News

Akimoto ត្រៀម​​រួច​ហើយ​ដើម្បី​បង្កព្យុះ​ភ្លៀងក្នុង​ប្រកួត​ទម្ងន់ Bantamweight លើកដំបូង

បន្ទាប់​ពី​ចំណាយ​ពេល​ប្រហែល​ជា​១៥​ខែ​​​​​ដើម្បី​​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​លំដាប់​អន្តរជាតិ ជើង​ឯក​ការ៉ាតេ​ពិភព​លោក​ Hiroki Akimoto បាន​ត្រៀម​ខ្លួប​រួច​រាល់​​ហើយ​ដើម្បី​លេច​មុខ​ប្រកួត​ឃីកបុកសីង​លើក​ដំបូង ONE Super Series សម្រាប់​ទម្ងន់ bantamweight ។

ការ​ប្រកួត​លើក​ដំបូង​នេះ​​តារា​ជប៉ុន​ត្រូវ​ជួប​ដៃ​គូ​ខ្លាំង​ចំណាត់​ថ្នាក់​​លេខ​៣ “Muay Thai Boy” Zhang Chenglong  នៅ​ថ្ងៃ​សុក្រ​ ទី​១៦ ខែ​តុលា​នេះ​នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: REIGN OF DYNASTIES II ដែល​ជា​ការ​ចាក់​ផ្សាយ​​ចេញ​ពី​ប្រទេស​សិង្ហបុរី។

ប្រសិន​បើ​ Akimoto ទទួល​បាន​ជោគជ័យ គាត់​​ប្រហែល​ក្លាយ​ជា​កីឡាករ​ជប៉ុន​ប្រកួត​ ONE Super Series ទី​១​ដែល​សាង​កេរ្តិ៍​ឈ្មោះ​ចូល​ទៅ​កាន់​​ចំណាត់​ថ្នាក់​អត្តពលិក ONE’s Athlete Rankings  ជា​ពិសេស​គាត់​អាច​នឹង​កាន់​តែ​កៀក​ចូល​ទៅ​កាន់​ទី​តាំង​ដែល​អាច​ប្រកួត​ប្រជែង​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE World Title។ 

កីឡាករ​អាយុ​២៨​ឆ្នាំ​បាន​ប្រាប់​ថា ៖«ខ្ញុំ​ចង់​ឈ្នះ​ដើម្បី​មាន​ឈ្មោះ​នៅ​ចំណាត់​ថ្នាក់ ហើយ​​អាច​ជា​កីឡាករ​ឈាន​មុខ​គេ​ម្នាក់​ដែល​អាច​ត្រូវ​​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក»។

កីឡាករ​ជប៉ុន​រូប​នេះ​បាន​ប្រឡូក​ចូល​ប្រដាល់​ឃីកបុកសីង​អាជីព​តាំង​ពី​ឆ្នាំ​២០០៧​ពោល​គឺ​នៅ​​ពេល​អាយុ​ទើប​១៥​ឆ្នាំ​ និង​បាន​សាង​កំណត់​ត្រា​ប្រកួត​ដ៏​អស្ចារ្យ​ឈ្នះ​១៩​ដង​ដោយ​មិន​ដែល​ចាញ់​ ឬ​ស្មើ​ទាល់​តែ​សោះ​នៅ​​ប្រទេស​កំណើត។

ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤​ គាត់​បាន​វិល​ទៅ​រក​អាជីព​ដើម​វិញ​គឺ​​ការ៉ាតេ Kyokushin និង​បាន​ឈ្នះ​ជើង​ឯក​ការ៉ាតេ​ពិភព​លោក WFKO Karate World Championship។ បន្ទាប់​មក​នៅ​ឆ្នាំ​២០១៨ គាត់​បាន​ផ្លាស់​ទៅ​ប្រទេស​សិង្ហបុរី​ដើម្បី​បន្ត​អាជីព​ប្រដាល់​ឃីកបុកសីង​វិញ​ដែល​ជា​ក្តី​ស្រមៃ​កាន់​តែ​ធំ​នៅ​ ONE Super Series។

