News

ជើងខ្លាំង Grigorian សន្យាបង្កព្យុះភ្លៀងលើខ្លាចាស់ Souwer ខ្សែក្រវាត់ GP វគ្គ១/៤

អ្នក​ប្រដាល់ Marat Grigorian បាន​ក្លាយ​ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​ដ៏​ធ្លោ​ម្នាក់​នៅ ក្នុង​ការនៅ ONE Super Series លើកដំបូងដ៏ជោគជ័យ ប៉ុន្តែ​រូប​គេ​ជឿ​ជាក់​ថា សម្រាប់​ការ​ប្រកួត​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Featherweight Kickboxing World Grand Prix រូប​គេ​នឹង​នាំ​មក​នូវ​អ្វី​ដែល​ពិសេស​ប្លែក​បំផុត។

ជើង​ខ្លាំង​ពី​ទម្ងន់​មួយ​ទៅ​ទម្ងន់នេះ​ត្រូវ​ប្រឈម​នឹង​ខ្លា​ចាស់​កំពូល​ល្បិចដែល​ជា​អ្នក​ជំនាញ​ឃីក​បុក​សីង​លើ​លោក​ម្នាក់​គឺ Andy “Souwer Power” Souwer ក្នុង​ជុំ​​៨​នាក់ដំបូង​នៅ​ព្រឹត្តិការណ៍ោផ្សាយផ្ទាល់ ONE: FIRST STRIKE នា​ថ្ងៃ​សុក្រ ទី​១៥ ខែ​តុលា​ខាង​មុខ​នេះ ហើយ​រូប​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​បង្ហាញ​សមត្ថភាព​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ។

កីឡាករ Grigorian បាន​និយាយ​ថា ៖«ខ្ញុំ​កាន់​តែ​ត្រៀម​ខ្លួន​បាន​ល្អ​ខ្លាំង​ឡើង។ វា​នឹង​ក្លាយ​ជា​សង្គ្រាម​ដ៏​រស់​រវើក​ពិត​ៗ​នៅ​លើ​សង្វៀន»។

«ការ​ហ្វឹក​ហាត់​ដំណើរ​ការ​បាន​ល្អ។ រាល់​សប្តាហ៍ ខ្ញុំ​មាន​អារម្មណ៍​កាន់​តែល្អ កាន់​តែ​រឹង​មាំ និង​កាន់​តែ​មាន​ល្បឿន​លឿន។ ខ្ញុំ​មិន​អាច​រង់​ចាំ​បាន​ទេ»។

អ្នក​ប្រដាល់​ឃីក​បុក​សីង​ឈរ​លេខ​៣​ក្នុង​ទម្ងន់ featherweight មិន​មាន​អ្វី​ចម្លែក​ទេ​ចំពោះ​រូប​មន្ត​នៃ​ការ​ប្រកួត​នេះ ហើយ​រូប​គេ​រំពឹង​ថា ​នឹង​វិល​ទៅ​កាន់ក្នុង​ចំណោម​កំពូល​កីឡាករ​ឃីក​បុក​សីង​​លើ​លោក។

Kickboxers Marat Grigorian and Ivan Kondratev fight at ONE: BIG BANG

តាម​រយៈកំណត់ត្រា​ជោគជ័យ ដោយ​ទទួល​បាន​ជ័យជម្នះ​ទាំង​ខ្សែ​ក្រវាត់ពិភព​លោក K-1 World Grand Prix និង​ខ្សែ​ក្រវាត់ Kunlun Fight World MAX ជើង​ខ្លាំង Grigorian ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ម្នាក់​ដែល​មាន​អាវុធ​វ៉ៃ​ចេញ​គួរ​ឲ្យ​ចាប់​អារម្មណ៍​គ្រប់​ស្នៀត។ ប៉ុន្តែ​នៅ​ពេល​រូប​គេ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ឡើង​សមរភូមិ​មក​ដល់ រូប​គេ​ដឹង​ខ្លួន​ថា បេក្ខភាព​ក្នុង​ខ្សែ​ក្រវាត់នេះ​គឺ​ជា​ផ្ទាំង​សិលា​ដ៏​ធំ​ទាំង​អស់​សម្រាប់​រូប​គេ។

កីឡាករ​និយាយ​ថា ៖«ខ្ញុំ​ស្រឡាញ់ព្រឹត្តិការណ៍​ប្រកួត​នេះ។ ខ្ញុំ​ខក​ចិត្ត​បន្តិច​ដែល​វា​មិន​មែន​ជា​ការ​ប្រកួត​មួយ​រាត្រី​ទេ ពី​ព្រោះ​ខ្ញុំ​ចូល​ចិត្ត​វ៉ៃ​ព្រឹត្តិការណ៍​មួយ​តែ​ក្នុង​មួយ​រាត្រី​ប៉ុណ្ណោះ»។

«ប៉ុន្តែ​កម្មវិធី​ប្រកួត​បែប​នេះ​ល្អ​ម្យ៉ាង​ដែរ។ យើង​អាច​បង្ហាញ​អ្វី​កាន់​តែ​​ច្រើន ពី​ព្រោះ​ប្រសិន​បើ​ យើង​មាន​របួស​ខ្លះ អ្នក​អាច​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ប្រសើរ ហើយ​ចាប់​ផ្តើម​ជា​ថ្មី»។

