Kun Khmer

នៅ ​ស្រីពៅ ៖«​ខ្ញុំ​​ប្រឹង​យក​លទ្ធផល​ល្អ​​​ដើម្បី​អ្នក​គាំទ្រ​នៅ​​​កម្ពុជា​»

នៅ ​ស្រីពៅ ត្រូវ​​ធ្វើ​ការងារ​ធ្ងន់​មួយ​​​នា​​ល្ងាច​ថ្ងៃ​សុក្រ​ទី ៣០ ​​តុលា ​ ​ពេល​ជួប​ម្ចាស់​មេដាយ​មាស​ផ្នែក​ចំបាប់​​មក​ពី​ឥណ្ឌា Ritu Phogat ​​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​​ប្រភេទ​ទម្ងន់​ atomweight​។​ ​

កាល​ដើម​សប្ដាហ៍​​មុន​​ ​ស្រីពៅ ​បាន​ចេញ​ទៅ​​សិង្ហបុរី​​​ និង ​​បង្កើន​ការ​ហ្វឹកហាត់​នៅ​ទី​នោះ​​​​ដើម្បី​ត្រៀម​​​​ក្នុង​ព្រឹត្តិការណ៍​​​ ​​ ONE: INSIDE THE MATRIX​​ ដែល​ជា​ព្រឹត្តិការណ៍​ធំ​ប្រចាំ​​ឆ្នាំ​របស់ ONE Championship ​​ក្នុង​វិបត្តិ​កូវីដ-១៩ ​ដោយ​សារ​ប្រមូល​​ផ្ដុំ​ដោយ​កីឡាករ​​សំខាន់​ៗ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​​លោក​​​​រហូត​ដល់​៤គូ​​ឯ​ណោះ។​ ​ ​

អ្នក​គាំទ្រ​នៅ​កម្ពុជា​អាច​​​​ទស្សនា​​តាម​ Facebook ផ្លូវ​ការ​របស់ ONE ​និង YouTube ចាប់​ពី​ម៉ោង​ ៧:៣០ ​ល្ងាច​តទៅ​(ម៉ោង​នៅ​កម្ពុជា)។

នៅ ​ស្រីពៅ ​បាន​ថ្លែង​ពី​ប្រទេស​សិង្ហបុរី​ថា​ ៖«​​ខ្ញុំ​បាន​ចំណាយ​ពេល​ហ្វឹកហាត់​​ពេល​​​ព្រឹក ៤៥ នាទី និង​ពេល​ល្ងាច​ ៤៥ នាទី​មុន​ពេល​ជួប​អ្នក​ជំនាញ​​ចំបាប់ Ritu​។​ ​ខ្ញុំ​ខំ​ប្រឹង​​មួយ​រយ​ភាគរយ​​ និង​​​មិន​ឲ្យ​​​អ្នក​គាំទ្រ​ខ្មែរ​​យើង​ខក​ចិត្ត​ឡើយ​។ ​មិន​ទាន់​ប្រកួត​ គឺ មិន​ទាន់​ដឹង​លទ្ធផល​ឡើយ​ ​ប៉ុន្តែ​ ខ្ញុំ​​មាន​ការ​តាំង​ចិត្ត​ពេល​​មក​ប្រកួត​លើក​នេះ»។

ស្រីពៅ និង Ritu មាន​បទ​ពិសោធន៍​ ២ ដង​ដូច​គ្នា​បើ​សិន​​គិត​អំពី​ការ​បង្ហាញ​ខ្លួន​នៅ​សង្វៀន​ ONE Championship។ ​ប៉ុន្តែ​ ​កំណត់​ត្រា​របស់ Ritu ​ឈ្នះ​ទាំង​ពីរ​​លើក ខណៈ ​ស្រីពៅ ចាញ់​ មួយ​លើក និង​ឈ្នះ ១​លើក។​ ​យ៉ាង​ណា​ក្ដី បើ​​និយាយ​អំពី​ជំនាញ​វិញ​ ​កីឡាការិនី​​ឥណ្ឌា​ពូកែ​ចាប់ ឬ អាច​ថា​ជំនាញ​ខាង​ចំបាប់ ​ប៉ុន្តែ ​កីឡាការិនី​លេខ​១​របស់​ខ្មែរ ​​ជំនាញ​ខាង​វាយ​​​ក្បាច់​គុន​ខ្មែរ ឬ ​ជំនាញ​ប្រកួត​ក្នុង​ជំហរ​ ថែម​ទាំង​កណ្ដាប់​ដៃ។ ​

