News

Leo Pinto នឹង​​បង្ហាញ​សមត្ថភាព​ឲ្យ​ច្បាស់នៅ​ ONE: NO SURRENDER II

ថ្ងៃ​សុក្រ ទី​១៤ ខែ​សីហា​នេះ បុរស​សង្ហា Leo Pinto ត្រូវ​ប្រឈម​នឹងខ្លា​ចាស់​ Mehdi “Diamond Heart” Zatout សម្រាប់​ការប្រកួត​ឃីកបុកសីង​ក្នុង​តំណែង​គូ​ឯក​រង ONE: NO SURRENDER II នា​ទី​ក្រុង​បាងកក ប្រទេស​ថៃ។

Pinto មាន​អាយុ​ក្មេង​ជាង​ “Diamond Heart” ​១០​ឆ្នាំ រូប​គេ​​ស្គាល់​ច្បាស់​ពី​ដៃ​គូ​ដែល​ជា​ជើងខ្លាំង​​ពោរ​ពេញ​បច្ចេកទេស និង​ជំនាញគ្រប់​លក្ខណៈ។

កីឡាករ​អាយុ​២៦​ឆ្នាំ​និយាយ​ថា ៖«ទោះ​ជា​ខ្ញុំ​ក្មេង​ជាង​គាត់​ច្រើន ក៏​ខ្ញុំ​មិន​អាច​មើល​ស្រាល​គាត់​ឡើយ។ អាយុ​មិនមែន​ជា​ឧបសគ្គ​សម្រាប់​ Zatout​ ទេ។ គាត់​រហ័ស​រហួន និង​កាយ​សម្បទា​មាំ​មួន​ល្អ។ គាត់​​មាន​កណ្តាប់​ដៃ​លឿន​ និង​ទាត់​ក៏​លឿន។ គាត់​​អាច​បត់​បែន​បាន​គ្រប់ប្រភេទ​ដៃ​គូ»។

Victor Pinto enters the arena

បើ​និយាយ​ពី​សមត្ថភាព​វិញ Pinto ​កំពុង​ផ្តោត​យក​ចិត្ត​​ទុក​ដាក់​ខ្លាំង​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​នេះ បន្ទាប់​​ពី​ការ​ប្រកួត​លើក​ដំបូង​ ONE Championship មិន​គាប់​ប្រសើរ។

កីឡាករ​សញ្ជាតិ​បារាំង ដែល​បាន​ក្លាយ​ជា​កីឡាករ​បរទេស​ទី​១​​​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១០​នៅ​សង្វៀន​ធំ Lumpinee Stadium បាន​ប្រកួត​លើក​ដំបូង​នៅ​ស្ថាប័ន​ធំ​នេះ​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ​បាន​​​ចាញ់​​ពិន្ទុ​កូន​សិស្ស​របស់ Zatout គឺ​កីឡាករ​ Adam Noi ក្នុង​ព្រឹត្តិការណ៍ ONE: A NEW TOMORROW

Pinto និយាយ​ថា ៖«លទ្ធផល​មិន​បាន​ដូច​ក្តី​រំពឹង។ ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​ខ្វះ​ទំនុក​ចិត្ត និង​​ចេញ​ក្បាច់​មិន​បាន​ល្អ ដែល​ធ្វើ​ឲ្យ​ខ្វះ​ចន្លោះរបៀប​ការពារ»។



បរាជ័យ​នោះ​ហើយ​ធ្វើ​ឲ្យ​រូប​គេ​នៅ​មិន​សុខ​ និង​បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​ដូច​បំណង​ក្នុង​ការ​វិល​ត្រឡប់​មក​វិញ។

ទោះ​ជា​ជំំងឺឆ្លងខូវិត-១  បាន​ផ្ទុះ​បង្ខំ​ឲ្យ​ ONE Championship ផ្អាក​ការ​ប្រកួត​ក៏​ពិត​មែន ក៏​បុរស​បារាំង​រូប​សង្ហា​ម្នាក់​​នេះ​​រក្សា​សមត្ថភាព​បាន​យ៉ាង​ល្អ​តាម​រយៈ​ការ​ហ្វឹកហាត់​ជា​ប្រចាំ និង​សំលៀង​អាវុធ​​​កាន់​តែ​​មុត​ស្រួច​នៅ​ក្លឹប្រដាល់​ផ្ទាល់​ខ្លួន Pinto Fight Studio ក្នុង​ទី​ក្រុង​បាងកក។

រូប​គេ​និយាយ​ថា ៖«ខ្ញុំ​ចង់​វិល​ឡើង​សង្វៀន​ឲ្យ​បាន​ឆាប់​តាម​អាច​ទៅ​រួច ពី​ព្រោះ​ខ្ញុំ​ចង់​​បង្ហាញ​ពី​សមត្ថភាព​​ឲ្យ​កាន់​តែ​ច្បាស់។ វា​ពិត​ជា​សំខាន់់​ណាស់​ចំពោះ​កីឡាករ​ដែល​ត្រូវ​បន្ត​ឡើង​សង្វៀន»។

