News

Capitan សន្យា​វ៉ៃ​ឲ្យ​ល្អ​មើល​បំផុតជាមួយ​​ Ramazanov ដើម្បីយក​ខ្សែក្រវាត់ពិភពលោក

បន្ទាប់​ពី​ដំណើរ​ដ៏​វែង​ឆ្ងាយ ជើង​ខ្លាំង Capitan Petchyindee Academy ឈាន​​ដល់​ឱកាស​មាស​នៅ​ក្នុង​អាជីព​ប្រដាល់​របស់​ខ្លួន​ហើយ​ នៅ​ពេល​រូប​គេ​ត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ឃីកបុកសីង​ពិភព​លោក ONE Bantamweight Kickboxing World Champion ពី​ម្ចាស់​ខ្សែ​ក្រវាត់ Alaverdi “Babyface Killer” Ramazanov ក្នុង​តំណែង​គូ​​ឯក​នៅផ្សាយ​ផ្ទាល់​ ONE: UNBREAKABLE នា​ថ្ងៃសុក្រ ​ទី​២២ ខែ​មករា នេះ។

ជើង​ខ្លាំង​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​២ Capitan គ្មាន​ពេល​វេលា​អ្វី​ល្អ​ជាង​ឆ្នាំ​២០២១​នេះ​ដែល​រូប​គេ​ឈាន​មក​ដល់​គោល​ដៅ​ធំបំផុត​នៅ​ស្ថាប័ន​ ONE Championship។

កីឡាករ​ថៃ​រូប​នេះ​និយាយ​ថា ៖«​ពិត​ណាស់ ខ្ញុំ​​សប្បាយ​ចិត្ត​ដែល​បាន​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក។ ខ្ញុំ​មិន​មាន​​អារម្មណ៍​ភ័យ​ព្រួយ​ឡើយ។ ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​គឺ​ជា​គោល​ដៅ​របស់​ខ្ញុំ និង​​ជា​គោល​បំណង​តែ​មួយ​គត់​​ដែល​​ខ្ញុំ​ចូល​ ONE។ ខ្ញុំ​ចង់​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​នៅ ONE ម្នាក់»។

មុន​ពេល​ឈាន​ដល់​ប្រកួត​ខ្សែ​ក្រវាត់​នេះ កីឡាករ Capitan ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ​សម្រាប់​អាជីព​របស់​ខ្លួន​នៅ ONE។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន​នេះ អ្នក​លេង​មួយ​ថៃ​បាន​ប្រកួត​ជា​លើក​ដំបួង​ជា​មួយ​នឹង​មិត្ត​រួម​ជាតិ Petchtanong Petchfergusដែល​ជា​ជើងឯក​ឃីកបុកសីង និង​មួយ​ថៃ​ពិភព​លោក​៦​ដង ដែល​ជា​កីឡាករ​ឃីបុកសីង​លំដាប់​កំពូល​ម្នាក់​នៅ​ក្នុង​ប្រភទ​ទម្ងន់​នេះ។

ទោះ​ជា​ Petchtanong ទំនង​ជា​មាន​ទំនុក​ចិត្ត​​ក្នុង​ការ​ប្រកួត​នោះ ក៏​ Capitan ធ្វើ​បាន​ល្អ​ជាង​។ សិស្ស​ក្លឹប​ Petchyindee Academy បាន​ផ្តួល​មិត្ត​រួមជាតិ​ឲ្យ​សន្លប់​ដោយ​ប្រើ​ពេល​ត្រឹម​តែ​៦​វិនាទី​ប៉ុណ្ណោះ​ដែល​បាន​ក្លាយ​ជាកំណត់​ត្រា​​ជ័យជម្នះ​លឿន​បំផុត​នៅ​ក្នុង​ប្រវត្តិ​ ONE Super Series។

ទោះ​បី​ជា​ជ័យជម្នះ​ជាប់​កំណត់​ត្រា​ ក៏ Capitan ដូច​ជា​មិន​សូវ​ពេញ​ចិត្ត​​​ឡើយ ពី​ព្រោះ​វា​លឿន​ពេក ខណៈ​​រូប​គេ​មិន​ទាន់​បាន​បញ្ចេញ​អាវុធ និង​សមត្ថភាព​​ឲ្យ​អ្នក​គាំទ្រ​បាន​ពេញ​ចិត្ត​ផង។

កីឡាករ​និយាយ​ថា ៖«និយាយ​ត្រង់​ចុះ ខ្ញុំ​មិនសប្បាយ​ចិត្ត​ពេល​ប្រកួត​ដំបូង​ជា​មួយ Petchtanong ពី​ព្រោះ​ខ្ញុំ​មិន​ទាន់​ចេញ​នូវ​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​ពី​លក្ខណៈ​ពិសេស​ផង»។