គាត់​បាន​ប្រកួត​លើក​ដំបូង​កាល​ពី​ខែ​មករា ឆ្នាំ​២០១៩ ទទួល​បាន​ជ័យជម្នះ​​​ដោយ​ពិន្ទុ​លើ​កីឡាករ​ដែល​ទើប​ឡើង​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ Josh “Timebomb” Tonna

រាប់​ទាំង​ការ​ប្រកួត​​ដែល Akimoto ​បាន​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់  Flyweight នៅ ONE បាន​៣​លើក​​ហើយ មុន​ពេល​គាត់​បាន​សម្រេច​​តម្លើង​ទម្ងន់​ទៅ​វ៉ៃ​នៅ Bantamweight ដែល​ជា​ទម្ងន់​លើស​ពី​ធម្មជាតិ​របស់​គាត់។



ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ទម្ងន់​កាន់​តែ​ធ្ងន់​នេះ​ តារា​ជើង​ឯក​ការ៉ាតេ​ជប៉ុន​បាន​​របួស​ បន្ទាប់​ពី​បាន​​ប្រកួតឈ្នះ​ Kenny “The Pitbull” Tse កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩។

Akimoto ឲ្យ​ដឹង​ថា​ ៖«ខ្ញុំ​បាន​បាក់​ប្រអប់​ដៃ​ឆ្វេង​ពេល​ប្រកួត​ជា​មួយគាត់ [Tse]។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​អាច​​ប្រកួត​បាន​ប្រហែល​ជា​១​ឆ្នាំ​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​​ថា ខ្ញុំអាច​អភិវឌ្ឍ​ខ្លួន​ប្រាណ​ និង​ឡើង​​​ទម្ងន់​មួយ​កម្រិត​ទៀត​ពេល​នោះ»។

បន្ទាប់​ពី​ធ្វើ​ការ​ព្យាបាល និង​បង្កើន​ថាម​ពល​រាងកាយ​ជាង​មួយ​ឆ្នាំ​មក ពេល​នេះ​ Akimoto មាន​ទំនុក​ចិត្ត​ហើយ។

គាត់​បន្ត​ថា ៖«ខ្ញុំ​គិត​ថា ខ្ញុំ​ត្រៀម​ខ្លួន​បាន​ល្អ​ហើយ។ គ្រូ​របស់​ខ្ញុំ​ប្រាប់​ថា​ ការ​ទាត់ និង​កណ្តាប់​ដៃ​របស់​ខ្ញុំ​កាន់​តែ​មាន​ទម្ងន់»។

ឥឡូវ​នេះ កីឡាករ​ជប៉ុន​​ត្រូវ​តេស្ត​សមត្ថភាព​ក្នុង​ប្រភេទ​ទម្ងន់​​ថ្មី​ជា​មួយ​នឹង​ Zhang ដែល​ជា​កីឡាករ​ម្នាក់​ល្បី​ខាង​វ៉ៃ​សម្រុក​​ខ្លាំង និង​មាន​កណ្តាប់​ដៃ​ធ្ងន់។ របៀប​វ៉ៃ​ទាំង​នោះ​ហើយ​បាន​ធ្វើ​ឲ្យ​កីឡាករ​អាយុ​២២​ឆ្នាំ​ជំនាញ​ជំហរ​ឆ្វេង​បាន​ក្លាយ​ជា​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ជា​មួយ​នឹង​ប្រវត្តិ​ប្រកួត​ឈ្នះ​៤៩​ដង ចាញ់​១៣ និង​ស្មើ​១​បូករួម​ទាំង​ការ​ប្រកួត​មួយ​ថៃ និង​ឃីកបុកសីង។

ដោយ​សារ​កំណត់​ត្រា និង​ជំនាញ​ជា​ពិសេស​របស់​ Zhang ទើប​ធ្វើ​​ឲ្យ​ Akimoto ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ពី​ការ​ប្រកួត​នេះ។

កីឡាករ​លើក​ឡើង​ថា ៖«ខ្ញុំ​គិត​ថា គាត់​ជា​កីឡាករ​ដែល​មាន​ថាម​ពល​ម្នាក់​ ដូច្នេះ​ខ្ញុំ​​មិន​​ប្រាកដ​ច្បាស់​ វា​ទៅ​ជា​យ៉ាង​ណា​ទេ។ ខ្ញុំ​ពេញ​ចិត្ត​ខ្លួន​ឯង​ដែល​ធ្លាប់​ជា​កីឡាករ​ម្នាក់​​ខ្លាំង​កណ្តាប់​ដៃ។ គាត់​ពិត​ជា​មាន​អាវុធ​ល្អ»។

