Kun Khmer

សរ សី ចាប់អាជីពគ្រូបង្វឹកពេញម៉ោងដើម្បីរកលុយចិញ្ចឹមគ្រួសារ

02/07/2020

អ្នកប្រដាល់ចាស់វស្សា សរ សី បានចាប់អាជីពបង្ហាត់កីឡាប្រដាល់ពេញម៉ោងហើយដើម្បីរកលុយចិញ្ចឹមគ្រួសារ ពីព្រោះគ្មានការងារអ្វីផ្សេង និងវ័យកាន់តែចាស់ដែលពិបាកឡើងប្រកួត។

កីឡាករ សរ សី

ប្រើពេលវេលាអស់ជិត២០ឆ្នាំ សរ សី នៅតែមិនទាន់មានអ្វីជាដុំកំភួនដើម្បីជួយសម្រាលជីវភាពគ្រួសារឡើយ ដូច្នេះលោកបានឈានចូលបង្ហាត់ប្រដាល់ថែមទៀតដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ សព្វថ្ងៃនេះលោកកំពុងបង្ហាត់ប្រដាល់នៅក្លិបរបស់លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ Cambodia Top Team។ រយៈពេលកន្លះខែ ឬ១ខែទើបផ្ញើលុយទៅឲ្យប្រពន្ធ ហើយពេលខ្លះមួយខែទើបបានទៅជួបមុខប្រពន្ធកូនម្តង។

ការធ្វើជាគ្រូបង្ហាត់គឺមានអារម្មណ៍ខុសប្លែកដែលខ្លួននៅជាកីឡាករ។ សរ សី និយាយថា ៖«រឿងសំខាន់បំផុតដែលគ្រូបង្វឹកចង់បានគឺការគោរពវិន័យរបស់សិស្ស។ ប្រសិនបើពួកគេមិនគោរពវិន័យ ស្មើនឹងពួកគេមិនផ្តល់តម្លៃឲ្យយើង។ គេមិនគោរពយើង។ ជាពិសេសពេលសិស្សឡើងប្រកួត ដាក់ទៅចាញ់ ដាក់ទៅចាញ់គឺអាម៉ាស់គ្រូបង្វឹកហ្នឹងហើយ។ ដូច្នេះត្រូវរៀនអត់ទ្រាំ អត់ធន់ឲ្យបានច្រើនក្នុងនាមជាគ្រូបង្ហាត់ ជាពិសេសកុំបាក់ទឹកចិត្ត»។

សរ សី ជា​មួយ​គ្រូ ហ៊ុន ច័ន្ទរាជ្យ និង ​សិស្ស

សរ សី បានឲ្យដឹងថា សព្វថ្ងៃនេះដោយទទួលបានការទុកចិត្តពីលោកគ្រូ ហ៊ុន ច័ន្ទរាជ្យ លោកបានបង្ហាត់ប្រដាល់ដល់កីឡាករ កីឡាការិនី និងអ្នកទៅហាត់ដើម្បីសុខភាពពេញម៉ោងស្ទើរគ្មានថ្ងៃឈប់សម្រាក។ មួយថ្ងៃលោកបង្ហាត់៣ពេលគឺពេលព្រឹក ពេលថ្ងៃ និងពេលយប់។

បើគិតអ្នកហ្វឹកហាត់ជាកីឡាករផង ជាអ្នកមកហាត់ដើម្បីសុខភាព និងអ្នកហាត់ជាលក្ខណៈឯកជនផង លោកមានកូនសិស្សប្រហែលជា៣០នាក់ដែលកំពុងហាត់រាល់ថ្ងៃ។

មុនពេលធ្វើជាគ្រូបង្ហាត់នៅខ្មែរ តាមពិតទៅ សរ សី ធ្លាប់បានទៅផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ និងបង្ហាត់គុនខ្មែរនៅប្រទេសជប៉ុនរយៈពេល២ឆ្នាំ។ ជាពិសេសទៀតនោះ លោកក៏បានបើកក្លិបប្រដាល់មួយដែរដោយមានឯកសារទទួលស្គាល់ពីសហព័ន្ធកីឡាប្រដាល់ត្រឹមត្រូវ ប៉ុន្តែដោយសារសិស្សមិនសូវគោរពវិន័យ និងមានបញ្ហាខ្វះខាតផងនោះទើបលោកផ្អាកជាបណ្តោះអាសន្នសិន។

សរ សី ពេល​វ៉ៃ​ជាមួយ Phoe Thaw

អតីតកីឡាករដែលធ្លាប់ធ្វើឲ្យអ្នកគាំទ្រខ្មែរចាប់អារម្មណ៍ខ្លាំងនៅពេលលោកបានប្រកួតនៅ ONE Championship មានក្តីស្រមៃ៣យ៉ាងក្នុងនាមជាអ្នកប្រឡូកគុនខ្មែរគឺទី១ បើកក្លឹបបង្ហាត់ប្រដាល់ដោយខ្លួនឯង ទី២ក្លាយជាអាជ្ញាកណ្តាល និងចៅក្រមពេញសិទ្ធិរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងទី៣ទទួលបានក្របខ័ណ្ឌទាហាន ឬប៉ូលិសពេញសិទ្ធិក្នុងនាមជាអ្នកកីឡាច្រើនឆ្នាំម្នាក់។

សរ សី ធ្លាប់ប្រកួតគុនខ្មែររាប់ភ្លេច ប៉ុន្តែនិយាយការប្រកួតនៅ ONE Championship វិញគឺបាន៤ដងក្នុងនោះឈ្នះ២ដង និងចាញ់២ដង៕

សរ សី ជាមួយ​កូន​សិស្ស

ព័ត៌មានផ្សេងៗ​​​អំពី​ ONE Championship​ សូមចូលទៅកាន់​ www.onefc.com/about-us, follow ​លើ​ Twitter​ និង​ Instagram @ONEChampionshipនិង ​​ហ្វេសប៊ុកONEChampionship