«ការ​ប្រកួត​នោះ​ចប់​ទៅ​លឿនពេក​ តែ​ហោច​ណាស់​​ក៏​ការ​ប្រកួត​​នោះ​បាន​ធ្វើ​ឲ្យ​​មនុស្ស​ម្នា​ស្គាល់​ខ្ញុំ​ច្រើន​ដែរ។ នោះ​ជា​ផ្នែក​មួយ​នៃ​គោល​ដៅ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​គោល​បំណង​បញ្ចេញ​សមត្ថភាព​ល្អ​បំផុត​នៅ​លើ​សង្វៀន»។

បន្ទាប់​មក Capitan បាន​ប្រកួត​ឈ្នះ​២​លើក​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ​ទៅ​លើ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ច្រើន​គ្រឿង Chamuaktong Fightermuaythai និង​ឈ្នះ​  Sangmanee Klong Suanpluresort។ ទាំង​​​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ប្រវត្តិ​ប្រកួតរបស់​គេ​ឈាន​ដល់​ជ័យជម្នះ​១៤២​ដង និង​ចាញ់​តែ​៤០​ដង​ប៉ុណ្ណោះ។

ជ័យជម្នះ​ទាំង​អស់​នេះ​ហើយ​បាន​រុញ​ច្រាន​រូប​គេ​ឲ្យ​ឈាន​ទៅ​ដល់​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ឃីកបុកសីង​ពិភពលោក ប៉ុន្តែ​គាត់​ដឹង​ខ្លួន​ថា ការ​ប្រកួន​នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់ “Babyface Killer”នោះ​ទេ។

ជើង​ឯក Ramazanov ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​៦១​ដង និង​ចាញ់​តែ​៥​ដងប៉ុណ្ណោះ បាន​ក្លាយ​ជា​កំពូល​កីឡាករ​ម្នាក់​នៅ​កម្មវិធី ONE Super Series។

កីឡាកររុស្ស៊ី​ម្នាក់​នេះ​បាន​យក​ឈ្នះ​មិត្ត​រួម​ក្លឹប​របស់​ Capitan និង​​បាន​ឈ្នះ​អនាគត​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ Petchmorakot Petchyindee Academy នៅក្នុង​ការ​ប្រកួត​លើក​ដំបូង​របស់​ខ្លួន​នៅ​ខែ​តុលា ឆ្នាំ​២០១៨ ហើយផ្តួល Andrew  Miller នៅ​ទឹក​ទី​១ និង​ផ្តួល Ognjen Topic ថែម​ទៀត។

ជ័យជម្នះ​បន្ត​បន្ទាប់​ដ៏​អស្ចារ្យ​ទាំង​នោះបាន​រុញ​ច្រាន Ramazanov ឈាន​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៩ ដែល​ពេល​នោះ​បាន​យក​ឈ្នះ​តារា​ប្រដាល់​ចិន Zhang Chenglong ដើម្បី​ទទួល​បាន​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​លោក ONE Bantamweight Kickboxing World Championship មក​គ្រប់​គ្រង​ដល់​សព្វ​ថ្ងៃ។



នៅ​ប្រទេស​សិង្ហបុរី សមត្ថភាព​របស់​ Ramazanov ​អាច​នឹង​បង្ក​មហន្តរាយ​ដល់សិស្ស​មក​ពី​ក្លឹប Petcyhindee Academy។ ម្ចាស់​ខ្សែ​ក្រវាត់​នឹង​ត្រូវ​ប្រកួត​៥​ទឹក​​ដោយ​មាន​ប្រៀប​ខាង​​​កម្ពស់​ដល់​ទៅ​១១​សង់​ទី​ម៉ែត្រ ព្រម​ទាំង​អាវុធ​វ៉ៃ​បក​ដ៏​គ្រោះ​ថ្នាក់ និងបច្ចេកទេស​ដ៏​ល្អ។​

តារា​ប្រដាល់​ថៃ​វ័យ​២៧​ឆ្នាំ​ទទួល​ស្គាល់​ដៃ​គូ​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង ប៉ុន្តែ​រូប​គេ​ជឿ​ថា ម្ចាស់​ខ្សែក្រវាត់​ទៅ​វិញ​ទេ​ដែល​ព្រួយ​បារម្ភមក​លើខ្លួន។

Capitan និយាយ​ថា ៖«Alaverdi មាន​របៀប​វ៉ៃ​ជា​កីឡាករ​បរទេស​ម្នាក់ ហើយ​ក៏​ពិបាក​ទប់​ទល់​ដែរ។ គាត់​អាច​វ៉ៃ​បាន​​ល្អ​គ្រប់​ទឹក និង​មាន​អាវុធ​សំបូរ​បែប។ ខ្ញុំ​​នឹង​ត្រូវ​ចេញ​អាវុធ​ឲ្យ​ត្រូវ​តាម​ពេល​វេលា»។

«កម្លាំង​របស់​គាត់​ពិត​ជា​ខ្លាំង និង​​មាន​កម្ពស់​ខ្ពស់​ថែម​ទៀត តែ​ខ្ញុំ​គ្មាន​ឃើញ​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។ ខ្ញុំ​មាន​បទ​ពិសោធ​ច្រើន​​រាប់​មិន​អស់ ហើយខ្ញុំ​មាន​ចំណុច​ជា​ច្រើន​ដែល​មានប្រៀប​។ បើ​គាត់​ភ្លាត់​ចូល​កណ្តាប់​ដៃ​ ឬ​ជើង​របស់​ខ្ញុំ គាត់​ប្រហែល​ជាពិបាក​ហើយ។ លើស​ពី​នេះ គាត់​​អត់​បាន​ឡើង​ប្រកួត​យូរ​ដែរ​ហើយ។ ​ខ្ញុំ​បាន​​ឡើង​​​ប្រកួត​ពីរ​ដង​​កាល​ពី​ឆ្នាំ​មុន ដូច្នេះ​ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​ត្រៀម​ខ្លួន និង​ហាត់​បាន​ដិត​ដល់​ជាង»។

សម្រាប់​ការ​ត្រៀម​ខ្លួន​ប្រកួត​នេះ  Capitan បាន​ហ្វឹក​ហាត់​ជា​មួយ​អតីត​ជើង​ឯក​ឃីកបុកសីង​ពិភព​លោក Petchdam “The Baby Shark” Petchyindee Academy

ទន្ទឹម​ជា​មួយ​គ្នា​នេះ ម្ចាស់​ក្លឹប​លោក Nuttadej Vachirarattanawong ដែល​គេ​ស្គាល់ថា​ជា Sia Boatក៏​បាន​ធ្វើ​ជា​អ្នក​បង្ហាត់​ផ្ទាល់​ថែម​ទៀត​។ ជា​ពិសេស​ទៀត​នោះ អតីត​ជើង​ឯកប្រដាល់​សកល​ពិភព​លោក WBC កីឡាករ Chatchai Sasakun បាន​ជួយ​ពង្រឹង​ជំនាញ​ប្រដាល់​សកល។

ក្រុម​ការងារ​របស់​ក្លឹប​ទាំង​មូលល​ពិត​ជា​បាន​យក​ចិត្ត​ទុក​ដាក់ និង​ពង្រឹង​សមត្ថភាពរបស់គេមែន​ទែន ហើយ​រៀប​ចំ​គម្រោង​យ៉ាង​ច្បាស់​លាស់​ដែល​ធ្វើ​ឲ្យ Capitan មាន​ទំនុក​យ៉ាង​ខ្លាំង​សម្រាប់​ឱកាស​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក​នា​ថ្ងៃ​ទី​២២ ខែ​មករា នេះ។

តារា​ប្រដាល់​ថៃ​នេះ​និយាយ​ថា ៖«ខ្ញុំ​ត្រូវ​ប្រែ​ប្រួល​​ឲ្យ​លឿន និង​ដាក់​គំនាប​គាត់​មិន​ឲ្យ​មាន​ឱកាស​ស្រួលក្នុង​ការ​ចេញ​អាវុធ ឬ​ការពារ អីចឹង​ខ្ញុំ​នឹង​ព្យាយាម​ចេញ​​អាវុធ​ដោយ​ដើរ​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច​នៅ​ក្នុង​ទឹក​ទី​១។ ខ្ញុំ​ក៏​បាន​រៀប​ចំ​ផែន​ការ​ដែរ​គឺ​ផ្តួល​ឲ្យ​បាន តែ​មិន​ទាន់​ប្រាកដ​ក្នុង​ទឹក​ណា​ទេ ប្រហែល​ជា​ទឹក​ទី​៤ ឬ​ទី​៥»។

Capitan បាន​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ពេញ​ទំហឹងសម្រាប់​ការ​ប្រកួត​នេះ។ ប្រសិន​បើ​រូប​គេ​អាច​ឈ្នះ​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភពលោក​នេះ អីចឹង​គោល​ដៅ​បន្ទាប់​គឺ​មិត្ត​រួម​ជាតិ​ដែល​ជា​ជើង​ឯក​មួយ​ថៃ​ពិភព​លោក Nong-O Gaiyanghadao

កីឡាករ​និយាយ​ថា ៖«បើ​ខ្ញុំ​ក្លាយ​ជា​ជើង​ឯក​ឃីកបុកសីង​ពិភព​លោក ជំហាន​បន្ទាប់​របស់​ខ្ញុំ​គឺ​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ទៀត​នៅ​ក្នុង​ទម្ងន់​នេះ»។

ថ្វី​បើ នោះ​ជា​​​សុបិន​​ធំ​ជាក់​លាក់​ ប៉ុន្តែ​​គ្មាន​ហេតុ​ផល​ណា​ដែល Capitan មិន​អាច​ធ្វើ​បាន​នោះ​ទេ៕

Read more: 5 Reasons To Be Excited For ONE: UNBREAKABLE