Muay Thai

Petchdam មានជំនឿចិត្តថា អាចផ្តួលមនុស្សយន្ត Rodtang បាន

ជើងខ្លាំង Petchdam Petchyindee Academy រហស្សនាម “The Baby Shark” ដឹងខ្លួនយ៉ាងច្បាស់ថា រូបគេកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំបំផុតក្នុងអាជីពប្រដាល់របស់ខ្លួន។

នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា អ្នកលេងមួយថៃ Petchdam ត្រូវប្រឈមនឹងដៃគូដ៏ស្វិតស្វាញបំផុតរបស់ខ្លួន និងដើម្បីដណ្តើមខ្សែក្រវាត់មួយថៃពិភពលោក ONE Flyweight ពីមនុស្សយន្ត Rodtang “The Iron Man” Jitmuangnon សម្រាប់តំណែងគូឯកក្នុងព្រឹត្តិការណ៍ ONE: NO SURRENDER នៅទីក្រុងបាងកក ប្រទេសថៃ។

«ខ្ញុំគិតថា Rodtang គឺជាកំពូលកីឡាករប្រដាល់ម្នាក់។ ខ្ញុំរីករាយដែលខ្ញុំមានឱកាសប្រកួតជាមួយតារាក្បាច់គុនម្នាក់នេះ»។ ជើងខ្លាំងអាយុ២២ឆ្នាំបាននិយាយ។

«យើងបានប្រកួតគ្នាពីរដងហើយពីមុន ដូច្នេះខ្ញុំស្គាល់សមត្ថភាពគាត់ច្បាស់។ គាត់ល្អណាស់ និងគ្មានចំណុចខ្សោយទេ ជាពិសេសទៀតនោះគឺកណ្តាប់ដៃរបស់គេពិតជាខ្លាំងណាស់។ លើកនេះ យើងនឹងវ៉ៃគ្នាដោយពាក្យស្រោមដៃ ខ្ញុំត្រូវតែប្រុងប្រយ័ត្ន»។

កំពូលអ្នកលេងមួយថៃទាំងពីរនាក់នេះបានជួបគ្នាលើកទី១ នៅសង្វៀន Rajadamnern Stadium កាលពីខែឧសភា ឆ្នាំ២០១៧។ បន្ទាប់ពីតស៊ូគ្នា៥ទឹកពេញ កីឡាករ Petchdam ទទួលបានជោគជ័ម្នះ។

«ខ្ញុំបានឈ្នះដោយពិន្ទុតាមរយៈការទាត់របស់ខ្ញុំ»។ កីឡាកររូបនេះបាននិយាយ។



ទោះបីជាយ៉ាងណា អ្នកទាំងពីរបានជួបគ្នាម្តងទៀត ​នៅសង្វៀនដដែល នៅខែកុម្ភៈ ឆ្នាំ២០១៨ ហើយជាលទ្ធផលមិនដូចកាលលើកទី១។

«ខ្ញុំត្រូវបាន Rodtang វ៉ៃចូលយ៉ាងដំណំ ហើយខ្ញុំមានចំណុចខ្សោយ»។ Petchdam បានទទួលស្គាល់ពីចំណុចខ្សោយរបស់ខ្លួន និងបានបន្ថែមថា «អាជ្ញាកណ្តាលមិនបានរាប់ខ្ញុំម្តងណាទេ ប៉ុន្តែខ្ញុំមិនអាចដើរបាន ហើយខ្ញុំបានចាញ់គាត់ដោយពិន្ទុវិញ»។

Petchdam Petchyindee Academy dresses as a shark during his arena entrance

ចាប់​តាំង​ពីរ​នោះ​មក ជើង​ខ្លាំង​​​ទាំង​ពីរ​​បាន​ចូល​​ក្នុង​ស្ថាប័ន​កីឡា​កំពូល​ ONE Championship ដែល​ជា​​កន្លែង​អ្នក​​ទាំង​ពីរ​​​មាន​​​បេសកកម្ម​ដើម្បី​​ខ្សែ​ក្រវាត់​ពិភព​លោក​ដូច​គ្នា។

Petchdam បាន​ផ្តួល​ដៃ​គូ​​ឲ្យ​សន្លប់​៣​ប្រកួត​ជាប់​គ្នា មុន​ពេល​ឈាន​ចូល​សង្វៀន​ធំ និង​បាន​ផ្តួល Elias Mahmoudi ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​លោក ONE Flyweight ​​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៩។

ទោះ​បី​ជា​យ៉ាង​ណា រយៈ​ពេល​៣​ខែ​​ក្រោយ​មក​ រូប​គេ​បាន​បាត់​បង់​ខ្សែ​ក្រវាត់​ពិភព​លោក​​សម្រាប់​ការ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​ជា​លើក​ដំបូង​ និង​បាន​​ប្រកួត​​វ៉ៃ​មួយ​ថៃ​វិញ ដោយ​​បាន​ផ្តួល Kohei “Momotaro” Kodera កាល​ពី​ខែ​មករា ឆ្នាំ​២០២០។

