Kun Khmer

សមត្ថភាពកើនឡើង រិន សារ័ត្ន ចង់វ៉ៃឃីកបុកសីងនៅស្ថាប័ន ONE

09/07/2020

អ្នកលេងគុនខ្មែរ រិន សារ័ត្ន​ ដែលធ្លាប់ឈ្នះកីឡាករឥណ្ឌូណេស៊ីក្នុងការប្រកួតក្នុងទ្រុងកំពុងមានមហិច្ឆតាប្រកួតឃីកបុកសីងនៅសង្វៀនធំ ONE Championship នាពេលខាងមុខ បន្ទាប់សមត្ថភាពគុនខ្មែរកាន់តែល្អប្រសើរ។

 

រិន សារ័ត្ន រីក​រាយ​ពេល​ឈ្នះ​នៅ​សង្វៀន ONE Championship

រិន សារ័ត្ន បានឲ្យដឹងថា រូបគេទើបតែបានឈ្នះជើងឯកលើកដំបូងក្នុងអាជីពប្រដាល់គុនខ្មែរ បន្ទាប់ពីចំណាយពេលក្នុងអាជីពឈឺខ្លួននេះអស់រយៈពេល៧ឆ្នាំ។ ដូច្នេះរូបគេមានបំណងប្រាថ្នាវ៉ៃឃីកបុកនៅសង្វៀនអន្តរជាតិម្តង។

«ក្រោយពេលខ្ញុំឈ្នះជើងឯកនៅប៉ុស្តិ៍លេខ៥ ខ្ញុំយល់ឃើញខ្លួនឯងថា សមត្ថភាពវ៉ៃគុនខ្មែរកាន់តែកើនឡើង។ អីចឹងហើយបានជាខ្ញុំកំពុងខិតខំហ្វឹកហាត់​អំពីប្រដាល់គុនខ្មែរ ពីព្រោះខ្ញុំចង់វ៉ៃឃីកបុកសីងម្តងនៅសង្វៀន ONE Championship»។ នេះជាការលើកឡើងរបស់ រិន សារ័ត្ន។

កីឡាករប្រដាល់កម្ពុជារូបនេះធ្លាប់បានប្រកួតគុនចម្រុះ (MMA) ជាច្រើន​លើក​​ទាំងការប្រកួតក្នុងស្រុក និងក្រៅប្រទេស ប៉ុន្តែនៅស្ថាប័ន ONE វិញរូបគេធ្លាប់វ៉ៃគុនចម្រុះបាន៦ដង (ឈ្នះ២ និងចាញ់៤ដង)។ ទោះបីជាចាប់អារម្មណ៍វ៉ៃឃីកបុកសីង​មក៏​ពិត​មែន​ ប៉ុន្តែមិនមែនមានន័យថា រូបគេបោះបង់ចោលប្រដាល់គុនចម្រុះនោះ​ដែរ។

«ខ្ញុំមិនមែនឈប់វ៉ៃ MMA ទេគឺនៅតែបន្ត ប៉ុន្តែខ្ញុំចង់វ៉ៃឃីកបុកសីង ពីព្រោះសព្វថ្ងៃនេះ នៅស្រុកយើង ខ្ញុំមានតែប្រកួតគុនខ្មែរ។ សមត្ថភាពខ្ញុំក៏កើនឡើងតែគុនខ្មែរដែរ អីចឹងខ្ញុំរឹតតែខំប្រឹងហាត់គុនខ្មែរថែមទៀតដើម្បីវ៉ៃនៅក្នុងស្រុក ហើយបើមានឱកាសចង់វ៉ៃឃីកបុកសីងនៅ ONE»។ នេះជាការបញ្ជាក់របស់ រិន សារ័ត្ន។

កីឡាករ រិន សារ័ត្ន

នៅឆ្នាំ២០២០នេះ សិស្សរបស់ក្លឹប Cambodia Top Team បានឈ្នះជើងឯងនៅសង្វៀន TV5 និងបានវ៉ៃគុនខ្មែរជាបន្តបន្ទាប់។ រូបគេបានសាងប្រវត្តិសាស្ត្រលើឆាកអន្តរជាតិ នៅពេលរូបគេបានផ្តួលកីឡាករឥណ្ឌូណេស៊ី Mario Satya Wirawan តាមរយៈកែងដែលត្រូវបានលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៣នៃព្រឹត្តិការណ៍ ONE : Pinnacle of Power នៅប្រទេសចិនកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨៕