Kun Khmer

ចាន់ រតនា អាចបញ្ចប់កំណត់ត្រាចាញ់ជើងខ្លាំងចិនបានអត់ថ្ងៃសុក្រនេះ?

17/12/2020

រហូតមកដល់ពេលនេះ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នៅមិនទាន់ស្គាល់ជ័យជម្នះលើកីឡាករចិនឡើយ បន្ទាប់ពីជួបកីឡាករចិនពីរនាក់កន្លងមកចាញ់ទាំងពីរលើក។

ថ្ងៃសុក្រនេះ តារាទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា ត្រូវជួបអ្នកលេងគុនចម្រុះចិនទី៣គឺ Xie Wei នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium នៅប្រទេសសិង្ហបុរី។

 

ចាន់ រតនា បានប្តេជ្ញាបញ្ចប់កំណត់ត្រាអាក្រក់ជាមួយអ្នកលេងគុនចម្រុះចិនដើម្បីសាងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញលើឆាកអន្តរជាតិ និងអាចមានឱកាសចូលទៅកាន់តារាងចំណាត់ថ្នាក់អត្តពលិករបស់ ONE ក៏ដូចជាកាន់តែជិតចូលទៅការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក World Title

«កាលពីមុន ខ្ញុំវ៉ៃទម្ងន់ Bantamweight ដែលធ្ងន់ជាងគីឡូដែលខ្ញុំវ៉ៃបច្ចុប្បន្ន។ ទម្ងន់មុននោះមិនសូវត្រូវនឹងកាយសម្បទា និងកម្ពស់របស់ខ្ញុំទេ»។ ចាន់ រតនា បានបែបនេះ និងបន្ថែមថា «ទម្ងន់ដែលខ្ញុំវ៉ៃបច្ចុប្បន្នគឺ Flyweight ពិតជាស័ក្តិសមនឹងកម្ពស់ និងកាយសម្បទារបស់ខ្ញុំ»។

តាមរយៈការបញ្ចុះមកប្រកួតមួយកម្រិតទៀត ចាន់ រតនា បានហ្វឹកហាត់ដិតដល់ និងសមត្ថភាពកើនឡើងល្អជាងទម្ងន់មុន ហើយជឿជាក់ថា ការប្រកួតខាងមុខនេះ សង្ឃឹមទទួលបានជ័យជម្នះច្រើន។

សម្រាប់ដៃគូចិនទី៣ Xie Wei ត្រូវបានអ្នកលេងគុនចម្រុះលេខ១កម្ពុជាប្រាប់ថា ក៏មានកម្លាំងស៊ុហ្វល្អ និងកាយសម្បទាក៏រឹងមាំជាងដៃគូរបស់ខ្លួនមុនៗទៀត។

រតនា ប្រាប់ថា ៖«Xie Wei ល្អជាងដៃគូមុនៗទេ ពីព្រោះគាត់មានជំនាញពីរគឺឃីកបុកសីង និងគុនចម្រុះ។ ចំពោះដៃគូមុនៗ ដូចជា Ma Haobin និង Xie Bin ចេះវ៉ៃល្អតែក្បាច់ក្រោម តែលើកនេះគេជំនាញឃីកបុកសីង និងចេះវ៉ៃគុនចម្រុះថែមទៀត»។
រតនា និយាយថា ៖«ខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីនាំកិត្តិយសសជូនជាតិ។ ខ្ញុំជឿជាក់លើខ្លួនឯង ពីព្រោះពេលខ្ញុំហ្វឹកហាត់ខ្លាំងដល់កម្រិតបែបនេគឺដៃគូរបស់ខ្ញុំនឹងពិបាកជាមួយខ្ញុំ»។

«ខ្ញុំចង់ប្រាប់អ្នកគាំទ្រថា ការប្រកួតថ្ងៃសុក្រនេះ ខ្ញុំចង់បញ្ចប់ការប្រកួតឲ្យបានលឿនបំផុតតាមអាចធ្វើទៅបាន។ បើមិនគេគឺខ្ញុំ ដូច្នេះអាចនឹងមានម្នាក់សន្លប់ ឬអាជ្ញាកណ្តាលបញ្ឈប់»។ ចាន់ រតនាបញ្ជាក់។

តារាប្រដាល់កម្ពុជាបានបរាជ័យដោយពិន្ទុលើកីឡាករ Ma Haobin នៅព្រឹត្តិការណ៍ ONE: Heroes of the World នៅទីកោះម៉ាកាវ ប្រទេសចិនកាលពីឆ្នាំ២០១៦ និងចាញ់ Xie Bin ដោយចុះចាញ់ក្នុងទឹកទី២នៅព្រឹត្តិការណ៍ ONE: Kings of Destiny នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនឆ្នាំ២០១៧។ ឥឡូវនេះ រូបគេត្រូវជួប Xie Wei ដែលជាកីឡាករចិនទី៣ក្នុងអាជីពប្រដាល់របស់គាត់។

ស្របពេលដែលការហ្វឹកហាត់ពេញល្អ និងដិតដល់ផងនោះ ចាន់ រតនា ចាត់ទុកថា កីឡាករ Xie Wei ជាដៃគូស័ក្តិសមបំផុតសម្រាប់ខ្លួនដែលពូកែក្បាច់វ៉ៃឈរប្រយោល និងគុនចម្រុះដូចគ្នានៅព្រឹត្តិការណ៍ ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូខាងមុខនេះ៕

 

 

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.
By submitting this form, you are agreeing to our collection, use and disclosure of your information under our Privacy Policy. You may unsubscribe from these communications at any time.