ជោគជ័យ​របស់​ Zhang នៅ​តែ​បន្ត​មាន​នៅ​ស្ថាប័ន ONE Championship។ គាត់​​ទទួល​បាន​ជ័យជម្នះ​៣​លើក​ជាប់​គ្នា​ បន្ទាប់​ពី​ប្រកួត​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១៩ ហើយ​បញ្ចប់​ឆ្នាំ​ជា​មួយ​នឹង​ការ​ប្រកួត​ទល់​នឹង Alaverdi “Babyface Killer” Ramazanov សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ONE Bantamweight Kickboxing World Title។

ពេល​​កីឡាករចិន  “Muay Thai Boy”​បាន​ចាញ់​ពិន្ទុ​កីឡាករ​រុស្ស៊ី បន្ទាប់​ពី​តស៊ូ​គ្នា​​៥​ទឹក​ដែល​ការ​ប្រកួត​នោះ​ធ្វើ​ឲ្យ​ Akimoto មាន​ការ​កត់​សំគាល់​ខ្លាំង។

កីឡាករ​ជប៉ុន​រូប​នេះ​ពន្យល់​ថា ៖«ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​នោះ​ របៀប​វ៉ៃ​របស់​គាត់​ពិត​ជា​ខុស​ប្លែក​ពី​កីឡាករ​ធម្មតា»។

«គាត់​ត្រូវ​បាន​ដៃ​គូ​វ៉ៃ​ឲ្យ​ដួល ហើយ​ខ្ញុំ​គិត​ថា គាត់​មាន​របួស​​ថែម​ទៀត។ កីឡាករ​ខ្លះ​ព្យាយាម​ស៊ី​ពេល​ដើម្បី​បាន​​កម្លាំង​កំហែង​ខ្លះ​វិញ ប៉ុន្តែ​គាត់​មិន​អីចឹង​ទេ ក្រោក​ពី​ដួល​ ហើយ​បន្ត​វ៉ៃ​សម្រុក​ភ្លាម​ៗ​វិញ​តែ​ម្តង។ ក្រៅ​ពី​នេះ ​ខ្ញុំ​បាន​ឃើញ​ថា គាត់​រឹត​តែ​​មានកម្លាំង​វ៉ៃ​សម្រុក​ថែម​ទៀត។ លក្ខណៈ​សម្បត្តិ​ទាំង​នោះ​ហើយ​ដែល​ខ្ញុំ​​គិត​ថា គាត់ជា​កីឡាករ​មិន​ធម្មតា​»។

ទោះ​មាន​ការ​គោរព​ចំពោះដៃគូ​​ ក៏​ជើង​ខ្លាំង​ជប៉ុន Akimoto ជឿ​​ជាក់​លើ​​ខ្លួនឯង។ ទំនុក​ចិត្ត​​កាន់​តែ​កើន​ឡើង​របស់​គាត់​បាន​កើត​​នៅ​ពេល​គាត់​បាន​ហ្វឹក​ហាត់​ក្នុង​ក្លឹប​ល្បី​​ Evolve MMA នៅ​ប្រទេស​សិង្ហបុរីជិត​២​ឆ្នាំ​ដែល​បាន​អភិវឌ្ឍ​កាន់​តែ​​ល្អ។

គាត់​ប្រាប់​ថា ៖«ចាប់​តាំង​ពី​ខ្ញុំ​ផ្លាស់​មក​ប្រទេស​សិង្ហបុរី ខ្ញុំ​បាន​ហាត់​ឃីកបុកសីង​ផង ហាត់​មួយ​ថៃ​ផង។ ថ្មី​ៗ​នេះ​ ​ដោយ​សារ​តែ​បំរាម COVID-19 ខ្ញុំ​ក៏​មាន​ពេល​វេលា​​​​​ហាត់​ជា​មួយ​កីឡាករ​គុន​ចម្រុះ​ថែម​ទៀត ហើយ​ខ្ញុំ​បាន​រៀន​ពី​របៀប​ចលនា​ចង្កេះ​ច្រើន​ណាស់​ដែល​ឃីកបុកសីង ការ៉ាតេ ឬ​មួយ​ថៃ​មិន​មាន»។ 

