Kun Khmer

 ស្វែង​យល់​៥​ចំណុច​ពី​ Mongkolpetch ​ដៃ​គូ​របស់​ សុខ ធី​

05/08/2020

អ្នក​លេង​មួយ​ថៃ​ Mongkolpetch Petchyindee ត្រូវ​លេច​មុខ​ប្រកួត​លើក​ទី​៣​នៃ​សង្វៀន​ធំ​លើ​ពិភព​លោក​ ONE Championship នៅ​ពេល​រូប​គ​ទទួល​ស្វាគមន៍​ភ្ញៀវ​គុន​ខ្មែរ​ សុខ ធី​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ ONE: NO SURRENDER III រាត្រី​ ថ្ងៃ​សុក្រ​ ទី​២១ ខែ​សីហា​ ក្នុង​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។

Mongkolpetch (ស្តាំ) ប្រកួត​ជា​មួយ Petchind (ឆ្វេង)

១-ប្រវត្តិ​ប្រកួត​

កីឡាករ​ថៃ​ Mongkolpetch Petchyindee ជា​ជើង​ខ្លាំង​ចាស់​វស្សា​ម្នាក់​ដែល​​បាន​ចាប់​ហ្វឹកហាត់​ប្រដាល់​មួយ​ថៃ​តាំង​ពី​អាយុ​១៨​ឆ្នាំ។ នៅ​ពេល​អាយុ​១៨​ឆ្នាំ​ រូប​គេ​បាន​ឈប់​រៀន និង​ចាប់​អាជីព​ប្រដាល់​​​ពិត​ប្រាកដ។ ចាប់​តាំង​ពី​នោះ​មក​ កីឡាករ​ថៃ​ម្នាក់​​នេះ​មាន​ប្រវត្តិ​ឡើង​សង្វៀន​​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ​ច្រើន​ដែល​មាន​កំណត់​​ប្រកួត​ ១៥៣​​គឺ​​​ឈ្នះ​​១១៣​ដង​ និង​ចាញ់​៤០​ដង​។

២-សមិទ្ធផល​

បើ​និយាយ​ពី​សមិទ្ធផល​​ក្នុង​អាជីព​របស់​គេ​ផ្លូវ​ការ​ កីឡាករ​រូប​នេះ​បាន​​​ឈ្នះ​ខ្សែក្រវាត់​មួយ​ថៃ​ពិភព​លោក​​នៅ​សង្វៀន​ Lumpinee Stadium នៅ​ឆ្នាំ​២០១៧ ហើយ​នៅ​ឆ្នាំ​ដដែល​នេះ​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​មួយ​ថៃ​​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​សង្វៀន​ Channel 7 Boxing Stadium។ ជា​មួយ​គ្នា​នេះ​រូប​គេ​ក៏​ធ្លាប់​ឈ្នះ​ការ​ប្រកួត​ម៉ារ៉ាតុង​តូយូតា​​ឆ្នាំ​២០១៨។

៣-សង្វៀន​ ONE Championship

សម្រាប់​ស្ថាប័ន​កីឡា​ធំ​លើ​ពិភព​លោក​ ONE Championship វិញ​ កីឡាករ​ថៃ​ម្នាក់​បនេះ​ធ្លាប់​ប្រកួត​​បាន​២​ដង​ពោល​គឺ​ឈ្នះ​ទាំង​ពីរ​ដង​តែ​ម្តង។ ប្រកួត​លើក​ទី​១​នៅ​ប្រទេស​ឥណ្ឌូណេស៊ូ​ រូប​គេ​បាន​ឈ្នះ​កីឡាករ​ Alexi Serepisos ដោយ​ពិន្ទុ​​​ និង​លើក​ទី​២​នៅ​ប្រទេស​វៀតណាម​ឈ្នះ​កីឡាករ​ Joseph Lasiri ដោយ​ពិន្ទុ​ទៀត​នៅ​ឆ្នាំ​ ​២០១៩​ទាំង​ពីរ​លើក។

៤-អាវុធ​

សមត្ថភាព​របស់​ Mongkolpetch Petchyindee បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​ការ​ប្រកួត​នៅ​សង្វៀន​ ONE។ អាវុធ​ដែល​ល្អ​បំផុត​របស់​គេ​គឺ​ការ​ទាត់​ និង​​កែង​​ដែល​រូប​គេ​ប្រើ​ញឹក​ញាប់​ ប៉ុន្តែ​ជា​មួយ​គ្នា​ប្រើ​កណ្តាប់​ដៃ​ និង​ការ​ធាក់​លើ​មុខ​បាន​ល្អ​ដែរ។ អាច​និយាយ​បាន​ថា​ រូប​គេ​មាន​អាវុធ​​ចេញ​បាន​គ្រប់​យ៉ាង​ ប៉ុន្តែ​ផ្អែក​តាម​កំណត់​ត្រា​លទ្ធផល​ក្នុង​ចំណោម​ជាង​១៥៣​ប្រកួត​នោះ​ គឺ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ប្រហែល​ជា​​១០​​ដង​ប៉ុណ្ណោះ​ ដូច្នេះ​មាន​ន័យ​ថា​ អាវុធ​របស់​គេ​មិន​សូវ​មាន​ទម្ងន់​ខ្លាំង​ឡើយ។ គោល​ជំហរ​វ៉ៃ​របស់​គេ​គឺ​ស្តាំ។

៥-កាយ​សម្បទា

កីឡាករ​ដែល​មាន​ដើម​កំណើត​នៅ​ឆ្នាំ​១៩៩៥​​មាន​​កម្ពស់​ ១,៦៧​ម៉ែត្រ​ និង​ទម្ងន់​​៦១​គីឡូក្រាម​ ប្រៀប​ធៀប​ជា​មួយ​ សុខ ធី​ ដែល​មាន​កម្ពស់​ត្រឹម​តែ​១,៦៣​ម៉ែត្រ​ប៉ុណ្ណោះ។ រាង​កាយ​ និង​សាច់​ឈាម​របស់​គេ​ក៏​មាំ​មួន​ថែម​ទៀត​​ ប៉ុន្តែ​មិន​សូវ​រឹង​មាំ​ខ្លាំង​ដូច​មនុស្ស​យន្ត​ Rodtang ដែល​ធ្លាប់​ផ្តួល​ សុខ ធី​ទេ៕

Mongkolpetch​ ធាក់​លើ​ដៃ​គូ

មើល​គូ​ប្រកួត​ទាង​អស់៖ ONE: NO SURRENDER III