Kun Khmer

ក្រៅ​ពី​ប្រដាល់​ ខុន ស៊ីចាន់ ចិញ្ចឹម​មាន់​លក់​បាន​រាប់​រយ​ដុល្លារ​

ខុន ស៊ីចាន់ ​ដែល​អាច​ប្រកួត​បាន​ទាំង​គុន​ខ្មែរ ​និង​គុន​ចម្រុះ​ ជា​កីឡាករ​ម្នាក់​ដែល​​ជាប់​កិច្ចសន្យា​ប្រកួត​នៅ​សង្វៀន ONE Championship​ ​ដូច​​​ ចាន់ រតនា និង​នៅ ស្រីពៅ​ កន្លង​មក​អីចឹង​ដែរ​។ ​​ ក្រៅ​ពី​​​មាន​អាជីព​​ឡើង​ប្រកួត​នៅ​​លើ​សង្វៀន​ ​សិស្ស​​គុន​​មក​ពី​​ក្លិប​ប្រដាល់​អប់រំកាយ ​និង​កីឡា​ស្រុក​អន្លង់​វែង ​​កំពុង​ប្រកប​​របរ​កសិកម្ម​​​​ចិញ្ចឹម​មាន់​ជល់​​នៅ​ឯ​ស្រុក​កំណើត​​នា​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមានជ័យ​។

កីឡាករ ខុន ស៊ីចាន់

បុរស​កូន​បី​​បាន​ថ្លែង​បែប​នេះ ​៖«​​​​ខ្ញុំ​ចិញ្ចឹម​មាន់​ជល់​​ជា​របរ​​នៅ​ស្រុក​របស់​ខ្ញុំ​ ស្រុក​អន្លង់​វែង។ ​វា​ជួយ​សម្រួល​ខ្ញុំ​បាន​ច្រើន​​បង​ ក្រៅ​ពី​ការ​ឡើង​សង្វៀន​ប្រដាល់។ ​ខ្ញុំ​ចិញ្ចឹម​ពូជ​មាន់​ជល់​មាន​ប្រភេទ​​ពូជ​មាន់​ថៃ​​ដូច​ជា​ ជុំ​ផាន់​, មាន់​វៀតណាម​ និង​​គុយ​​បា​មក​ពី​ហ្វីលីពីន​ជា​ដើម។​ ​​តម្លៃ​​ខ្លះ​មួយ​ក្បាល​លក់​បាន​ ​១០០ ​ដុល្លារ ​​​ហើយ​ខ្លះ​ទៀត​​បាន​ ២០០​ដុល្លារ​ក្នុង​​ក្បាល​ក៏​មាន​ដែរ។ ​រាល់​ថ្ងៃ​ខ្ញុំ​ចិញ្ចឹម​​​ប្រមាណ​ជា​ ២០ ​ទៅ​ ៣០​ ក្បាល​ មាន​តូច​ធំ​លាយ​គ្នា»។

ស៊ីចាន់ បន្ត​​​ថា​ ការ​ចិញ្ចឹម​​​​ពូជ​មាន់​ជល់​នេះ​អស់​​​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​ពេល​រូប​គេ​​រស់​នៅ​ជុំ​​ប្រពន្ធ​កូន​​​នៅ​ស្រុក​កំណើត​​​និង​ហ្វឹកហាត់​នៅ​ទី​នោះ​ផង ​​​ម្ចាស់​​ជើង​ឯក​ KWC 2013 ​ តែង​តែ​មើល​ការ​ខុស​ត្រូវ​លើ​​ការ​ចិញ្ចឹម​​ពូជ​មាន់​​ជល់​របស់​ខ្លួន។ ​​​

​​ទោះ​រវល់​នឹង​កិច្ច​​ការ​ចិញ្ចឹម​មាន់​ ក៏​កីឡាករ​មក​ពី​​ខេត្ត​ឧត្តរមានជ័យ​​មិន​ភ្លេច​អំពី​ការ​ត្រៀម​ខ្លួន​ប្រកួត​​នោះ​ឡើយ។ ​​គេ​បាន​ឡើង​មក​ប្រកួត​នៅ​​រាជធានី​ភ្នំពេញ​ជា​រឿយ​ៗ​​ដោយ​ឆ្នាំ ២០២០​ ​​​​ឡើង​សង្វៀន​​ក្នុង​ស្រុក​បាន ៥ ដង​ និង​សង្វៀន ONE Championship ​បាន​ម្ដង។ ​នៅ​ឆ្នាំ​ ២០២១ ​ស៊ីចាន់ នឹង​ត្រៀម​ខ្លួន​ទទួល​ការ​ប្រកួត​ឲ្យ​បាន​ច្រើន​ជាង​ឆ្នាំ ២០២១ ។ ចំណែក​ រឿង​​​ឡើង​សង្វៀន​ ONE Championship​ ​វិញ​ គេ​ក៏​រង់​ចាំ​ចម្លើយ​ពី​គ្រូ​បង្វឹក​ ​Alan Mccune ។

​បែប​ណា​ក្ដី​ ​​​លោក​ ​Alan Mccune ​​ដែល​ជា​គ្រូ​បង្វឹក​គុន​ចម្រុះ​​ផ្ទាល់​បាន​ថ្លែង​នា​ពេល​ថ្មីៗ​នេះ​ថា​ ​ស៊ីចាន់ ​ទើប​ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស​មួយ​ទៀត​នៅ​ខេត្តឧត្ដរមានជ័យ ជិត​មួយ​ខែ​មក​នេះ​ និង​ត្រូវ​ការ​មើល​ថែ​គ្រួសារ​របស់​គេ​ ដែល​មិន​ទាន់​អាច​​​​ត្រូវ​ចាប់​គូ​ទៅ​ក្រៅ​ប្រទេស​​ភ្លាម​ៗ​បាន​ឡើយ​ ពោល​រង់​ចាំ​ដល់​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ។ ​

ខុន ​ស៊ីចាន់ ​បាន​ចាប់​ផ្ដើម​​ហ្វឹកហាត់​​គុន​ចម្រុះ​​នៅ​ឆ្នាំ​​២០១៣ ​ពេល​​ស្ថានីយ​ទូរទស្សន៍​ ស៊ីធីអ៊ិន​បង្កើត​កម្មវិធី​ប្រកួត​ដាក់​ទ្រុង​ ឬ​ គុន​ចម្រុះ​ ​ក្រោម​ការ​បង្ហាត់​​​ក្បាច់​គុន​ចម្រុះ​​ពី​សំណាក់​លោក​គ្រូ ​Alan Mccune​ ​និង​គ្រូ​បង្វឹក​ផ្សេង​ៗ​ច្រើន​ទៀត​ នា​រដូវ​កាល​ដំបូង៕

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។