Kickboxing
គូឯក Ramazanov ប៉ះ Capitan ខណៈ Aoki ប៉ះ Nakashima នៅ ONE: UNBREAKABLE
ONE Championship នឹងចាប់ផ្តើមឆ្នាំ២០២១ជាមួយនឹងព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: UNBREAKABLE ចេញពីកីឡដ្ឋាន Singapore Indoor Stadium ថ្ងៃសុក្រ ទី២២ ខែមករា នេះ។
បន្ទាប់ពីទន្ទឹងរង់ចាំជាច្រើនសប្តាហ៍មក ក្រោយពេលឆ្នាំចាស់កន្លងផុតទៅ ម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Bantamweight Kickboxing World Champion គឺកីឡាករ Alaverdi “Babyface Killer” Ramazanov ត្រូវឡើងការពារខ្សែក្រវាត់របស់ខ្លួនក្នុងតំណែងគូឯក។
ជើងខ្លាំង Ramazanov បានបានយកឈ្នះកីឡាករចិន “Zhang Chenglong ដើម្បីក្លាយជាម្ចាស់ជើងឯកពិភពលោកកាលពីខែធ្នូ ឆ្នាំ២០១៩។ រហូតដល់សព្វថ្ងៃនេះ រូបគេជាកីឡាករលេចធ្លោម្នាក់ និងឆ្នើមប្រចាំកម្មវិធី ONE Super Series។
កីឡាកររុស្ស៊ីម្នាក់នេះមានអាវុធវ៉ៃចេញល្អ ល្បឿនរហ័សលឿន និងកម្លាំងផ្តួលដៃគូឲ្យសន្លប់ដ៏អស្ចារ្យដែលស័ក្តិសមជាកីឡាករឆ្នើមលំដាប់ពិភពលោក។ រហូតដល់ពេលនេះ ជើងឯកឃីកបុកសីងរូបនេះមានបទពិសោធនៅលើសង្វៀនឈ្នះ៦១ដង និងចាញ់តែ៥ដងប៉ុណ្ណោះ។
នៅក្នុងប្រទេសសិង្ហបុរីខាងមុខនេះ ជើងខ្លាំង Ramazanov នឹងការពារខ្សែក្រវាត់របស់ខ្លួនទល់នឹងជើងខ្លាំងដែលមានបទពិសោធជោកជាំ និងកណ្តាប់ដៃមហាទម្ងន់។
នោះគឺ Capitan Petchyindee Academy ជាជើងឯកមួយថៃពិភពលោកច្រើនគ្រឿង និងមានបទពិសោធនៅលើសង្វៀនឈ្នះ១៤២ដង និងចាញ់៤០ដង និងជាកីឡាករម្នាក់ដែលមានកណ្តាប់ដៃគ្រោះថ្នាក់ខ្លាំង។
កាលពីខែកញ្ញា ឆ្នាំមុន ជើងខ្លាំងថៃរូបនេះបានយកឈ្នះតារាប្រដាល់ឃីកបុកសីង Petchtanong Petchfergus ដោយប្រើពេលត្រឹមតែ៦វិនាទីប៉ុណ្ណោះគឺបានក្លាយជាជ័យជម្នះលឿនបំផុតក្នុងប្រវត្តិ ONE Super Series។
ជ័យជម្នះនោះបានរុញច្រានឲ្យ Capitan ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២នៃតារាងចំណាត់ថ្នាក់អត្តពលិក និងមានឈ្មោះប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកជាមួយ Ramazanov។
ជាមួយគ្នានេះ អតីតជើងឯកពិភពលោក ONE Lightweight World Champion តារាឆ្នើមជប៉ុន Shinya Aoki ក៏វិលត្រឡប់មកកាន់សង្វៀនវិញដែរនៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE ក្នុងតំណែងគូឯករង។
ចាប់តាំងពីបាត់បង់ខ្សែក្រវាត់ពិភពលោកដោយសារជើងខ្លាំងវ័យក្មេង Christian Lee កាលពីខែឧសភា ឆ្នាំ២០១៩មក តារាគុនចម្រុះជប៉ុននេះទទួលបានជោគជ័យ២លើកជាប់គ្នា។
Aoki បានបញ្ឈប់ Honorio “The Rock” Banario ដោយប្រើពេលត្រឹមតែ៥៤វិនាទីប៉ុណ្ណោះកាលពីខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកបានយកឈ្នះពិន្ទុកីឡាករ Kimihiro Eto កាលពីខែកញ្ញា ឆ្នាំ២០២០។