ក្នុង​ចំណោម​ជើង​ខ្លាំង​នោះ កីឡាករ Souwer ជា​អ្នក​ប្រដាល់​ដ៏​ឆ្នើម​ម្នាក់​ក្នុង​ពិភព​ឃីក​បុក​សីង។ កីឡាករ​ហុល្លង់​អាយុ​៣៨​ឆ្នាំ​មាន​បទ​ពិសោធ​ច្រើន ហើយគាត់ធ្លាប់​ឈ្នះ​ដោយ​ពិន្ទុ​ លើ​កីឡាករ “Bamboo Sword” Zhang Chunyu នៅ​ព្រឹត្តិការណ៍ ONE: BIG BANG កាល​ពី​ធ្នូ ឆ្នាំ​២០២០។



ជ័យជម្នះ​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា “Souwer Power” បាន​បង្ហាញ​នូវ​បច្ចេកទេស​ល្អ​ឥត​ខ្ចោះ និង​មាន​អាវុធ​វ៉ៃ​បាន​ល្អ​មួយ​កំភ្លេ ហើយទម្រង់​កំពុង​កើន​ឡើង​ដែល​រឹត​តែ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុងការ​ប៉ះ Grigorian ជុំ​ដំបូង​នេះ។

តារា​ប្រដាល់​អាមេនី​បាន​និយាយ​ថា ៖«Souwer ជា​កីឡាករ​ដ៏​ល្អ។ គាត់​មានបទ​ពិសោធ​ប្រកួត​ច្រើន​ណាស់។ គាត់​ជា​ជើង​ដ៏​ឆ្នើម​ម្នាក់ ហើយ​ខ្ញុំ​រីក​រាយ​ដែល​បានជួប​ប្រកួត​ជា​មួយ​គាត់»។

«គាត់​គ្រោះ​ថ្នាក់​ណាស់។ អាវុធ​គាត់​មុត​ស្រួច ហើយ​គាត់​វ៉ៃ​បាន​ល្អ​គ្រប់​កម្រិត។ គាត់​ជា​កីឡាករ​វ៉ៃ​បាន​ល្អ​គ្រប់​ស្នៀត»​។

«ខ្ញុំ​គ្រាន់​តែ​កំពុង​គិត​អំពី​ការ​ប្រកួត​ដំបូងរបស់​ខ្ញុំ។ បន្ទាប់​ពី​នោះមក យើង​នឹង​ដឹង​ថា នរណាបន្ទាប់»។

ស្ថិត​ក្នុង​វ័យ​៣០​ឆ្នាំ កីឡាករ Grigorian ក្មេង​ជាង​ដៃ​គូលើក​នពេះ​៨​ឆ្នាំ ហើយ​គាត់​មាន​អារម្មណ៍​ថា ខ្លួន​គាត់​ដូច​ជា​មាន​អ្វី​ពិសេស​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ហួស​ពី​ការ​រំពឹង​ទុក។

កីឡាករ​និយាយ​ថា ៖«ខ្ញុំ​ធ្វើ​អ្វី​គ្រប់​យ៉ាង​កាន់​តែ​ប្រសើរ កាន់​តែ​ខ្លាំង កាន់​តែ​លឿន»។

លើស​ពី​នេះ​ទៀត កីឡាករ​ហាត់​នៅ​ក្លឹប Hemmers Gym កំពុង​កាន់​កំណត់​ត្រា​ជ័យជម្នះ​៥លើក​ជាប់​គ្នា ហើយ​រាល់​ការ​ប្រកួតមាន​អារម្មណ៍ថា ខ្លួន​គាត់​ជឿ​ជាក់​ដើម្បី​ឆ្ពោះ​ទៅ​បើក​ទំព័រ​ខ្សែ​ក្រវាត់ Grand Prix។

យ៉ាង​ណា គាត់​មិន​អាច​មើល​ស្រាល Souwer​ បាន​ទេ ប៉ុន្តែ​គាត់​បាន​ត្រៀម​ផែន​ការ​ល្អ​មួយ​ដើម្បី​បង្ក​ព្យុះ​ភ្លៀង​លើ​កីឡាករ​ហុល្លង់ និង​ក្តោប​យក​ជ័យជម្នះ​បន្ត​ទៅ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

Grigorian ប្រាប់​ថា ៖«គ្រប់​ពេល​វេលា​ខ្ញុំ​ស្វែង​រក​ការ​បញ្ចប់​ដៃ​គូ​ឲ្យ​បាន​លឿន​បំផុត តែ​នៅ​លើ​សង្វៀន អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ»។

«ខ្ញុំ​មិន​ចូល​ចិត្ត​គិត​ទុក​មុន​ទេ តែ​ខ្ញុំ​នឹង​ជំរុញ​ខ្លួន​ឲ្យទទួល​បាន​ជោគជ័យ​ពី​ព្រឹត្តិការណ៍​នេះ ពី​ព្រោះ​​​ពិភព​លោក​នេះ​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​គ្រប់​វិនាទី ពី​ព្រោះ​បេក្ខភាព​ក្នុង​ព្រឹត្តិការណ៍​នេះ​ពិត​ជា​ល្អ​ៗ អាវុធ​ធ្ងន់ ហើយពួក​គេ​គ្រោះ​ថ្នាក់​ទាំង​អស់។ ប៉ុន្តែ​ខ្ញុំឡើង​សង្វៀន​ដើម្បី​បង្ក្រាបពួក​គេ»។

«Andy ខ្ញុំ​សង្ឃឹម​ថា លោក​ត្រៀម​ខ្លួន​​គ្រប់​លក្ខណៈ​ហើយ ពី​ព្រោះ​ខ្ញុំមិន​ទុក​មុខឲ្យ​ទេ​នៅ​លើ​សង្វៀន»៕

ចុចអាន : 5 Reasons We’re Excited For The Featherweight Kickboxing Grand Prix

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។