Features

៥សំនួរខ្លឹមជាមួយនារីខ្មែរ-អាមេរិក សុវណ្ណារី ក្រោយផ្តួលនារីកូរ៉េ Choi ក្នុងទឹកទី២

08/02/2021

កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី បានសាងកំណត់ត្រាឈ្នះលើទី២នៅស្ថាប័នប្រដាល់កំពូលប្រចាំអាស៊ី ONE Championship បន្ទាប់ពីបញ្ឈប់កីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ក្នុងទឹកទី២ នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរីនេះ។

ក្រោយទទួលបានជ័យជម្នះ ក្រុមការងារយើងខ្ញុំបានធ្វើបទសម្ភាសផ្តាច់មុខជាមួយកីឡាការិនីខ្មែរ-អាមេរិកនេះជុំវិញលទ្ធផលនៃការប្រកួត ក៏ដូចជាគោលដៅសំខាន់សម្រាប់អាជីពប្រដាល់របស់នាង។ ខាងក្រោមជាសំនួរ-ចម្លើយ៥រវាង ONE Championship និង អែម សុវណ្ណារី។

ONE Championship: នៅទឹកទី១ ឃើញថា សុវណ្ណារី ដូចជាពិបាកក្នុងការតស៊ូជាមួយ Choi Jeong Yun។ តើពេលនោះគិតថា ខ្លួនឯងធ្វើបានល្អទេ?
អែម សុវណ្ណារី៖ ពេលនោះ ខ្ញុំអត់បានចេញអាវុធវ៉ៃឈរដូចដែលខ្ញុំរំពឹងនោះទេ ប៉ុន្តែខ្ញុំបានគ្រប់គ្រងស្ថានការណ៍ល្អពេញទឹកទី១។ ដូច្នេះខ្ញុំគិតថា ខ្លួនឯងធ្វើបានល្អគួរជាទីមោទកភាព។

ONE៖ មុនពេលឈ្នះក្នុងទឹកទី២ តើ សុវណ្ណារី ជួបការលំបាកទេ?
សុវណ្ណារី៖ ពិតជាជួបការលំបាកមែនមុនពេលទទួលបានជ័យជម្នះ។ ការលំបាកនោះគឺត្រូវទប់ទល់នឹង Choi ដែលមានកាយសម្បទាធំខ្ពស់។ ខ្ញុំពិតជាពិបាកដើម្បីចាប់បោកគាត់ឲ្យដួលណាស់ ពីព្រោះគាត់មានកម្លាំងខ្លាំង។ ជាពិសេសទៀតនោះ គាត់មានបទពិសោធឃីកបុកសីង និងចេញអាវុធដូចជាកណ្តាប់ដៃ និងទាត់បានឆ្ងាយ។

ONE៖ បើទោះជាទទួលបានជ័យជម្នះ ប៉ុន្តែ សុវណ្ណារី គិតថា ខ្លួនឯងនៅមានចំណុចខ្សោយអ្វីដែលត្រូវកែលំអបន្ថែមទេ?
សុវណ្ណារី៖ បន្ទាប់ពីជោគជ័យថ្ងៃនោះ ខ្ញុំពិតជាសប្បាយចិត្តដែលដឹងថា ខ្លួនឯងជាអ្នកប្រដាល់ពិតប្រាកដម្នាក់។ ពីមុនខ្ញុំស្រពិចស្រពិលចំពោះអាជីពប្រដាល់មួយនេះ។ ខ្ញុំនៅមានចំណុចកែលំអច្រើនទៀត ដូច្នេះខ្ញុំនឹងព្យាយាមហ្វឹកហាត់ឲ្យខ្លាំងឡើងថែមទៀតសម្រាប់ការប្រកួតបន្តបន្ទាប់។ និយាយត្រង់ អ្វីដែលខ្ញុំត្រូវផ្តោតយកចិត្តទុកដាក់ក្នុងការលំអគឺជំនាញប្រយុទ្ធ ឬក្បាច់វ៉ៃឈរឲ្យកាន់តែល្អប្រសើរឡើង។

ONE៖ តើ សុវណ្ណារី គិតយ៉ាងណាចំពោះជើងឯកគុនចម្រុះពិភពលោក?
សុវណ្ណារី៖ គិតដល់ពាក្យថា ជើងឯកគុនចម្រុះពិភពលោកគឺ ខ្ញុំចង់ក្លាយជាកីឡាការិនីទី១ដែលក្លាយជាជើងឯកគុនចម្រុះពិភពលោកក្នុងប្រភេទទម្ងន់ Flyweight។

ONE៖ ជារួម សម្រាប់ជ័យជម្នះចុងក្រោយនេះមានន័យយ៉ាងណាចំពោះ សុវណ្ណារី?
សុវណ្ណារី៖ ជ័យជម្នះនេះពិតជាមានមោទនភាពសម្រាប់កីឡាប្រដាល់គុនខ្មែរ៕

អាន​បន្ថែមអែម សុវណ្ណារី ផ្តួលនារីកូរ៉េ Choi Jeong Yun បង្កើតជ័យជម្នះលើកទី២

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។