Kickboxing

សុខ​ ធី និយាយអ្វី​ខ្លះ​ពី​ការ​​ហ្វឹកហាត់​​នៅ​ថៃ​ត្រៀម​ប៉ះ​ម្ចាស់​ផ្ទះ?

04/08/2020

ក្រោយ​ពេល​បរាជ័យ​​៣​លើក​ជាប់​គ្នា​​នៅ​ស្ថាប័ន​ ONE Championship ជើង​ខ្លាំង​គុន​ខ្មែរ​ សុខ ធី នៅ​​តែ​បន្ត​​មហិច្ឆតា​ស្វែង​រក​កំណត់​ត្រា​ជ័យជម្នះ​​លើក​ដំបូង​របស់​ខ្លួន​នៅ​សង្វៀន​កំពូល​លំដាប់​ពិភព​លោក​មួយ​នេះ។

រូប​គេ​ចាញ់​​​ពិន្ទុ​ខ្លា​ចាស់​ថៃ​ Lerdsila នៅ​ ONE: Pinnacle of Power ​ឆ្នាំ​២០១៨​នៅ​ទី​ក្រុង​ម៉ាកាវ​ ប្រទេស​ចិន និង​ចាញ់​លើក​ទី​២​ដោយ​ពិន្ទុ​​នៅ​ ONE: Warrior’s Dream ហើយ​លើក​ទី​៣​ចាញ់​ Rodtang នៅ​ប្រទេស​ថៃ​ឆ្នាំ​២០១៩។

សុខ ធី ហ្វឹកហាត់​នៅ​ថៃ

លើក​នេះ​ ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក​នៅ​សង្វៀន​បាយ័ន​ សុខ ធី ត្រូវ​​ធ្វើ​ការ​ងារ​ធ្ងន់​ទៀត​​នៅ​ពេល​ត្រូវ​ប្រឈម​នឹង​​កីឡាករ​ម្ចាស់​ផ្ទះ​ជា​ជើង​ខ្លាំង​លំប្រដាប់​ប្រទេស​ថៃ​ Mongkolpetch Petchyindee នា​ថ្ងៃ​​សុក្រ ទី​​​២១​ ខែសីហា​​​ ឆ្នាំ​២០២០​ ក្នុង​ព្រឹត្តិការណ៍​ ONE: NO SURRENDER III នៅ​​​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។

________________________________________________________________________________

________________________________________________________________________________

ជុំ​វិញ​ការ​ជំនួប​ដ៏​សំខាន់​នេះ​​ លោក សាន់ សៅយ៉ាន់ គ្រូ​បង្វឹក​ សុខ ធី​ នៅ​កម្ពុជា​បាន​ប្រាប់​ថា​ កូន​សិស្ស​របស់​លោក​​បាន​ហ្វឹក​ហាត់​​យូរ​នៅ​​ប្រទេស​ថៃ​ មុន​ពេល​ដែល​រូប​គេ​ទទួល​បាន​ដំណឹង​​ ប្រកួត​នៅ​សង្វៀន​ ONE ។

«និយាយ​ទៅ សុខ ធី ខំ​ប្រឹង​ហាត់​យូរ​ហើយ ហើយ​ពេល​មាន​ឈ្មោះ​វ៉ៃ​គេ​កាន់​តែ​ប្រឹង​ទ្វេ​ឡើង។ ខ្ញុំ​ជឿ​​ថា​ សមត្ថភាព​គេ​ល្អ​ជាង​មុន​ ​ព្រោះ​ហាត់​នៅ​ថៃ​ជាប់លាប់​ល្អ»។ សាន សៅយ៉ាន់ បាន​និយាយ។

ប្រៀប​ធៀប​សមត្ថភាព​ជើង​ខ្លាំង​កម្ពុជា​ និង​ម្ចាស់​ផ្ទះ​​ត្រូវបាន​គ្រូ​បង្វឹក​​រូប​នេះ​លើក​ឡើង​ថា​ Mongkolpetch មាន​បទ​ពិសោធ​ និង​ចាស់​វស្សា​​ច្រើន​ជាង​ សុខ ធី។

พร้อมแล้วครับ31นี้ #เก่งไม่กลัว กลัวไม่ทน ????????

Posted by Sokthy Kaka on Saturday, July 18, 2020

លោក​បាន​និយាយ​ថា​ ៖«​គេ​ល្អ​ជាង​យើង​ តែ​មិន​ដាច់​ឆ្ងាយ​ខ្លាំង​ទេ។ គ្រាន់​តែ​កាយ​សម្បទា​គេ​​មាន​ប្រៀប​តិច​តួច​ ហើយ​ទម្ងន់​គេ​លើ​យើង​ ព្រោះ​យើង​ទម្លើង​គីឡូ​វ៉ៃ​ជា​មួយ។ ​និយាយ​ទៅ​ គូ​នេះ​​ល្អ​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ អាច​ស៊ី​សង​គ្នា​បាន»។​

លោក សាន សៅយ៉ាន់ (កណ្តាល) សុខ ធី (ឆ្វេង) និង សុខ រិទ្ធ (ស្តាំ)

សុខ ធី ដែល​មាន​កំណត់​​ត្រា​ប្រកួត​គុន​ខ្មែរ​ឈ្នះ​​២២៣​ដង ចាញ់​៣៧ និង​ស្មើ​ ១២​ដង​គឺ​ជា​​ជើង​ឯក​ខ្សែ​ក្រវាត់​ពិភព​លោក​​នៅ​សង្វៀន​បាយ័ន​ឆ្នាំ​២០១៨​ និង​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ក្នុង​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ។

