Kun Khmer

ហេតុ​ផល​សំខាន់​៤​នេះ​បញ្ជាក់​ថា​ ចាន់ រតនា ប៉ះ​ Xie Wei សមគ្នាឥតខ្ចោះ​

26/11/2020

ជើង​ខ្លាំង​គុន​ចម្រុះ​កម្ពុជា​ ចាន់ រតនា ត្រូវ​ឡើង​សមរភូមិ​ប្រយុទ្ធ​ជា​មួយ​ជើង​ខ្លាំង​គុន​ចម្រុះ​ចិន​ Xie Wei ​នៅ​​ព្រឹត្តិការណ៍​ប្រកួត ONE: COLLISION COURSE នា​ថ្ងៃ​សុក្រ​ ទី​១៨​ ខែ​ធ្នូ​ ឯ​​កីឡដ្ឋាន​ Singapore Indoor Stadium ប្រទេស​សិង្ហបុរី។

ជំនួប​របស់​អ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពុជាដែល​ជា​ទូត​សុឆន្ទៈ​របស់ Cellcard​ និង​កីឡាករ​ចិន​ខាង​លើ​នេះ​អាច​ចាត់​ទុក​ថា​ ជា​ការ​ផ្គូ​ផ្គង​ដ៏​​ស័ក្តិសម​បំផុត​ និង​ក្លាយ​ជា​គូ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​ទស្សនា​ទូទាំង​ពិភព​លោក​ ជា​ពិសេស​​សម្រាប់​ប្រជា​ជន​កម្ពុជា​ និង​ប្រជា​ជន​ចិន។

យើង​ខ្ញុំ​សូម​លើក​យក​ហេតុ​ផល​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​បាន​ថា​ កីឡាករ​ទាំង​ពីរ​​នេះ​ពិត​ជា​សម​គ្នា​​ឥត​ខ្ចោះ​។

​ទី​១​៖​ ជំនាញ​ដើម​

​Xie Wei បាន​ចូល​ហ្វឹក​ហាត់​ក្បាច់​សៅឡិញ​ចិន​តាំង​ពី​អាយុ​១៤​ឆ្នាំ​។ បន្ទាប់​ពី​ហ្វឹកហាត់​អស់​​រយៈ​ពេល​៤​ឆ្នាំ​ រូប​គេ​បាន​ចេញ​មុខ​ប្រកួត​ដោយ​ដំបូង​ឡើង​វ៉ៃ​លក្ខណៈ​ឃីកបុកសីង និង​ទទួល​បាន​ជ័យជម្នះ​៥​លើក​ជាប់​គ្នា​ដោយ​មិន​ចាញ់​សោះ​ និង​បាន​ក្លាយ​ជា​ជើង​ឯក​ប្រចាំ​តំបន់​នៅ​ចិន។

បន្ទាប់​ពី​បង្ហាញ​សមត្ថភាព​ល្អ​ឥត​ខ្ចោះ​ រូប​គេ​បាន​បោះ​ជំហាន​ចូល​ ONE Championship និង​ប្រកួត​នៅ​ ONE Hero Series និង​ ONE Warrior Series។ នៅ​កម្មវិធី​​លំដាប់​ពិភព​លោក​​នេះ​រូប​គេ​បាន​ឈ្នះ​ការ​ប្រកួត​ដោយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៥​លើក​ជាប់​។

​ចាន់​ រតនា​ មាន​ប្រភព​ដើម​ចេញ​ពី​ក្បាច់​ប្រដាល់​បុរាណ​គឺ​យុទ្ធគុន​ខម​មុន​ពេល​បោះ​ជំហាន​ចូល​ប្រឡូក​ប្រដាល់​គុន​ខ្មែរ។ ក្រោយ​ពេល​ជោកជាំ​គុន​ខ្មែរ​ កីឡាករ​កម្ពុជា​រូប​នេះ​បាន​ហក់​​ចូលកីឡា​គុន​ចម្រុះ​នៅ​លើ​​សង្វៀន​អន្តរជាតិ​ និង​ឡើង​សង្វៀន​បាន​១០​ដង​ហើយ។

ទី​២៖ ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​

តាម​ប្រវត្តិ​ប្រកួត​គុន​ចម្រុះ​៨​ដង​ និង​ឃីកបុក​សីង​៥​ដង​ គឺ​កីឡាករ​ចិន​ Xie Wei ​ទទួល​បាន​​ជ័យជម្នះ​ឃីកបុកសីង​​ទាំង​៥​លើក​ និង​ជ័យជម្នះ​គុន​ចម្រុះ​នៅ​ ONE ៥​លើក​គឺ​សុទ្ធ​តែ​ជា​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ ដោយ​​ក្បាច់​វ៉ៃ​ឈរ​ជា​ពិសេស​​កណ្តាប់​ដៃ​។ ប៉ុន្តែ​ការ​ផ្តួល​ដៃ​គូ​៥​លើក​នៅ​ ONE គឺ​សុទ្ធ​តែ​ជា​កីឡាករចិន​ដូច​គ្នា។

