Kun Khmer

សុខ ធី ត្រូវ​សម្រួច​​៣​ចំណុច​នេះ​ ​បើ​ចង់​ឈ្នះ​កីឡាករ​ចិន​ថ្ងៃសុក្រនេះ

25/08/2020

រហូត​ដល់​ពេល​នេះ​ អ្នក​លេង​គុន​ខ្មែរ​ សុខ ធី នៅ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​​ឡើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​៤​លើក​នៅ​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​លើ​លោក​  ONE Championship បន្ទាប់​ពី​ចាញ់​កីឡាករ​ថៃ​ទាង​៤​ដង។

សុខ ធី (ស្តាំ) វ៉ៃ​ជាមួយ Mongkolpetch

ទោះ​ជា​បរាជ័យ​៤​លើក​ជាប់​គ្នា​ ក៏​កីឡាករ​កម្ពុជា​​ដែល​ជា​ជើង​ឯក​គុន​ខ្មែរ​ពិភព​លោក​នៅ​សង្វៀន​បាយ័ន​មាន​ឱកាស​ប្រកួត​ជា​លើក​ទី​៥​ដែល​ត្រូវ​ជួប​កីឡាករ​ចិន Haung Ding ក្នុង​ព្រឹត្តិការណ៍ ONE: A NEW BREED​ នា​​ថ្ងៃ​សុក្រ​ ទី​២៨ ខែ​សីហា​នេះ​ឯ​​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។ នេះ​ជា​លើក​ទី​១​ដែល​រូប​គេ​ជួប​កីឡាករ​មិន​មែន​ថៃ។

ការ​ប្រកួត​ជា​មួយ​​កីឡាករ​ថៃ​ Mongkokpetch កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា​កន្លង​ទៅ​ថ្មី​​ៗ​នេះ​ សុខ ធី ត្រូវ​បាន​អ្នក​គាទ្រ​មួយ​ចំនួន​ពេញ​ចិត្ត​ការ​វ៉ៃ​របស់​គេ។ អាច​និយាយ​បាន​ថា​ សមត្ថភាព​ហាក់​ប្រសើរ​ជាង​ការ​ប្រកួត​មុន​ៗ​ច្រើន។

យ៉ាង​ណា​ រូប​គេ​ត្រូវ​កែ​លំអ​ និង​ខិត​ខំ​បន្ថែម​ទៀត​ដើម្បី​បង្កើន​សមត្ថភាព​ឈាន​ដល់​កម្រិត​អន្តរជាតិ។ ​ថ្ងៃ​នេះ​ សូម​លើក​យក​ចំណុច​៣​យ៉ាង​ដែល​ សុខ ធី ត្រូវ​កែ​លំអ​ និង​​អាច​សង្ឃឹម​ឈ្នះ​​កីឡាករ​ចិន Haung Ding នា​ថ្ងៃ​ទី​២៨​ សីហា​នេះ។

Huang Ding (ក្រហម) ពេល​ប្រកួត​ជា Fahdi-Khaled

ទី​១៖ បង្កើន​កម្លាំង​ស៊ុហ្វ​

ការ​ប្រកួត​ចុង​ក្រោយ​របស់​ សុខ ធី ឃើញ​ថា មាន​កម្លាំង​ស៊ុហ្វ​ល្អ​នៅ​ដើម​ទាំង​ទឹក​ ប៉ុន្តែ​រូប​គេ​ថយ​ចុះ​កម្លាំង​នៅ​ទឹក​ចុង​ក្រោយ។ ដូច្នេះ​ការ​ទន់​ជ្រាយ​នៅ​ទឹក​ក្រោយ​ៗ​ អាច​ជា​សញ្ញា​ធ្វើ​ឲ្យ​ចៅ​ក្រម​មើល​ឃើញ​ពី​ចំណុច​ខ្សោយ និង​ឃើញ​​ដៃ​គូ​ម្ខាង​មាន​ប្រៀប។ ប្រការ​នេះ​ អ្នក​លេង​គុន​ខ្មែរ​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​វ៉ៃ​ពី​មួយ​ទឹក​ទៅ​​​មួយ​ទឹក​ត្រូវ​តែ​ល្អ​ឡើង​ ប៉ុន្តែ​មិន​​មែន​ពេល​ចាប់​ផ្តើម​ល្អ​ ហើយ​​បន្ទាប់​មក​ថយ​ចុះ​នោះ​ទេ។

ទី​២៖ ចេញ​អាវុធ​ចម្រុះ​ឲ្យ​បាន​ច្រើន​

ប្រសិន​បើ​ សុខ ធី នៅ​តែ​ប្រើ​របៀប​វ៉ៃ​ដដែល​ច្បាស់​ណាស់​ថា​ ដៃ​គូ​ស្គាល់​​ក្បាច់​ និង​ត្រៀម​យុទ្ធសាស្ត្រ​ទប់​ស្កាត់​មិន​ខាន។ កន្លង​មក​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ប្រើ​យុទ្ធសាស្ត្រ​ដើរ​ចូល​​ ដោយ​ប្រើ​កណ្តាប់​ដៃ​ និង​ការ​ទាត់​ជា​ចម្បង។ ក្បាច់​នេះ​គេ​ចាប់​បាន​ហើយ។ រូប​គេ​ត្រូវ​តែ​បន្ថែម​ស្នៀត​​ផ្សេង​ៗ​ទៀត​ឲ្យ​បាន​ច្រើន​ដើម្បី​កុំ​ឲ្យ​ដៃ​គូ​ចាប់​ក្បាច់​បាន​ពោល​គឺ​​អាច​​ចេញ​ កែង​បុក​ កែង​គាស់​​ និង​ជង្គង់​ជា​ដើម​ដែល​អាច​បន្លាច​ដល់​ដៃ​គូ​បាន​ខ្លះ។

ទី​៣៖ ចលនា​បំលាស់​ទី​ឲ្យ​លឿន​

សុខ ធី ត្រូវ​​តែ​មាន​ចលនា​ប្រកួត​ឲ្យ​បាន​រហ័ស​រហួន និង​ល្បឿន​លឿន​ក្នុង​ការ​ចេញ​-ចូល និង​ការពារ។ មិន​ត្រូវ​ដើរ​សម្រុះ​ចូល​ទៅ​រក​ដៃ​គូ​ ប៉ុន្តែ​​ចេញ​អាវុធ​មួយ​ៗ​នោះ​ទេ​ ព្រោះ​កន្លង​មក​ឃើញ​ថា ដៃ​គូ​ចេញ​អាវុធ​៣​ទៅ​៤​ទៅ​ហើយ​ ទើប​ សុខ ធី ចេញ​អាវុធ​១​។ ចំណុច​ពេល​ចូល​ទៅ​រក​ដៃ​គូ​ ត្រូវ​ចេញ​អាវុធ​ឲ្យ​បាន​ញឹក​ និង​​លឿន​រហ័ស៕

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។