ជាមួយគ្នានេះ មនុស្សយន្ត Rodtang ក៏មិនធ្លាប់ស្គាល់បរាជ័យឡើយចាប់តាំងពីរូបគេចូលរួមជាមួយស្ថាប័នប្រដាល់កំពូលនៅអាស៊ី«ផ្ទះនៃក្បាច់គុន ឬ The Home Of Martial Arts»។

បន្ទាប់ពីជោគជ័យក្នុងការប្រកួតលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៨ កីឡាកររូបនេះទទួលបានជ័យជម្នះ៣លើកជាប់គ្នានៅលើឆាកអន្តរជាតិ រហូតធ្វើឲ្យរូបគេឈ្នះខ្សែក្រវាត់មួយថៃពិភពលោក ONE Flyweight តាមរយៈជ័យជម្នះលើជើងខ្លាំង Jonathan “The General” Haggerty

ជើងខ្លាំងរហស្សនាម The Iron Man បានយកឈ្នះអ្នកលេងក្បាច់គុនអង់គ្លេសដើម្បីគ្រងខ្សែក្រវាត់ពិភពលោកកាលពីខែសីហា ឆ្នាំ២០១៩ និងក្រោយមករូបគេបានប្រកួតឈ្នះ២លើកទៀតដោយឈ្នះកីឡាករប្រេស៊ីល Walter Goncalves នៅខែតុលា ឆ្នាំ២០១៩ និងឈ្នះ Haggerty កាលពីខែមករា ឆ្នាំ២០២០។

ទោះ​ជា​ Petchdam ឥឡូវ​នេះ​បាន​​​ត្រៀម​ខ្លួន​​រួច​រាល់​ហើយ​ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​​ពិភព​លោក​ពី Rodtang ប៉ុន្តែ​​រូប​គេ​នៅ​តែ​ខិត​ខំ​សំលៀង​អាវុធ​ឲ្យ​កាន់​តែ​មុត​ស្រួច​ថែម​ទៀត​ ក្នុង​នោះ​គឺ​ការ​ពង្រឹង​​ជើង​ឆ្វេងខ្លាំង​​ដែល​រូប​គេ​ធ្លាប់​ផ្តួល​កីឡាករ Josh “Timebomb” Tonna និង​ Kenny “The Pitbull” Tse ជា​ដើម។

ទន្ទឹម​នេះ​ដែរ “The Baby Shark” បាន​កំពុង​ហាត់​សម និង​ឡាំ​ជា​មួយ​គ្រូ​ជា​ច្រើន​ដើម្បី​​ឲ្យ​ប្រាកដ​ថា ជំនាញ់​ និង​បច្ចេកទេស​ពិត​ជាល្អ​គ្រប់​ទឹក។

«គ្រូ​បង្វឹក​ខ្ញុំ ‘Boonberkfah’ បង្ហាត់​ខ្ញុំ​​ខ្លាំង​ពី​របៀប​​ការ​ពារខ្លួន​ និង​​ចលនា​បំលាស់​ទី ដូច្នេះ​ខ្ញុំ​អាច​គេច​​ចេញ​ពី​ការ​វ៉ៃ​សម្រុក​ផ្ទួន​ៗ​របស់ Rodtang»។ កីឡាករ​ Petchdam និយាយ និង​បញ្ជាក់​ថា ៖«គ្រូ​​របស់​ខ្ញុំ​ផ្សេង​ទៀត​ដូច​ជា Chatchai Sasakun បង្វឹក​ខ្ញុំ​ពី​របៀប​វ៉ៃ​លុក»។

តាម​រយៈ​ជំនាញ​​ បទ​ពិសោធ​ធ្លាប់​ជួប​គ្នា​ពីមុន​​ និង​តាម​ការ​ណែនាំ​​របស់​គ្រូ​ៗ បាន​​ធ្វើ​ឲ្យ​ Petchdam មាន​ជំនឿ​ចិត្ត​ថា រូប​គេ​មាន​សមត្ថភាព​ និង​អាវុធ​គ្រប់​គ្រាន់​ដើម្បី​ផ្តួល​ដៃ​គូ​ចាស់​របស់​ខ្លួន​ និង​គ្រង​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក ONE Flyweight។

រូប​គេ​បាន​និយាយ​ទាំង​មាន​ទំនុក​ចិត្ត​ថា ៖«ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា ខ្ញុំ​អាច​ឈ្នះ​ការ​ប្រកួត​នេះ ប៉ុន្តែ​នឹង​មិន​ដើរ​ទៅ​មុខ ឬ​​​ក្រោយ​តាម​អំពើ​ចិត្ត​របស់​​ Rodtang ​ឡើយ​។ លើក​នេះ ខ្ញុំ​មិន​មែន​លេង​ហ្គេម​ទេ ប៉ុន្តែ​គឺ​ច្បាស់​ជា​ភ្លឺ​ភ្នែក​ហើយ»៕

អាន​បន្ថែម៖ ជ័យជម្នះ​​ដ៏​អស្ចារ្យ​​បំផុត​​របស់​កីឡាករ​គូឯក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត ONE: NO SURRENDER