ពីរ​ដង​របស់​កីឡាការិនី​ឥណ្ឌា​វ័យ​២៦​ឆ្នាំ​គឺ ​ផ្ដួល Nam Hee Kim ​ឲ្យ​សន្លប់​នៅ​ទឹក​ទី១​​ដោយ​កណ្ដាប់​ដៃ​នៅ​កម្មវិធី​ ONE:AGE of DRAGONS ​កាល​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ២០១៩ មុន​ពេល​​ឈ្នះ​​ពិន្ទុ​ជា​ឯកច្ឆន្ទ​​លើ ​Chiao Chen Wu ​កាល​ខែ​កុម្ភៈ​ឆ្នាំ​ ២០២០​ នៅ​ព្រឹត្តិការណ៍ KING OF JUNGLE។

រី​ឯ​ ស្រីពៅ ឈ្នះ​ពិន្ទុ ​​Rika Ishige ជា​ឯកច្ឆន្ទ​​​កាល​​កុម្ភៈ​​ ឆ្នាំ ២០១៩ នៅ​កម្មវិធី ​ONE:CLASH of LEGEND ​មុន​ចាញ់​ពិន្ទុ​​​យ៉ាង​ល្អ​មើល​​ដោយ​ថ្វី​ដៃ​ Priscilla Hertati Lumban Gaol ​នៅ​ព្រឹត្តិការណ៍​ ONE:FOR HONOR ​កាល​ខែ​​ឧសភា​ ​ឆ្នាំ​​ដដែល​នោះ។ ​​

Cambodian star Nou Srey Pov with the winners medal

ស្រីពៅ ក្រោយ ឈ្នះ Rika Ishige ​នៅ​ថៃ

ប៉ុន្តែ​ ​ការ​ឡើង​សង្វៀន​ធំ​បំផុត​នៅ​អាស៊ី​ ​អ្នក​លេង​​គុន​ចម្រុះ​កម្ពុជា​ ចាន់ រតនា ​​​ក៏​បាន​ដាក់​ជំនឿ​លើ​ស្រី ពៅ​ ដែរ។ ​​រតនា បាន​ថ្លែង​​ថា​ បើ​សិន​​ ស្រីពៅ​ ​រក្សា​កម្លាំង​​ស៊ុហ្វ​ឲ្យ​បាន​ល្អ​​ នោះ​​​​សង្ឃឹម​ឈ្នះ​ច្រើន ​ព្រោះ ​ស្រី​​ពៅ​ ​ពូកែ​កណ្ដាប់​ និង ​ជំហរ​គុន​ខ្មែរ​។​ ដូច្នេះ​​ត្រូវ​លៃ​លក​​​វ៉ៃ​ទប់​ការពារ​ឲ្យ​បាន​ល្អ​មុន​នឹង​ប្រើ​ស្នៀត​គុន​ខ្មែរ​យក​ឈ្នះ។

កីឡាការិនី​វ័យ​ ២៥​ បាន​​​ថ្លែង​អំណរ​គុណ​​ទៀត​​ថា ​៖«​ខ្ញុំ​សូម​អរគុណ​ដល់​ស្ថាប័ន​ ONE Championship ​​​និង​ ក្រុម​ការងារ​គ្រូ​បង្វឹក​​កម្ពុជា​ ​ដែល​បាន​បង្កើត​ទំនាក់​ទំនង​ចាប់​គូ​ប្រកួត​នា​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។ ​​​ខ្ញុំ​នឹង​​​ប្រកួត​ឲ្យ​អស់​សមត្ថភាព​​មិន​​ឲ្យ​អ្នក​គាំទ្រ​​អស់​សង្ឃឹម​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា​ទទួល​បាន​លទ្ធផល​ល្អ»។

នៅ​ ស្រីពៅ​ ​​ពិបាក​រក​គូ​​ប្រកួត​ក្នុង​ស្រុក​​ហើយ​ឈាន​ទៅ​ប្រកួត​នៅ​មីយ៉ាន់ម៉ា​កាល​ឆ្នាំ ២០១៨​ ចំនួន​ពីរ​លើក​ ​មុន​ពេល​ត្រូវ​បាន​អញ្ជើញ​ទៅ​ប្រកួត​នៅ​សង្វៀន​​លំដាប់​ពិភព​លោក ONE Championship ​​នាពាក់​កណ្ដាល​ឆ្នាំ​ ២០១៩​ (ឈ្នះ​ ១ ​ចាញ់១)៕

ចុចអាន ជើង​ខ្លាំង​គុន​ចម្រុះ​ ចាន់ រតនា ​បញ្ចេញ​ទស្សនៈ​​​លើ​​ នៅ ស្រីពៅ ​មុន​ជួប Ritu