Kun Khmer

ចាន់ រតនា ប្តេជ្ញាមានឈ្មោះក្នុងតារាងចំណាត់ថ្នាក់ដើម្បីឱកាសខ្សែក្រវាត់ពិភពលោក

15/12/2020

រហូតមកដល់ពេលនេះ ជើងខ្លាំងគុនចម្រុះ ចាន់ រតនា មិនទាន់មានឈ្មោះនៅក្នុងតារាងចំណាត់ថ្នាក់របស់អត្តពលិក ONE Championship នៅឡើយ បើទោះជារូបគេបានឡើងសង្វៀនលំដាប់ពិភពលោកនេះច្រើនលើកហើយក្តី។

បើនិយាយពីកីឡាករនៅតារាងចំណាត់ថ្នាក់អត្តពលិក ONE ក្នុងប្រភេទទម្ងន់ Flyweight ដែលជាទម្ងន់ត្រូវនឹងអ្នកលេងគុនចម្រុះកម្ពុជាគឺកីឡាករប្រេស៊ីល Adriano Moraes ជាម្ចាស់ជើងឯកពិភពលោក ខណៈកីឡាករ Deemetrious Johnshon ឈរលេខ១, កីឡាករ Danny Kingad ឈរលេខ២, កីឡាករ Kairat Akhmetov ឈរលេខ៣, កីឡាករ Yuya Wakamatsu ឈរលេខ៤ និងកីឡាករ Reece Mclaren ឈរលេខ៥។

តារាប្រដាល់ទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា នៅមិនទាន់បានជួបប្រកួតជាមួយជើងខ្លាំងទាំងម្ចាស់ខ្សែក្រវាត់ពិភពលោក ក៏ដូចជាកីឡាករដែលមានចំណាត់ថ្នាក់កំពូលទាំង៥។

តាមពិតទៅកាលពីដើម២០១៩ ចាន់ រតនា ត្រូវបានផ្គូផ្គងឲ្យជួបជើងខ្លាំងជប៉ុន Yuya Wakamatsu ដែលមានឈ្មោះនៅតារាងចំណាត់ថ្នាក់ ប៉ុន្តែការប្រកួតត្រូវបានផ្អាកដោយសារផ្ទះជំងឺខូវិត-១៩។

បន្ទាប់មក អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា ត្រូវបានផ្គូផ្គងឲ្យជួបកីឡាករចិន Xie Wei ក្នុងព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូនេះ។

បើមើលប្រវត្តិប្រកួតឃើញថា ដៃគូរបស់ ចាន់ រតនា លើកនេះគឺធ្លាប់ប្រកួតចាញ់ពិន្ទុជើងខ្លាំង Danny Kingad ដែលបច្ចុប្បន្នមានចំណាត់ថ្នាក់លេខ២ ដូច្នេះច្បាស់ណាស់ថា ការប្រកួតជាមួយកីឡាករចិនលើកនេះនឹងបើកផ្លូវអ្នកលេងគុនចម្រុះកម្ពុជាទៅជួបជើងខ្លាំងដែលមាននៅក្នុងតារាងចំណាត់ថ្នាក់ទាំង៥មុនពេលទៅប្រកួតជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោក។

ទូតសុច្ឆន្ទៈសែលកាតបានឲ្យដឹងថា រូបគេពិតជាចង់មានឈ្មោះនៅក្នុងតារាងចំណាត់ថ្នាក់របស់អត្តពលិក ONE មែនទែន។
«តាមខ្ញុំដឹង ទាល់តែយើងមានឈ្មោះនៅក្នុងតារាងចំណាត់ថ្នាក់កំពូលទាំង៥ទើបអាចមានឱកាសច្រើនទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក។ អីចឹងហើយបានជាការមានឈ្មោះនៅតារាងចំណាត់ថ្នាក់គឺសំខាន់»។ ចាន់ រតនា បាននិយាយដូច្នេះ។

ដើម្បីមានឈ្មោះនៅតារាងចំណាត់ថ្នាក់គឺត្រូវតែជួបប្រកួតជាមួយនឹងកីឡាករដែលមានឈ្មោះនៅតារាងចំណាត់ថ្នាក់ទាំង៥។
រតនា បានប្រាប់ថា ៖«ពេលយើងប្រកួតឈ្នះកីឡាករណាម្នាក់ដែលមានឈ្មោះនៅតារាងចំណាត់ថ្នាក់គឺមានន័យថា យើងអាចទម្លាក់ ឬបន្ថយចំណាត់ថ្នាក់របស់កីឡាករនោះ ហើយយើងឡើងទៅកាន់ចំណាត់ថ្នាក់នៅតារាងនោះ»។

ការមានឈ្មោះនៅតារាងចំណាត់ថ្នាក់គឺស្របទៅនឹងគោលដៅសំខាន់បំផុតរបស់ ចាន់ រតនា ដែលចុះកុងត្រាចូលស្ថាប័ន ONE Championship។

ចាន់ រតនា និយាយថា ៖«គោលដៅសំខាន់របស់ខ្ញុំនៅ ONE គឺជើងឯកពិភពលោក។ ខ្ញុំចង់ប្រកួតដណ្តើមជើងឯកពិភពលោក និងចង់ក្លាយជាកីឡាករកម្ពុជាទី១ដែលឈ្នះជើងឯកពិភពលោក»។

«ខ្ញុំសង្ឃឹមថា ការប្រកួតលើកនេះនឹងធ្វើឲ្យខ្ញុំអាចទៅជួបប្រកួតនឹងកីឡាករខ្លាំងៗដែលមានចំណាត់ថ្នាក់។ ខ្ញុំខិតខំប្រឹងអស់ពីសមត្ថភាពដើម្បីកម្ពុជា»។

ចំពោះដៃគូរបស់ ចាន់ រតនា គឺកីឡាករ Xie Wei ក៏មិនទាន់ឈ្មោះនៅតារាងចំណាត់ថ្នាក់អត្តពលិករបស់ ONE ដែរ បន្ទាប់ពីបរាជ័យក្រោមស្នាដៃរបស់ជើងខ្លាំង Danny Kingad។ សម្រាប់ការប្រកួតលើកនេះក៏ជាឱកាសរបស់កីឡាករចិនម្នាក់នេះស្វះស្វែងរកផ្លូវទៅប្រកួតជាមួយកីឡាករដែលមានចំណាត់ថ្នាក់ជាថ្មី។

ចាន់ រតនា មានប្រវត្តិបរាជ័យពីរលើកជាមួយកីឡាករបរទេសនៅ ONE គឺចាញ់កីឡាករចិនទាំងពីរ។ លើកនេះ រូបគេ ប្តេជ្ញាបញ្ចប់កំណត់ត្រាអាក្រក់ជាមួយអ្នកលេងគុនចម្រុះចិនដើម្បីសាងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញលើឆាកអន្តរជាតិ៕

 

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.
By submitting this form, you are agreeing to our collection, use and disclosure of your information under our Privacy Policy. You may unsubscribe from these communications at any time.