News

ទី​បំផុត ក្តី​ស្រមៃ​វ៉ៃ​ដណ្តើម​​ខ្សែ​ក្រវាត់​របស់ Malykhin បាន​មក​ដល់​ប៉ះ​ Bhullar

អ្នក​លេង​គុន​ចម្រុះ​ទម្ងន់​យក្ស Anatoly “Sladkiy” Malykhin បាន​បោះ​ជំហាន​ដ៏​ធំ​មួយ​ទៀត​ទៅ​រក​ក្តី​ស្រមៃ​របស់​ខ្លួន​ហើយ។

កាល​ពី​ថ្ងៃសុក្រ ទី​២៤ ខែ​កញ្ញា អ្នក​លេង​គុន​ចម្រុះ​រុស្ស៊ី​មិន​ដែល​ចាញ់បាន​ផ្តួល​កីឡាករអីរ៉ង់ Amir Aliakbari នៅ​ក្នុង​ទឹក​ទី​១សម្រាប់​ជំនួប​ទម្ងន់​ធ្ងន់​នៅ​ព្រឹត្តិការណ៍ ONE: REVOLUTION ក្នុង​ប្រទេស​សិង្ហបុរី។

ដោយ​សារ​លទ្ធផល​ដ៏​អស្ចារ្យ​​នេះ អគ្គនាយក និង​ជា​ស្ថាបនិក ONE Championship លោក Chatri Sityodtong បាន​​ផ្តល់​ដំណឹង​ល្អ​ភ្ភាម​តែ​ម្តង​គឺ​ឲ្យ​ Malykhin ប្រកួត​បន្ទាប់​​ជា​មួយ​អ្នក​លេង​គុន​ចម្រុះ​ឥណ្ឌា Arjan “Singh” Bhullar ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ONE Heavyweight។

សម្រាប់​សមិទ្ធ​ផល​ដ៏​រីក​រាយ​នេះ Malykhin បាន​និយាយ​ថា ៖«ខ្ញុំ​គិត​ថា​ ខ្ញុំ​ស្ថិត​នៅ​ក្នុង​កម្រិត​ដែល​​លឿន​ជាង​ និង​ខ្លាំង​ជាង​ Arjan Bhullar។ លោក​អ្នក​ដឹង​ទេ ខ្ញុំ​ពិត​ជា​អរគុណ ONE Championship ខ្លាំង​ណាស់ ដែល​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​បាន​យ៉ាង​លឿន»។

អ្នក​លេង​គុន​ចម្រុះ​រុស្ស៊ី Malykhin មើល​ទៅ​ពិត​ជា​មាន​ទំនុក​ចិត្ត​ណាស់​កាល​ពី​រាត្រី​ថ្ងៃ​សុក្រ​នៅ​ប្រទេស​សិង្ហបុរី។

គាត់​បាន​ចេញ​កណ្តាប់​ដៃយក្សផ្ទួន​ៗ​តាំង​ពី​វិនាទី​បើក​ឆាក​ទឹក​ទី​១ ហើយ​វ៉ៃ​លុក​ដាក់​សម្ពាធ​លើ Aliakbari ផ្ទួនៗ។ សមត្ថភាពដ៏​​អស្ចារ្យ​នេះ​ជា​គុណ​សម្បត្តិ​ហាត់​នៅ​ក្លឹប ​Tiger Muay Thai​ ដ៏​ល្បី​ល្បាញ​នៅ​ប្រទេស​ថៃ។

កីឡាករ​អាយុ​៣៣​ឆ្នាំ​បាន​និយាយ​ថា ៖«លោក​គ្រូ Johnny លើក​ទឹក​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់។ គាត់​តែង​តែ​និយាយ​ថា ខ្ញុំ​គឺ​ជា​ ម៉ៃ ថៃសាន់ (Mike Tyson)​ ស្បែក​ស។ ខ្ញុំ​នឹង​ផ្តួល​ដៃ​គូ​បាន​យ៉ាង​ស្រួល។ នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ខ្លាំង»។

Pictures of the MMA fight between Anatoly Malykhin and Amir Aliakbari from ONE: REVOLUTION

តាម​រយៈ​ជ័យជម្នះ​ខាង​លើ​ដ៏​អស្ចារ្យ​នេះ​ផ្តល់​​ឲ្យ​ Malykhin មាន​ស្ថិតិ​ប្រកួត​ឈ្នះ​១០​លើក និង​មិន​ដែល​ចាញ់​សោះ ហើយ​ជា​ពិសេស​មាន​អត្រា​បញ្ឈប់​ដៃ​គូ​បាន​១០០​%​តែ​ម្តង។

ឥឡូវ​នេះ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ពីរ​លើ​ Aliakbari និង​ឈ្នះ​អតីត​ជើង​ឯក​ពិភព​លោក Alexandre “Bebezao” Machado, ជើង​ខ្លាំង​រហស្សនាម Sladkiy ត្រូវ​ធ្វើ​ការងារ​ធ្ងន់​មែន​ទែន​ដោយ​ត្រូវ​ជួប​អធិរាជ​សង្វៀន​ទម្ងន់​យក្ស។

សម្រាប់​កាល​បរិច្ឆេទ​ប្រកួត​ជា​មួយ Bhullar មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឡើយ ប៉ុន្តែ Malykhin មិន​បារម្ភ​ឡើយ​អំពី​ពេល​វេលា។ គាត់​ដឹង​ថា ការ​ប្រកួត​នឹង​មិននៅ​យូរ​ប៉ុន្មាន​ឡើយ​ ដូច្នេះ​គាត់​មិន​ទុក​ពេល​វេលា​ឲ្យ​ទំនេរ​ទេ។

កីឡាកររស់​នៅ Kemerovo បាន​ប្រាប់​ថា ៖«ខ្ញុំ​បាន​កំពុង​តាម​ដាន និង​ឃ្លាំ​មើល​  ONE Championship ជា​យូរ​មក​ហើយ។ នៅ​ពេល​ខ្ញុំ​ចុះ​កុងត្រា​​វ៉ៃ​នៅ ONE ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​សង្វៀន​ធំ​អស្ចារ្យុ​នេះ។ អ្នក​គាំទ្រ​រុស្ស៊ី​ច្រើន​ណាស់ ហើយ​យើង​ពិត​ជា​ចូល​ចិត្ត​កីឡា MMA។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ទទួល​កាតព្វកិច្ច​ធំ និង​មោទនភាព​ដែល​តំណាង​ឲ្យ​ប្រទេស​រុស្ស៊ី»។ 

«ថ្ងៃ​ណា​មួយ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​មាន​ខ្សែ​ក្រវាត់​ពាក់​លើ​ចង្កេះ ហើយ​ឡើង​ប្រកួត​ការពារ​ឲ្យ​បាន​យូរ​អង្វែង។ ខ្សែ​ក្រវាត់​នៅ ONE Championship គឺ​ជា​ក្តី​ស្រមៃ​របស់​ខ្ញុំ ហើយ​​​ជឿ​ថា ក្តី​ស្រមៃ​នោះ​នឹង​ក្លាយ​ជា​ការ​ពិត»៕

Pictures of the MMA fight between Anatoly Malykhin and Amir Aliakbari from ONE: REVOLUTION

អាន​បន្ថែម: រូបភាព​ល្អ​ឥត​ខ្ចោះ​ពី​សមរភូមិ​ប្រយុទ្ធ ONE: REVOLUTION

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។