«ខ្ញុំ​គិត​ថា ការ​ទាត់​នៅ​ក្នុង​ក្បាច់​គុន​ចម្រុះ​គឺ​ខុស​ប្លែក​ទាំង​ស្រុង​ក្នុង​របៀប​ដែល​ទាត់​ចេញ ហើយ​​រាប់​ទាំង​ល្បិច​កល់​ផ្សេង​ៗ​ទៀត។ ខ្ញុំ​យល់​ពី​យន្តការ​ និង​​ព្យាយាម​​រៀន​យក​តាម​​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន»។

នៅ​ក្លឹប Evolve កីឡាករ​ជប៉ុន​នេះ​ក៏​​មាន​ឱកាស​បាន​​ហ្វឹកហាត់​ជា​មួយ​វីរបុរស និង​ជើង​ឯក​ពិភព​លោក​២​ប្រភេទ​កីឡា ONE World Champion គឺ​កីឡាករ Sam-A Gaiyanghadao

Akimoto ប្រាប់​ថា ៖«គាត់ (Sam-A)​ស្ថិត​នៅ​ក្នុង​ទម្ងន់​ស្រាល​មួយ​ ប៉ុន្តែ​ខ្ញុំ​​បាន​ជួប​គាត់​ញឹក​ញាប់។ គាត់​ជា​កីឡាករ​រហ័ស​រហួន និង​ឆ្លាត​វៃ។ ខ្ញុំ​រៀន​ពី​គាត់​បាន​ច្រើន»។

បន្ទាប់​ពី​ការ​ខិត​ខំ​ហ្វឹកហាត់​គ្រប់​បែប​យ៉ាង Akimoto បាន​ត្រៀម​យុទ្ធ​សាស្ត្រ​ឡើង​សមរភូមិ​ជា​មួយ Zhang ហើយ។

តារា​ប្រដាល់​ជប៉ុន​ប្រាប់​ថា ៖«​ខ្ញុំ​គិត​ថា កណ្តាប់​ដៃ​គាត់​ខ្លាំង ប៉ុន្តែ​ខ្ញុំ​មាន​ប្រៀប​ផ្នែក​ទាត់​ និង​វ៉ៃ​ពី​ចម្ងាយ។ ខ្ញុំ​គិតថា គាត់​នឹង​ព្យាយាម​ចូល​​ជិត ដើម្បី​គេច​ពី​ការ​ទាត់​របស់​ខ្ញុំ​ ប៉ុន្តែ​ប្រសិន​បើ​បែប​នេះ​មែន ខ្ញុំ​នឹង​លេង​កណ្តាប់​ដៃវិញ​ហើយ»។

«ខ្ញុំ​គិត​ថា​ ដើម​ទឹក ដូច​ដែល​​ខ្ញុំ​បាន​មើល​ការ​វ៉ៃ​របស់គាត់​ចុង​ក្រោយ គាត់​ដូច​ជា​ចង់​ផ្តួល​ដៃ​គូ​​​នៅ​​ដើម​ទឹក​តែ​ម្តង។ នៅ​ពេល​នោះ បើ​បែប​នេះ ខ្ញុំ​វ៉ៃ​ចេញ​កណ្តាប់​ដៃ​ច្រើន​ដែរ ហើយ​ប្រុង​​ប្រយ័ត្ន​ចំពោះ​​អាវុធ​គ្រោះ​ថ្នាក់​របស់​គាត់។ ចាប់​ពី​ទឹក​ទី​២​ទៅ គាត់​នឹង​កាន់​តែ​ចូល​ជិត ដូច្នេះ​ខ្ញុំ​មិន​ទុក​អាវុធ​របស់​ខ្ញុំ​ឲ្យ​នៅ​ស្ងៀម​​ទេ»។

