News

Andy Souwer សុខចិត្តចូលនិវត្តរ៍ បើមិនឈ្នះជើងឯក World Grand Prix

Andy “Souwer Power” Souwer បាន​ឱសានវាទ​ចំពោះអាជីព​ប្រដាល់​របស់​ខ្លួន​នៅ​ពេល​រូប​គេ​ទទួល​បាន​ឱកាស​ប្រកួត​​​ខ្សែ​ក្រវាត់ឃីក​បុក​សីង​ពិភព​លោក​ World Grand Prix ​នាថ្ងៃ​ទី​១៥ ខែ​តុលា ​នេះ​ដោយ​ត្រូវ​ជួប​ជើង​ខ្លាំង Marat Grigorian នៅ​ព្រឹត្តិការណ៍ ONE: FIRST STRIKE។ 

ឆ្លង​កាត់​បទ​ពិសោធ​៣​លើក​លើ​សង្វៀន​ពិភព លោក Andy Souwer ទើប​តែ​ទទួល​បាន​ជ័យជម្នះ​ម្តង​ប៉ុណ្ណោះ ខណៈ​បរាជ័យ​ពីរដង ប៉ុន្តែ​និយាយ​ពី​ប្រវត្តិ​ឡើង​សង្វៀន​សរុប​ក្នុង​អាជីព​វិញ​គឺ​១៨៣​ដង ក្នុង​នោះឈ្នះ​១៦១​ដង ចាញ់​២១ និង​ស្មើ​១។ ដូច្នេះ​អាច​និយាយ​បាន​ថា រូប​គេ​ជា​ជើង​ខ្លាំង​ឃីក​បុក​សីង​លំដាប់​ពិភព​លោក​​ដ៏​ឆ្នើម​ម្នាក់។

Kickboxers Andy Souwer and Zhang Chunyu fight at ONE: BIG BANG

នៅ​ពេល​នេះ​កីឡាករ​ហុល្លង់​អាយុ​៣៨​ឆ្នាំ​ពិត​ជា​ជឿ​ជាក់​លើ​ខ្លួន​ឯង ប៉ុន្តែ​សារភាព​ថា ខ្សែ​ក្រវាត់ Grand Prix ជា​ខ្សែ​ក្រវាត់​ពិភព​លោក​សំខាន់​បំផុត​សម្រាប់​វិថី​ប្រដាល់​អាជីព​របស់​ខ្លួន ថ្វី​បើ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោកជា​ច្រើន​។

Souwer បាន​និយាយ​ថា ៖«អារម្មណ៍​ឈ្នះ​ខ្សែក្រវាត់​ធំ​ៗ​ពិត​ជា​រំភើប​ណាស់។ វា​ពោរពេញ​ដោយ​ថាមពល។ មធ្យោបាយ​ដែល​ឈាន​ដល់​អារម្មណ៍​បែប​នេះ​កើត​ឡើង​គឺ​ទាល់​តែ​យើង​មាន​ឱកាស»។



«ប្រសិន​បើ​ខ្ញុំ​មិន​ឈ្នះ​ខ្សែ​ក្រវាត់​នេះ​ទេ អីចឹង​១០០​%​គឺ​ខ្ញុំ​នឹង​ចូល​និវត្តន៍។ ប្រសិន​បើ​ឈ្នះ មាន​ន័យ​ថា ខ្ញុំ​ជាកំពូល​កីឡាករ​លើ​លោក ហើយ​អាច​បន្ត​ដំណើរ​ជីវិត​ប្រដាល់​ទៀត»។

បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ចុង​ក្រោយ​លើ​កីឡាករ Zhang Chunyu កាល​ពី​ខែ​ធ្នូ ខ្លា​ចាស់ Souwer មាន​អារម្មណ៍​ល្អ​ចំពោះ​អាជីព​ប្រដាល់​របស់​ខ្លួន។

កីឡាករ​និយាយ​ថា ៖«ខ្ញុំ​អាយុ​៣៨​ឆ្នាំ​ហើយ។ ឆ្នាំ​នេះ​ខ្ញុំ​នឹង​ឈាន​ចូល​ដល់​៣៩​ឆ្នាំ។ ឃើញ​ខ្ញុំ​នៅ​ទី​តាំង​កន្លែង​ណា? ខ្ញុំ​នៅ​តែ​ជា​កីឡាករ​លំដាប់​កំពូល​ដូច​កីឡាករ​ឆ្នើម​ៗ​លើ​លោក​ដែរ​ដែល​ពួក​គេ​ទាំង​នោះ​ក្មេង​ជាង​ខ្ញុំ»។

