTS OF FURY

ONE: សម្រាប់​ពេល​៦​ខែ​បន្ទាប់​នៅ​ឆ្នាំ​២០២១ តើ​លោក​ចង់​បាន​អ្វី​មុន​បញ្ចប់​ឆ្នាំ?

RJ: ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​ប្រកួត​ឲ្យ​បានញឹក​ញាប់។ ខ្ញុំ​ចូល​ចិត្ត​ប្រកួត ហើយ​បើ​ខាន​ឡើង​សង្វៀន​យូរ ខ្ញុំ​មិន​ស្រួល​ចិត្ត​សោះ។ វា​មិន​ដូច​​អ្នក​ប្រដាល់​បរទេស​ដែល​ប្រកួត​តែ​ពីរ​ឬ​បី​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ សម្រាប់​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ខ្លួន​សកម្ម។

ពី​មុន​ខ្ញុំ​រស់​នៅ Isaan  ខ្ញុំ​តែង​តែ​ប្រកួត​ពីរ​ដង​ក្នុង​មួយ​ថៃ ដូច្នេះ​ខ្ញុំ​ធ្លាប់​ហើយ។ ជូន​កាល ខ្ញុំ​របួស​ពី​ការ​ប្រកួត​ចុង​ក្រោយ តែ​ខ្លួន​ប្រាណ និង​បេះ​ដូង​ខ្ញុំ​​នៅ​រឹង​មាំ និង​ចង់​ចេញ​ទៅ​ប្រកួត​ទៀត។ ដូច្នេះ ខ្ញុំ​ចង់​​បាន​ប្រកួតឲ្យ​បាន​ញឹក​ញាប់៕

Read more: ONE’s Top 3 Muay Thai And Kickboxing Knockouts From April-June 2021

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។