ទោះ​ជា Akimoto ពូកែ​ទាត់​យ៉ាង​ណា​ក្តី ក៏​គាត់​បញ្ជាក់​ថា ឆន្ទៈ​​ហាក់​ដូច​ជា​​រសាត់​ចេញ​ពី​ទំនុក​ចិត្ត​​ខ្លះ​ដែរ​ ហើយ​ការ​ប្រកួត​ហាក់​ដូច​ជា​ស្ថិត​នៅ​ក្នុង​ជំនាញ​របស់​ Zhang។

«ខ្ញុំ​ធ្លាប់​ទាត់​ភាគ​ច្រើន​ក្នុង​ការ​ប្រកួត​នីមួយ​ៗ​នៅ ONE ប៉ុន្តែ​លើក​នេះ ខ្ញុំ​គិត​ថា ខ្ញុំ​គួរ​តែ​ប្តូរ​ក្បាច់​ខ្លះ​ដូច​ជា ប្រើ​កណ្តាប់​ដៃ​​ត​ទល់​នឹង​អ្នក​ជំនាញ​កណ្តាប់​ដៃ​វិញ។ នេះ​ជា​អ្វី​ម្យ៉ាង​​ដែល​ខ្ញុំ​ចង់​​បង្ហាញ​ដល់​អ្នក​​គាំទ្រ​»។

«ខ្ញុំ​បាន​ពង្រឹង​កាយ​សម្បទា និង​កើន​ថាម​ពល ដូច្នេះ​ច្បាស់​ណាស់​ ខ្ញុំ​នឹង​​មាន​គន្លឹះ​ដើម្បី​ផ្តួល​គាត់​ឲ្យបាន​ពោល​គឺ​ឈ្នះ​សន្លប់​តែ​ម្តង»។

Akimoto បាន​ត្រៀម​ខ្លួន​ពី​ការ​ហ្វឹកហាត់​ជំនាញ និង​កម្លាំង​ស៊ុហ្វ​ដែល​កត្តា​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​គាត់​ស្ថិត​នៅ​ក្នុង​គំនិត​វិជ្ជមាន។

«រស់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ខ្លួន​ប្រាណ​ និង​បច្ចេកទេស​របស់​ខ្ញុំ​បាន​ពាក់​ព័ន្ធ​គ្នា​ ដូច​ជា​ឈ្មោះ​ក្លឹប​ជា​ដើម។ ខ្ញុំ​មិន​អាច​ប្រកួត​បាន​កំឡុង​ពេល COVID-19 ហើយ​ខ្ញុំ​គិត​ថា មាន​អ្នក​ទស្សនា​ច្រើន​ណាស់​ដែល​ទន្ទឹង​រង់​ចាំ​ខ្ញុំ។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ​ដើម្បី​អ្នក​គាំទ្រ»។

ប្រសិន​បើ​គាត់​ធ្វើ​បាន​ល្អ​នោះ​ គាត់​អាច​នឹង​ត្រួយ​ត្រាយ​ផ្លូវ​​នៅ​ថ្ងៃ​ណា​មួយ​ឆ្ពោះ​ទៅ​​គ្រង​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​លោក ONE Bantamweight Kickboxing World Title។

កីឡាករ​ជប៉ុន​​បញ្ជាក់​ថា ៖«គោល​បំណង​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​តែ​តាម​ដាន​នរណា​ម្នាក់។ ខ្ញុំ​ចង់ក្លាយ​ជា​ជើង​ឯក​ពិភព​លោក ការពារ​ខ្សែ​ក្រវាត់​ និង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែលគេ​តាម​ដាន»។

ជំហាន​ទី​១​គឺ​គាត់​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​ជា​មួយ​ Zhang សិន។ ថ្ងៃ​សុក្រ​នេះ អ្នក​គាំទ្រ​ជុំ​វិញ​ពិភព​លោក​នឹង​ពិត​ជា​បាន​ឃើញ​​ថា​តើ Akimoto អាច​បើក​ផ្លូវ​ឆ្ពោះទៅ​រក​ក្តី​ស្រមៃ​បាន​ទេ?

អាន​បន្ថែម៖ ផ្លូវ​ការ! នារី​លេខ​១​កម្ពុជា​ នៅ​ ស្រីពៅ ប៉ះ​នារី​លេខ​​១​ឥណ្ឌា​ Ritu នៅ ONE