ចំណែក​ កីឡាករ​ជា​ទូតសុឆន្ទៈ​របស់​ Cellcard ចាន់ រតនា ​បាន​ប្រកួត​គុន​ចម្រុះ​ទាំង​១០​ដង​គឺ​ឈ្នះ​៧​ និង​ចាញ់​៣​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ដោយ​កណ្តាប់​ដៃ​បាន​៥​ដង​គឺ​៣​ដង​លើ​កីឡាករ​បរទេស​ និង​២​ដង​លើ​កីឡាករ​កម្ពុជា​ដូច​គ្នា។ អាវុធ​គ្រោះ​ថ្នាក់​របស់​អ្នក​លេង​គុន​ខ្មែរ​គឺ​កណ្តាប់​ដៃ​ និង​ទាត់។

​ទី​៣៖ បំបែក​កំណត់​ត្រា​រៀង​ៗ​ខ្លួន

ចាន់ រតនា ចាញ់​កីឡាករ​បរទេស​២​ដង​​នៅ​សង្វៀន​ ONE គឺ​សុទ្ធ​តែ​កីឡាករ​ចិន​មាន​ Xie Bin និង Ma Hao Bin។ ច្បាស់​ណាស់​ថា អ្នក​លេង​គុន​ខ្មែរ​ម្នាក់​នេះ​ប្តេជ្ញា​បំបែក​កំណត់​ត្រា​ដែល​រូប​គេ​ចាញ់​កីឡាករ​ចិន​ពោល​គឺ​ស្វែង​រក​ជ័យជម្នះ​ឲ្យ​បាន​សម្រាប់​ការ​ជួប​កីឡាករ​ចិន​លើក​ទី​៣​នេះ។

Xie Wei នឹង​តាំង​ចិត្ត​ក្លាយ​ជា​កីឡាករ​ចិន​ទី​៣​ដែល​យក​បាន​ជ័យជម្នះ​លើ​អ្នក​លេង​គុន​ខ្មែរ​ ដូច្នេះ​​រូប​គេ​នឹង​ព្យាយាម​រក្សា​កំណត់​ត្រា​ដែល​មិត្ត​រួម​ជាតិ​របស់​​ខ្លួន​ឈ្នះ​២​លើក​កន្លង​មក។ ជា​ពិសេស​ទៀត​នោះ​ កីឡាករ​ចិន​ម្នាក់​នេះ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ឡើយ​សម្រាប់​ការ​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​នៅ​ ONE​ បន្ទាប់​ពី​ឈ្នះ​៥​លើក​កន្លង​មក​ជា​មួយ​កីឡាករ​ចិន​ដូច​គ្នា​ និង​ប្រកួត​​១​លើក​​ទៀត​​ជា​មួយ​កីឡាករ​បរទេស​គឺ Danny Kingad​ ក៏​បាន​ចាញ់។ ចាន់ រតនា ជា​កីឡាករ​បរទេស​ទី​ពីរ​សម្រាប់​រូប​គ​នៅ ONE។

កីឡាករ​ចិន Xie Wei

​ទី​៤៖ ក្បាច់​ក្រោម

​ទាំង​កីឡាករ​កម្ពុជា​ និង​កីឡាករ​ចិន​មិន​ពូកែ​វ៉ៃ​ជំនាញ​ក្រោម​ដូច​ជា​ចំបាប់​ ជឺជីតស៊ូ​ ឬ​ឃ្លេ​ទេ​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មាន​ជំនាញ​ការពារ​ក្បាច់​ក្រោម​ល្អ​ដូច​គ្នា។ ប្រសិន​បើ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ព្យាយាម​ប្រើ​ក្បាច់​ក្រោម​ខ្លាំង​នោះ​ ច្បាស់​ជា​ធ្លាក់​ចុះ​កម្លាំង​ស៊ុហ្វ​ ហើយ​ងាយ​ទទួល​រង់​ក្បាច់​ឈរ។ តែ​ជឿ​ថា អ្នក​ទាំង​ពីរ​នឹង​លេង​ក្បាច់​ជំនាញ​ដើម​របស់​ខ្លួន​ហើយ។

ប្រសិន​បើ​ អ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពជា​អាច​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ រូប​គេ​អាច​នឹង​មាន​ចំណាត់​ថ្នាក់​នៅ​តារាង​ចំណាត់​ថ្នាក់​អត្តពលិក​ ONE ហើយ​ក៏​អាច​មាន​ឱកាស​ទៅ​ជួប​ជើង​ខ្លាំង​ដែល​កៀក​នឹង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក៕

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។