«ខ្ញុំ​នៅ​តែ​អាច​ប្រកួត​ជា​មួយ​ពួក​គេ។ ខ្ញុំ​មាន​អារម្មណ៍​ល្អ ខ្លាំង ហើយ​ចង់​បង្ហាញ​ឲ្យ​ពិភព​លោក​ឃើញ​ថា ខ្ញុំ​នៅ​តែ​ជា​កីឡាករ​ឆ្នើម​ម្នាក់»។

ទោះ​បី​ជា​យ៉ាងណា ព្រឹត្តិការណ៍​ខ្សែ​ក្រវាត់​ពិភពលោក​ដែល​មាន​បេក្ខភាព​៨​នាក់​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ជុំ​វិញ​ពិភព​លោក​គឺ​សុទ្ធ​តែ​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​ទាំង​អស់ ហើយ​មិន​មែន​ជា​កីឡាករ​ងាយ​ស្រួល​សម្រាប់​កីឡាករ​ហុល្លង់​ម្នាក់​នេះ​ទេ។

កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​ពិភព​លោក​ K-1 World MAX ពីរ​លើក​បាន​និយាយ​ថា ៖«មែន​ទែន​ទៅ​ទម្ងន់ featherweight ល្អ​បំផុត​ក្នុង​ពិភព​លោក។ និយាយ​ត្រង់​ចុះ វា​មិន​មែន​ថ្មី​ទេ តែ​វា​ជាមានយូរ​មក​ហើយ​សម្រាប់​ប្រភេទ​ខ្សែ​ក្រវាត់ Grand Prix»។

សម្រាប់​ជុំ​ដំបូង ឬ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ Andy ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង Grigorian ​ដើម្បី​ស្វែង​រក​ឱកាស​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។​ កីឡាករ​អាមេនី​អាយុ​៣០​ឆ្នាំ​នេះ​កំពុង​ស្ថិត​ក្នុង​កម្រិត​កំពូល​របស់​ខ្លួនហើយ​​​មាន​ជំនាញ​ច្បាស់​ពិត​ប្រាកដ និង​អាយុ​ក្មេង​ជាង Souwer។

Kickboxers Andy Souwer and Zhang Chunyu fight at ONE: BIG BANG

Souwer បាន​ទទួល​ស្គាល់​ពី​សមត្ថភាព​របស់​ដៃ​គូ​ថា ៖«Marat ពិត​ជា​កីឡាករ​ខ្លាំង។ គាត់​មាន​ជំនាញ​ល្អ​ទាំង​ព្រម។ គាត់​វ៉ៃ​មិន​ចេះ​ថយ​កម្លាំង​ដូច​ម៉ាស៊ីន។ ខ្ញុំ​គិត​ថា ពិត​ជា​ពិបាក​ឆ្លង​ឲ្យ​ជោគជ័យ​លើ​ដៃ​គូ​នេះ។ និយាយ​ពីកាយ​សម្បទា​របស់​គាត់​គឺ​មាំមួន​មើល​ទៅ​ដាក់​សម្ពាធ​តែ​ម្តង»។

«យើង​មិន​អាច​និយាយ​ច្រើន​ពី​គាត់​បាន​ទេ​ក្នុង​ផ្នែក​បច្ចេកទេស ឬ​ស្នៀត​វ៉ៃ។ ខ្ញុំ​អាច​បត់​បែន​ល្អ​ជាង Marat ដូច្នេះ​ខ្ញុំ​អាច​គិត​ថា ខ្ញុំ​មាន​ប្រៀប​ខាង​បត់​បែន»។

អ្វី​ដែល Souwer រំពឹង​ទុក​លើ​សង្វៀន​គឺ​ចង់​ឲ្យ Marat ចេញ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​អ្នក​គាំទ្រ។

«វា​នឹង​អាច​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំ ដូច្នេះ​ត្រូវ​ប្រាកដថា អ្នក​ត្រៀម​ខ្លួន​រួច​រាល់ និង​ចេញ​អស់​សមត្ថភាព។ ខ្ញុំ​ពិត​ជា​រង់​ចាំ​យ៉ាង​អន្ទះ​សារ​ដើម្បី​បង្កព្យុះ​ភ្លៀង»៕

អាន​បន្ថែម៖ ជើងខ្លាំង Grigorian សន្យាបង្កព្យុះភ្លៀងលើខ្លាចាស់ Souwer ខ្សែក្រវាត់ GP វគ្គ១/៤

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។