News

លោក​ Chatri Sityodtong ​ប្រកាស​​​កម្មវិធី​ប្រកួត​បិទ​ទ្វារ​​៩​លើក​​សម្រាប់​ឆ្នាំ​២០២០​​នេះ

ពេល​កម្មវិធី​​​ ONE: NO SURRENDER ​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ទី ៣១ ​កក្កដា ​​ខាង​មុខ​ឯក្រុងបាងកប្រទេសថៃ ​​​ ONE Championship ​ដែលជាស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​កីឡាលំដាប់​ពិភព​លោកបាន​បង្ហាញ​​​​​កាល​បរិច្ឆេទ​ប្រកួត​នៅ​ឆ្នាំ ២០២០​ នេះ ​ចំនួន ៩ លើក​​ផ្សេង​ទៀត។

ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​​របស់ ONE Championship ​លោក Chatri Sityodtong ​បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ចន្ទ​កន្លង​ទៅ​​នៅ​លើ​​​​ហ្វេសប៊ុក​ផ្លូវ​ការ​​របស់​លោក​ថា​ ​សង្វៀន​លំដាប់​អន្តរជាតិ​មួយ​នេះ​នឹង​រៀប​ចំ​ការ​ប្រកួត​​​​តាម​ថ្ងៃ​កំណត់​ដូច​ខាង​ក្រោម។

  • ១៤ សីហា​ 
  • ២១ សីហា
  • ២៨ សីហា
  • ១១ ​កញ្ញា
  • ១៨ ​កញ្ញា​
  • ២៥​ ​កញ្ញា​
  • ៩ តុលា
  • ១៦ តុលា
  • ៣០ ​តុលា

ដោយ​សារ​ពិភព​លោក​កំពុង​យាយី​ដោយ​ COVID-19 ​និង​​មិន​ទាន់​ធូរ​ស្បើយ​​ខ្លាំង​នៅ​ឡើយ​​ ​​ដូច្នេះ​ព្រឹត្តិការណ៍​ប្រកួត​នីមួយៗ​​​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​​ទស្សនិកជន​ចូល​រួម​​ទស្សនា​នោះ​ទេ។
យ៉ាង​ណា​ក្ដី​ដៃ​គូ​សហការ​​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​​​​ផ្សព្វផ្សាយ​​ដើម្បី​ធានា​ឲ្យ​បាន​​​ដល់​អ្នក​គាំទ្រ​ទស្សនា​គ្រប់​ទិសទី​​ និង​ អាច​ទស្សនា​​​កីឡាករ​ដែល​​ខ្លួន​ពេញ​ចិត្ត។

«​បើ​គ្មាន​ការ​ខំ​​ប្រឹងប្រែង​​ដ៏​អស្ចារ្យ ​​​និង​​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​​​នៃ​​ក្រុម​ការងារ​​ ONE Championship​ ​ទេ​នោះ​ ​​វា​ច្បាស់​​ជា​មិន​អាច​កើត​​​មាន​ឡើង​នោះ​​ឡើយ។ ​ពិភព​​លោក​កំពុង​រង​គ្រោះ​ដោយ​សារ​វិបត្តិ​អាក្រក់​បំផុត​​រយៈ​ពេល​ ១០០ ​ឆ្នាំ។ ហើយ​ព្រំដែន​នៃ​ប្រទេស​​ជា​ច្រើន​ក្នុង​លោក​​ត្រូវ​បាន​បិទ​​ ខណៈ​ដែល​ COVID-19 ​បន្ត​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​​​​ពិភព​លោក​ចុះ​ខ្សោយ។ ​សូម​អរគុណ​ដល់​ក្រុម​ការងារ​​​ដ៏​ល្អ​ឯក​ក្នុង​លោក​​​សម្រាប់​ការ​​ស្វែង​រក​ច្រក​ចេញ​ដ៏​មាន​ប្រសិទ្ធភាព»។ ​ លោក Sityodtong បាន​សរសេរ​​​​បែប​នេះ។

សូម​មេត្តា​អត់ធ្មត់​បន្ថែម​ទៀត​​​ដើម្បី​រង់​​ចាំ​អាន​​ព័ត៌មាន​លម្អិត​ថា​អាច​រៀប​ចំ​នៅ​ប្រទេស​ណា​ខ្លះ​ក្នុង​ព្រឹត្តិការណ៍​​ទាំង​៩​ខាង​លើ។ ​​នា​ពេល​នេះ​ ONE ​​បាន​ត្រៀម​ខ្លួន​​រួចរាល់​ដើម្បី​​កំដរ​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​គាំទ្រ​ និង​ ​បង្កើត​ក្ដី​ស្រមៃ​​សម្រាប់​អ្នក​គាំទ្រ​​តាម​រយៈ​ស្មារតី​ធំធេង​នៃ​ក្បាច់​គុន។

ចុចអាន ONE: NO SURRENDER ​បង្ហាញ​គូ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ ​និង​គូ​​ខ្លាំង​ៗ​បំផុត

ចុចអាន Petchdam មានជំនឿចិត្តថា អាចផ្តួលមនុស្សយន្ត Rodtang បាន