កីឡាករ​កំណើត​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ថា​ រូប​គេ​ហ្វឹក​ហាត់​ជាប់​លាប់​យូរ​ដែរ​ហើយ​​នៅ​ប្រទេស​ថៃ​ ទាំង​អាវុធ និង​កម្លាំង​ស៊ុហ្វ​​ល្អ។

«​ខ្ញុំ​បាន​​ហ្វឹក​ហាត់​យូរ​ដែរ​ តាំង​ពី​មុន​មាន​ឈ្មោះ​ប្រកួត​។ អ្វី​ដែល​ខ្ញុំ​ប្រឹង​ហាត់​ខ្លាំង​គឺ​បង្កើន​ទម្ងន់​អាវុធ​របស់​ខ្ញុំ។ ​និយាយ​ទៅ រាង​កាយ​ខ្ញុំ​មាន​លក្ខណៈ​ពេញ​ល្អ ហើយ​កម្លាំង​ស៊ុហ្វ​ក៏អត់​អី​ទេ»។ នេះ​ជា​សំដី​របស់ សុខ ធី ដែល​បាន​និយាយ​​ពី​ការ​ត្រៀម​​ហ្វឹក​ហាត់​នៅ​ក្លឹប​ Paedminburi Gym

«ការ​ហ្វឹកហាត់​នៅ​ទី​នេះ​ល្អ មាន​ដៃ​គូ​ឡាំ​​រាល់​ថ្ងៃ។ ​ខ្ញុំ​បាន​កំពុង​ហ្វឹក​ហាត់យ៉ាង​ទៀង​ទាត់ ដើម្បី​ត្រៀម​ខ្លួន​ប្រកួតខាង​មុខ​នេះ»។

កីឡាករ​ថៃ​ Mongkolpetch Petchyindee ជា​ជើង​ខ្លាំង​ចាស់​វស្សា​ម្នាក់​ដែល​មាន​ប្រវត្តិ​ឆ្លង​កាត់​សង្វៀន​ក្នុង​ស្រុក និង​អន្តរជាតិ​ច្រើន។ ជា​មួយ​នឹង​កំណត់​​ត្រា​​ឈ្នះ​ ១១៣ និង​ចាញ់​៤០​ដង​ រូប​គេ​។

Mongkolpetch ពេល​ឈ្នះ​ Joseph

ធ្លាប់​​ឈ្នះ​ជើង​ឯក​​ខ្សែ​​ក្រវាត់​មួយ​ថៃ​ពិភព​លោក​​នៅ​សង្វៀន​ Lumpinee Stadium នៅ​ឆ្នាំ​២០១៧ ហើយ​នៅ​ឆ្នាំ​ដដែល​នេះ​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​មួយ​ថៃ​​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​សង្វៀន​ Channel 7 Boxing Stadium។ ជា​មួយ​គ្នា​នេះ​រូប​គេ​ក៏​ធ្លាប់​ឈ្នះ​ការ​ប្រកួត​ម៉ារ៉ាតុង​តូយូតា​​ឆ្នាំ​២០១៨។

រូប​គេ​​មាន​កំណត់​ត្រា​ល្អ​នៅ​ស្ថាប័ន​កំពូល​ ONE Championship នៅ​ពេល​រូប​គេ​បាន​ប្រកួត​ឈ្នះ​ពីរ​លើក​ជាប់​គ្នា​គឺ​ឈ្នះ​កីឡាករ​ Alexi Serapisos នៅ​​​ឥណ្ឌូណេស៊ី​ ឆ្នាំ​២០១៩ និង​ឆ្នាំ​ដដែល​នេះ​ រូប​គេ​បាន​ឈ្នះ​​កីឡាករ​អ៊ីតាលី Joseph Lasiri នៅ​​វៀតណាម។ ឆ្នាំ​២០១៩​កន្លង​ទៅ​ Mongkolpetch ធ្លាប់​វ៉ៃ​បាន​៧​ដង​គឺ​ចាញ់​តែ​ប៉ុណ្ណោះ​ ខណៈ​ឆ្នាំ​២០២០​នេះ​រូប​គេ​វ៉ៃ​​ប្រកួត​បាន​២​ដង ក្នុង​នោះ​ឈ្នះ​១​ និង​ស្មើ​១។

រាត្រី​​ថ្ងៃ​សុក្រ ទី​២១​ ខែ​សីហា​ ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ ព្រឹត្តិការណ៍ ONE: NO SURRENDER III ជើង​ខ្លាំង​គុន​ខ្មែរ សុខ ធី វ៉ៃ​តំណែង​គូ​ឯក​រង ក្នុង​ចំណោម​គូ​ប្រកួត​ទាំង​អស់​៦​គូ ខណៈ​គូ​ឯកគឺ​ជា​ការ​ជួប​គ្នា​រវាង​ជើង​ខ្លាំង​​ “The Million Dollar Baby” Sangmanee Klong SuanPluResort និង​ “Left Meteorite” Kulabdam Sor. Jor. Piek Uthai៕

មើល​គូ​ប្រកួត​ទាំង​អស់៖ ONE ចេញ​ផ្លូវ​ការ សុខ ធី ប៉ះ Mong​kokpetch ខណៈបង្ហាញ​គូ​ប្រកួត​ទាំង​អស់