Muay Thai

ត្រៀម​ជួប​លើក​ទី​៧ Panpayak សរសើរ Superlek ថា អាវុធ​គ្រោះ​ថ្នាក់​ជាងមុន

«កីឡាករ​រហស្សនាម អ្នក​ចម្បាំង​ទេវតា​​ Panpayak Jitmuangnon កំពុងរីក​រាយ​​ដែល​​នឹង​បាន​ជួប​ដៃ​គូ​ចាស់​នៅ​សង្វៀន​លំដាប់​ពិភព​លោក​នា​ទី​ក្រុង​បាងកក​​ខាង​មុខ​នេះ។

រាត្រី ថ្ងៃ​សុក្រ ទី​៣១ កក្កដា ជើង​ខ្លាំង​ទម្ងន់​ flyweight នឹងប្រឈម​នឹង​អ្នក​លេង​រន្ទះ​ជើង​ម៉ាស៊ីន​ Superlek “The Kicking Machine” Kiatmoo9 ក្នុង​ការ​ប្រកួត​មួយ​ថៃ​នៅ​ព្រឹត្តិការណ៍​ប្រកួត​ ONE: NO SURRENDER ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ។

នេះ​ជា​ជំនួប​​លើក​ទី​៧​ដែល​ Panpayak បាន​ប្រយុទ្ធ​ជា​មួយ​ Superlek ដែល​​កំណត់​ត្រា​គឺ​រូប​គេ​ឈ្នះ​៤ ស្មើ​១ និង​ចាញ់​១ ដូច្នេះ​មាន​ន័យ​ថា រូប​គេ​មាន​កំណត់​ត្រា​ល្អ​ជាង។

នៅ​ពេល​​តារា​មួយ​ថៃ​ទាំង​ពីរ​ជួប​គ្នា​លើក​ទី​១​​គឺ​នៅ​សង្វៀន​ល្បី​លំដាប់​ពិភព​លោក Rajadamnern Stadium ខែ​កញ្ញា ឆ្នាំ​២០១៥ ដែល​ពេល​នោះ​អ្នក​ទាំង​ពីរ​ស្មើ​គ្នា។ 

ជំនួប​ពីរ​លើក​បន្ទាប់​មក​គឺ​ឈ្នះ​ម្តង​ម្នាក់​ ប៉ុន្តែ​៣​ប្រកួត​ចុង​ក្រោយ​ “អ្នក​ចម្បាំង​ទេវតា”​ទទួល​បាន​ជ័យជម្នះ​ទាំង​៣​ប្រកួត​​​ដែល​ការ​ប្រកួត​ចុង​ក្រោយ​បំផុត​គឺ​ខែ​សីហា ឆ្នាំ​២០១៨។



ជើង​ខ្លាំង Panpayak បាន​ស្គាល់​យ៉ាង​ច្បាស់​​ពី​របៀប​វ៉ៃ និង​បច្ចេកទេស​របស់​ដៃ​គូ​​ដែល​ជា​មិត្ត​រួម​ជាតិ​ម្នាក់​នេះ ប៉ុន្តែ​រូប​គេ​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា កីឡាករ​កំណើត​នៅ​ខេត្ត​បុរីរាំ​អាយុ​២៤​ឆ្នាំ​​មាន​​សមត្ថភាព​​កាន់​តែ​ល្អ​​នៅ​ពេល​រូប​គេ​បាន​បោះ​ជំហាន​ចូល​ស្ថាប័ន​​ ONE Championship កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩។

«Superlek ជា​កីឡាករ​ដ៏​គ្រោះ​ថ្នាក់​ម្នាក់​។​ គេ​​មាន​ក្បាច់​ការពារ​ល្អ ហើយ​វ៉ៃ​បាន​ពេញ​ទឹក​ល្អ»។ នេះ​ជា​សំដី​របស់​ Panpayak។

«អាវុធ​​ដ៏​គ្រោះ​ថ្នាក់​របស់​គេ​គឺ​​ជង្គង់​ និង​ទាត់។ បន្ទាប់​ពី​ឃើញ​គេ​វ៉ៃ​ពីរ​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន​ ONE ​ដឹង​​ថា អាវុធ​គេ​គឺ​កាន់​តែ​មាន​ប្រសិទ្ធភាព។ របៀប​ដែល​គេ​ចេញ​អាវុធ​គឺ​កាន់​តែ​សាហាវ​ជាង​ពេល​ដែល​​វ៉ៃ​ជា​មួយ​ខ្ញុំ​​ចុង​ក្រោយ»។

Muay Thai star Panpayak Jitmuangnon lands a right jab on his opponent

កម្លាំង​កាន់​តែ​ខ្លាំង​ទៀត​នោះ​ ​ការ​វ៉ៃ​នៅ​ ONE Super Series គឺ​ច្បាប់​មួយ​ថៃ​ប្រើ​ស្រោម​ដៃប្រកួត​គុន​ចម្រុះ​៤​អោន។

ថាម​ពល​ដ៏​ខ្លាំង​ក្លា​របស់ Superlek បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​ការ​ទាត់ និង​កណ្តាប់​ដៃ​របស់​គេ​ដែល​​បាន​ប្រកួត​ពីរ​លើ​ក​ចុង​ក្រោយ​នៅ​លើ​ឆាក​​អន្តរជាតិ ខណៈ​រូប​គេ​បាន​គ្រប់​គ្រង​ទៅ​លើ​កីឡាករ​កម្ពុជា ឡៅ ចិត្រា ដែលពេលនោះរូបគេ ឈ្នះពិន្ទុកាលពីខែកុម្ភៈ  ឆ្នាំ២០១៩ និងឈ្នះកីឡាករព័រទុយហ្គាល់ Rui Botelho ដោយ​ពិន្ទុកាលពីខែឧសភា ឆ្នាំ២០១៩

