News

អ្នកពូកែកណ្តាប់ដៃ Martin Nguyen សន្លប់ធំក្រោមកណ្តាប់ដៃ Jae Woong

អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​​ឃើញ​ជើង​ខ្លាំង​ឈរ​លំដាប់​លេខ​១ក្នុង​ទម្ងន់ Featherweight កីឡាករ​វៀតណាម-អូស្ត្រាលី Martin Nguyen បាន​សន្លប់​ធំ​ក្រោម​កណ្តាប់​ដៃ​របស់​កីឡាករ​កូរ៉េ​ខាង​ត្បូង Kim Jae Woong។

មុន​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សុក្រ ទី​២៤ ខែ​កញ្ញា​កន្លង​ទៅ​នេះ អ្នក​គាំទ្រ​បានដាក់​ក្តី​សង្ឃឹម​លើ​ជើង​ខ្លាំង Martin Nguyen ជា​អតីត​ជើង​​ឯក​ពិភព​លោក​ពីរ​ប្រភេទ​ទម្ងន់ ពី​ព្រោះ​រូប​គេ​ធ្លាប់​ធ្វើ​ឲ្យ​សង្វៀន​កក្រើក​តាម​រយៈ​កណ្តាប់​ដៃ​ពិឃាត​របស់​គេ។ ជា​មួយ​គ្នា​នេះ​តាម​រយៈ​ការ​បោះ​ឆ្នោត​លើ ONE Fantsy បង្ហាញ​ថា អ្នក​គាំទ្របាន​ជ្រើស​រើស​យក Martin  ដល់​ទៅ​៧៤​% ខណៈ Kim Jae Woong ទទួល​បាន​ការ​គាំទ្រ​ត្រឹម​តែ​២៦​%​ប៉ុណ្ណោះ។

សម្រាប់​ការ​ប្រកួត​គូ​នេះ កីឡាករ​ទាំង​ពីរ​សុទ្ធ​តែ​ស្វែង​រក​ឱកាស​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ONE Featherweight នា​ពេល​អនាគត​ដូច​គ្នា។ ជា​ពិសេស Martin Nguyen បាន​ដាក់​ចិត្ត​ស្វែង​រក​ខ្សែ​ក្រវាត់​របស់​ខ្លួន​មក​គ្រប់​គ្រង​វិញ។

ទោះ​ជា​យ៉ាង​ណា ការ​ពិត​នៅ​លើ​សង្វៀន​បាន​ប្រព្រឹត្ត​ទៅត្រឹម​ពាក់​កណ្តាល​ទឹក​ទី​១​ប៉ុណ្ណោះ បន្ទាប់​ពីអ្នក​លេង​គុន​ចម្រុះ​កូរ៉េ​ខាង​ត្បូង Kim Jae Woong បាន​ប្រើ​កណ្តាប់​ដៃ​ស្តាំ​ម៉ាត់​ចំ​ថ្គាម​របស់ Martin ឲ្យ​ដួលដាច់​​ផ្ងា​រ​រួច​ថែម​ពីរ​ដៃ​ពី​លើ​ទៀត​​ដែល​បណ្តាល​ឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​ការ​ប្រកួត​ត្រឹម​នាទី​៣:១៥​ក្នុង​ទឹក​ទី​១​តែ​ម្តង។

នេះ​ជា​បរាជ័យ​ដោយ​សន្លប់​ពីរ​លើក​ជាប់​គ្នា បន្ទាប់​ពី​ការ​សន្លប់​លើក​ទី​១​ដោយ​កណ្តាប់​ដៃ​របស់​ជើង​ខ្លាំងអាមេរិក Thanh Le ក្នុង​ទឹក​ទី​៣​កាល​ពី​ខែតុលា ឆ្នាំ​២០២០ ហើយ​របូត​ខ្សែ​ក្រវាត់​ពិភព​លោកតាំង​ពី​ពេល​នោះ​មក។ ដូច្នេះ​មហិច្ឆតា​ស្វែង​រក​ខ្សែ​ក្រវាត់​របស់ Martin កាន់​តែស្តួច​ស្តើង​ថែម​ទៀត។

ផ្ទុយ​ទៅ​វិញ អ្នក​លេង​គុន​ចម្រុះកូរ៉េ​ខាង​ត្បូង Kim Jae Woong ដែល​រំភើប​រីក​រាយ​ខ្លាំង​បំផុត​សម្រាប់​ជ័យជម្នះ​លើ Martin ទទួល​បាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ភ្លាម​តែ​ម្តង បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ដ៏​អស្ចារ្យ​នេះ។

អគ្គនាយក និង​ស្ថាបនិក ONE លោក Chatri Sityodtong បាន​សម្រេច​ផ្តល់​ឲ្យ​ Kim Jae Woong ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​១០​ដង និង​ចាញ់​៣​ដង​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោកជា​មួយ​នឹង​នរណា​ម្នាក់​រវា​ម្ចាស់​ខ្សែ​ក្រវាត់ Thanh Le និង Garry Tanon។

សូម​បញ្ជាក់​ថា Thanh Le ត្រូវ​ឡើង​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក ONE Featherweight របស់​ខ្លួន​ជា​លើក​ដំបូង​ទល់​នឹង​ជើង​ខ្លាំង Garry Tanon នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ក្នុង​ខួប​១០​ឆ្នាំ​របស់ ONE បន្ទាប់​ពី​កីឡាករ​អាមេរិក​រូប​នេះ​ដណ្តើម​ខ្សែ​ក្រវាត់​បាន​ពី Martin។ អ្នក​ឈ្នះ​រវាង​គូ​នេះ​ត្រូវ​ស្ពាយ​ខ្សែ​ក្រវាត់​ឡើង​ការពារ​ទល់​នឹង Kim Jae Woong៕

Read more: ONE: REVOLUTION – Live Results And Highlights For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។