Kun Khmer

ឆ្នាំថ្មី២០២១ ក្តីស្រមៃធំ នៅ ស្រីពៅ កាត់បន្ថយ​ផ្តោតលើកីឡាគុនចម្រុះ

04/01/2021

នៅ ស្រីពៅ ដែលជាកីឡាការិនីគុនចម្រុះកម្ពុជាតែម្នាក់គត់លេចធ្លោនៅលើឆាកអន្តរជាតិ ONE Championship នឹងកាត់បន្ថយការផ្តោតជាសំខាន់លើអាជីពកីឡាគុនចម្រុះរបស់នាង។

កីឡាការិនី នៅ ស្រីពៅ

ឆ្នាំ២០២០នេះ នៅ ស្រីពៅ បានយកចិត្តទុកដាក់ខ្លាំងលើកីឡាប្រដាល់គុនចម្រុះដោយសារមានភារកិច្ចប្រកួតនៅស្ថាប័នប្រដាល់ធំបំផុត ONE។ ទោះជាយ៉ាងណា សម្រាប់ឆ្នាំថ្មីខាងមុខនេះ នាងនឹងផ្តោតជាចម្បងលើអាជីពប្រដាល់សកលរបស់នាងវិញម្តង។

កីឡាការិនីអាយុ២៥ឆ្នាំបាននិយាយថា ៖«ខ្ញុំមានក្តីស្រមៃធំយូរហើយ តែមិនទាន់បានសម្រេច។ ក្តីស្រមៃយូរអង្វែងរបស់ខ្ញុំគឺឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ឆ្នាំ២០២១ខាងមុខគឺកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម អីចឹងខ្ញុំប្រាថ្នាយកមេដាយនៅឆ្នាំថ្មីខាងមុខ»។

កីឡាការិនី នៅ ស្រីពៅ បានជាប់ជម្រើសជាតិកម្ពុជាផ្នែកប្រដាល់សកលតាំងពីឆ្នាំ២០១៨ និងបានចេញទៅប្រកួតកីឡាស៊ីហ្គេមលើកដំបូងក្នុងអាជីពរបស់នាងនៅឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន។ ពេលនោះកញ្ញាទទួលបានត្រឹមមេដាយសំរឹទ្ធ បន្ទាប់ពីចាញ់កីឡាការិនីវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្រាប់ឱកាសតំណាងឲ្យជម្រើសជាតិកម្ពុជាផ្នែកប្រដាល់សកលនៅឆ្នាំ២០២១ទៅស៊ីហ្គេម ប្រទេសវៀតណាមខាងមុខនេះ នៅ ស្រីពៅ ប្រាថ្នាក់មេដាយមាសដើម្បីជូនជាតិដែលជាបំណងប្រាថ្នាយូរហើយ។

នៅ ស្រីពៅ និយាយថា ៖«ខ្ញុំចង់បានមេដាយមាសគឺជាសុបិនយូរមកហើយ តែហោចណាស់បានត្រឹមមេដាយប្រាក់ក៏អស់ចិត្តដែរ»។

កីឡាការិនី នៅ ស្រីពៅ

សម្រាប់ការត្រៀមខ្លួន កីឡាការិនីជម្រើសជាតិកម្ពុជារូបនេះបានហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិនៅពហុកីឡដ្ឋានជាតិច្រើនខែមកហើយក្នុងឆ្នាំ២០២០នេះ។ យ៉ាងណា ការហ្វឹកហាត់នេះគឺមិនសូវបានដិតដល់ខ្លាំងទេដោយសារបញ្ហាជំងឺខូវិត-១៩។
ទន្ទឹមជាមួយគ្នានេះ ស្រីពៅ ក៏ទទួលបានឱកាសចេញទៅប្រកួតនស្ថាប័ន ONE Championship ជាមួយកីឡាការិនីឥណ្ឌា Ritu Phogat នៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី៣០ ខែតុលា នៅ ONE: INSIDE THE MATRIX

សម្រាប់ការប្រកួតដែលចាញ់កីឡាការិនីឥណ្ឌានោះ នៅ ស្រីពៅ បានផ្តោតយកចិត្តទុកលើការហ្វឹកហាត់កីឡាគុនចម្រុះរយៈពេលយូរគួរសម។ ជាងនេះទៀតនោះ នាងត្រូវចំណាយពេលជាច្រើនថ្ងៃដើម្បីអនុវត្តតាមគោលការណ៍ការពារនឹងកូវិត-១៩។

ដូច្នេះសម្រាប់ឆ្នាំថ្មីខាងមុខនេះ នៅ ស្រីពៅ នឹងឃ្លាតឆ្ងាយពីការហ្វឹកហាត់កីឡាគុនចម្រុះរហូតដល់ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលគ្រោងនឹងធ្វើពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ៕

 

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។