ជា​មួយ​គ្នា​នេះ Panpayak ក៏​ទទួល​បាន​ជ័យជម្នះ​២​លើក​ជាប់​គ្នាផង​ដែរ។ រូប​គេ​បាន​យក​ឈ្នះ​កីឡាករ  Botelho នៅ​ពេល​រូប​គេ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​សង្វៀន ONE កា​ល​ពី​​ខែ​ធ្នូ ឆ្នាំ​២០១៨ និង​បន្ទាប់មកឈ្នះ​កីឡាករ​ជប៉ុន​ Masahide “Crazy Rabbit” Kudo ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩។

ជាមួយ​នឹងបទ​ពិសោធទាំង​នោះ​ធ្វើ​ឲ្យ​កីឡាករ “The Angel Warrior” មាន​អារម្មណ៍​កាន់​តែ​មាន​ទំនុក​ចិត្ត​​នៅ​ពេល​​ពាក់ស្រោម​ដៃ៤​អោន​។

កីឡាករ​មក​ពី​ខេត្ត​​សាមុតប្រាកាន​អាយុ​២៤​ឆ្នាំ​និយាយ​ថា ៖«ខ្ញុំ​មិន​ធ្លាប់​ប្រើ​ស្រោម​ដៃ​បែប​នេះ​ពី​មុន​ទេ។ យ៉ាង​ណា បន្ទាប់​ពី​ពាក់​ប្រកួត​នៅ​ ONE ពីរ​លើក​មក ខ្ញុំ​ឥឡូវ​នេះ​កាន់​តែ​ស្រួលជាង​មុន»។

Muay Thai star Panpayak Jitmuangnon stands in the corner before his battle

សព្វ​ថ្ង​នេះ​ អ្នក​លេង​មួយ​​ថៃ​ Panpayak កំពុង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ដើម្បី​ទៅ​រក​ភាព​ខ្លាំង​ដូច​ដើម​វិញ និង​សំលៀង​អាវុធ​ឲ្យ​កាន់​តែ​មុត​ស្រួច។

ដោយ​សារ​តែ​រូប​គេ​មិន​បាន​ប្រកួត​តាំង​ពី​ឆ្នាំ​មុន ដូច្នេះ​ហើយ​ទើប​បាន​ជា​កីឡាករ​រូប​នេះ​មាន​គ្រូ​បង្វឹក​​​ផ្សេង​ៗ​ជា​ច្រើន​​នៅ​ជំរំ​ហ្វឹកហាត់។

កីឡាករ​និយាយ​ថា ៖«​បង​ប្រុស​របស់​ខ្ញុំ​ឈ្មោះ​ Payaknoi ជា​គ្រូ​បង្ហាត់​របស់​ខ្ញុំ​សម្រាប់​ការ​ប្រកួត​លើក​នេះ។ ពី​ព្រោះ​ខ្ញុំ​អត់​បាន​ប្រកួត​ច្រើន​ខែ​មក​ហើយ យើង​បាន​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដើម្បី​សំលៀង​អាវុធ ជា​ពិសេស​គឺ​កណ្តាប់​ដៃ និង​របៀវ​វ៉ៃ​​លុក​។ ពេល​យើង​ជួប​ដៃ​គូ​គ្រោះ​ថ្នាក់​ដូច​ជា Superlek យើង​ត្រូវ​ដឹង​ពី​របៀប​បង្ក្រាប​គេ»។

ជាមួយ​បង​ប្រុស​ជា​អ្នក​បង្ហាត់ និង​អាវុធ​កាន់​តែ​ល្អ កីឡាករ “The Angel Warrior” បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​បង្ហាញ​ឲ្យ​ទស្សនិកជន​ទូទាំង​ពិភព​លោក​បាន​ឃើញ​រូប​គេ​នៅ​ពេល​ស្វាគមន៍អ្នក​ប្រដាល់​ជើង​ម៉ាស៊ីន​“The Kicking Machine”​នៅ​ទី​ក្រុង​បាងកក​ ដើម្បី​រក្សា​កំណត់​ត្រា​ដ៏​ល្អ​របស់​គេ​ទៀត។

Panpayak និយាយ​ថា ៖«ខ្ញុំ​មាន​ទំនុក​ចិត្ត​ចំពោះ​បច្ចេកទេស និង​ល្បឿន​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ស្ងប់​អារម្មណ៍។ ថ្ងៃ​នោះ ខ្ញុំ​សង្ឃឹម​ថា យើង​ទាំង​ពីរ​នឹង​​ចេញ​អស់​ពី​សមត្ថភាព ហើយ​ខ្ញុំ​ចង់​ឲ្យ​ Superlek ត្រៀម​ខ្លួន​ឲ្យ​ល្អ​បំផុត​សម្រាប់​ការ​ជួប​ខ្ញុំ​លើក​នេះ»៕

អាន​បន្ត: ក្បាច់​គុន​មួយ​ថៃ​ជួយ​សង្គ្រោះ​ Panpayak និង​ភាព​ក្រី​ក្រ​របស់​គ្រួសារ​គេ​យ៉ាង​ណា