ឥឡូវនេះ អ្នកលេងគុនចម្រុះចំណាត់ថ្នាក់លេខ៤នៃទម្ងន់ របស់ជប៉ុននេះកំពុងសម្លឹងឆ្ពោះទៅរកជ័យជម្នះលើកទី៤៦ក្នុងអាជីពនិងសន្សំកេរ្តិ៍ឈ្មោះទៅប្រកួតសាជាថ្មីជាមួយ Lee ដើម្បីយកខ្សែក្រវាត់មកវិញ។ ប៉ុន្តែនៅពេលនេះ គាត់ស្វែងរកជ័យជម្នះជាមុនសិន។
ជាការពិតណាស់ James Nakashima បានកំពុងបង្ហាញខ្លួនជាអ្នកលេងដ៏គ្រោះថ្នាក់នៅក្នុងប្រភេទទម្ងន់នេះ។
កីឡាករអាមេរិកនេះមានជំនាញកីឡាចំបាប់កម្រិតខ្ពស់ និងហ្វឹកហាត់នៅក្លឹប Team Petrosyan ដែលមានប្រវត្តិប្រកួតឈ្នះ១២ដង ដោយមិនដែលធ្លាប់ចាញ់សោះ។ រូបគេក៏ទទួលបានឱកាសទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ONE Welterweight World Championship ជាមួយ Kiamrian “Brazen” Abbaso កាលពីខែវិច្ឆិកា។
ទោះបីជា Nakashima ធ្វើបានល្អលើម្ចាស់ខ្សែក្រវាត់ ក៏ Abbasov បានប្រើជង្គង់ដ៏អស្ចារ្យនៅក្នុងទឹកទី៤ និងបានធ្វ់់ើឲ្យគាត់ស្គាល់បរាជ័យលើកដំបូង។
យោងទៅតាមការប្រកួតនោះ កីឡាករក្លឹប MMA Lab បានសម្រេចចិត្តទម្លាក់ទម្ងន់ និងចាប់ផ្តើមស្វះស្វែងរកការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ONE Lightweight World Title វិញម្តង។
ព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE បានបន្តសហការជាដៃគូជាមួយរដ្ឋាភិបាលប្រទេសសិង្ហបុរីដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដែលផ្សាយផ្ទាល់។
ជាមួយនឹងអ្នកគាំទ្រពិសេស២៥០នាក់ ឬកញ្ចប់អ្នកគាំទ្រពិសេសអាចស្វែងរកទិញបានសម្រាប់អ្នកគាំទ្រដែលចង់ចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន Singapore Indoor Stadium។ កញ្ចប់សំបុត្រពិសេសនេះគឺមានតម្លៃម្នាក់១៤៨ដុល្លារសិង្ហបុរី ដែលមានរៀបចំលក្ខណៈពិសេសសម្រាប់ប្រកបដោយសុវត្ថិភាព។
សម្រាប់សំបុត្រអ្នកគាំទ្រពិសេស “Superfan” លោកអ្នកអាចចូលទិញបានតាម៖ ticketmaster.sg ។
ខាងក្រោមជាគូប្រកួតផ្សាយផ្ទាល់ផ្លូវការទី១របស់ ONE Championship ប្រចាំឆ្នាំ២០២១។
សមាសភាពគូប្រកួតទាំងអស់នៅ ONE: UNBREAKABLE
- Alaverdi Ramazanov ប៉ះ Capitan Petchyindee Academy (ប្រកួតខ្សែក្រវាត់ឃីកបុកសីងពិភពលោក)
- Shinya Aoki ប៉ះ James Nakashima (ប្រកួតគុនចម្រុះ)
- Rade Opacic ប៉ះ Patrick Schmid (ប្រកួតឃីកបុកសីងទម្ងន់ធ្ងន)
- Zebaztian Kadestam ប៉ះ Gadzhimurad Abdulaev (ប្រកួតគុនចម្រុះ)
- Meng Bo ប៉ះ Samara Santos (ប្រកួតគុនចម្រុះនារី)
- Hexigetu ប៉ះ Lito Adiwang (ប្រកួតគុនចម្រុះ)
Read more: Aung La N Sang, Stamp, And Lineker Hard At Work In The Gy