«កំឡុង​ពេល​ខូវិត-១៩ ខ្ញុំ​នៅ​តែ​បន្ត​ហ្វឹកហាត់​ជា​ប្រចាំ ដូច្នេះ​ហើយ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រកួតមួយ​នេះ»។​​

French Muay Thai fighter Leo Pinto throws an uppercut

ពិត​​ជា​សំណាង​ណាស់ Pinto បាន​ទទួល​ទូរសព្ទ​ហៅ​ចូល​ពី​អ្នក​ផ្គូផ្គងរបស់​ស្ថាប័ន​ប្រដាល់ និង​ប្រាប់​ឲ្យ​រូប​គេ​ឲ្យ​ប្រកួត​ជា​មួយ​​កីឡាករ​ចាស់​វស្សា​ជា​គ្រូ​បង្វឹក​ផង​គឺ Zatout។

កីឡាករ “Diamond Heart” ដែល​មាន​កំណើត​នៅ​ប្រទេស​បារាំង គឺ​ជា​​ជើង​ឯក​ខ្សែ​ក្រវាត់​ពិភព​លោក​ ISKA និង WBC  ដែល​ជា​សហម្ចាស់ក្លឹប​ប្រដាល់ Venum Training Camp Thailand។ 

រូប​គេ​ជា​កីឡាករ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​ឆាក​អន្តរជាតិ​យូរ​ហើយ។ ថ្មី​ៗ​កន្លង​ទៅ​នេះ រូប​គេ​បាន​ឈ្នះ​អតីត​ជើង​ឯក​ពិភពលោក​ ONE World Title គឺ​កីឡាករ​ចិន​ Han Zi Hao ដោយ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍ ONE: A NEW TOMORROW ដែរ។

French Muay Thai fighter Leo Pinto hits a cross

​គូ​ឯក​រង​ដែល​ជា​ជំនួប​ជើង​ខ្លាំង​មួយ​ថៃ​ដែល​មាន​កំណើត​នៅ​ប្រទេស​បារាំង​ទាំង​ពីរ​​ត្រូវ​ប្រកួត​លក្ខណៈ​ឃីកបុកសីង។

Pinto និយាយ​ថា ៖«ខ្ញុំកែ​សម្រួល​ច្រើន​ណាស់ ចាប់​តាំង​ពី​ខ្ញុំ​ត្រូវ​វ៉ៃ​លក្ខណៈ​ឃីកបុកសីង។ ខ្ញុំ​បាន​ហ្វឹកហាត់​មួយ​ខែ​កន្លះ​ហើយ និង​​កាន់​តែ​ហ្វឹកហាត់​ខ្លាំង​ថែម​ទៀត​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ»។

កាន់​តែ​មាន​កម្លាំង​ចិត្ត​​ទៀត​នោះ កីឡាករ​វ័យ​ក្មេង​រូប​នេះ​​ក៏​មាន​បង​ប្រុស​បង្កើត​របស់​ខ្លួន​​ដែល​ជា​ទើប​ប្រកួត​បាន​ជ័យជម្នះ​នៅ​ ONE ជា​អ្នក​​ជ្រោម​ជ្រែង និង​ជា​អ្នក​ប្រដាល់​ឃីកបុកសីង​ដែរ។

កីឡាកររូប​នេះ​​និយាយ​ថា ៖«ខ្ញុំ​មាន​បង​ប្រុស​បង្កើត​គឺAntoine និង​មិត្ត​ភក្តិ​ជា​ច្រើន​ទៀត​ដូច​ជា Superbon និង​គ្រូ​បង្វឹក​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់។ ខ្ញុំ​បាន​​ហ្វឹក​ហាត់​​ពី​របៀប​ការពារ​ល្អ​ជាង​មុន បន្ទាប់​ពី​ចាញ់លើក​ចុង​ក្រោយ»។

Pinto សង្ឃឹម​ថា ការខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​នឹង​​ក្តោប​យក​ជ័យជម្នះ​ពី​ទី​ក្រុង​បាងកក នា​ថ្ងៃ​សុក្រ​នេះ ប៉ុន្តែ​​ប្រសិន​បើ​លទ្ធផល​មិន​គាប់ប្រសើរ រូប​គេ​​នឹង​លើក​ដៃ​ដៃ​គូ​ដោយ​មោទភាព។

Pinto លើក​ឡើង​ថា ៖«​បើ​ទោះ​ជា ខ្ញុំ​គោរព Zatout ខ្លាំង ខ្ញុំ​ដឹង​ថា យើង​ទាំង​ពីរ​នឹង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ក្នុង​ការ​ប្រកួត​នេះ។ គ្មាន​បញ្ហា​ទេ ឈ្នះ ឬ​ចាញ់ យើង​នៅ​តែ​ជា​បង​ប្អូន»៕

អាន​បន្ថែម៖ ហេតុ​ផល៥​យ៉ាងដែល​អ្នក​មិន​អាច​​រំលង​តាម​ដាន​ព្រឹត្តិការណ៍​ប្រកួត ONE: NO SURRENDER II